ទសជាតក និងបារមី ១០ - លោកវិទូ

ព័ត៌មានថ្មីៗ

Sunday, October 28, 2018

ទសជាតក និងបារមី ១០

ទសជាតក

ពាក្យថា "ទសជាតក" គឺជា​អតីត​ប្រវត្តិ​របស់​ព្រះសក្យមុនី​គោតម បរម​សម្ពុទ្ធ​ក្នុង ១០ ព្រះជាតិ មុន​ព្រះជាតិ ដែល​បាន​ត្រាស់​។ រឿង​នេះ​ប្រភព​ដើម​ជា​ភាសាបាលី មាន​នៅក្នុង​គម្ពីរ​ខុទ្ទកនិកាយ​ជាតក មហានិបាត ដែល​គេ​ប្រកាន់​ជឿថា​ជា​ព្រះពុទ្ធវចនៈ ហើយនិង​ក្នុង​គម្ពីរ​ជាតកអដ្ឋកថា ដែល​មាន​មក​ជាង​ពីរ​ពាន់​ឆ្នាំ​ហើយ​។
សេចក្ដី​នៃ​ព្រះពុទ្ធវចនៈ​គ្រប់តែ​ជាតក សុទ្ធតែ​ជា​គាថា​ខ្លី​។ លំបាក​ប្រែ លំបាក​ស្ដាប់​។ ឯ​សេចក្ដី​ក្នុង​អដ្ឋកថា ដែល​ជា​ការពន្យល់​នូវ​ពាក្យ​ជា​ព្រះពុទ្ធវចនៈ នោះ​ទើប​ងាយ​ស្ដាប់ ហើយ​ជា​របៀប​ចងក្រង​រឿង​ជាតក​យ៉ាង​ក្បោះក្បាយ​ផង​។ អ្នកប្រាជ្ញ​បុរាណ​ក្នុង​កម្ពុជរដ្ឋ​បាន​ប្រែ​ជា​សម្រាយ យ៉ាង​ពិស្ដារ​តាម​អដ្ឋកថា ចែកចេញជា ១០ គម្ពីរស្លឹករឹត​ដែល​រួមគ្នា​ហៅថា "គម្ពីរទសជាតក" ផ្ទុក​ទៅ​ដោយ​ឧត្ដមគតិ ដំបូន្មាន និង ភាសិត​ដ៏​សំខាន់ៗ​។ គម្ពីរទសជាតក​ជា​គ្រឿង​និយម​រាប់អាន នៃ​ពុទ្ធសាសនិកជន​ទូទៅ​ក្នុង​កម្ពុជរដ្ឋ (ប្រទេសថៃ និង លាវ​ក៏​រាប់អាន​ដូចគ្នា​ដែរ) ។

បារមី ១០

"ទសបារមី" គឺជា​ការ​សាង​បារមី​ទាំង ​១០ ក្នុងជាតិទាំង ១០ របស់​ព្រះពោធិសត្វ ដោយត្រឹមត្រូវមុន​ពេល​បាន​ត្រាស់​ជា​ព្រះពុទ្ធ។ បារមីទាំង ​១០ ​នោះ​គឺ ៖
១. ទានបារមី វេស្សន្ដរជាតក ​ ជាតកទី ១០
២. សីលបារមី ភូរិទត្តជាតក ជាតកទី ៧
៣. នេក្ខម្មបារមី តេមិយជាតក ជាតកទី ១
៤. បញ្ញាបារមី មហោសថជាតក ជាតកទី ៥
៥. វិរយបារមី មហាជនកជាតក ជាតកទី ២
៦. ខន្តីបារមី ចន្ទកុមារជាតក ជាតកទី ៦
៧. សច្ចបារមី វិធុរជាតក ជាតកទី ៩
៨. អធិដ្ឋានបារមី នេមិរាជជាតក ជាតកទី ៤
៩. មេត្តាបារមី សុវណ្ណសាមជាតក ជាតកទី ៣
១០. ឧបេក្ខាបារមី នារទព្រហ្មជាតក ជាតកទី ៨

ព្រះពោធិសត្វ កាលទ្រង់ចាប់ជាតិទាំង ១០ (ដែលហៅថា ទសជាតិ) ក្នុងជាតិនីមួយៗ ទ្រង់ខំកសាងបំពេញបារមី ដោយតឹងរ៉ឹងហ្មឺងហ្មាត់ មិនដែលបន្ធូរបន្ថយ ឬ​បណ្តែត​បណ្តោយ​សោះ​ឡើយ។
សួរថា បារមី ប្រែថា ដូចម្តេច? អធិប្បាយយ៉ាងណា?
ឆ្លើយថា បារមីស័ព្ទនេះ លោកប្រែបានច្រើនយ៉ាង តែក្នុងទីនេះ យកតែស័ព្ទពីរយ៉ាងមកប្រែ ព្រមទាំងអធិប្បាយដូចមានសេចក្តីតទៅ៖
១. បារមី ប្រែថា គុណជាតិជាគ្រឿងដល់នូវព្រះនិព្វាន ព្រោះតែកិរិយាកសាងនូវបុណ្យកុសលអ្វីមួយ ដែលសម្បយុត្តដោយបញ្ញា។
២. បារមី ប្រែថា ការរក្សា ឬការបំពេញ នូវគុណធម៌អ្វីមួយដែលជាធម៌ដ៏ខ្ពង់ខ្ពស់។
សេចក្តីអធិប្បាយ៖ ធម៌ទាំងឡាយណា ដែលជាគុណដ៏វិសេស មានទាន សីល ភាវនា ជាដើម ដ៏សម្បយុត្តដោយបញ្ញា ប្រាសចាកតណ្ហា ទិដ្ឋិ មានៈ លោភៈ ទោសៈ មោហៈ ធម៌​ទាំង​ឡាយ​នោះ ឈ្មោះ​ថា បារមី។ ធម៌ទាំងឡាយណា ដែលមិនមានគុណដ៏វិសេស មានទាន សីល ភាវនា ជាដើម ដ៏ប្រាសចាកបញ្ញា ហើយសម្បយុត្តតែដោយតណ្ហា ទិដ្ឋិ មានៈ លោភៈ ទោសៈ មោហៈ ធម៌​ទាំង​ឡាយ​នោះ មិនឈ្មោះ​ថា បារមីទេ។ ទាន សីល ភាវនា ដែលសាធុជនបានធ្វើហើយ ដោយតាំងចិត្តថា មិនចង់បានលាភសក្ការៈ ឬ​គុណ​វិសេស​ផល​ប្រយោជន៍​ពី​អ្នក​ទទួល​ក្តី ឬ​ក៏​មិន​ប្រាថ្នា​យក​កេរ្តិ៍​ឈ្មោះ​យស​ស័ក្តិ ទៅ​កើត​ជានេះជានោះក្តី គឺធ្វើដោយតាំងចិត្តថា ឲ្យអស់តែកិលេសពីក្នុងខន្ធសន្តាន ហើយយកព្រះនិព្វានជាគោលប៉ុណ្ណោះ ទាន សីល ភាវនា​នោះ ទើប​ឈ្មោះ​ថា បារមីធម៌។ ទាន សីល ភាវនា ដែលសាធុជនបានធ្វើហើយ ដោយតាំងចិត្តប្រាថ្នា ចង់បានលាភសក្ការៈ ឬ ទាមទារគុណបំណាច់ ផលប្រយោជន៍ពីអ្នកទទួលក្តី ចង់ឲ្យ​គេ​ពោល​សរសើរ លើក​តំកើង​ខ្លួន ជាអ្នកធំ អ្នកគ្រាន់បើក្តី ឬមានបំណងចង់ទៅកើតជានេះជានោះឲ្យបានថ្កុំថ្កើងរុងរឿងក្តី ទាន សីល ភាវនានោះ មិនបានឈ្មោះថា បារមីធម៌ឡើយ។ ពុទ្ធ​សាសនិក​ជន​ណា បានបំពេញកុសលអ្វីមួយ ប្រកបដោយចិត្តជ្រះថ្លារីករាយ ទាំងប្រកបដោយការចេះដឹងប៉ិនប្រសប់វាងវៃ ស្អប់ខ្ពើមធុញទ្រាន់ភពបី ពុទ្ធសាសនិកជននោះ បាន​ឈ្មោះ​ថា ជា​អ្នក​បាន​បំពេញ​បារមី​ធម៌​ដោយ​ពិត។ កុសលនេះ ហៅថា វិវដ្តគាមិកុសល។ ពុទ្ធសាសនិកជនណា បានបំពេញកងការកុសល​អ្វី​មួយ​ដោយ​ចិត្ត​ជ្រះថ្លា​រីករាយ​ដែរ តែ​ប្រាស​ចាក​បញ្ញា គឺ​​ធ្វើ​​ដោយ​​ការ​ល្ងង់​ខ្លៅ ហើយប្រាថ្នាភពតូចភពធំ ចង់​កើត​ជា​នេះ​ជា​នោះ​ជា​ដើម ពុទ្ធសាសនិក​ជន​នោះ​មិន​បាន​ឈ្មោះ​ថា ជា​អ្នក​បំពេញ​បារមី​ធម៌​ទេ។ កុសលនេះ ហៅថា វដ្តគាមិកុសល។​
ក្នុង​បារមី​មួយ​ៗ លោកចែកចេញជាបីៗ រួមត្រូវជាបារមី ៣០ គត់។ បារមីទាំង ៣០ នេះ ព្រះពុទ្ធជាគ្រូនៃយើងក្តី ព្រះបច្ចេកពុទ្ធ និងអនុពុទ្ធក្តី ឬ ព្រះអសីតិសាវ័កក្តី សុទ្ធ​តែ​បាន​បំពេញ​បារមី​ទាំង​នេះ គ្រប់ៗ អង្គ គ្រាន់តែមានបំណងប្រាថ្នានិងការកសាងធ្ងន់ ដោយបារមីនេះបារមីនោះខុសៗគ្នាប៉ុណ្ណោះ អង្គខ្លះប្រាថ្នាជាពុទ្ធភូមិ អង្គខ្លះប្រាថ្នាជាបច្ចេកភូមិ អង្គ​ខ្លះ​ប្រាថ្នា​ជា​សាវ័ក​ភូមិ ម្ល៉ោះ​ហើយ​លទ្ធផល គឺ​ផល​ដែល​បាន​សម្រេចនៃលោកទាំងនោះ ក៏ទៅជាធ្ងន់ស្រាលយូរឆាប់ស្រណុកពិបាកតាមលំដាប់ថ្នាក់ឧបនិស្ស័យវាសនាប៉ុណ្ណោះឯង។

ទានបារមី

ការបរិច្ចាគធនទ្រព្យឲ្យទៅជាទាន ដោយចិត្តមេត្តាប្រណីអាណិតខ្លោចផ្សាទួទៅ ចំពោះមនុស្សសត្វមិនរើសមុខ ទាំងមិនប្រាថ្នា​ទាម​ទារ​បំណាច់​ផល​ប្រយោជន៍​អំពី​មនុស្ស​សត្វ​អ្នក​ទទួល​វិញ​ឡើយ គឺតាំងចិត្តថា បរិច្ចាគទ្រព្យនេះឲ្យអស់តែសេចក្តីកំណាញ់ពីក្នុងខន្ធសន្តានប៉ុណ្ណោះ យ៉ាងនេះហៅថា ទានបារមី ៗ ប្រែថា គុណជាតិជាគ្រឿងដល់នូវត្រើយគឺព្រះនិព្វាន ព្រោះ​ការ​បរិច្ចាគ​ធនទ្រព្យ។ បារមីនេះចែកចេញជា៣យ៉ាងគឺ៖
១. បុត្តទារស្សបិ ការបរិច្ចាគនូវធនទ្រព្យបុត្រភរិយាមិនស្រណោះអាឡោះអាល័យឲ្យទៅជាទាន ហៅថា ទានបារមី។
២. អត្តនោ អង្គស្សបិ ការបរិច្ចាគនូវអវយវៈធំតូចនៃខ្លួន មានសាច់ ស្បែក ឈាម សរសៃ ឲ្យទៅជាទាន ហៅថា ទានឧបបារមី។
៣. ជីវិតស្សបិ ការបរិច្ចាគនូវជីវិត មានពុះទ្រូងរូងយកថ្លើម ប្រមាត់ បេះដូងជាដើម ឲ្យទៅជាទាន ហៅថា ទានបរមត្ថបារមី។
  វេស្សន្តរជាតក
ព្រះពោធិសត្វចាប់ជាតិជាវេស្សន្តរ ជាបុត្តព្រះបាទស្រីសញ្ជ័យព្រះចៅជេតុត្តរ ព្រះពោធិសត្វអង្គនេះ ទ្រង់បំពេញទានបារមី។
លំដាប់នោះ ព្រះបាទស្រីសញ្ជ័យ ទ្រង់អភិសេកព្រះពោធិសត្វនិងព្រះនាងមទ្រីឲ្យជាអគ្គមហេសី។ ព្រះអង្គមានព្រះរាជបុត្រពីរព្រះអង្គ គឺចៅជាលី និងនាងកណ្ហាជិនា។ ព្រះអង្គ​ទ្រង់​បំពេញ​ទាន​បារមី ចំណាយ​ព្រះរាជទ្រព្យជាទាន ក្នុង ១ ថ្ងៃរាប់សែនកោដិកហាបណៈ ដល់មនុស្សទុគ៌ត សូម្បីតែដំរីបច្ចយនាគ ក៏ទ្រង់បរិច្ចាគទានដែរ។ ឯ​ពួក​អ្នក​សិវិ​រាស្ត្រ ខ្លាច​ក្រែង​សាប​សូន្យ​រាជ​សម្បត្តិ ទើប​ចូល​ទៅ​ក្រាប​ទូល​ព្រះ​រាជា​ឲ្យ​បំបរ​បង់​ព្រះ​ពោធិសត្វ​ចេញ​ពី​នគរ ព្រះ​ពោធិសត្វក៏នាំនាងមទ្រី និងបុត្រាបុត្រីចូលទៅនៅក្នុងព្រៃ។ សម័យ​ថ្ងៃ​មួយ ព្រះ​នាង​ដើរ​រក​បេះ​ផលា​នុផល​ក្នុង​ព្រៃ ទុក​ព្រះ​រាជ​បុត្រ​ឲ្យ​នៅ​ចាំ​អាស្រម។ ជួន​ជា​ក្នុង​កាល​នោះ មាន​ជូជក​ព្រាហ្មណ៍​ព្រឹទ្ធាចារ្យ​ចូល​ទៅ​សុំ​ព្រះ​រាជ​បុត្រ ព្រះ​ពោធិសត្វ​ក៏​ប្រទាន​បុត្រា​បុត្រី​ទាំង​ពីរ​អង្គ​ដល់​ព្រាហ្មណ៍​នោះ​ទៀត។ ក្រោយ​មក មាន​ឥន្ទ​ព្រាហ្មណ៍​ចូល​មក​សុំ​ព្រះ​នាង​មទ្រី ព្រះអង្គ​ក៏​ព្រម​ប្រទាន ប៉ុន្តែ​ព្រះ​ឥន្ទ​គ្រាន់​តែ​និម្មិត​បំពេញ​ទាន​បារមី​ប៉ុណ្ណោះ ហើយ​ថ្វាយ​មក​វិញ។ ចំណែក​ឯ​ព្រះ​បាទ​ស្រី​សញ្ជ័យ ទ្រង់​ត្រាស់​បង្គាប់​អស់​នាហ្មឺន​សព្វ​មុខ​មន្ត្រី ឲ្យ​ទៅ​អញ្ជើញ​ព្រះ​ពោធិសត្វ មក​សោយ​រាជ​សម្បត្តិ​វិញ ព្រះអង្គ​ក៏​ព្រម​ទទួល​ដោយ​ព្រះទ័យ​ជា​កតញ្ញុតា​ធម៌​ចំពោះ​គុណូបការ​នៃ​ព្រះ​វររាជ​បិតា។ ព្រះពោធិសត្វ​និង​នាង​មទ្រី ព្រម​ទាំង​បុត្រា​បុត្រី បាន​នៅ​ជា​សុខ​ក្សេមក្សាន្ត ក្នុង​នគរ​ជេតុត្តរ​រៀង​ទៅ។ លុះ​អស់​ព្រះ​ជន្មាយុ ក៏​បាន​ទៅ​ឧប្បត្តិ​ក្នុង​ស្ថាន​តុសិត​ទេវលោក​នាយ។

សីលបារមី

ការរក្សាកាយវាចាឲ្យរៀបរយប្រក្រតី ឲ្យមានចរិយាសណ្តាប់ធ្នាប់ត្រឹមត្រូវល្អក្តី ឬតាំងវិរតិចេតនាវៀរចាកបាប ហើយសមាទាននូវសិក្ខាបទ ៥, ៨, ២២០ ក្តី សង្រូម​ឥន្ទ្រីយ​ក្នុង​សីល​ដែល​បាន​កាន់​ប្រព្រឹត្ត​ហើយ ឲ្យ​បរិសុទ្ធ​ផូរផង់ មិន​ឲ្យ​ពព្រុះ​ធ្លុះធ្លាយ ដើម្បី​សង្កត់​សង្កិន​នូវ​វិតិក្កមទោស ឲ្យ​ឃ្លាត​ចេញ​ពី​ខន្ធ​សន្តាន ទាំង​មិន​លុះ​ក្នុង​កណ្តាប់​ដៃ​នៃ​តណ្ហា គឺ​មិន​ប្រាថ្នា​ចង់​បាន​ស័ក្តិ​យស​នោះ​ៗ ​សោះ​ឡើយ មាន​តែ​ព្រះ​និព្វាន​យក​មក​ជា​គោល​អារម្មណ៍​ប៉ុណ្ណោះ​យ៉ាង​នេះ ហៅ​ថា សីលបារមី ៗ ប្រែ​ថា គុណ​ជាតិ​ជា​គ្រឿង​ដល់​នូវ​ត្រើយ គឺ​ព្រះ​និព្វាន ព្រោះ​តែ​ការ​រក្សា​កាយ​វាចា​ឲ្យ​រៀប​រយ​ប្រក្រតី។ បារមី​នេះ ចែក​ចេញ​ជា​៣​យ៉ាង​គឺ ៖
១.បុត្តទារស្សបិ ការរក្សាកាយវាចាឲ្យរៀបរយប្រក្រតី ឬសង្រួមក្នុងសីល មិនឲ្យពព្រុះធ្លុះធ្លាយ ព្រោះតែបុត្រភរិយា ហៅថា សីលបារមី។
២. អត្តនោ អង្គស្សបិ ការរក្សាកាយវាចា ឲ្យរៀបរយប្រក្រតី ឬសង្រួមក្នុងសីល មិនឲ្យពព្រុះធ្លុះធ្លាយ ព្រោះតែអវយវៈតូចធំរបស់ខ្លួន ហៅថា សីលឧបបារមី។
៣. ជីវិតស្សបិ ការរក្សាកាយវាចា ឲ្យរៀបរយប្រក្រតី ឬសង្រួមក្នុងសីល មិនឲ្យពព្រុះធ្លុះធ្លាយ ព្រោះតែជីវិត ហៅថា សីលបរមត្ថបារមី។
ឧទាហរណ៍ដូចជា……
ភូរិទត្តកុមា
ព្រះពោធិសត្វចាប់ជាតិជាភូរិទត្ត ទ្រង់បំពេញសីលបារមី។
កាលកន្លងទៅហើយ ព្រះពោធិសត្វទ្រង់ច្យុតមកចាប់បដិសន្ធិក្នុងផ្ទៃនៃនាងសមុទ្ទជា ជាអគ្គមហេសីនៃព្រះបាទធតរដ្ឋក្នុងពិភពនាគ។ នាមដើមហៅថា “ទត្តកុមា” ក្រោយមក ព្រះអង្គ​បាន​ឡើង​ទៅ​ដោះ​ស្រាយ​បញ្ហា​ថ្វាយ​សក្ក​ទេវរាជ​ៗ​ថ្វាយ​ព្រះ​នាម​ថា “ភូរិទត្តកុមារ” វិញ ព្រោះ​មាន​ប្រាជ្ញា​លើស​ទេវតា​ទាំង​ពួង។ ភូរិទត្ត​ពោធិសត្វ មាន​ចិន្តា​ថា “ប្រយោជន៍​អ្វី​ដល់​អាត្មា​អញ​នៅ​ជា​សត្វ​តិរច្ឆាន​ដូច្នេះ គួរ​តែ​អាត្មា​អញ​ទៅ​រក្សា​សីល​ឲ្យ​បរិសុទ្ធ​ក្នុង​ស្ថាន​មនុស្ស​ប្រសើរ​ជាង” ក៏​ថ្វាយ​បង្គំ​លា​សក្ក​ទេវរាជ​មក​កាន់​ស្ថាន​មនុស្ស។ ភូរិទត្ត​ទៅ​ព័ទ្ធ​ព័ន្ធ​នូវ​ដំបូក​មួយ​ជិត​ឆ្នេរ​យមុនានទី តាំង​សច្ចា​ធិដ្ឋាន​ថា “អាត្មា​អញ​នឹង​រក្សា​ឧបោសថ​សីល បើ​នរណា​មួយ ត្រូវ​ការ​ឆ្អឹង​សាច់​ឈាម​សរសៃ​ស្បែក​របស់​អញ ក៏​ចូរ​យក​តាម​ប្រាថ្នា​ចុះ” ហើយ​ធ្មេច​នេត្រា​ជា​សុខ​ក្នុង​ឧបោសថ​នោះ​ទៅ។ កាល​នោះ មាន​ព្រាហ្មណ៍​អាលម្ពាយ (ហ្ម​ពស់) ម្នាក់ ដើរ​ទៅ​ឃើញ​ព្រះអង្គ​ហើយ ក៏​ចូល​ទៅ​ចាប់​ទាញ​កន្ត្រាក់​ហែក​មាត់​ច្រក​ថ្នាំ​ពិស​ក្តី វាយ​ដំ​ច្រំ​ធាក់​ជិះ​ជាន់​ញាំ​ញី ទាល់​តែ​មាន​ព្រះ​លោហិត​ធ្លាក់​តាម​មាត់​នឹង​នាសិក​ក្តី ទោះបី​ព្រាហ្មណ៍​ប្រើ​ឲ្យ​រាំ ស៊ី​ឈ្នួល​អ្នក​ស្រុក​យក​ផល​ប្រយោជន៍​មក​ចិញ្ចឹម​ប្រពន្ធ​កូន​ក្តី ក៏​មិន​ប្រទូស្ត​តប​ត​វិញ​ឡើយ បើ​ជា​បើក​ពពារ​ព្រួស​ពិស អាច​ធ្វើ​ឲ្យ​ព្រាហ្មណ៍​នោះ​ទៅ​ជា​ផេះ​ក៏​បាន ប៉ុន្តែ​នាគ​មិន​ធ្វើ​ដូច្នោះ​ឡើយ តែង​តែ​ខំ​ប្រឹង​តាំង​ហរទ័យ​ឲ្យ​រឹង​ប៉ឹង​មាំ​មួន​ក្នុង​សីល​របស់​ខ្លួន​ជា​ដរាប។ លុះ​អស់​ជន្មាយុ ក៏​បាន​ទៅ​កើត​ក្នុង​ស្ថាន​តាវត្តឹង្ស​ទេវលោក សោយ​ទិព្វ​សម្បត្តិ​អស់​កាល​យូរ​អង្វែង។

នេក្ខម្មបារមី

ការចេញចាកកាម ទៅសាងបព្វជ្ជាដោយចិត្តជ្រះថ្លាចំពោះសមណភេទក្តី មានចិត្តធុញទ្រាន់នឿយណាយក្នុងទ្រព្យសម្បត្តិបុត្រភរិយាដែលជាទីស្រឡាញ់ពេញចិត្ត ក៏​ខំ​ស្មឹង​ស្មាធ៍​ចំរើន​សមថ​ធម៌ និង​វិបស្សនា​ធម៌​ឲ្យ​កើត​ឯកគ្គតា​រម្មណ៍​ក្តី ឬ​ក៏​មាន​ចិត្ត​ភ័យ​ខ្លាច​តក់​ស្លុត​ចំពោះ​សត្វ​និង​សង្ខារ​ដែល​វិល​កើត​វិល​ស្លាប់ រក​ទី​បំផុត​គ្មាន ហើយ​ស្វែង​រក​ពោធិញាណ ដើម្បី​កំចាត់​បង់​នូវ​កិលេស​ឲ្យ​អស់​ពី​ខន្ធ​សន្តាន យ៉ាង​នេះ​ហៅ​ថា នេក្ខម្ម​បារមី ៗ ប្រែ​ថា គុណ​ជាតិ​ជា​គ្រឿង​ដល់​នូវ​ត្រើយ គឺ​ព្រះ​និព្វាន ព្រោះ​ចេញ​សាង​បព្វជ្ជា។ បារមី​នេះ ចែក​ចេញ​ជា​៣​យ៉ាង ៖
១. បុត្តទារស្សបិ ការចេញសាងបព្វជា្ជ ឥតជាប់ជំពាក់ទាក់ទាមនឹងបុត្រភរិយា ដែលជាទីស្រឡាញ់ពេញចិត្ត ហៅថា នេក្ខម្មបារមី។
២. អត្តនោ អង្គស្សបិ ការចេញសាងបព្វជា្ជ ឥតគិតដល់អវយវៈតូចធំរបស់ខ្លួន ដែលជាទីគាប់ចិត្ត ហៅថា នេក្ខម្មឧបបារមី។
៣. ជីវិតស្សបិ ការចេញសាងបព្វជា្ជ ឥតគិតដល់ជីវិត ដែលជាទីស្រឡាញ់បណ្តាច់បណ្តូលរបស់ចិត្ត ហៅថា នេក្ខម្មបរមត្ថបារមី។
ឧទាហរណ៍ដូចជា……
តេមិយជាតក
ព្រះពោធិសត្វ ចាប់ជាតិជាតេមិយ បំពេញនេក្ខម្មបារមី។
កាលកន្លងទៅហើយ ព្រះពោធិសត្វច្យុតមកចាប់បដិសន្ធិក្នុងផ្ទៃនៃព្រះនាងចន្ទាទេវី ជាអគ្គមហេសីនៃព្រះបាទកាសិករាជ ក្នុងក្រុងពារាណសី។ កាលព្រះពោធិសត្វប្រសូតបានព្រះជន្ម ១ ខែ ព្រះ​វរ​រាជ​បិតា ទ្រង់​ព្រះ​រាជ​ទាន​ពរ​ថានឹង​ផ្ទេរ​រាជ​សម្បត្តិ​ដល់​តេមិយ​កុមារ​នេះ។ ព្រះ​អង្គ​គ្រាន់​តែ​ឮ​ព្រះ​រាជ​ឱង្ការ​ប៉ុណ្ណោះ ក៏​មាន​ព្រះ​ទ័យ​នឹក​ព្រួយ​ជា​ខ្លាំង ព្រោះ​ព្រះ​អង្គ​មាន​ព្រះ​ទ័យ​នឿយ​ណាយ​ក្នុង​កិលេស​កាម​និង​វត្ថុ​កាម ដោយ​យល់​ឃើញ​ថា “រាជ​សម្បត្តិ​នេះ ដែល​ធ្វើ​ខ្លួន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​នរក វិល​កើត​វិល​ស្លាប់​រក​ទី​បំផុត​មិន​ឃើញ” ទើប​ព្រះ​អង្គ​ធ្វើ​ជា​មនុស្ស​ខ្វិន​ថ្លង់។ ទុក​ជា​ព្រះ​វរ​មាតា​បិតា លួង​លោម​យ៉ាង​ណា​ក្តី គំរាម​កំហែង​ដោយ​ឧបាយ​ផ្សេង​ៗ​ ក្តី ព្រះ​បរម​ពោធិសត្វ​នៅ​តែ​មិន​ព្រម​ធ្វើ​តាម ទើប​ព្រះ​វរ​បិតា ទ្រង់​ប្រើ​សុនន្ទ​សារថី ឲ្យ​ចាប់​ព្រះ​អង្គ​យក​ទៅ​កប់​ចោល​ក្នុង​រណ្តៅ។ ពេល​នោះ ព្រះ​ពោធិសត្វ ទ្រង់​ដោះ​ព្រះ​អង្គ​រួច​ពី​គ្រោះ​ថ្នាក់​ហើយ ទើប​បណ្តេញ​សុនន្ទ​សារថី​ឲ្យ​ត្រឡប់​មក​វិញ ដើម្បី​ថ្វាយ​ដំណឹង​ដល់​ព្រះ​វរ​មាតា​បិតា​ឲ្យ​បាន​ជ្រាប​ថា “ព្រះ​អង្គ​មិន​មែន​ជា​មនុស្ស​ខ្វិន​ថ្លង់​ទេ ដែល​ធ្វើ​ដូច្នោះ ព្រោះ​មិន​ត្រូវ​ការ​រាជ​សម្បត្តិ​ទេ​តើ!”។ ត​ពី​នោះ​មក ព្រះ​អង្គ​ទ្រង់​បំពេញ​នេក្ខម្ម​បារមី ចេញ​ទៅ​ទ្រង់​ផ្នួស​នៅ​ក្នុង​ព្រៃ។ ព្រះ​វរ​មាតា​បិតា បាន​ជ្រាប​ដំណឹង​ហើយ ក៏​លើក​សេនា​ទៅ​តាម​ព្រះ​អង្គ​ឲ្យ​មក​សោយ​រាជ​សម្បត្តិ​វិញ លុះ​បាន​ស្តាប់​ធម្ម​ទេសនា ក៏​កើត​សង្វេគ ទើប​នាំ​គ្នា​ចូល​កាន់​បព្វជ្ជា​ក្នុង​ពេល​នោះ​ឯង។

បញ្ញាបារមី

ការដឹងច្បាស់នូវសាមញ្ញលក្ខណៈ មានអនិច្ចលក្ខណៈជាដើមក្តី ការកំណត់ដឹងនូវបញ្ចក្ខន្ធដោយចំណែកៗ មានរូបក្ខន្ធជាដើមក្តី ការ​ឈ្វេង​យល់​ដោយ​ឧបាយ​នៃ​សេចក្តី​ករុណា​ចំពោះ​សត្វ​ទាំង​ឡាយ​ឲ្យ​រួច​ចាក​ទុក្ខ គឺ​ការ​កើត ចាស់ ឈឺ ស្លាប់​ក្នុង​ភព​វដ្ត​សង្សារ​ក្តី ការ​ត្រិះ​រិះ​ពិចារណា​ពិនិត្យ​ពិច័យ ចំពោះ​ហេតុ​ផល​ប្រយោជន៍​និង​ឥត​ប្រយោជន៍​ឲ្យ​សត្វ​ទាំង​ឡាយ​មិន​រើស​មុខ​ក្តី ហៅ​ថា​បញ្ញា​បារមី ៗ ប្រែ​ថា គុណ​ជាតិ​ជា​គ្រឿង​ដល់​នូវ​ត្រើយ គឺ​ព្រះ​និព្វាន ព្រោះ​ការ​ដឹង​ច្បាស់ ឬ​ការ​វិនិច្ឆ័យ។ បារមី​នេះ​ចែក​ចេញ​ជា​៣​យ៉ាង​គឺ៖
១. បុត្តទារស្សបិ ការដកចិត្តផុតស្រឡះអំពីគ្រឿងឧបករណ៍ និងបុត្តភរិយា ហើយធ្វើនូវការត្រិះរិះវិនិច្ឆ័យ ចំពោះប្រយោជន៍និងមិនមែនប្រយោជន៍ដល់សត្វទាំងឡាយឥតរើសមុខ ហៅថា បញ្ញា​បារមី។
២. អត្តនោ អង្គស្សបិ ការដកចិត្តផុតស្រឡះអំពីអវយវៈតូចធំរបស់ខ្លួន ហើយធ្វើនូវការត្រិះរិះវិនិច្ឆ័យ ចំពោះប្រយោជន៍និងមិនមែនប្រយោជន៍ដល់សត្វទាំងឡាយឥតរើសមុខ ហៅថា បញ្ញា​ឧប​បារមី។
៣. ជីវិតស្សបិ ការដកចិត្តផុតស្រឡះអំពីជីវិត គឺការរស់នៅ ហើយធ្វើនូវការត្រិះរិះវិនិច្ឆ័យ ចំពោះប្រយោជន៍ និង មិនមែនប្រយោជន៍ដល់សត្វទាំងឡាយឥតរើសមុខ ហៅថា បញ្ញា​បរមត្ថ​បារមី។
ឧទាហរណ៍ដូចជា……
មហោសថជាតក 
ព្រះពោធិសត្វចាប់ជាតិជាព្រះមហោសថ បំពេញបញ្ញាបារមី។ កាលកន្លងទៅហើយ ព្រះពោធិសត្វទ្រង់ច្យុតមកចាប់បដិសន្ធិក្នុងផ្ទៃនៃនាងសុមនាទេវី ជា​ភិរិយា​របស់​សិរី​វឌ្ឍ​សេដ្ឋី​ក្នុង​នគរ​មិថិលា។
កាល​ប្រសូត​មក មហាជនបានសន្មតនាមថា “មហោសថកុមារ” ព្រោះកុមារនេះ មានថ្នាំទិព្វនៅក្នុងដៃ។ ខាង​ក្រោយ​មក ព្រះ​រាជា ទ្រង់​ព្រះ​នាម​វិទេហ​រាជ សោយ​រាជ​សម្បត្តិ​ក្នុង​នគរ​មិថិលា​នោះ បាន​តាំង​មហោសថ​កុមារ ជា​ព្រះ​រាជ​បុត្រ​ច្បង​របស់​ព្រះ​អង្គ ដោយ​ហេតុ​កុមារ​នេះ មាន​បញ្ញា​ឈ្លាស​វៃ​លើស​លប់​ជាង​ជន​នានា​ទាំង​អស់។ លុះ​ពោធិសត្វ មាន​ព្រះ​ជន្មាយុ​ ១៦​ វស្សា បាន​ចូល​ទៅ​ស្តី​ដណ្តឹង​នាង​អមរា ស្ត្រី​ប្រកប​ដោយ​បញ្ច​ពិធ​កល្យាណី​ជា​ភរិយា។ មហោសថ​បណ្ឌិត​បំពេញ​បញ្ញា​បារមី ដោយ​បាន​ដោះ​ស្រាយ​ប្រស្នា​ ១៩ ​ប្រការ ដែល​មហាជន​សាក​សួរ ព្រម​ទាំង​ប្រស្នា​ដទៃ​ទៀត​ជា​ច្រើន បាន​ជួយ​ឧបត្ថម្ភ​ព្រះ​រាជា ឲ្យ​មាន​សេចក្តី​សុខ​ក្សេម​ក្សាន្ត ក៏​ព្រោះ​តែ​ប្រាជ្ញា​របស់​ខ្លួន​ដែរ។ សម័យ​ថ្ងៃ​មួយ ព្រះ​រាជា​លើក​យក​មេណ្ឌ​បញ្ហា​មក​សួរ​ថា អ្នក​មាន​បញ្ញា និង​អ្នក​មាន​ទ្រព្យ អ្នក​ណា​ប្រសើរ​ជាង? មហោសថ​បណ្ឌិត​ដោះ​ស្រាយ​ថា អ្នក​មាន​បញ្ញា​ប្រសើរ​ជាង ព្រោះ​សេចក្តី​សុខ​ដ៏​ក្រៃ​លែង បុគ្គល​នឹង​យក​ទ្រុព្យ​ទៅ​ទិញ​ពុំ​បាន​ឡើយ មាន​តែ​បញ្ញា​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ខ្លួន​បាន​នូវ​ទី​រលត់​ទុក្ខ។ ព្រះ​រាជា​មាន​ព្រះ​ទ័យ​សោមនស្ស ហើយ​ព្រះ​រាជ​ទាន​ឲ្យ​មហោសថ​បណ្ឌិត នៅ​ជា​សុខ​សប្បាយ​ត​រៀង​ទៅ។

វីរិយបារមី

បុគ្គល​ដែល​មាន​ការ​ព្យាយាម​មិន​ថមថយ​​​អាចញុំាងឲ្យ​​​សម្រេច​គោលបំណង​របស់​ខ្លួន ។ ការតាំង​ចិត្ត​ស្មិងស្មាធិ៍​​ព្យា​យាម​​ជម្រះ​ចោល​​​កិលេស​​ឲ្យ​អស់​រលីង​ពី​ខន្ធ​សន្តាន​ហៅ​ថា វីរិយ​បារមី​ ។ វីរិយបារមី​​គឺ​ជា​គុណ​ជាតិ​ដ៏​ប្រពៃ​​អាច​ជួយ​អ្នក​បដិបត្តិ​ធម៌​សម្រេច​ការ​ត្រាស់ដឹង (​ព្រះ​និព្វាន) ។ ទ្រឹស្តី​ពុទ្ធសាសនា​បែងចែក​បារមី​​ជា ​៣ ​យ៉ាង ​គឺ ៖
១. បុត្តទារស្សបិ : ការ​ព្យាយាមចំពោះកម្មជាកុសល ដូច​ជា​ការបរិច្ចាគទ្រព្យធនជាដើម ដោយ​មិនគិតគូរ​ដល់បុត្រាបុត្រី ឬ​ភរិយា ដែលជាទីស្រឡាញ់ពេញចិត្ត ។ ការ​ព្យាយាម​ប្រភេទ​នេះ​ហៅ​ថា វីរិយបារមី​​ ។
២. អត្តនោ អង្គប្បច្ចង្គស្សបិ : ការ​ព្យាយាមចំពោះកម្មជាកុសលយ៉ាងតឹងរ៉ឹង ដោយ​មិនគិតដល់អវយវៈរបស់ខ្លួន ។ ការ​ព្យាយាម​ប្រភេទ​នេះ​ហៅ​ថា​ វីរិយឧបបារមី ។
៣. ជីវិតស្សបិ : ការ​ព្យាយាមចំពោះកម្មជាកុសល​យ៉ាងតឹងរ៉ឹង ដោយ​សុខចិត្ត​​លះបង់ជីវិត មិនលះបង់ការ​ព្យាយាមចោល ។ ការ​ព្យាយាម​ប្រភេទ​នេះ​ហៅ​ថា វីរិយបរមត្ថបារមី ។ 
ខាង​ក្រោម​នេះ​គឺ​ជា​ឧទាហរណ៍​​​នៃ​វីរិយបារមី​ដែល​មាន​ចែង​នៅ​ក្នុង​ជាតក​នៃ​ពុទ្ធសាសនា​នៅ​ក្នុង​និកាយ​ថេរវាទ ។ សូម​បញ្ជាក់​ថា​ គ្រប់​និទានកថា​នៅ​ក្នុង​ជាតក​គ្រាន់​តែ​ជា​រឿង​ប្រតិដ្ឋ​​សម្រាប់​ឆ្លុះ​បញ្ចាំង​នូវ​ក្រមសីលធម៌​ណា​មួយ​ប៉ុណ្ណោះ ។ សាច់រឿង​ទាំង​អស់​​នៅ​ក្នុង​ជាតក​មិន​មែន​ជា​រឿង​ពិត​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​ទេ ។ ​
ជនកជាតក
​ព្រះពោធិសត្វចាប់ជាតិជាព្រះជនក បំពេញវីរិយបារមី។ 
ព្រះ​ពោធិសត្វ​បាន​ច្យុត​​ចាកទេវលោក មកចាប់បដិសន្ធិក្នុងផ្ទៃនៃអគ្គមហេសី​របស់​ព្រះបាទអរិដ្ឋជនក នៅ​​​មិថិលាមហានគរ។ ក្រោយមក មានចម្បាំងក្នុងនគរ ព្រះ​រាជ​ស្វាមី​​របស់​ព្រះ​នាង​បាន​​សោយ​ទីវង្គត​ ។ ព្រះ​នាង​ក៏​បាន​​ភៀស​ខ្លួន​ចេញ​ពី​នគរ ។ ​​សក្ក​ទេវ​រាជ​បាន​​និម្មិត​​ជា​​​អ្នក​បរ​រទេះ​មក​នាំ​យក​ព្រះ​​នាង​​ទៅ​​​​​ចម្បា​​នគរ។ ​ព្រះ​ពោធិសត្វ​​បាន​ប្រសូត និង ត្រូវ​បាន​ថ្វាយ​ព្រះ​នាម​ថា "មហា​ជនក​កុមារ" ។ ពេល​​ព្រះរាជកុមារ​​មាន​ព្រះ​ជន្មាយុ ​១៦​ វស្សា ព្រះ​អង្គ​បាន​​លា​ព្រះ​មាតា​​ទៅ​មិថិលា​មហា​នគរ​ ។ ពេល​ព្រះ​រាជកុមា​រ​បាន​​ជិះ​សំពៅ​​ដល់​កណ្តាល​សមុទ្រ ​ខ្យល់​ព្យុះ​បាន​​បោកបក់​​បែក​សំពៅ លិច​ក្នុង​លំហ​សាគរ ។ អ្នក​ជិះ​សំពៅ​​​​​ស្លាប់​អស់​ នៅ​សល់​​តែ​​ព្រះ​​ពោធិសត្វ​​​ ។ ព្រះ​រាជកុមារ​​​​ខំ​ព្យាយាម​ហែល​ទឹក​អស់​ពេល​​ ៧​ ថ្ងៃ ។ ​មណីមេខលា​ទេព​ធីតា បាន​មក​ស្រង់​យក​ព្រះ​រាជកុមា​​ទៅ​ដាក់​ក្រោម​ដើម​ស្វាយ​ក្នុង​ឧទ្យាន​ក្បែរ​នគរ​មិថិលា​ ។ ពួក​បណ្តា​ជន​នៃ​នគរ​មិថិលា​​​បាន​អភិសេក​​​ព្រះ​រាជកុមា​​ឲ្យ​សោយ​រាជ​សម្បត្តិ រួច​ក៏​បាន​អភិសេក​នាង​សិម្ពិនី​​​ជា​អគ្គ​មហេសី ។ ក្រោយ​មក ​ព្រះ​អង្គ​បាន​យាង​​ទៅ​ដង្ហែ​យក​ព្រះ​មាតា​មក​​នគរ​មិថិលា​វិញ ។ ព្រះ​ពោធិសត្វបាន​​សោយ​រាជ​សម្បត្តិ​ ​៧ ​ឆ្នាំ ។ ព្រះ​អង្គ​ទ្រង់​​បាន​​បរិច្ចាគ​ព្រះ​រាជ​ទ្រព្យ​ច្រើន​អនេក​ដល់​ជន​ក្រីក្រ ។ ព្រះ​អង្គ​បាន​​រក្សា​សីល​ពុំ​ដែល​​ខាន ។ ព្រះ​អង្គ​មាន​ព្រះ​ទ័យ​នឿយ​ណាយ​ចំពោះ​កាម​សុខ ទើប​សេ្តច​ទ្រង់​យាង​​ចេញ​សាង​​ផ្នួស​ជា​​តាបស​នៅ​ក្នុង​ព្រៃ ។ ព្រះ​អង្គ​ខំ​ស្មិង​​ស្មាធិ៍​​​ធ្វើ​សមណ​ធម៌​អស់​​ពេល​ច្រើន​ឆ្នាំ​​ទើប​បាន​សម្រេច​ឈាន (ការ​សម្លឹង​អារម្មណ៍​ដែល​ជា​អប្បនាសមាធិ, meditation) និង​ អភិញ្ញា (សេចក្តី​ដឹង​យ៉ាង​ខ្ពស់, supernatural knowledge) ។ លុះ​អស់​ព្រះ​ជន្មាយុ ព្រះ​អង្គ​​​បាន​ទៅ​ឧប្បត្តិក​នៅ​​​​ឯ​​ព្រហ្ម​លោក ។

ខន្តិបារមី

ការអត់ធន់ចំពោះសេចក្តីលោភ ក្រោធខឹងក្តី ចំពោះការស្រេកឃ្លាន ក្តៅត្រជាក់ ទុក្ខលំបាកក្តី ការទប់ទល់ទ្រាំទ្រ ចំពោះទោសកំហុសនៃជនដទៃ ដែល​ព្យាបាទ​បៀត​បៀន​សង្កត់​សង្កិន​ញាំ​ញី​ក្តី ហើយ​មិន​ប្រទូស្ត​តប​ត​ទៅ​វិញ ហៅ​ថា ខន្តិ​បារមី ៗ ប្រែ​ថា គុណ​ជាតិ​ជា​គ្រឿង​ដល់​នូវ​ត្រើយ គឺ​ព្រះ​និព្វាន ព្រោះ​ការ​អត់​ធន់ ឬ​អត់​ទ្រាំ។ បារមី​នេះ ចែក​ចេញ​ជា​៣​យ៉ាង​គឺ ៖
១. បុត្តទារស្សបិ ការអត់ធន់ទ្រាំ ចំពោះកំហុសនៃបុត្តភរិយា ឬក៏ជនដទៃ ហៅថា ខន្តិបារមី។
២. អត្តនោ អង្គស្សបិ ការអត់ធន់ទ្រាំ ចំពោះសេចក្តីទុក្ខលំបាកនៃអវយវៈរបស់ខ្លួន ហៅថា ខន្តិឧបបារមី។
៣. ជីវិតស្សបិ ការអត់ធន់ទ្រាំ ចំពោះការផ្តាច់បង់នូវជីវិត ហៅថា ខន្តិបរមត្ថបារមី។
ឧទាហរណ៍ដូចជា……
ចន្ទកុមារជាតក
ព្រះពោធិសត្វ ចាប់ជាតិជាចន្ទកុមារ ជាបុត្រព្រះបាទវសវត្តី ក្នុងក្រុងពារាណសី។ ព្រះពោធិសត្វអង្គនេះ ទ្រង់បំពេញខន្តិបារមី។ ព្រះបាទវសវត្តី ទ្រង់តាំងចន្ទកុមារឲ្យជាឧបរាជ តាំង​កណ្ឌ​ហាល​ព្រាហ្មណ៍​បុរោហិត​ឲ្យ​ជា​អ្នក​វិនិច្ឆ័យ។ កាល​ព្រាហ្មណ៍​បុរោហិត​នោះ បាន​កាន់​ដំណែង​តុលាការ​ហើយ ក៏​មាន​ចិត្ត​ល្មោភ​ស៊ី​សំណូក អំពី​ប្រជាជន កាត់​ក្តី​មិន​ត្រឹម​ត្រូវ​តាម​ច្បាប់។ ព្រះ​បាទ​វសវត្តី​ទ្រង់​ជ្រាប ទើប​ដក​កណ្ឌហាល​ព្រាហ្មណ៍​ចេញ​ពី​ដំណែង ហើយ​ប្រគល់​នា​ទី​នេះ ឲ្យ​ចន្ទកុមារ​វិញ។ ឯ​កណ្ឌហាល​ព្រាហ្មណ៍ តាំង​ពី​ថ្ងៃ​នោះ​មក តែង​គយ​គន់​រំពៃ​មើល​ទោស​ចន្ទ​កុមារ​ជា​និច្ច ប៉ុន្តែ​រក​ចន្លោះ​នឹង​ចាប់​ថ្នាក់​ពុំ​បាន​សោះ។ ជួន​ជា​ក្នុង​រាត្រី​មួយ ព្រះ​វរ​បិតា​ទ្រង់​សុបិន​និមិត្ត ទើប​ត្រាស់​សួរ​ព្រាហ្មណ៍​ថា ខ្ញុំ​ឯង​យល់​សប្តិ​ឃើញ​ថា “បាន​ឡើង​ទៅ​កាន់​ឋាន​សួគ៌” តើ​ត្រូវ​ធ្វើ​បុញ្ញ​កម្ម​អ្វី ទើប​បាន​ទៅ​កើត​ក្នុង​ឋាន​សួគ៌? ព្រាហ្មណ៍​ទុច្ចរិត​នឹក​ឃើញ​ដល់​ចន្ទកុមារ ដែល​ខ្លួន​ប៉ង​នឹង​ព្យាបាទ​នោះ ទើប​ក្រាប​ទូល​ថា “សូម​ព្រះ​អង្គ​សម្លាប់​ព្រះ​រាជ​បុត្ត ព្រះ​រាជ​ធីតា និង​អគ្គ​មហេសី ដើម្បី​បូជា​យញ្ញ​វិធី ទើប​បាន​ទៅ​កើត​ក្នុង​ឋាន​សួគ៌”។ ព្រះ​រាជា​ក៏​ព្រម​ធ្វើ​តាម។ ទើប​ព្រះ​អង្គ​ត្រាស់​បង្គាប់​ឲ្យ​ចាប់​ពោធិសត្វ ទៅ​ដាក់​ក្នុង​ទ្រុង បម្រុង​នឹង​សម្លាប់ តែ​ពោធិសត្វ​ឥត​មាន​តក់​ស្លុត​នឹង​សេចក្តី​ស្លាប់​នោះ​សោះ ទ្រង់​ចេះ​តែ​ខំ​បំពេញ​ខន្តិ​បារមី មិន​ប្រទូស្ត​តប​ត​ចំពោះ​ព្រាហ្មណ៍​នោះ​ឡើយ។ ដោយ​គុណានុភាព​បារមី​នេះ ស្រាប់​តែ​ក្តៅ​រំជួល​ដល់​អមរិន្ទ្រា​ធិរាជ​ ៗ ក៏​ចុះ​មក​ស្រែក​គំរាម​ឲ្យ​ដោះ​លែង​ពោធិសត្វ​ភ្លាម។ ពួក​មហាជន ក៏​ប្រហារ​ព្រាហ្មណ៍​នោះ​ស្លាប់​ទៅ ហើយ​បណ្តេញ​ព្រះ​បាទ​វសវត្តី​ចេញ​ពី​នគរ រួច​អភិសេក​ពោធិសត្វ​ឲ្យ​សោយរាជ​សម្បត្តិ ទោះ​បី​ពោធិសត្វ​អង្វរ​ករ​គេ​យ៉ាង​ណា គេ​ក៏​ពុំ​ស្តាប់​សោះ​ឡើយ។ លុះ​អស់​ព្រះ​ជន្មាយុ ក៏​បាន​ទៅ​ឧប្បត្តិ​ក្នុង​ទេវ​លោក។

សច្ចបារមី

សេចក្តីទៀងត្រង់ គឺមិនពោលពាក្យកុហក មិននិយាយឲ្យខុសឲ្យភ្លាត់ពីសភាវៈពិត ឬក៏មិនពោលបំផ្លើសឲ្យលើហូសពីការដឹង ការឃើញ​ដោយ​តាំង​ចិត្ត​បរិសុទ្ធ​ពិត​ត្រង់​ចំពោះ​សត្វ​ទាំង​ឡាយ ទុក​ដូច​​ជា​ក្រុម​ញាតិ​ឬ​មិត្ត​ភ័ក្ត ហើយ​មិន​ប្រាថ្នា​ទាម​ទារ​ផល​ប្រយោជន៍​គុណ​បំណាច់​អ្វី​មួយ​អំពី​សត្វ​ដទៃ​នោះ​ឡើយ គឺ​តាំង​ចេតនា​ឲ្យ​តែ​ទៀង​ត្រង់ ដើម្បី​កំចាត់​បង់​នូវ​មុសាវាទ​ដែល​ជា​កិលេស​ជាតិ ឲ្យ​ឃ្លាត​ចាក​ខន្ធ​សន្តាន​ប៉ុណ្ណោះ យ៉ាង​នេះ​ហៅ​ថា សច្ច​បារមី ៗ​ ប្រែ​ថា គុណ​ជាតិ​ជា​គ្រឿង​ដល់​នូវ​ត្រើយ​គឺ​ព្រះ​និព្វាន ព្រោះ​សេចក្តី​ទៀង​ត្រង់។ បារមី​នេះ ចែក​ចេញ​ជា​៣​យ៉ាង​គឺ៖
១. បុត្តទារស្សបិ ការមិនពោលពាក្យកុហក ឲ្យខុសឲ្យភ្លាត់ពីសភាវៈពិត ព្រោះតែបុត្រភរិយា ហៅថា សច្ចបារមី។
២. អត្តនោ អង្គស្សបិ ការមិនពោលពាក្យកុហក ឲ្យខុសឲ្យភ្លាត់ពីសភាវៈពិត ព្រោះតែអវយវៈរបស់ខ្លួន ហៅថា សច្ចឧបបារមី។
៣. ជីវិតស្សបិ ការមិនពោលពាក្យកុហក ឲ្យខុសឲ្យភ្លាត់ពីសភាវៈពិត ព្រោះតែជីវិតហៅថាសច្ចបរមត្ថបារមី។ ដូចឧទាហរណ៍ថា
វិធុរជាតក
ព្រះពោធិសត្វចាប់ជាតិជាព្រះវិធុរ បំពេញសច្ចបារមី។
កាលកន្លងទៅហើយ មានព្រះមហាក្សត្រមួយព្រះអង្គ ទ្រង់ព្រះនាមព្រះបាទធនញ្ជ័យកោរព្យ សោយរាជ្យសម្បត្តិនៅនគរឥន្ទបត្តបុរី ព្រះអង្គមានអ្នកប្រាជ្ញមួយរូបឈ្មោះ “វិធុរបណ្ឌិត” សម្រាប់​ទូន្មាន​ធម៌​ចំពោះ​ព្រះអង្គ ព្រមទាំងសេ្តច ១២១ អង្គទៀត។ សេចក្តី​ដំណាល​ថា មាន​សេ្តច ​៤ ​ព្រះ​អង្គ​គឺ៖ ព្រះ​ឥន្ទ្រា​ធិរាជ ១ ព្រះ​វរុណ​នាគរាជ ​១ សេ្តច​សុបណ្ណ​គុ្រឌ ១ ព្រះ​រាជ​បុត្ត​ព្រះ​បាទ​ធនញ្ជ័យ​កោរព្យ ​១ បាន​មក​ជួប​ជុំគ្នា រក្សា​ឧបោសថ​សីល ក្នុង​ព្រៃ​ឱទ្យាន​របស់​ព្រះ​បាទ​ធនញ្ជ័យ​កោរព្យ។ សេ្តច​ទាំង ​៤ ​អង្គ​នេះ តែង​អួត​ដណ្តើម​យក​សេចក្តី​បរិសុទ្ធ​រៀង​ៗ​ ខ្លួន ទើប​ចូល​ទៅ​រក​ព្រះ​វិធុរ​បណ្ឌិត ឲ្យ​កាត់​សេចក្តី​ថ្វាយ។ គ្រា​នោះ វិធុរ​បណ្ឌិត​វិនិច្ឆ័យ​ថា “បរិសុទ្ធ​ដូច​គ្នា​ទាំង ​៤ ​អង្គ”។ ធម្ម​ទេសនា​របស់​ពោធិសត្វ ក៏​ល្បី​ល្បាញ​សុស​សាយ ជ្រាប​ដំណឹង​ដល់​ព្រះ​នាង​វិមលា​ទេវី ជា​អគ្គ​មហេសី​នៃ​វរុណ​នាគ​រាជ ទើប​ព្រះ​នាង​ធ្វើ​ឧបាយ​កល ដើម្បី​ឲ្យ​បាន​ជួប​នឹង​ពោធិសត្វ។ កាល​នោះ បុណ្ណក​យក្ខ​ទទួល​យក​អាសា​ថា ទៅ​យក​បេះដូងពោធិសត្វ​ឲ្យ​បាន ទើប​បុណ្ណក​យក្ខ​ចូល​ទៅ​លេង​បាស្កា​ភ្នាល់​ជា​មួយ​នឹង​ព្រះ​បាទ​ធនញ្ជ័យ​កោរព្យ តាំង​ប្តេជ្ញា​ថា “ បើ​ព្រះ​រាជា​ចាញ់ នឹង​ឲ្យ​សម្បត្តិ​ក្នុង​នគរ​ទាំង​អស់”។ ព្រះ​រាជា​បរាជ័យ​ចាញ់​យក្ខ យក្ខ​សុំ​យក​តែ​វិធុរ​បណ្ឌិត​មួយ​ប៉ុណ្ណោះ ព្រះ​រាជា​មិន​ព្រម​ឲ្យ ទើប​អញ្ជើញ​ពោធិសត្វ​ឲ្យ​មក​កាត់​សេចក្តី ពោធិសត្វ​បំពេញ​សច្ច​បារមី កាត់​សេចក្តី​ថា “ត្រូវ​តែ​ឲ្យ​ទៅ​យក្ខ​ជា​ដាច់​ខាត”។ បុណ្ណក​យក្ខ ក៏​នាំ​ពោធិសត្វ​យក​ទៅ​សម្លាប់​អស់​វារៈ​៩​ដង តែ​មិន​ស្លាប់​ឡើយ ដោយ​គុណា​នុភាព​នៃ​សច្ច​បារមី​នោះ​ឯង។ លុះ​វិធុរ​បណ្ឌិត​អស់​ជន្មាយុ ក៏​បាន​ឧប្បត្តិ​ក្នុង​ទេវ​លោក។

អធិដ្ឋានបារមី

ការប្តេជ្ញាដោយផ្លូវចិត្ត ឬការតាំងចិត្តស៊ប់ ក្នុងកុសលធម៌ណាមួយដោយសេចក្តីបរិសុទ្ធ មិនលុះក្នុងអំណាចតណ្ហា គឺមិនប្រាថ្នាលាភសក្ការៈ យសស័ក្តិ ឬផលប្រយោជន៍ពីជនដទៃ ហើយ​សមាទាន​នូវ​កម្ម​ជា​កុសល​ធម៌ ដោយ​សេចក្តី​តឹង​រ៉ឹង​មោះ​មុត​អង់​អាច ដើម្បី​កំចាត់​បង់​នូវ​កិលេសាសវៈ​ទាំង​ពួង ទោះ​បី​មាន​ទុក្ខ​វេទនា​មក​ជ្រៀត​ជ្រែក ឬ​គ្រប​សង្កត់​ដូច​ម្តេច ក៏​មិន​បន្ធូរ​បន្ថយ​ឬ​លះ​បង់​ចិត្ត ដែល​បាន​តំកល់​ស៊ប់​ហើយ​នោះ​ចោល ហៅ​ថា អធិដ្ឋាន​បារមី ​ៗ ប្រែ​ថា គុណ​ជាតិ​ជា​គ្រឿង​ដល់​នូវ​ត្រើយ គឺ​ព្រះ​និព្វាន ព្រោះ​ការ​តាំង​ចិត្ត​ស៊ប់​ក្នុង​កុសល​ធម៌។ បារមី​នេះ ចែក​ចេញ​ជា​៣​យ៉ាង​គឺ៖
១.បុត្តទារស្សបិ ការតាំងចិត្តស៊ប់ក្នុងកុសលធម៌ដោយមធ្យ័ត្ត ទោះបីបុត្រភរិយា មានទុក្ខលំបាកយ៉ាងណា ក៏មិនបង្អោនចិត្តនឹកដល់បុត្រភរិយាទាំងនោះ ព្រម​ទាំង​មិន​បន្ធូរ​បន្ថយ​លះ​បង់​កុសល​ធម៌​ចោល យ៉ាង​នេះ ហៅ​ថា អធិដ្ឋាន​បារមី។
២. អត្តនោ អង្គប្បច្ចង្គស្សបិ ការតាំងចិត្តស៊ប់ក្នុងកុសលធម៌ដោយតឹងរ៉ឹង ទោះបីមានសេចក្តីទុក្ខវេទនា ដល់អវយវៈតូចធំរបស់ខ្លួនយ៉ាងណាក្តី ក៏មិនបន្ធូរបន្ថយលះបង់កុសលធម៌ចោល យ៉ាង​នេះ​ហៅ​ថា អធិដ្ឋាន​ឧប​បារមី។
៣. ជីវិតស្សបិ ការតាំងចិត្តស៊ប់ ក្នុងកុសលធម៌ដោយតឹងរ៉ឹង ទោះបីមានសេចក្តីអន្តរាយដល់ជីវិត ក៏មិនបន្ធូរបន្ថយលះបង់កុសលធម៌ចោល យ៉ាងនេះ ហៅថា អធិដ្ឋានបរមត្ថបារមី។
ដូចមានអតីតនិទានជាឧទាហរណ៍ថា……
នេមិរាជជាតក
ព្រះនេមិរាជពោធិសត្វ ទ្រង់បំពេញអធិដ្ឋានបារមី។
កាលនោះ ព្រះពោធិសត្វចាប់បដិសន្ធិក្នុងផ្ទៃនៃព្រះអគ្គមហេសីព្រះមហាក្សត្រក្នុងនគរមិថិលា លុះគម្រប់ទសមាសហើយ ក៏ប្រសូតមក។ ព្រះមហាក្សត្រប្រទានព្រះនាមថា នេមិរាជ​កុមារ។ លុះ​ព្រះ​វរ​បិតា​មាន​ព្រះ​កេសា​ស្កូវ​ហើយ ក៏​អភិសេក​ព្រះ​នេមិរាជ​ឲ្យ​គ្រង​រាជ​ស្នង​ព្រះ​អង្គ។ ព្រះ​នេមិរាជ​ទ្រង់​មាន​ព្រះ​រាជ​សទ្ធា​បរិច្ចាគ​ព្រះ​រាជ​ទ្រព្យ​សាង​សាលា​ ៥ ក្នុង​សាលា​មួយ​ៗ ទ្រង់​ចំណាយ ​១ ​សែន​កហាបណៈ រាល់​ៗ​ ថ្ងៃ​ឲ្យ​ទាន ទ្រង់​រក្សា​សីល​ ៥ និង​ឧបោសថ​កម្ម​ជាប់​ជា​និច្ច។ រាត្រី​មួយ ​ព្រះ​អង្គ​ទ្រង់​បរិវិតក្ក​ថា “មាន​ផល​អ្វី​ហ្ន៎! ប្រសើរ​ជាង​ទាន​សីល​ភាវនា ដែល​អាត្មា​អញ​បាន​ធ្វើ​មក​ហើយ​ដែរ​ឬ?” ។ លុះ​ទ្រង់​បរិវិតក្ក​ប៉ុណ្ណោះ​ហើយ ក៏​ផ្ទំ​ស្កល់​ទៅ។ ស្រាប់​តែ​ដល់​រាត្រី​មជ្ឈិម​យាម ព្រះ​អមរិន្ទ​ឥន្ទ​កោសិយ ក៏​ហោះ​មក​ដោះ​ស្រាយ​បញ្ហា​ថា “អានិសង្ស​ផ្នួស​មាន​ផល​ប្រសើរ​ជាង​ផល​ទាំង​នេះ​ទៅ​ទៀត”។ កាល​បើ​ព្រះ​អមរិន្ទ​ឥន្ទ​កោសិយ បាន​ហោះ​ទៅ​ដល់​ស្ថាន​តាវត្តឹង្ស​ហើយ ក៏​ប្រើ​មាតលី​ទេវបុត្រ​ឲ្យ​ប្រដាប់​វេជយន្ត​រាជ​រថ ទឹម​ដោយ​សេះ​សិន្ទព​ទិព្វ​បរ​ហោះ​មក​អញ្ជើញ​ព្រះ​ពោធិសត្វ ឲ្យ​សេ្តច​យាង​ទៅ​កាន់​ស្ថាន​តាវត្តឹង្ស។ លុះ​ទៅ​ដល់​ហើយ ព្រះ​អង្គ​ទេសនា​ថ្វាយ​សក្ក​ទេវ​រាជ ៗ មាន​សោមនស្ស​ចំពោះ​ព្រះ​អង្គ ក៏​បូជា​ស្ថាន​តាវត្តិង្ស​ឲ្យ​សោយ​រាជ្យ​ពាក់​កណ្តាល។ ព្រះ​អង្គ​សំដែង​សេច​ក្តី​អរគុណ ហើយ​ក៏​លើក​ថ្វាយ​ទៅ​សក្កៈ​វិញ ដោយ​ទ្រង់​ព្រះ​តម្រិះ​ថា “ការ​សោយ​សម្បត្តិ​ដោយ​សារ​អ្នក​ដទៃ ពុំ​ប្រសើរ​ឡើយ ទុក​ដូច​ជា​របស់​ខ្ចី​គេ”។ ទើប​ព្រះ​អង្គ​លា​ព្រះ​ឥន្ទ្រា​ធិរាជៗ ក៏​ឲ្យ​មាតលិ​ទេវបុត្រ​ទឹម​វេជយន្ត​រាជរថ ជូន​ព្រះ​អង្គ​មក​កាន់​មិឋិលា​មហា​នគរ​នា​មនុស្ស​លោក​វិញ។ លុះ​ដល់​ព្រះ​កេសា​ស្កូវ​ហើយ ក៏​អភិសេក​ព្រះ​រាជ​បុត្រ ឲ្យ​គ្រង​រាជ​សម្បត្តិ​ស្នង​ព្រះ​អង្គ ៗ ក៏​ចេញ​សាង​បព្វជ្ជា​ជា​ឥសី តាំង​ព្រះ​ទ័យ​មាំ​ក្នុង​ពោធិញ្ញាណ ប្រឹង​ចំរើន​សមណ​ធម៌​ដរាប​ដល់​សម្រេច​ឈាន និង​អភិញ្ញា ​៥ សមាបត្តិ​ ៨។ លុះ​សោយ​ព្រះ​ទីវង្គត​ទៅ ក៏​បាន​ឧប្បត្តិ​ក្នុង​ស្ថាន​ព្រហ្ម​លោក​នាយ។

មេត្តាបារមី

សេចក្តីស្រឡាញ់រាប់អាន ឬការជិតស្និទ្ធប្រដិតប្រជីចំពោះសត្វទាំងឡាយមិនមានរើសមុខ ដោយចិត្តបរិសុទ្ធ មិនលុះក្នុងអំណាចនៃតណ្ហា គឺមិនមានប្រាថ្នាលាភសក្ការៈ ឬ​ផល​ប្រយោជន៍​ពី​អ្នក​ដទៃ​ឡើយ ដោយ​មាន​គោល​បំណង​តែ​ម្យ៉ាង ដើម្បី​ឲ្យ​សត្វ​បាន​សេចក្តី​សុខ​ចំរើន កុំ​ឲ្យ​សត្វ​បាន​ទុក្ខ​ទោស​ពៃរ៍ ទាំង​ដើម្បី​នឹង​កំចាត់​បង់​នូវ​ទោស​ព្យាបាទ​វិ​ហឹសា​ទិក្កិលេស ឲ្យ​អស់​ពី​ខន្ធ​សន្តាន​តែ​ប៉ុណ្ណោះ យ៉ាង​នេះ​ហៅ​ថា មេត្តា​បារមី ៗ ប្រែ​ថា គុណ​ជាតិ​ជា​គ្រឿង​ដល់​នូវ​ត្រើយ គឺ​ព្រះ​និព្វាន ព្រោះ​សេចក្តី​ស្រឡាញ់​រាប់​អាន។ បារមី​នេះ ចែក​ចេញ​ជា​៣​យ៉ាង​គឺ៖
១. បុត្តទារស្សបិ សេចក្តីស្រឡាញ់រាប់អានចំពោះសត្វទាំងឡាយ ទោះបីសត្វដែលបៀតបៀនបុត្រភរិយា ក៏មានការរាប់អានចំពោះសត្វទាំងនោះដែរ ហៅថា មេត្តាបារមី។
២. អត្តនោ អង្គស្សបិ សេចក្តីស្រឡាញ់រាប់អានចំពោះសត្វទាំងឡាយ សូម្បីសត្វដែលបៀតបៀនអវយវៈរបស់ខ្លួន ក៏មានការរាប់រកចំពោះសត្វទាំងនោះដែរ ហៅថា មេត្តាឧបបារមី។
៣. ជីវិតស្សបិ សេចក្តីស្រឡាញ់រាប់អានចំពោះសត្វទាំងឡាយ សូម្បីសត្វដែលបៀតបៀនជីវិត ក៏មានការរាប់រកចំពោះសត្វទាំងនោះដែរ ហៅថា មេត្តាបរមត្ថបារមី។
ឧទាហរណ៍ដូចជា……
សុវណ្ណសាមជាតក
ព្រះពោធិសត្វចាប់ជាតិជាសុវណ្ណសាម ទ្រង់បំពេញមេត្តាបារមី។
កាលកន្លងទៅហើយ ពោធិសត្វចាប់បដិសន្ធិក្នុងផ្ទៃនៃនាងទុប្បារិកា ជាភរិយានៃទុក្កុលៈ មាតាបិតាឲ្យនាមថា សាមៈ (ហៅថា សុវណ្ណសាម) ​នៅ​ក្នុង​សាលា​ដែល​វេស្សកម្ម​ទេវបុត្រ​និមិ្មត​ឲ្យ​ក្នុង​ព្រៃ​ហេមពាន្ត។ លុះ​ដល់​ព្រះ​ពោធិសត្វ​ដឹង​ក្តី​ឡើង មាតា​បិតា​ក៏​ងងឹត​ចក្ខុ​ទំាង​ពីរ។ សុវណ្ណសាម​កុមារ ធ្វើ​ការ​បំរើ​មាតា​បិតា ឥត​មាន​ធុញ​ទ្រាន់​ឡើយ ព្រម​ទាំង​ខំ​ចំរើន​មេត្តា​ព្រហ្ម​វិហារ​ជាប់​ជា​និច្ច។ ដោយ​គុណានុភាព​នៃ​មេត្តា​ព្រហ្ម​វិហារ​នេះ ពោធិសត្វ​នៅ​ក្នុង​ទី​ណា​ៗ តែង​មាន​ពួក​ម្រឹគ​ចោម​រោម​ជា​បរិវារ​ក្នុង​ទី​នោះ​ៗ។ ថ្ងៃ​មួយ​សុវណ្ណសាម​កាន់​ក្អម​ទៅ​ដង​ទឹក​ស្ទឹង​មិគសមតា មាន​ហ្វូង​ម្រឹគ​ចោម​រោម​ជា​បរិវារ​ទៅ​ផង។ គ្រា​នោះ​ព្រះ​បាទ​បិលយក្ខ ជា​ព្រះ​ចៅ​ពារាណសី​ សេ្តច​ចេញ​ទៅ​ប្រពាត​ព្រៃ ដើម្បី​បាញ់​ម្រឹគ ទ្រង់​បាន​ទត​ឃើញ​សុវណ្ណសាម​ពោធិសត្វ​ដែល​មាន​ម្រឹគ​ចោម​រោម​ជា​បរិវារ​ដូច្នោះ ក៏​លើក​ធ្នូ​បាញ់​ម្រឹគ មិន​ត្រូវ​ម្រឹគ​បែរ​ជា​ត្រូវ​ពោធិសត្វ​វិញ។ ពោធិសត្វ​ក៏​ដួល​ដេក​ប្រះ​ននៀល​ទួញ​ថា “ឱ! លោក​មាតា​បិតា​អើយ! លោក​មុខ​ជា​ក្ស័យ​ជន្មាយុ​ទាំង​ពីរ​នាក់​ពុំ​ខានឡើយ!” ហើយ​ក៏​សន្លប់​បាត់​ស្មារតី​ក្នុង​ទី​នោះ​ឯង។ ព្រះ​បាទ​បិលយក្ខ ឮ​នូវ​ស័ព្ទ​វាចា​នៃ​ពោធិសត្វ​ដូច្នោះ ក៏​ទៅ​នាំ​មាតា​បិតា​ពោធិសត្វ​មក​កាន់​ទី​នោះ​ភ្លាម។ លុះ​មាតា​បិតា​មក​ដល់​ហើយ ទើប​បួង​សួង​សច្ចា​ធិដ្ឋាន​ថា “សូម​ឲ្យ​ថ្នាំ​ពិស​សាប​សូន្យ​ចាក​បុត្រ​របស់​ខ្ញុំ ឥឡូវ​នេះ​ទៅ!”។ លំដាប់​នោះ ហេតុ​ទាំង​ ៤ យ៉ាង​គឺ៖ពោធិសត្វ​ជា​សះ​ស្បើយ ​១ មាតា​បិតា​មាន​ចក្ខុ​ភ្លឺ​ឡើង​វិញ​ ១ អរុណ​រះ​ឡើង ​១ ជន​ទាំង​អស់​បាន​ដល់​អាស្រម​បទ​ ១ ក៏​កើត​ប្រាកដ​ឡើង។ ពោធិសត្វ​លុះ​អស់​ជន្មាយុ ក៏​បាន​ទៅ​ឧប្បត្តិ​ក្នុង​ព្រហ្ម​លោក។

ឧបេក្ខាបារមី

ការតាំងចិត្តព្រងើយកន្តើយ មិនមានសោមនស្ស ទោមនស្សក្នុងឥដ្ឋារម្មណ៍ និងអនិដ្ឋារម្មណ៍ក្នុងទ្វារទាំង ៥ ក្តី ការតាំងចិត្តឲ្យនៅជាកណ្តាល មិនត្រេកអររីករាយ មិនមានថ្នាំងថ្នាក់អាក់អន់ ចំពោះ​សត្វ​និង​សង្ខារ​ទាំង​ឡាយ ទោះ​មាន​ឧបការ​គុណ​ក្តី មិន​មាន​ឧបការ​គុណ​ក្តី ឬ​ក៏​សត្វ​ដែល​គួរ​ស្រឡាញ់​រាប់​អាន​ក្តី សត្វ​ដែល​គួរ​ស្អប់​ខ្ពើម​ធុញ​ទ្រាន់​ក្តី ក៏​នៅ​តែ​តាំង​ចិត្ត​ឲ្យ​ព្រងើយ។ តាម​ប្រ​ក្រតី​ទៅ​បាន តែង​មាន​ស្មារតី នឹក​ឃើញ​ដឹង​ខ្លួន​ជា​និច្ច​មិន​ភ្លាំង​ភ្លាត់ យ៉ាង​នេះ ហៅ​ថា ឧបេក្ខា​បារមី ៗ ប្រែ​ថា គុណ​ជាតិ​ជា​គ្រឿង​ដល់​នូវ​ត្រើយ គឺ​ព្រះ​និព្វាន ព្រោះ​តែ​ការ​តាំង​ចិត្ត​ព្រងើយ​ៗ កណ្តាល​ៗ។ បារមី​នេះ ចែក​ចេញ​ជា​៣​យ៉ាង​គឺ៖
១. បុត្តទារស្សបិ ការតាំងចិត្តឲ្យព្រងើយកន្តើយចំពោះបុត្រភរិយា ព្រមទាំងសត្វនិងសង្ខារ ចិត្តដែលតាំងស៊ប់នៅជាកណ្តាលយ៉ាងនេះ ហៅថា ឧបេក្ខាបារមី។
២. អត្តនោ អង្គស្សបិ ការតាំងចិត្តព្រងើយកន្តើយ ចំពោះអវយវៈរបស់ខ្លួន ព្រមទាំងចំពោះសត្វនិងសង្ខារ ចិត្តដែលតាំងនៅស៊ប់យ៉ាងនេះ ហៅថា ឧបេក្ខាឧបបារមី។
៣. ជីវិតស្សបិ ការតាំងចិត្តព្រងើយកន្តើយ ចំពោះជីវិតព្រមទាំងចំពោះសត្វនិងសង្ខារ ចិត្តដែលតាំងស៊ប់នៅជាកណ្តាលយ៉ាងនេះហៅថា ឧបេក្ខាបរមត្ថបារមី។
ឧទាហរណ៍ដូចជា……
នារទព្រហ្មជាតក
ព្រះពោធិសត្វជានារទព្រហ្ម បំពេញឧបេក្ខាបារមី។
ក្នុងអតីតកាល មានព្រះមហាក្សត្រមួយព្រះអង្គ ទ្រង់ព្រះនាមអង្គតិរាជ សោយរាជសម្បត្តិក្នុងក្រុងមិឋិលា ដែនវិទេហៈ ទ្រង់មានព្រះរាជធីតាមួយព្រះអង្គ ព្រះនាមនាងរុចាទេវី ជា​ស្ត្រី​បរិបូណ៌​ដោយ​ប្រាជ្ញា ហើយ​ជា​ទី​គាប់​ព្រះ​ទ័យ​ផង។ មាន​អាមាត្យ​ ៣​ នាក់ អាមាត្យ​ទី ១ ទី ២ ជា​សម្មា​ទិដ្ឋិ ឯ​អាមាត្យ​ទី​ ៣ ជា​មិច្ឆា​ទិដ្ឋិ។ អាមាត្យ​ទាំង​អម្បាល​នោះ​តែង​នាំ​សេចក្តី​យល់​របស់​ខ្លួន ទៅ​ក្រាប​ទូល​ព្រះ​រាជា​ផ្សេង​ៗ​ គ្នា។ លុះ​ថ្ងៃ​ក្រោយ​មក ព្រះ​រាជា​ក៏​ទ្រង់​ជឿ​តាម​យោបល់​អាមាត្យ​ទី ​៣ ទើប​ទ្រង់​យាង​ទៅ​ជួប​នឹង​លោក​គ្រូ​គុណា​ជីវក ទ្រង់​ជឿ​តាម​គុណា​ជីវក​ជា​មិច្ឆា​ទិដ្ឋិ តែង​ពោល​ថា គ្មាន​បុណ្យ បាប នរក សួគ៌​ឡើយ។ ហេតុ​នោះ បាន​ជា​នាង​រុចា​រាជ​ធីតា ចូល​ទៅ​គាល់​សម្តេច​ព្រះ​វរ​រាជ​បិតា ក្រាប​បង្គំ​ទូល​ថា “សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស កុំ​ជឿ​ស្តាប់​ពាក្យ​គ្រូ​គុណា​ជីវក​ៗ​នោះ យល់​ខុស​ទេ សូម​ព្រះ​អង្គ​លះ​បង់​មិច្ឆា​ទិដ្ឋិ​ចោល​ស្រឡះ​ចេញ ទើប​បាន​រួច​ចាក​ទោស​អំពី​លោកន្តរ​នរក”។ ព្រះ​បាទ​អង្គតិ​រាជ លុះ​ទ្រង់​ព្រះ​សណ្តាប់​ហើយ ក៏​ទ្រង់​អាសូរ​សំដី​បុត្រី​ណាស់​ដែរ ប៉ុន្តែ​ទ្រង់​នឹង​លះ​មិច្ឆា​ទិដ្ឋិ​ចោល​ចេញ​ពុំ​បាន។ នាង​រុចា​ទេវី​ទាល់​ប្រាជ្ញា ក៏​តំាង​សច្ចា​ធិដ្ឋាន​បួង​សួង​ដល់​ទេវ​បុត្រ ទេវតា និងព្រហ្ម សូម​ជួយ​ដោះ​ទុក្ខ​ព្រះ​វរ​បិតា​ឲ្យ​រួច​អំពី​មិច្ឆា​ទិដ្ឋិ។ វេលា​នោះ ក៏​ស្រាប់​តែ​ជ្រាប​ដល់​នារទ​ព្រហ្ម​ពោធិសត្វ ៗ ក៏​និម្មិត​ភេទ​ជា​ឥសី​ ហើយ​ហោះ​ចុះ​មក​កាន់​នគរ​មិឋិលា សំដែង​ធម្ម​ទេសនា​ប្រោស​ព្រះ​បាទ​អង្គតិ​រាជ ព្រះ​រាជា​ក៏​ទ្រង់​លះ​បង់​មិច្ឆា​ទិដ្ឋិ​បាន​តាម​លំដាប់ មាន​ព្រះ​រាជ​ហឫទ័យ​បែរ​មក​ខាង​សម្មា​ទិដ្ឋិ​ឡើង​វិញ ហើយ​តាំង​រក្សា​សីល​បរិច្ចាគ​ព្រះ​រាជ​ទ្រព្យ​ឲ្យ​ទាន​ជាប់​ជា​និច្ច មិន​ដែល​ដាច់​សោះ។ នារទ​ព្រហ្ម​ពោធិសត្វ ក៏​វិល​ទៅ​កាន់​ព្រហ្ម​លោក​នាយ​វិញ។

ឯកសារយោង

  1. សៀវភៅធម្មសមុហកថា រៀបរៀងដោយក្រុមបណ្ឌិតពុទ្ធសាសនា (ព.ស. ២៥០០)
  2. ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > ជាតក > មហានិបាតជាតក (សៀវភៅ​លេខ ៦២)
  3. ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > ជាតក​ (សៀវភៅ​លេខ ៥៨​ ដល់​​លេខ ៦៣)