សាអបអរសាទរមានន័យជ្រៅរបស់ព្រះបណ្ឌិត យ៉ន សេង យៀត «ប្រគេនលោកគ្រូ បណ្ឌិត លន់ ឡាយ!»⁣⁣ - លោកវិទូ

ព័ត៌មានថ្មីៗ

Sunday, September 09, 2018

សាអបអរសាទរមានន័យជ្រៅរបស់ព្រះបណ្ឌិត យ៉ន សេង យៀត «ប្រគេនលោកគ្រូ បណ្ឌិត លន់ ឡាយ!»⁣⁣

ព្រះតេជគុណបណ្ឌិត លន់ ឡាយ (ពីមុខទី៣) ក្នុងឱកាសទទួលសញ្ញាបត្រថ្នាក់បណ្ឌិតភាសាសំស្ក្រឹត, ស្រីលង្កា, ០៧ កញ្ញា ២០១៨។
លោកវិទូ | ៧ ᧽៩ ឆ្នាំច សំរឺទ្ធិស័ក ព.ស. ២៥៦២ | ០៨ កញ្ញា ២០១៨

នៅយប់ថ្ងៃទី០៧ ខែកញ្ញា ព.ស.២៥៦២/គ.ស.២០១៨ គឺជាថ្ងៃប្រារព្ធពីធីប្រគេន/ចែកសញ្ញាបត្រ ដល់សមណនិស្សិត/និស្សិតស្រីលង្កា ជាច្រើនពាន់នាក់ នៅសាកលវិទ្យាល័យ ស្រីជយវឌ្ឍនបុរៈ (University of Sri Jayewardenepura), រដ្ឋធានីស្រីជយវឌ្ឍនបុរៈ, ប្រទេសស្រីលង្កា។ ក្នុងចំណោមនោះ មានតែព្រះសមណនិស្សិតខ្មែរមួយព្រះអង្គគត់ គឺព្រះតេជគុណបណ្ឌិត លន់ ឡាយ។ ព្រះអង្គបានចូលរួមទទួលសញ្ញាបត្របណ្ឌិត ផ្នែកភាសាសំស្រ្តឹត ហើយក៍ជាព្រះសង្ឃខ្មែរមួយអង្គគត់ បានបញ្ចប់ថ្នាក់នេះផងដែរ ក្រៅពីព្រះអគ្គរតោ តោ អាន ដែលបានបញ្ចប់ថ្នាក់បណ្ឌិតសំស្ក្រឹតនេះ នៅប្រទេសឥណ្ឌា ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ។ 

ពិតជាមានមោទនភាពខ្លាំងណាស់ សម្រាប់កូនខ្មែរ ព្រះពុទ្ធសាសនាខ្មែរ និងសង្គមជាតិខ្មែរ។ គួរឲ្យកត់សម្គាល់ ព្រះអង្គបានគង់សិក្សារៀនសូត្រ នៅប្រទេសស្រីលង្កា តាំងពីឆ្នាំ១៩៩៦មកម៉្លេះ។ បច្ចុប្បន្ន ប្រទេសស្រីលង្កាជាមូលដ្ឋាន សិក្សាព្រះពុទ្ធសាសនា~បាឡី~សំស្ក្រឹត ដ៏សំខាន់មួយនៅអាស៊ីខាងត្បូង និងជាទីគោលដៅសិក្សា របស់សមណនិស្សិតខ្មែរជាច្រើនអង្គផងដែរ។ ព្រះឧបាលិវង្ស បណ្ឌិត យ៉ន សេង យៀត និងព្រះធម្មឃោសាចារ្យ  បណ្ឌិត ឃី សុវណ្ណរតនា បច្ចុប្បន្នទាំងពីរព្រះអង្គ ជាសាកលវិទ្យាធិការរង នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ, រាជធានីភ្នំពេញ, សុទ្ធតែធ្លាប់បានទៅរៀន នៅប្រទេសស្រីលង្កា។

ខាងក្រោមនេះគឺជាសាអបអរសាទរមានន័យជ្រៅ របស់ព្រះតេជគុណបណ្ឌិត យ៉ន សេង យៀត «ប្រគេនលោកគ្រូ បណ្ឌិត លន់ ឡាយ!»⁣⁣ ដែលព្រះអង្គបានបង្ហោះ នៅលើគេហទំព័រហ្វេសប៊ុករបស់ព្រះអង្គ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨។ គួរជាទីចាប់អារម្មណ៍ផងដែរ ព្រះតេជគុណបណ្ឌិត យ៉ន សេង យៀត គឺជាសមណនិស្សិតខ្មែរ តែមួយអង្គគត់និងដំបូងគេ ដែលកំពុងសិក្សាថ្នាក់ក្រោយបណ្ឌិត ឬបណ្ឌិតរដ្ឋ ផ្នែកទស្សនវិជ្ជា​ព្រះពុទ្ធសាសនា​ នៅសាកលវិទ្យាល័យហាវើដ (Harvard) ដ៏ល្បីល្បាញ នៅសហរដ្ឋអាមេរិក។

---

ប្រគេនលោកគ្រូ បណ្ឌិត លន់ ឡាយ!⁣⁣

គិតមកដល់ត្រឹមឆ្នាំ ២០១៨នេះ លោកគ្រូបានចំណាយពេល២២ឆ្នាំគត់ នៅក្នុងជីវិតដ៏លំបាកតោកយ៉ាកបំផុត ដើម្បីរៀនយកឯកទេសសំស្រ្កឹត (បណ្ឌិតភាសាសំស្រ្កឹត) នៅប្រទេសស្រីលង្កា។

លោកគ្រូគឺជាព្រះសង្ឃខ្មែរទី០១ នៅក្នុងប្រវត្តិសាស្រ្តកម្ពុជា ក្រោយឆ្នាំ១៩៧៩ ដែលទទួលបានសញ្ញាបត្រ ដ៏មានតម្លៃមហាសាលនេះ បន្ទាប់ពីព្រះតេជគុណបណ្ឌិត តោ អាន (ដែលត្រូវខ្មែរក្រហមធ្វើគត់)។ ខ្ញុំកូណាពិតជាដឹងថា នៅក្នុងចំណោមព្រះសង្ឃខ្មែរជាងប្រាំម៉ឺន (៥០០០០) អង្គ នាពេលបច្ចុប្បន្ន លោកគ្រូគឺជាព្រះសង្ឃខ្មែរតែមួយអង្គគត់ ដែលទទួលបានសញ្ញាបត្រនេះ ប៉ុន្តែទន្ទឹមគ្នាផងដែរ សំណួរដ៏គ្រោតគ្រាតមួយ ដែលផុសឡើងនៅក្នុងដួងចិត្តរបស់ខ្ញុំកូណានោះគឺថា «តើសញ្ញាបត្ររបស់លោកគ្រូពិតជាថ្លៃមែនទេ នៅក្នុងកែវភ្នែករបស់ជនជាតិយើង?» នេះជាសំណួរ ដែលឈឺចាប់បំផុតសម្រាប់ «បណ្ឌិតសំស្រ្កឹតថ្មី» ដែលត្រូវឆ្លើយ ហើយនិងស្ដាប់ចម្លើយដោយខ្លួនឯង។ កូណាមិនឆ្លើយជំនួស «ព្រះអាចារ្យ»ទេ។

អ្នកឯកទេសជំនាញនេះ គឺកម្រណាស់នៅកម្ពុជា មិនងាយរកទេ។ ជំនាញនេះគឺជាមូលដ្ឋានដ៏សំខាន់ សម្រាប់ការស្រាវជ្រាវនៅក្នុងវិស័យ អក្សរសាស្រ្តខ្មែរ ព្រះពុទ្ឋសាសនា វប្បធម៌ ប្រវត្តិសាស្រ្ត និង ទស្សនវិជ្ជាខ្មែរ។ល។

លោកគ្រូបណ្ឌិតជាទីរាប់អាន! ដំណើរវិលមកកម្ពុជា ដើម្បីជួយសា្ដរឡើងវិញនៅវិស័យសំស្រ្កឹតនេះ គឺជាផ្លូវដ៏សែនលំបាកណាស់ សូមលោកគ្រូត្រៀមចិត្តត្រៀមកាយ ដើម្បីប្រឈមមុខជាមួយវាផង។

ខ្មែរអើយ! ថែរក្សាលោកទៅ លោកនិងនាំប្រយោជន៏ច្រើនណាស់ ដល់ជាតិរបស់យើង។

បណ្ដាំចុងក្រោយ: សម្រាប់ចង្ហាន់ពេលព្រឹក មុនពេលចេញទៅបង្រៀនព្រះសង្ឃ នៅសាកលវិទ្យាល័យព្រះសីហនុរាជ លោកគ្រូអាចឆាន់នំបញ្ជុករបស់យាយម្នាក់ ដែលឧស្សហ៍រែកកាត់វត្តយើង (ឧណ្ណាលោម)បាន ត្បិតតែនំបញ្ជុកនោះ ហាក់ដូចជាស្មោគគ្រោកបន្តិចមែន ប៉ុន្តែអាចលេបបាន ហើយមួយចានត្រឹមតែ ១៥០០រៀលទេ (តម្លៃទំនិញគិតត្រឹមឆ្នាំ២០១៦)។

សូមអបអរសាទរ កូណាម្ចាស់!⁣⁣

យ៉ន សេង យៀត ហាមម៉ាក់ដុរ៉ុវ៉ុ (ភាសាសីហឡ)
សាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិច
០៨.០៩.២៥៦២/២០១៨

ប្រភព៖ https://www.facebook.com/yon.sengyeath/posts/2152161695055286

© រក្សាសិទ្ធិដោយលោកវិទូ