លោកវិទូ | ថ្ងៃ ៥᧺១០ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ០៤ តុលា ២០១៨ ។
កាន់បិណ្ឌនិងភ្ជុំបិណ្ឌ៖ សម្លឹងភ្ជុំបិណ្ឌពីជ្រុងសេដ្ឋសាស្ត្រ
ជ្រុងមួយនៃទស្សនៈរបស់ហេង មណីចិន្តា៖ វគ្គទី៩
ផ្តើមសេចក្តី៖ បើរដ្ឋាភិបាលយើងដាក់បុណ្យភ្ជុំបិណ្ឌអោយក្លាយទៅជាបេតិកភ័ណ្ឌអរូបីពិភពលោកបាននោះ នឹងរឹតតែនាំកំណើនសេដ្ឋកិច្ចដល់ជាតិ អាចទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិអោយចូលវត្តបោះបាយបិណ្ឌ នឹងនាំមកនូវចំណូលដល់សេដ្ឋកិច្ចជាតិបានទៀតផង។
ម្នាក់ៗសម្លឹងមើលទៅបុណ្យភ្ជុំបិណ្ឌតាមជ្រុងនៃទស្សនៈរៀងៗខ្លួន៖ ម៉ែឪចាស់ជរា រីករាយនឹងបានឃើញកូនចៅត្រឡប់មកជួបជុំវិញ បានហូបចុកជុំគ្នាតាមមានតាមបាន។ អ្នកធ្វើការរីករាយនឹងបានឈប់យូរ សម្រាកពីការងារ បានត្រឡប់ទៅស្រុកកំណើតវិញដើម្បី រំលឹកអនុស្សាវរីយ៍កាលពីក្មេង។ ពាណិជករទាំងឡាយ សម្លឹងឃើញប្រាក់ចំណូលចូលបានច្រើន។
នៅថ្ងៃភ្ជុំធំ នំអន្សមឡើងពីនំមួយតម្លៃ១០០០រៀល ទៅ ៣៥០០រៀល នៅផ្សារបាត់ដំបង។ រថយន្តធ្វើដំណើរវិញ មិនបាច់និយាយទេ ជារឿងធម្មតាទៅហើយ។ អ្វីៗក៏ឡើងថ្លៃ បើមិនឡើងពេលហ្នឹងមិនដឹងចាំដល់ពេលណាទៀត?
កាកបាទក្រហម និងអង្គការផ្សេងៗដែលមានប្រអប់វិភាគទាននៅក្នុងវត្ត ក៏មានចំណូលកាន់តែច្រើនដែរ។សូម្បីតែអ្នកសូមទាន ក៏មានសង្ឃឹម ព្រោះនេះជាឱកាសដែលអាច រកចំណូលបានច្រើនជាងប្រក្រតី រួមទាំងក្មេងៗក្រីក្រ ដែលបានចំណូលអំពីការយាមស្បែកជើងរបស់ពុទ្ធបរិស័ទដែរ។ បើតាមអ្នកជំនាញសេដ្ឋកិច្ច បាននិយាយថា ម្នាក់ៗចាយប្រមាណពី ៥០ ទៅ ៨០ ដុល្លារ ក្នុងរដូវភ្ជុំ។
មានអ្នកទិតៀនជាច្រើនដែលរួមទាំងអ្នកនយោបាយខ្លះផងដែរ បាននិយាយថា បុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ បានធ្វើអោយខ្មែរក្រ រកងើបមិនរួច។ ខ្ញុំមិនដឹងថា អ្នកដែលទិតៀននោះ សម្លឹងពីជ្រុងណាទេ៖ ជ្រុងសេដ្ឋកិច្ច? ជ្រុងនយោបាយ? ជ្រុងសង្គម? ឬ ជ្រុងប្រជាភិថុតិ?
សម្រាប់អ្នកសេដ្ឋកិច្ចវិញ ការដែលពលរដ្ឋក្នុងឋានៈជាអ្នកបរិភោគ (consumers) មានការចំណាយច្រើន នឹងធ្វើអោយគោលនយោបាយកំណើនសេដ្ឋកិច្ចរបស់ខ្លួនរឹតតែបានជោគជ័យ៖ ផលទុនសារុបក្នុងស្រុក (GDP) នឹងរីកកើនឡើង ដែលនឹងនាំអោយតួលេខចំណូលប្រចាំឆ្នាំរបស់ពលរដ្ឋម្នាក់ៗកើនឡើងដែរ ដែលការណ៍នេះ នាំអោយមានប្រយោជន៍ដល់គោលនយោ បាយកាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាល ព្រោះអ្នកស្រុកមានលុយចាយច្រើន។
តាមរូបមន្តផលទុនសារុបក្នុងស្រុក GDP= C + I + G + (X-M) នេះ C តំណាងអោយការចាយរបស់ម្នាក់ៗក្នុងប្រទេស។ បើចាយច្រើន ចំណូលពន្ធដល់រដ្ឋក៏កើនឡើង។ ចំណាយ គឺជាសំណល់នៃប្រាក់ចំណូលបន្ទាប់ពីសន្សំ ហើយ។ កាលណាសន្សំបានច្រើន ការវិនិយោគក៏នឹងកាន់តែច្រើនឡើងដែរ (I)។ បើវិនិយោគច្រើន អាចដឹកទៅលក់នៅក្រៅប្រទេសបានច្រើនជាងនាំចូល នោះជញ្ជីងថវិការបស់រដ្ឋក៏វិជ្ជមានដែរ (X - M ជាវិជ្ជមាន)។ ចាយកាន់តែច្រើន វិនិយោគកាន់តែច្រើន ចំណេញពីការនាំចេញកាន់តែច្រើន រដ្ឋាភិបាលក៏នឹងកាន់តែសប្បាយចិត្តក្នុងការចាយដែរ (គឺចាយក្នុងក្នុងការអភិវឌ្ឍប្រទេសជាតិ ឈរលើគោលការណ៍មិនមានអំពើពុករលួយ (បើមាន ជារឿងមួយផ្សេងទៀត)។ ដូច្នេះ ការចាយវាយក្នុងរដូវភ្ជុំក្តី រដូវចូលឆ្នាំក្តី ខាងផ្នែកសាសនាតែងប្រាប់អោយសន្សំសំចៃ តែខាងរដ្ឋ គឺសប្បាយចិត្តទៅវិញទេ។ វាជាការបង្ហាញថាប្រទេសមានការងារធ្វើក្នុងអត្រាខ្ពស់។
យើងមិនអាចថាពលរដ្ឋល្ងង់ ថាចេះតែពីចាយ ដោយមិនគិតពីការសន្សំសំចៃទេ។ តាមពិត មុននឹងមកធ្វើបុណ្យនៅវត្ត ម្នាក់ៗគិតថា ខ្លួននឹងមានសមត្ថភាពធ្វើក្នុងចំនួនប៉ុន្មានរួចទៅហើយ និងត្រូវទុកប៉ុន្មាន។ ពុទ្ធសាសនាក៏បានបង្រៀនបរិស័ទខ្លួនអោយចេះបែងចែកទ្រព្យដែលរកបានមកយ៉ាងមានប្រសិទ្ធិភាពដែរគឺ ប្រាក់ចំណូលដែលរកបានមក ត្រូវបែងចែកដូចតទៅ៖
1-- ២៥% ទុកចិញ្ចឹមជីវិតអោយបានល្អ រួមទាំងធ្វើបុណ្យធ្វើទាន
2-- ៥០% ត្រូវទុកធ្វើជាដើមទុនវិនិយោគក្នុងមុខរបររបស់ខ្លួន
3-- ២៥% ចុងក្រោយ ត្រូវទុកសន្សំ ក្រែងមានហេតុភ័យណាមួយកើតឡើង។
ភាពក្រីក្ររបស់ពលរដ្ឋ មិនមែនមកពីការធ្វើបុណ្យទេ តែគឺមកពីការប្រព្រឹត្តអបាយមុខ និង មួយទៀត គឺការមិនឆ្លាតនៅក្នុងពាណិជ្ជកម្មផងដែរ។ បើសិនជាធ្វើតាមគោលការណ៍បែងចែកទ្រព្យដូចខាងលើ គ្មានអ្វីដែលខ្មែរត្រូវក្រទេ។ តែបច្ចុប្បន្ន បន្ទាប់ពីប្រគេនលោកហើយ គឺតាំងនាំគ្នាវាតវង់ ផឹកស៊ី ស្រវឺង នាំមកនូវបញ្ហាសង្គមនិងសេដ្ឋកិច្ចគ្រប់យ៉ាងដល់ប្រទេសជាតិ (ចាយហួសទៅលើចំណែកវិនិយោគនិងសន្សំ)។
ជាសារុប ក្នុងន័យសេដ្ឋកិច្ច ខ្ញុំឃើញថា តាមពិតបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ នាំមកនូវប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចជាតិ ធ្វើអោយរង្វិលទឹកប្រាក់កាន់តែញាប់ឡើង ដែលនាំអោយមានលំនឹងដល់សេដ្ឋកិច្ចម៉ាក្រូទៀតផង។
ខ្ញុំគិតថា បើយើងដាក់បុណ្យភ្ជុំបិណ្ឌ អោយក្លាយទៅជាបេតិកភ័ណ្ឌអរូបីពិភពលោកបាន នោះនឹងរឹតតែនាំកំណើនសេដ្ឋកិច្ចដល់ជាតិ អាចទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិអោយចូលវត្ត អោយបោះបាយបិណ្ឌ បានទៀតផង។
ខ្ញុំនៅចាំពាក្យរបស់ទេសចរណ៍ជាតិអង់គ្លេសម្នាក់ ដែលបាននិយាយជាមួយប្រពន្ធខ្ញុំកាលយើងទៅប្រទេសឥណ្ឌៀ កាលពីឆ្នាំ២០០៦ គាត់បានប្រាប់ប្រពន្ធខ្ញុំថា គាត់មកឥណ្ឌៀនេះរាល់ឆ្នាំ ជាប់គ្នា១៥ឆ្នាំហើយ។ ប្រពន្ធខ្ញុំសួរគាត់ថា អ្នកមកឥណ្ឌៀញឹកញាប់យ៉ាងនេះ តើមានអ្វីគួរអោយចាប់អារម្មណ៍ទេ ព្រោះពួកខ្ញុំទើបតែមកលើកទី១។ គាត់ឆ្លើយថា ខ្ញុំមកទីនេះ ព្រោះទីនេះមានមនុស្សឆ្កួតនិងរបស់ឆ្កួតៗ ប្លែកៗអោយខ្ញុំបានឃើញរាល់ឆ្នាំ។ ខ្ញុំហួសចិត្ត ហើយក៏សើចគោក។
តែដល់ពេលគិតយូរទៅ ក៏ត្រូវម្យ៉ាងដែរ បើសិនជាខ្មែរយើងមានកម្មវិធីទេសចរណ៍ភ្ជុំបិណ្ឌដែលខ្មែរខ្លួនឯងខ្លះថាឆ្កួតឬភ្លើនោះ ប្រហែលជាអាចទាក់ទាញភ្ញៀវទេសចរណ៍បានជាមិនខាន។ រាជាណាចក្រអច្ឆរិយៈ អាចប្រែថាប្រទេសអស្ចារ្យក៏បាន ប្រទេសប្លែកផុតលេខក៏ថាបាន ប្រទេសគួរអោយឆ្ងល់ (ឆ្កួត?) ក៏ថាបាន។ អ្វីដែលសំខាន់ ទេសចរចូលចិត្តអ្វីដែលប្លែក ឬក៏ភ្លើតិចៗដែរ ដូចជានៅបាត់ដំបងជាដើម៖ បរទេសណា ដែលបានមកកាន់ខេត្តបាត់ដំបង តែងតែមានកម្មវិធីទៅជិះណូរីឫស្សី (Bamboo Train) បើទោះជាដឹងថាវាមិនមានសុវត្ថិភាពក្តី ក៏នៅតែនាំគ្នាជិះ រហូតដល់និយាយថា មកបាត់ដំបង បើមិនបានជិះ Bamboo Train ទេ ឈ្មោះថាមិនទាន់ដល់បាត់ដំបងទេ។
ម្យ៉ាងដែរ របស់ដែលរាងភ្លើៗ ក៏នៅអាចនាំចំណូលដល់ជាតិបានដែរតើ! ដូច្នេះ មិនគួររិះគន់របស់ដែលខ្លួនគិតថាភ្លើៗនោះពេកទេ ព្រោះអ្វីក៏សុទ្ធតែមានតម្លៃរបស់វា សំខាន់ថាតើភ្នែករបស់យើងមើលឃើញរបស់នោះថាជាលុយក្នុងវិស័យពាណិជ្ជកម្មដែរឬយ៉ាងណា។
រូបភាព internet
ដោយធម្មបណ្ឌិត ហេង មណីចិន្តា - ០៤ តុលា ២០១៨
ប្រភព៖ https://www.facebook.com/heng.monychenda/posts/1856346121115330