ព្រះតេជគុណ ហេង ពិសិដ្ឋ៖ សមណនិស្សិតខ្មែរទី១ ទទួលពានវង្វាន់មេដាយ B.H.U. Medal ពីសាកលវិទ្យាល័យហិណ្ឌូពារាណសី - លោកវិទូ

ព័ត៌មានថ្មីៗ

Thursday, November 22, 2018

ព្រះតេជគុណ ហេង ពិសិដ្ឋ៖ សមណនិស្សិតខ្មែរទី១ ទទួលពានវង្វាន់មេដាយ B.H.U. Medal ពីសាកលវិទ្យាល័យហិណ្ឌូពារាណសី

ព្រះតេជគុណ ហេង ពិសិដ្ឋ ទទួលពាន់ពានរង្វាន់មេដាយ B.H.U. Medal ២២ វិច្ឆិកា ២០១៨ ។

លោកវិទូ | ថ្ងៃ ៥᧯១២ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ | ២២ វិច្ឆិកា ២០១៨ 

ទីក្រុងពារាណសី៖ សាកលវិទ្យាល័យហិណ្ឌូពារាណសី (BHU) បានរៀបចំពិធីសន្និបាតលើកទី ១០០ របស់ខ្លួន នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ នេះគឺជាឱកាសពិសេសមួយ ព្រោះវាគឺជាការប្រារព្ធខួប ១០០ ឆ្នាំ និងជាពិធីចែកសញ្ញាបត្រផង ។ ព្រឹត្តិការណ៍ពិសេសនេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក នរេន្ទ្រ មោទី ។

ឆ្នាំនេះ សាកលវិទ្យាល័យ BHU បានរៀបចំពិធីចែកសញ្ញាបត្រ សម្រាប់និស្សិតឆ្នាំសិក្សា ២០១៦-២០១៧ និង ២០១៧-២០១៨ ។ និស្សិតសរុបចំនួន ២៤ ពាន់នាក់បានទទួលវិញ្ញាបនបត្រ និងមេដាយ សម្រាប់ឧត្តមភាពក្នុងការសិក្សា ក្នុងការបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សា ក្រោយឧត្តមសិក្សា បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ។

ក្នុងចំណោមអ្នកទទួល BHU មេដាយ ​គឺ​ព្រះ​តេជគុណ ហេង ពិសិដ្ឋ មក​ពី​ស្រុក​ស្វាយដូនកែវ ខេត្ត​ពោធិ៍សាត់ ។ ព្រះតេជគុណបាននិមន្តមកប្រទេសឥណ្ឌាក្នុងឆ្នាំ ២០១០ ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ BHU នាក្រុងពារាណសី ។ បន្ទាប់ពីការបញ្ចប់ដោយជោគជ័យ ថ្នាក់បរិញ្ញាបត្រផ្នែកទស្សនវិជ្ជា ព្រះតេជគុណ ពិសិដ្ឋ បានបន្តការសិក្សាអនុបណ្ឌិតផ្នែកទស្សនវិជ្ជាឥណ្ឌា និងសាសនា (M.A. in Indian Philosophy & Religion) នៅសាកលវិទ្យាល័យដដែល រហូតដល់ទទួលបានចំណាត់ថ្នាក់ខ្ពស់ជាងគេ ។
ព្រះតេជគុណ ហេង ពិសិដ្ឋ បង្ហាញមេដាយ និងសញ្ញាបត្រថ្នាក់អនុបណ្ឌិត (បរិញ្ញាបត្រជាន់ខ្ពស់), ២២ វិច្ឆិកា ២០២២ ។

វាជាមោទនភាព និងកិត្តិយសរបស់និស្សិតកម្ពុជាទាំងអស់នៅក្នុងប្រទេសឥណ្ឌា ដែលព្រះអង្គគឺជានិស្សិតកម្ពុជាដំបូងគេ ដែលបានទទួលនូវស្នាដៃឆ្នើមបែបនេះ នៅក្នុងការសិក្សា ។ ព្រះអង្គបានទទួលចំណាត់ថ្នាក់លេខ១ នៅក្នុងមុខវិជ្ជាបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកទស្សនវិជ្ជាឥណ្ឌា និងសាសនា ក្នុងការប្រឡងនៅឆ្នាំ២០១៥ ។

សម្រាប់ព្រះអង្គផ្ទាល់ វាគឺជាពេលវេលាដ៏ពិសេស និងមិនអាចបំភ្លេចបាននៅក្នុងជីវិតរបស់គាត់ ។ ព្រះអង្គ​បាន​ហៅ​ថ្ងៃ​នោះ​ថា ជា​ថ្ងៃ​ប្រសិទ្ធពរ​បី​យ៉ាង គឺ​ថ្ងៃ​ពេញ​បូណ៌មី ខែ​ពិសាខ ព.ស. ២៥៥៩, ខួបគម្រប់ ១០០ ឆ្នាំនៃសាកលវិទ្យាល័យ BHU (១៩១៦-២០១៦) និងការទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ដោយទទួលបានពានរង្វាន់ B.H.U. MEDAL សម្រាប់ចំណាត់ថ្នាក់លេខ១ ផ្នែកទស្សនវិជ្ជាឥណ្ឌា និងសាសនា ។ 

នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ព្រះតេជគុណ ពិសិដ្ឋ បានបង្ហោះរូបថតចំនួនពីរសន្លឹក ដែលបានថតក្នុងពិធីប្រគល់សញ្ញាបត្រ ដោយមានសេចក្តីថា៖

«ការទទួលបាននូវមេដាយមាសនេះហើយដែលធ្វើឲ្យខ្ញុំ ក្លាយជាសមណសិស្សខ្មែរដំបូងបំផុតប្រចាំក្រុងពារាណសី ដែលមិនធ្លាប់មាន សមណនិស្សិតឬនិស្សិតណាម្នាក់ធ្លាប់ទទួលបានពីមុនមក ។ សូមផ្ញើប្រគេន-ជូននូវមេដាយនេះ ចំពោះសមណនិស្សិត-និស្សិតខ្មែរ ទាំងអស់ដែលកំពុងតែសិក្សានៅ ក្នុងប្រទេសឥណ្ឌាដោយក្តីស្រឡាញ់» ។

យើងជានិស្សិតខ្មែរទាំងអស់នៅប្រទេសឥណ្ឌា សូមអបអរសាទរដោយស្មោះអស់ពីចិត្តចំពោះរង្វាន់ B.H.U. Medal និងប្រគេនពរព្រះអង្គឲ្យទទួលបានជោគជ័យនាពេលអនាគត ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment