ពីមួយឆ្នាំទៅមួយឆ្នាំ ឥណ្ឌានៅតែជាជម្រើសសម្រាប់បរទេស មកសម្រាក់ព្យាបាលជំងឺ ។ ឧបករណ៍ទំនើប វេជ្ជបណ្ឌិតមានជំនាញច្បាស់លាល់ ដែលមានគុណភាពប្រហាក់ប្រហែលគ្នា នឹងប្រទេសអភិវឌ្ឍន៍ដែរ តែមានតម្លៃព្យាបាលថោកជាងឆ្ងាយ បានធ្វើឲ្យឥណ្ឌា ក្លាយជាមជ្ឈមណ្ឌលដ៏ពេញនិយម សម្រាប់វិស័យទេសចរណ៍វេជ្ជសាស្ត្រ ដែលទាក់ទាញអ្នកជំងឺបរទេស ជាច្រើននាក់ក្នុងមួយឆ្នាំៗ ។
យោងតាមរបាយការណ៍ របស់ទីផ្សារទេសចរណ៍វេជ្ជសាស្ត្រឆ្នាំ២០១៥ បានបង្ហាញថា ឥណ្ឌាជាគោលដៅទេសចរវេជ្ជសាស្ត្រមួយ ដែលមានតម្លៃថោកបំផុត និងមានគុណភាពខ្ពស់បំផុត ក្នុងចំណោមគោលដៅទេសចរណ៍វេជ្ជសាស្ត្រទាំងអស់, ឥណ្ឌាផ្ដល់នូវដំណើរការព្យាបាលច្រើនយ៉ាង ក្នុងតម្លៃ ១/១០ (មួយភាគដប់) នៃតម្លៃនៃដំណើរការស្រដៀងគ្នា នៅសហរដ្ឋអាមេរិក ។
យោងតាមប្រសាសន៍ជាលាយលក្ខអក្សរ របស់រដ្ឋមន្ត្រីទេសចរណ៍ ឯកឧត្តម ខេ.ជេ. អាលហ្វុនស៍ (K.J. Alphons) ទៅកាន់លោកសភា (រដ្ឋសភា) ក្នុងឆ្នាំ២០១៧ អ្នកទេសចរវេជ្ជសាស្ត្រមានចំនួន ៤៩៥.០០០ (បួនសែនប្រាំបួនម៉ឺនប្រាំពាន់) នាក់។ ចំនួននេះមានការកើនឡើង បើប្រៀបធៀននឹងឆ្នាំ២០១៥ មានចំនួន ២៣៤.០០០ (ពីរសែនបីម៉ឺនបួនពាន់) នាក់ និងឆ្នាំ២០១៦ មានចំនួន ៤២៧.០០០ (បួនសែនពីរម៉ឺនប្រាំពីរពាន់) នាក់ ។
កាលពីដើម សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ជាប្រទេសនាំមុខគេ ដែលមានអ្នកទេសចរវេជ្ជសាស្ត្រ មកព្យាបាលជំងឺនៅឥណ្ឌា ។ តែឥឡូវប្រទេសបង់ក្លាដែស និងប្រទេសអាហ្គានីស្ថាន បានក្លាយជាប្រទេសដែលមានអ្នកទេសចរវេជ្ជសាស្ត្រ មកកាន់ឥណ្ឌាច្រើនជាងគេ ។ ក្នុងឆ្នាំ២០១៧ អ្នកទេសចរបង់ក្លាសដែស ដែលទៅឥណ្ឌាក្នុងបំណងព្យាបាលជំងឺ មានចំនួនប្រហែល ២២១.០០០ (ពីរសែនពីរម៉ឺនមួយពាន់) នាក់ និងអ្នកទេសចរអាហ្គានីស្ថាន មានចំនួន ៥៥.៦៨១ (ប្រាំម៉ឺនប្រាំពាន់ប្រាំមួយរយប៉ែតសិបមួយ) នាក់ ។ មូលហេតុសំខាន់នោះគឺ ប្រទេសទាំងពីរនេះ នៅកៀកនឹងឥណ្ឌា និងប្រព័ន្ធសុខាភិលបាលនៃប្រទេសនេះ នៅទន់ខ្សោយនៅឡើយ។ អ្នកទេសចរវេជ្ជសាស្ត្រ ដែលមកពីប្រទេសផ្សេងទៀតមានដូចជា អាហ្វ្រិក និងមជ្ឈឹមបូព៌ា ជាពិសេសប្រទេសឈូងសមុទ្រពែក្ស។ ដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ ក្នុងឆ្នាំ២០១៥ឥណ្ឌាបានក្លាយប្រទេសគោលដៅ សម្រាប់អ្នកទេសចរវេជ្ជសាស្ត្រប្រទេសរុស្ស៊ី ។
ឥណ្ឌាទទួលបានប្រាក់ចំណូល ពីវិស័យទេសចរណ៍វេជ្ជសាស្ត្រនេះជាច្រើន។ របាយការណ៍ របស់សហព័ន្ធឧស្សាហកម្មឥណ្ឌា (CII) បានធ្វើការវាយតម្លៃថា ក្នុងឆ្នាំ២០១៥ ចំណូលពីវិស័យនេះមាន ៣០០កោដិដុល្លារអាមេរិក (US$3 billion)។ ហើយគេប្រមើលឃើញថា វានឹងឡើងដល់ ៧០០-៨០០កោដិដុល្លារអាមេរិក (US$7-8 billion) ត្រឹមឆ្នាំ២០២០, ប្រមាណជា ២០% នៃចំណែកទីផ្សារពិភពលោក ។
របាយការណ៍របស់ FICCI និង IMS Health ដែលជាក្រុមហ៊ុនផ្តល់ព័ត៌មានផ្នែកឧស្សាហកម្មសុខភាព បានរកឃើញថា ឥណ្ឌាជាគោលដៅដែលជ្រើសរើស ដើម្បីព្យាបាលជំងឺដូចជា ជំងឺបេះដូង (cardiology) ការវះកាត់ឆ្អឹង (orthopaedics) ការវះកាត់ប្តូរសរីរាង្គ (transplants) និងការវះកាត់ភ្នែក (ophthalmology)។ មិនតែប៉ុណ្ណោះ ឥណ្ឌាក៏ល្បីខាងឱសថសម្រាប់សុខភាព ការការពារជំងឺ និងការព្យាបាលជំនួស (មានអាយុរវេទ និងយោគៈជាដើម) ។
អ្នកទេសចរខ្មែរមកព្យាបាលជំងឺនៅប្រទេសឥណ្ឌា
ក្នុងនោះអ្នកទេសចរវេជ្ជសាស្ត្រកម្ពុជា ដែលមកសម្រាក់ព្យាបាលជំងឺនៅឥណ្ឌា ក៏មិនតិចជាងរយនាក់ដែរជារៀងរាល់ឆ្នាំ។ នៅមន្ទីរពេទ្យសំខាន់ពីរ នៅទីក្រុងញូវដែល្លី ដែលគេឃើញមាន ខ្មែរមកសម្រាក់ព្យាបាលជំងឺ ជាប់មិនដែលដាច់ គឺមន្ទីរពេទ្យអាប៉ូឡូ (Apollo Hospital) និងមន្ទីរពេទ្យហ្វទិស (Fortis Hospital) ។ មន្ទីរពេទ្យស្ដង់ដារខ្ពស់ទាំងពីនេះ មានសាខារបស់ខ្លួន នៅតាមរដ្ឋសំខាន់ៗជាច្រើនទៀតផងដែរ នៅក្នុងប្រទេសឥណ្ឌា។ នៅញូវដែល្លី នៅមន្ទីរពេទ្យនេះ ក៏មានបុគ្គលិកខ្មែរ ធ្វើការផ្នែកបកប្រែ និងសម្របសម្រួល ទំនាក់ទំនងរវាងអ្នកជំងឺនិងវេជ្ជបណ្ឌិតផងដែរ។ ក្រៅពីនេះនៅមានមន្ទីរពេទ្យម៉ាក (Max Hospital) និងមន្ទីរពេទ្យឯកជនល្បីៗ ផ្សេងទៀតផងដែរ ដែលមានគុណភាពខ្ពស់ និងតម្លៃសេវាសមរម្យ ។
អ្នកជំងឺខ្មែរភាគច្រើនមកព្យាបាល ជំងឺធំៗដូច ទឹកនោមផ្អែម ថ្លើម លាងឈាម និងវះកាត់ប្តូរសរីរាង្គ។ ថ្មីៗនេះគេឃើញ តារាសម្តែងនិងចម្រៀង លោក យូឌីស្កូ ក៏បានមកសម្រាក់ព្យាបាលជំងឺខូចក្រលៀនរបស់លោក នៅប្រទេសឥណ្ឌាដែរ និងបានផលធូរស្បើយច្រើនហើយ។
ឥណ្ឌាគ្រោងវិនិយោគលើជំនាញវេជ្ជសាស្ត្រនៅកម្ពុជាផងដែរ ដើម្បីបំពេញនូវតម្រូវការទីផ្សារនៅកម្ពុជា ព្រោះកំណើនអ្នកទេសចរវេជ្ជសាស្ត្រ ចេញពីកម្ពុជាមានចំនួនច្រើន គួរឲ្យកត់សម្គាល់។ ថ្លែងប្រាប់សារព័ត៌មានឥណ្ឌា (PTI) កន្លងទៅ លោក សុរ៉េស ប្រភូ (Suresh Prabhu) ឲ្យដឹងថាប្រទេសឥណ្ឌាបានសម្រេចចិត្តធ្វើគម្រោង ២ នៅក្នុងក្រុមប្រទេស ស៊ី.អ៊ែល.អឹម.វី. (CLMV: កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម) ក្នុងនោះគម្រោងបង្កើតមហាវិទ្យាល័យវេជ្ជសាស្ដ្រ និងមន្ទីរពេទ្យនឹងត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា ។ លោកបានប្រាប់ PTI ថា៖ «ខាងភាគីរបស់យើង យើងបានសម្រេចចិត្តធ្វើគម្រោង ២ នៅក្នុងក្រុមប្រទេស CLMV ។ នៅកម្ពុជាយើងនឹងបង្កើតមន្ទីរពេទ្យ និង មហាវិទ្យាល័យវេជ្ជសាស្ដ្រ» ។ លោកបន្ថែមថា ឥណ្ឌាកំពុងរៀបចំផែនការបង្កើតមន្ទីរពេទ្យពហុឯកទេស និងវិទ្យាស្ថានអប់រំនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងផ្នែកឱសថនៅក្នុងប្រទេសវៀតណាម ។
សរុបសេចក្តីទៅ ឥណ្ឌាបានក្លាយជាទីដៅ ដែលទាក់ទាញភ្លៀវទេសចរវេជ្ជសាស្ត្រ មកពីបណ្ដាប្រទេសនានាក្នុងពិភពលោក ព្រោះមន្ទីរពេទ្យឥណ្ឌា មានចំណុចរួមដែលកម្រមួយ គឺវិធីព្យាបាលនិងឧបករណ៍វេជ្ជសាស្ត្រទំនើប វេជ្ជបណ្ឌិតមានជំនាញនិងបទពិសោធន៍ច្បាស់លាស់ និងសេវាព្យាបាលមានតម្លៃថោកជាងបច្ចិមប្រទេស ។ ម្យ៉ាងទៀតការប្រើភាសាអង់គ្លេស ក្នុងការទំនាក់ទំនងនៅមន្ទីរពេទ្យឥណ្ឌា ក៏បានបង្កភាពងាយស្រួល សម្រាប់ភ្លៀវបរទេសផងដែរ ៕