ព្រះពិការជើង ! - លោកវិទូ

ព័ត៌មានថ្មីៗ

Monday, August 22, 2016

ព្រះពិការជើង !

ប្រភព៖ គណនីហ្វេសប៊ុករបស់ព្រះតេជព្រះគុណ បណ្ឌិត យ៉ន សេងយៀត

លោកវិទូ | ថ្ងៃទី ២២ សីហា ២០១៦

ដេកដួលស្ដូកស្ដឹង នៅមាត់ច្រកចូលអង្គរធំ អមដោយថូរជើងធូបយ៉ាងកញ្ជាស់ ដែលមានជើងធូបស្គមៗ២ឬ៣សរសៃរដោតជាប់និងថូរនោះ ដែលអាចធ្វើឲ្យគេអាចសន្និដ្ឋានថា «ព្រះពុទ្ធរូបអង្គនេះ» មិនមានឈ្មោះបោះសម្លេងល្បីល្បាញស្មើនិងធម្មកថិកសម័យហ្វេសបុកឡើយ ។

មនុស្សខ្មែរដើរទៅដើរមកកាត់ព្រះអង្គ អ្នកខ្លះទៀតដើរស្ទើរជាន់ព្រះកេសរបស់ទ្រង់ដែលនៅសល់ពាក់កណ្ដាលទៀត ។ ព្រះអង្គមានស្នាមរបួសស្ទើរពេញព្រះកាយ ដាច់ព្រះបាទាទាំងគូរ ឆែបព្រះកេសអស់ពាក់កណ្ដាល ដាច់ព្រះហស្ថមួយចំហៀង គ្មានព្រះទែនសយនាសមរម្យ ភ្ញៀវទេសចរណ៍ស្រ្តីខ្លះ ដើរគ្រវីសំពត់ស្ទើរគ្របព្រះកេសទ្រង់ ហើយទ្រង់ហាក់គ្មានព្រះនាមទេ ។ តែដើម្បីបានទៅជិតទ្រង់ ជនបរទេសត្រូវទិញសំបុត្រ ។ កាលទ្រង់នៅមានព្រះជីពជន្ម ទ្រង់ហាមដាច់ខាត «មិនអនុញាតឲ្យបុគ្គលពិការពីកំណើតសាងផ្នួសទេ ព្រោះគ្មានសម្បទាគ្រប់គ្រាន់ ពិបាកក្នុងការបដិបត្តិធម៌» តែពេលនេះ រូបសំណាករបស់ទ្រង់គឺពិការហើយ ប៉ុន្តែសិស្សគណរបស់ទ្រង់មិនឮនិយាយថា «ពួកគេត្រូវគោរពព្រះពិការឬក៏អត់ទេ ?» ។ ទ្រង់មិនធ្លាប់ស្គាល់ទូលព្រះបង្គំទេ តែទូលបង្គំស្គាល់ព្រះអង្គ ទូលព្រះបង្គំជាសិស្សរបស់លោកគ្រូមួយរូបក្នុងចំណោមសិស្សជាង៥០០លាននាក់ ។ ទូលបង្គំមិនតូចចិត្តទេ នៅពេលដែលឃើញរូបសំណាករបស់លោកគ្រូពិការយ៉ាងដូច្នេះ ពីព្រោះវាមិនបានធ្វើឲ្យសាលាទស្សនៈវិជ្ជាព្រះសាក្យមុនីឬហៅថា «ព្រះពុទ្ឋសាសនា» ពិការដេកដួលដូចរូបឡើយ ប៉ុន្តែអ្វីដែលទូលបង្គំខ្លាចបំផុតគឺ «ខ្លាចកូនសិស្សរបស់លោកគ្រូ ស្គាល់លោកគ្រូមិនច្បាស់ហើយបែជា យកទ្រឹស្ដីរបស់លោកគ្រូផ្សេងមកអនុវត្តរួចហើយ នាំគ្នាសម្គាល់ថា ជាទ្រឹស្ដីរបស់លោកគ្រូទៅវិញ នោះទើបបានជាគ្រោះកាច» ។

ស្រុកខ្ញុំព្រះអង្គនេះ មានរឿងអច្ឆរិយៈច្រើនគួរសមដែរ បើរប្រៀបធៀបជាមួយស្រុកផ្សេងនៅលើលោក ដូចជា «ជាអ្នកបកប្រែព្រះត្រៃបិដកពីភាសាបាលីមកជាភាសាកំណើតរបស់ខ្លួនមុនគេលើលោក សម្ដេចសង្ឃជាអ្នកសរសេរវចនាក្រមភាសាជាតិទីមួយ សម្ដេចសង្ឃត្រូវគ្រហស្ថសម្លាប់ សម្ដេចសង្ឃជាក្រុមប្រឹក្សារាជបល្លង្ក សមាជិករដ្ឋាភិបាលស្បថចូលកាន់ដំណែងមុខព្រះភ័ក្ត្រសម្ដេចសង្ឃ សម្ដេចសង្ឃប្រើភាសាដូចព្រះមហាក្សត្រ។ល។ និង ។ល។

បើស្ដាប់មួយភ្លែតដូចជាគ្រាន់បើរដែរ តែបើរគិតយូរទៅទើបដឹងថាស្រុកខ្ញុំព្រះអង្គនេះគឺ «កំសត់ណាស់» ហើយលើសពីនេះទៀត មនុស្សស្រុកទូលបង្គំនេះ ចូលចិត្តអួតបន្តិច ក្នុងនោះរួមមានសិស្សជំនិតរបស់លោកគ្រូផងគឺ «ព្រះសង្ឃ» ។ សិស្សលោកគ្រូខ្លះអួតបានសាច់ការ រីឯខ្លះទៀតអួតបានត្រឹមតែចោរម្សៀត ចង្រៃឧត្តត្បាតតែប៉ុណ្ណោះ ។

យ៉ាងណាក្ដី ទោះរូបសំណាកលោកគ្រូ ពិការជើង ឆែបព្រះកេស ក៏ទូលបង្គំមិនសូវបារម្ភណ៌ដែរ តែអ្វីដែលខ្ញុំព្រះអង្គបារម្ភរិតតែខ្លាំងនោះ គឺខ្លាចសិស្សរបស់លោកគ្រូទាំងសិស្សច្បងនិងសិស្សប្អូនពិការគំនិតហើយ ចេះតែច្រឡំខ្លួនឯងថា «ជាកូនសិស្សព្រះពុទ្ឋ» ដែលជានាមិនឆ្កួត ហើយបំផ្លាញព្រះពុទ្ឋសាសនាឲ្យពិការតាមរយៈ លោភ ទោស និងមោហ របស់ខ្លួន ៕

ដោយព្រះតេជគុណបណ្ឌិត យ៉ន សេងយៀត

No comments:

Post a Comment