ព្រះតេជគុណបណ្ឌិត យ៉ន សេង យៀត នៅមុខសាកលវិទ្យាល័យ Harvard។ |
លោកវិទូ | ថ្ងៃ ២᧡១០ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ | ៣០ កញ្ញា ២០១៨
ពិធីបុណ្យ «ភ្ជុំបិណ្ឌ» នេះ មិនមែនកើតឡើងដោយចៃដន្យទេ គឺជាពិធីដែលប្រជាពុទ្ឋបរិស័ទប្រារព្ឋធ្វើ ដោយចេតនាដ៏បរិសុទ្ឋដើម្បីឧទ្ទិសបុណ្យកុសល ដល់ញាតិដែលបានធ្វើកាលមរណៈទៅ និងជាការបំពេញទាន របស់ទាយកទាយិកាដោយផ្ទាល់ គឺមិនមែនបុណ្យធ្វើសម្រាប់តែប្រែតនរក ឬក៏ជាការធ្វើបុណ្យលួងចិត្តខ្មោច នរក ឬប្រែតក៏ទេដែរ។
នៅពីក្រោយបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌនេះ គឺបង្កប់ដោយរាប់រយអត្ថន័យទាំងក្នុងស្មារតីជាតិ សាសនា និង ប្រពៃណីរបស់ខ្មែរ។
ពួកអ្នកប្រាជ្ញសម័យហ្វេសបុក គួរណាស់តែសិក្សាប្រពៃណីខ្មែរឲ្យបានច្បាស់លាស់សិន មុននិងបកស្រាយ និង អារកាត់សេចក្ដីនៃអត្ថន័យ ចំពោះការប្រារព្ឋប្រពៃណីខ្មែរនីមួយៗ ។
សូម្បីព្រះសម្មាសម្ពុទ្ឋក៏ទ្រង់ជួបផលលំបាក ក្នុងការពន្យល់អត្ថន័យរបស់សាសនា (ព្រះធម៌) របស់ព្រះអង្គដើម្បីឲ្យគេយល់បានដែរ នៅពេលដែលព្រះអង្គទើបចេញបង្រៀនលើកដំបូងក្រោយបានត្រាស់ដឹងភ្លាមៗ ដោយសារព្រះធម៌របស់ព្រះអង្គ គឺមានអត្ថន័យជ្រាលជ្រៅផ្ទុយពីរអ្វីដែលមនុស្សធ្លាប់ចេះដឹងមកក្នុងសង្គមជម្ពូទ្វីប (អាស៊ីបូព៌ា) រហូតធ្វើឲ្យព្រះអង្គសម្រេចព្រះទ័យខ្ចីពាក្យ របស់ប្រពៃណីចាស់ៗដែលគេប្រើនៅក្នុងសង្គមយកមកធ្វើជាយាន្តសម្រាប់បង្រៀនមនុស្ស ឲ្យយល់អំពីអ្វីដែលព្រះអង្គចង់បង្រៀនដល់សង្គម ដូចជាជាពាក្យថា « សង្ឃ ធម្ម ព្រាហ្មណ៍ វិមុត្តិ ភិក្ខុ និង កម្ម » ជាដើម ដោយយកពាក្យដើមរបស់សង្គម មកប្រើក្នុងអត្ថន័យថ្មី ។ ហើយចុងក្រោយ ព្រះពុទ្ឋបានបង្កើតពាក្យថ្មីមួយទៀតក្នុងសង្គមជម្ពូទ្វីបនោះគឺពាក្យថា «និព្វាន» សម្រាប់ហៅគោលដៅចុងក្រោយ របស់អ្នកកាន់សាសនារបស់ព្រះអង្គ។
កាលដែលដូនតាខ្មែរ បានសម្រេចបង្កើតប្រពៃណីបុណ្យជាច្រើន សម្រាប់កូនខ្មែរប្រតិបត្តិនោះ គឺបង្កប់ដោយអត្ថន័យច្រើនអនេកណាស់ គឺគាត់មិនមែនមិនយល់នោះទេ គាត់គឺជាអ្នកធ្វើសមាហរណកម្មប្រពៃណីបីរួមគ្នា គឺជាការច្របាច់បញ្ជូលនៃ ប្រពៃណីខ្មែរសុទ្ឋ+ប្រពៃណីព្រហ្មញ្ញសាសនា+ទស្សន:វិជ្ជាព្រះពុទ្ឋសានា=បុណ្យខ្មែរ ។ បុណ្យនីមួយៗ គឺបង្កប់ដោយអត្ថន័យនិងគោលដៅច្បាស់លាស់ហើយអ្វីដែលមិនច្បាស់លាស់ គឺយើងខ្លួនឯងទេតើ ដែលមិនច្បាស់ហើយចេះតែបកស្រាយ តាមចំណេះដឹងផ្ទាល់ខ្លួននោះ ដោយម្គាល់ថាខ្លួនឯងជាអ្នក«ច្បាស់»។
ព្រះពុទ្ឋសាសនានៅក្នុងពិភពលោកសព្វថ្ងៃនេះ គឺស្ថិតនៅក្នុងទម្រង់បួនយ៉ាងគឺ
- ១.ព្រះពុទ្ឋសាសនាបែបប្រពៃណី (ទទួលឥទ្ឋិពលពីប្រពៃណីដើមរបស់អ្នកបដិបត្តិ)
- ២.ព្រះពុទ្ឋសាសនាប្រជាប្រិីយ៍ (ទទួលឥទ្ឋិពលពីចរន្តសង្គមដែលកើតឡើងពីមួយថ្ងៃទៅមួយថ្ងៃ)
- ៣.ព្រះពុទ្ឋសាសនាបែបអប់រំនិយម ប្រកបដោយនិយាមច្បាស់លាស់ (ទទួលឥទ្ឋិពលពីការសិក្សាច្បាស់លាស់ ដោយពឹងផ្អែកទៅលើលទ្ឋផលនៃការសិក្សាកម្រិតខ្ពស់)
- ៤.ព្រះពុទ្ឋសាសនាបែបបដិបត្តិ (ទទួលបដិបត្តិតែម្យ៉ាងដោយមិនពឹងផ្អែកលើអ្វីទាំងអស់)។
ប្រជាពុទ្ឋសាសនិកទាំងអស់ មិនមានបញ្ញាដូចគ្នាដើម្បីបដិបត្តិធម៌ របស់ព្រះពុទ្ឋជាម្ចាស់ក្នុងកម្រិតដូចគ្នាឡើយ ព្រោះហេតុដូច្នេះហើយទើបប្រទេសអ្នកកាន់ព្រះពុទ្ឋសាសនានានា មានទេព្យកោសល្យរៀងៗខ្លួនក្នុងបង្កើតប្រពៃណី ដើម្បីនាំយកទស្សនៈវិជ្ជាព្រះពុទ្ឋសាសនាទៅទុកដាក់ក្នុងដួងចិត្តមនុស្សតាមរូបភាព និងមធ្យោបាយផ្សេងៗពីគ្នា ប៉ុន្តែមានទិសដៅរួមគឺការ «យល់ធម៌» របស់ព្រះពុទ្ឋ។
ព្រោះហេតុនេះ កាលណាគេនិយាយដល់ប្រពៃណីយ៍ គឺគេមិនមើលរូបភាពជាធំទេ គឺគេមើលអត្ថន័យជាធំ នៅពីក្រោយការអនុវត្តប្រពៃណីនោះ។
ភាពអវិជ្ជារបស់យើង មិនមែនជាហេតុផលសម្រាប់ការលើកលែងទោសឲ្យយើងឡើយ
ដោយព្រះតេជគុណបណ្ឌិត យ៉ន សេង យៀត - ៣០ កញ្ញា ២០១៨ ប្រភព៖ https://www.facebook.com/yon.sengyeath/posts/2163728870565235
ដោយព្រះតេជគុណបណ្ឌិត យ៉ន សេង យៀត - ៣០ កញ្ញា ២០១៨ ប្រភព៖ https://www.facebook.com/yon.sengyeath/posts/2163728870565235