ទិដ្ឋភាពព្រះសង្ឃចូលរួមក្នុងការប្រឡងបាក់ឌុប នៅមណ្ឌលវិទ្យាល័យជាស៊ីសន្ធរម៉ុក រាជធានីភ្នំពេញ, ២១ សីហា ២០១៨ ។ |
លោកវិទូ | ថ្ងៃ ៣᧺៩ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២១ សីហា ២០១៨ ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានអនឡាញ Sabay News បានឲ្យដឹងថា មានព្រះសង្ឃមិនតិចជាងរយអង្គ បាននិមន្តមកប្រឡងមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ២០១៨នេះ នៅមណ្ឌលវិទ្យាល័យជាស៊ីមសន្ធរម៉ុក នៅរាជធានីភ្នំពេញ បានធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន ដែលកម្រឃើញព្រះសង្ឃចូលរួមប្រឡងយ៉ាងច្រើនកុះករដូច្នេះ ។
តាមសង្ឃដីការរបស់សង្ឃចំនួន៤អង្គ ដែលបានផ្ដល់បទសម្ភាសន៍មកកាន់ Sabay News ឲ្យដឹងថា ព្រះសង្ឃដែលនិមន្តមកប្រឡងនេះមកពីតាមបណ្ដាខេត្តនានា ដូចជា៖ ព្រៃវែង កំពង់ចាម សៀមរាប ស្វាយរៀង និងបណ្ដាខេត្តមួយចំនួនទៀត ។ លោកសង្ឃទាំងនោះ បានមកស្នាក់នៅតាមបណ្ដាវត្តអារាមនានាក្នុងរាជធានីភ្នំពេញដូចជា៖ វត្តឧណ្ណាលោម វត្តបទុមវតី វត្តលង្កាជាដើម ។ ព្រះសង្ឃទាំងអស់ដែលចូលរួមការប្រឡងនេះ គឺសម្រាប់ថ្នាក់បំពេញវិជ្ជា ឬស្វ័យរិន ។
ព្រះសង្ឃមួយចំនួនបានលើកឡើងថា វិញ្ញាសាប្រឡងហាក់លំបាកបន្តិច មិនសូវជាធ្វើបានច្រើនប៉ុន្មានឡើយ ហើយសង្ឃឹមជាប់ត្រឹម៥០%ប៉ុណ្ណោះ ។ ទោះជាយ៉ាងណាក៏ត្រូវតែតស៊ូមកប្រឡង ទោះលទ្ធផលបែបណាក៏ដោយ ដើម្បីអាចឆ្លងកាត់ដំណាក់កាលនេះ ឆ្ពោះទៅថ្នាក់មហាវិទ្យាល័យបន្តទៀត ។
ទោះជាយ៉ាងណាក៏ដោយ មានសំណួរមួយចំនួនចោទសួរថា តើព្រះសង្ឃរាប់រយអង្គ និមន្តទៅប្រឡងបាក់ឌុប ជាមួយសិស្សទូទៅ បង្ហាញពីអ្វីខ្លះ? តើនេះអាចបង្ហាញថា វិស័យពុទ្ធិកសិក្សាជាតិ កំពុងជួបវិបត្តិឬយ៉ាងណា? ឬនេះជារឿងធម្មតា មិនមានសារសំខាន់គួរងឿងឆ្ងល់ទេ? សួមពិចារណាតាមការណ៍គួរចុះ ។
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment