ទិវាយោគៈអន្តរជាតិ៖ 'ការទូតវប្បធម៌' របស់ឥណ្ឌានៅកម្ពុជា - លោកវិទូ

ព័ត៌មានថ្មីៗ

Monday, June 20, 2016

ទិវាយោគៈអន្តរជាតិ៖ 'ការទូតវប្បធម៌' របស់ឥណ្ឌានៅកម្ពុជា

ការប្រារព្ធទិវាយោគៈអន្តរជាតិ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប / រូបភាព ស្ថានឯកអគ្គរដ្ឋទូតឥណ្ឌា, ភ្នំពេញ ។

លោកវិទូ | ថ្ងៃ ២᧱៧ ឆ្នាំវក អដ្ឋស័ក ព.ស. ២៥៦០ | ២០ មិថុនា ២០១៦

ស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធទិវាយោគៈអន្តរជាតិ ជាលើកទី ២ ហើយ នៅប្រទេសកម្ពុជា ។ ព្រឹត្តិការណ៍នេះ ត្រូវបានគេសង្កេតឃើញថា (១) ឥណ្ឌាកំពុងបញ្ចេញឲ្យឃើញនូវ ‘អំណាចទន់’ របស់ខ្លួន, (២) ដែលជាលទ្ធផលនាំទៅរក ការពង្រីកឧស្សាហកម្មយោគៈ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច ។

វប្បធម៌ តម្លៃ និង គំនិត ដើរតួយ៉ាងសំខាន់ ក្នុងគោលនយោបាយការបរទេស របស់រដ្ឋនីមួយៗ ។ វប្បធម៌គ្មានព្រំដែន និង អាចអន្ទងចិត្ត នៃប្រជាជនទាំងឡាយ ក្នុងពិភពលោកបាន ។ ‘ការទូតវប្បធម៌’ ជាឧប្បការណ៍មួយ យ៉ាងសំខាន់ ក្នុងទំនាក់ទំងអន្តរជាតិ ព្រោះ វាអាចជួយបង្កើត ទំនាក់ទំនងល្អ ក្នុងជំនុំនៃប្រជាជន ក្នុងសាកលោក ។ ‘ការទូតវប្បធម៌’ ជាសមាសធាតុមួយ នៃ ‘អំណាចទន់’ ជាទ្រឹស្តីដែលបង្កើតឡើយដោយ អ្នកវិទ្យាសាស្ត្រនយោបាយ អាមេរិកកាំង លោក យ៉ូសេប ណេយ (២០០៤) ដែលនិយាយអំពី យុទ្ធសាស្ត្រនយោបាយការបទេស របស់សហរដ្ឋអាមេរិក ។ លោក ណេយ ឲ្យនិយមន័យ ‘អំណាចទន់’ ថាជា «សមត្ថភាព ក្នុងការទទួលបាន នូវអ្វីដែលអ្នកចង់បាន តាមរយៈការទាក់ទាញ ជាជាងការបង្ខិតបង្ខំ ឬការបង់ប្រាក់» ។ គាត់លើកឡើងថា ‘អំណាចទន់’ ពឹងផ្អែកលើ ភាពទាក់ទាញ របស់ប្រទេសមួយ ដែលបានមកពី ៣ ប្រភពគឺ «វប្បធម៌ តម្លៃនយោបាយ និង គោលនយោបាយការបរទេស» ។

ឥណ្ឌាមានប្រវត្តិ ‘ការទូតវប្បធម៌’ នេះជាយូរមកហើយ ។ ក្រោយពីបានទទួល ឯករាជ្យពីអាណានិគមអង់គ្លេស (១៩៤៧) នាយករដ្ឋមន្ត្រីទីមួយ របស់ឥណ្ឌា បណ្ឌិត ហ្សា​វ៉ា​ហារ​ឡា​ល់ នេ​ហ៍រូ បានយល់ច្បាស់ អំពីសារសំខាន់នៃ ‘ការទូតវប្បធម៌’ ដូច្នេះហើយ គាត់បានបង្កើត ‘ក្រុមប្រឹក្សាឥណ្ឌាសម្រាប់ទំនាក់ទំនងវប្បធម៌’ ក្នុងឆ្នាំ ១៩៥០ ។ ស្ថិតនៅក្រោម អំណាចនៃ ក្រសួងការបរទេស ស្ថាប័ននេះបាននឹងកំពុង ដើរតួយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ និង ផ្សព្វផ្សាយ វប្បធម៌អារ្យធម៌ឥណ្ឌា ទៅកាន់ពិភពលោក តាមរយៈ ការផ្តល់អាហារូបករណ៍ ការសម្តែងរបាំ ការបញ្ចាំងភាពយន្ត (ប៊ូល្លីវូដ) និង ការប្រារព្ធពិធីវប្បធម៌-សាសនាផ្សេងៗ ទាំងក្នុងនិងក្រៅប្រទេស ។ ក្នុងនោះយោគៈ កំពុងតែទទួលបាន ការអារម្មណ៍ ពីសំណាក់ ពិភពលោក ។ ការផ្សព្វផ្សាយយោគៈ ជាគោលនយោបាយ ជាអត្ថិភាពមួយ របស់បក្សកាន់អំណាច ‘ភារតីយា ជនតា’ ដែលមានអ្នកជាតិនិយម លោក នរេន្ទ្រៈ មោឌី ជានាយករដ្ឋមន្ត្រី (២០១៤­–ចប្ចុប្បន្ន) ។ គួរជាទីមោទនភាព សម្រាប់ប្រជាជនឥណ្ឌា ក៏ដូចជាអ្នកស្នេហាយោគៈ នៅថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៤ អង្គការសហប្រជាជាតិ បានប្រកាសយក ថ្ងៃទី ២១ ខែ មិថុនា ជារៀងរាល់ឆ្នាំ ជា ‘ទិវាយោគៈអន្តរជាតិ’ ដែលមាន​ប្រទេស​ចូលរួម​ជា​សមាជិក​ជា​ផ្លូវ​ការ​កើន​ឡើង​រហូត​ដល់ ១៧៧ ប្រទេស នៅ​ឆ្នាំ ២០១៥ រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ ។ ទិវាយោគៈអន្តរជាតិ ត្រូវបានប្រារព្ធលើកទី ១ នៅមហាវិថី រាជផាថ ឥណ្ឌាហ្គេត (វិមានរំឭកយុទ្ធជនស្លាប់ក្នុងសង្គ្រាម) រដ្ឋធានីញូវ ដេល្លី ក្រោមអធិបតីភាព និងការដឹកនាំ របស់លោកនាយករដ្ឋមន្ត្រី មោឌី, មន្ត្រីការទូតជាច្រើននាក់ មកពី ៨៤ ប្រទេស, និង អ្នកចួលរួមជាច្រើនកុះករ ទាំងអស់ប្រមាណជាជាង ៣៥,០០០ នាក់ បានសម្តែង ឬ អនុវត្តនូវយោគៈ តាមរបៀបផ្សេងៗ ព្រមគ្នា ។ គួរឲ្យកត់សម្គាល់ និស្សិតខ្មែរ ៥ នាក់ ដែលរៀននៅទីក្រុងញូវ ដេល្លី ក៏បានចូលរួម ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះដែរ ។ ជាជោគជ័យ ព្រឹត្តិការណ៍នេះ បាននាំមកឲ្យឥណ្ឌា នូវពានរង្វាន់ បំបែកឯកតកម្មពិភពលោកពីរគឺ សម្រាប់ចំណាត់ថ្នាក់ «មានអ្នកចូលរួមច្រើនធំបំផុត» (ជាង៣៥,០០០នាក់) និង «ចំនួនអ្នកចូលរួមមានច្រើនជាតិសាសន៍បំផុត» (៨៤ជាតិសាសន៍) ។

ក្នុងថ្ងៃជាមួយគ្នានេះដែរ ស្ថានទូតឥណ្ឌា ប្រចាំរាជធានីភ្នំពេញ សហការជាមួយ ក្រសួងទេសចរណ៍ បានប្រារព្ធទិវាយោគៈ ដល់ទៅពីរកន្លែងគឺ ពេលព្រឹក នៅអង្គរវត្ត ខេត្តសៀមរាប និង ពេលល្ងាច នៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ។ ព្រឹត្តិការណ៍ ដ៏អស្ចារ្យនេះ មានអ្នកចូលរួមជាង ១,០០០ នាក់ ទាំងខ្មែរនិងបរទេស នៅមុខអង្គរវត្ត ។ ក្នុងឆ្នាំ ២០១៦ នេះ ទិវាយោគៈអន្តរជាតិ ត្រូវបានប្រារព្ធ នៅបីកន្លែងសំខាន់ៗ ផ្សេងគ្នាគឺនៅថ្ងៃទី ១៨ មិថុនា នៅឆ្នេរសុខា ខេត្តព្រះសីហនុ និង នៅមុខអង្គរវត្ត ខេត្តសៀមរាប, និងថ្ងែទី ១៩ មិថុនា នៅពហុកីឡាដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ។ ការប្រារព្ធទិវាយោគៈអន្តរជាតិលើកទី ២ នៅរាជធានីភ្នំពេញ នាពហុកីឡាដ្ឋានជាតិអូឡាំពិក មានអ្នកចូលរួមជិត ២,០០០ នាក់, ក្នុងនោះមាន ឯកឧត្តម យឹម ណូឡា ទេសរដ្ឋមន្រ្តីនៃទីស្តីការគណៈរដ្ឋមន្រ្តី និង លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជននិងកីឡា បានដឹកនាំការអនុវត្តយោគៈនេះ រួមជាមួយនិងឯកអគ្គរដ្ឋទូតឥណ្ឌាផងដែរ ។

ឥណ្ឌាហាក់បានជោគជ័យ ក្នុងការបញ្ចុះបញ្ចូល អ្នកប្រតិបត្តិយោគៈ (យោគី) ទូទាំងពិភពលោក ឲ្យយល់ថា យោគៈមិនមែនជា វិធីកម្មនៃសាសនាឡើយ បើទោះជា តាមការពិត យោគៈមានប្រភពដើម ពីសាសនាហិណ្ឌូក៏ដោយ ។ ក្នុងទិវាយោគៈអន្តរជាតិ ឆ្នាំ ២០១៥ លោក មោឌី បានផ្ញើសារ ទៅកាន់ពិភពលោកថា «មរតកមិនអាចកាត់ថ្លៃបាន របស់ប្រទេសឥណ្ឌា គឺជាមរតកពិភពលោកសព្វថ្ងៃនេះ...។ ដើម្បីសុខុមាលភាព របស់មនុស្សជាតិ, យើងត្រូវតែភ្ជាប់ ជាមួយមរតកយោគៈ របស់យើង ដោយសារតែ មរតកនេះ គឺជាមរតករបស់មនុស្ស ។ នេះជាមរតកពិភពលោក, ជាមរតករបស់អ្នក, ហើយនេះ គឺជាការទទួលខុសត្រូវរបស់អ្នក ដើម្បីបន្តមរតក [នេះ] ទៅជំនាន់ខាងមុខ ។» ជាងនេះទៅទៀត អតីតឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា លោក ឌីណេស ផដ្នេក បានលើកឡើងថា «នៅ​កម្ពុជា យើង​ចង់​ឲ្យ​ប្រជាជន​ច្រើន​បាន​យល់​ដឹង​អំពី​យោគៈ ដោយ​ការ​ចូលរួម​ របស់​ពួក​គាត់​នៅ​ក្នុង​ទិវា​នេះ ​ដោយ​មិន​ប្រកាន់​ពណ៌​សម្បុរ អាយុ ឋានៈ តួនាទី ឬក៏​នយោបាយ​នោះ​ទេ ហើយ​យោគៈ​ក៏​អត់​មាន​ទាក់ទង​ទៅ​នឹង​សាសនា​ណា​មួយ​ដែរ» ។

គួរឲ្យកត់សម្គាល់ យោគៈ បានផ្សាយទៅកាន់ បច្ចិមប្រទេស និង ជាពិសេស នៅសហរដ្ឋអាមេរិក, និងកំពុងពេញនិយម ក្នុងស្រទាប់យុវវ័យនៅទីនោះ ។ តាមការសិក្សា ស្រាវជ្រាវរបស់ ទស្សនាវដ្តីយោគៈ និង សម្ព័ន្ធយោគៈ យោគី នៅសហរដ្ឋអាមេរិក បានកើនឡើងពី ២០.៤ លាន នាក់ ក្នុងឆ្នាំ ២០១២ ដល់ ៣៦ លាន នាក់ ក្នុងឆ្នាំ ២០១៦, ស្មើនឹងប្រហែល ១១% នៃប្រជាជនអាមេរិកសរុបប្រហែល ៣២៣ លាននាក់ ។ ដោយឡែក នៅប្រទេសកម្ពុជា យើងមិនទាន់មាន ទិន្នន័យអំពីចំនួនយោគីទេ តែបើយោងតាម អ្នកបង្រៀនយោគៈម្នាក់នៅកម្ពុជា ប្រជាប្រិយភាព របស់យោគៈនៅកម្ពុជា មានការកើនឡើង គួរឲ្យកត់សម្គាល់ ក្នុងរយៈពេល ១០ ឆ្នាំនេះ ។ មានមតិស្រដៀងគ្នានេះដែរ ឯកអគ្គរដ្ឋទូតឥណ្ឌា លោក នវីន ស្រីវាស្តវ អះអាងថា «មានមនុស្សជាច្រើន កំពុងធ្វើយោគៈ នៅទីនេះ [ប្រទេសកម្ពុជា] ។ សូម្បីតែ រដ្ឋមន្ត្រីក្រសួងអប់រំ បានប្រាប់ខ្ញុំថា គាត់ធ្វើយោគៈ ជារៀងរាល់ថ្ងៃ!» ។ ទោះបីជាយ៉ាងណាក៏ដោយ នៅប្រទេសឥណ្ឌា យើងសង្កេតឃើញថា មិនមែនជនជាតិឥណ្ឌា ឬក៏ហិណ្ឌូទាំងអស់ សុទ្ធតែបានប្រតិបត្តិយោគៈ ប្រចាំថ្ងៃ គ្រប់គ្នានោះទេ ។ ជាងនេះទៅទៀត យោគៈ ក៏មិនសូវមានប្រជាប្រិយភាព ក្នុងចំណោមយុវជនឥណ្ឌាប៉ុន្មានទេ ។

រឿងមួយដែលគួរឲ្យកត់សម្គាល់គឺថា ទោះបីនេះជាបំណង (នយោបាយ) របស់រដ្ឋាភិបាលឥណ្ឌា ឬមិនមែនក៏ដោយ, បើនិយាយពីសេដ្ឋកិច្ច, ឧស្សាហកម្មយោគៈទូទាំងពិភពលោក មានតម្លៃសរុប ៨០,០០០ លាន ដុល្លារសហរដ្ឋអាមេរិក, យោងតាមរបាយការណ៍ របស់គោលនយោបាយ ‘ផលិតនៅឥណ្ឌា’ ។ គ្រាន់តែ នៅសហរដ្ឋអាមេរិកមួយ ឧស្សាហកម្មយោគៈ មានតម្លៃដល់ទៅ ២៧,០០០ លាន ដុល្លារសហរដ្ឋអាមេរិក ។ នៅប្រទេសកម្ពុជាវិញ មានក្លឹបយោគៈ ប្រហែល ២០-៣០ នៅភ្នំពេញ និង ប្រហែល ១៥ នៅសៀមរាប ។ ចំនួននេះ អាចនឹងកើនឡើង បើអ្នកធ្វើយោគៈ មានចំនួនកាន់កើនឡើង ក្រោយពីបានចូលរួម ហ្វឹកហាត់ ក្នុងទិវាយោគៈអន្តរជាតិរួច ។

សម្រាប់កម្ពុជា ព្រឹត្តការណ៍​ នៃទិវាយោគៈអន្តរជាតិនេះ ​អាច​ជួយ​ឲ្យ​​ប្រជាជន​​យើង​ ស្វែងយល់​ ពី​លំហាត់​ប្រាណ​តាម​បែប​យោគៈ ដែលជាប្រយោជន៍ដល់​​សុខភាព​ ផ្លូវកាយនិងផ្លូវចិត្ត​ ។ ​ព្រឹត្តិការណ៍នេះ ​ក៏អាច​ជា​ចំណែក​មួយ​ជួយ​ទាក់ទាញ​ភ្ញៀវ​ជនជាតិ​ឥណ្ឌា​ ឲ្យ​មក​ទស្សនា​ប្រទេស​កម្ពុជា​បន្ថែម​ទៀតផងដែរ ។ មួយវិញទៀត វាជាការពង្រឹង ទំនាក់ទំនងវប្បធម៌ រវាងកម្ពុជា និង ឥណ្ឌា ដែលជាប្រភពដើម នៃវប្បធម៌-អារ្យធម៌ខ្មែរដ៏រុងរឿង ក្នុងសម័យអាណាចក្រអង្គរ ។

សម្រាប់រដ្ឋាភិបាលឥណ្ឌា ការប្រារព្ធទិវាយោគៈអន្តរជាតិ នៅប្រទេសកម្ពុជាក្តី នៅប្រទេសដទៃច្រើនទៀតក្តី គឺជាការបង្ហាញនូវ ‘អំណាចទន់’ របស់ខ្លួន តាមរយៈ ‘ការទូតវប្បធម៌’ ។ ជោគជ័យនៃ ‘ការទូតវប្បធម៌’ នេះ, ដែលអាស្រ័យលើ ប្រសិទ្ធភាព និង ថាមពលពិតប្រាកដ នៃយោគៈ ដែលនឹងផ្តល់ឲ្យយោគី, នឹងប្រែក្លាយជា ប្រយោជន៍សេដ្ឋកិច្ច ដោយស្វ័យប្រវត្តិ និង រយៈពេលវែង ។ និយាយជារួម ‘ការទូតវប្បធម៌’ នឹងជួយឲ្យសក្តានុពល របស់ឥណ្ឌាលើឆាកអន្តរជាតិ កាន់តែប្រចក្សឡើង ស្របពេលដែលកម្លាំងសេដ្ឋកិច្ច និង យោធារបស់ខ្លួន កំពុងរីកចម្រើន ៕

ខាត់ ប៊ុនថន, បេក្ខជនបណ្ឌិត
មជ្ឈមណ្ឌលដើម្បីការសិក្សាតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វីក,
មហាវិទ្យាល័យសិក្សាអន្តរជាតិ,
សាកលវិទ្យាល័យ ហ្សា​វ៉ា​ហារ​ឡា​ល់ នេហ៍​រូ,
ញូវដែល្លី ឥណ្ឌា

© រក្សាសិទ្ធិដោយលោកវិទូ