ទំលាប់ និងអត្តចរិត ១២ យ៉ាង ដែលនាំឲ្យជាតិសាសន៍មួយធ្លាក់ខ្លួនចុះខ្សោយ - លោកវិទូ

ព័ត៌មានថ្មីៗ

Friday, February 15, 2019

ទំលាប់ និងអត្តចរិត ១២ យ៉ាង ដែលនាំឲ្យជាតិសាសន៍មួយធ្លាក់ខ្លួនចុះខ្សោយ

លោកព្រាប កុល

លោកវិទូ | ថ្ងៃ ៦᧫៣ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ |ថ្ងៃទី ១៥ កុម្ភៈ ២០១៩

ទំលាប់ និងអត្តចរិត ១២ យ៉ាង ដែលនាំឲ្យជាតិសាសន៍មួយធ្លាក់ខ្លួនចុះខ្សោយ៖

១) ពូកែផ្អើលតាមគ្នា ដោយប្រើអារម្មណ៍ ជាងប្រើប្រាជ្ញា ។
២) ចេះឈឺឆ្អាលរឿងអយុត្តិធម៌ ប៉ុន្តែមិនហ៊ានតតាំង និងទាមទាររកយុត្តិធម៌ ។
៣) បើឈឺឆ្អាលរឿងអ្វីមួយគឺនាំគ្នាផុសផុលខ្លាំងតែមួយភ្លែត រួចក៏ឆាប់សាបរលាបទៅវិញដូចភ្លើងចំបើង ។
៤) ចិត្តងាយ ហើយបណ្តោយឲ្យព្រឹត្តិការណ៍ និងហេតុការណ៍ទាក់ទាញអារម្មណ៍ និងខ្ជះខ្ជាយពេលវេលា ដែលជារឿយៗជាប់រវល់រឿងតូចតាចភ្លេចគិតពីបញ្ហាធំៗ ។
៥) ចូលចិត្តចំណាយពេល ដើម្បីកំដរអារម្មណ៍ សុីអារម្មណ៍ (ដ្រាមា/drama) ជាងចំណាយពេលដើម្បីរៀនសូត្រ និងបង្កើនប្រាជ្ញាខ្លួនឯង ។
៦) ពូកែអួត សម្ងែង ឲ្យឮសូរខ្ទរខ្ទារ ដូចស្គរ ប៉ុន្តែប្រហោងក្នុង (សុខចិត្តជំពាក់លុយគេ ដើម្បីភាពឡូយឆាយ និងហំហួនពីសំបកក្រៅ) ។
៧) ធ្វើការងារចុងដៃ ចុងជើង គម្រប់កិច្ច មិនសូវយកចិត្តទុកដាក់ ទទួលខុសត្រូវ ឬផ្តោតលើគុណភាពទេ ប៉ុន្តែចង់បានប្រាក់ខែច្រើន និងចង់ឡើងមុខដំណែងឆាប់ ។
៨) បើផឹកស្រាមិនស្រវឹង មិនឈប់ ហើយលើកកែវញឹកញាប់ព្រោះខ្លាចអ្នកលក់ស្រាចំណេញតិចពេក ។
៩) ចូលចិត្តញ៉ាំអាហារពេលល្ងាចច្រើន ខ្លាចអត់មានក្បាលពោះ និងចង់បានជាតិស្ករ ឬខ្លាញ់ច្រើន ព្រោះចង់ជួយគ្រូពេទ្យ និងអ្នកលក់ថ្នាំពេទ្យឲ្យមានប្រាក់ចំណូលខ្ពស់ ។
១០) ចូលចិត្តប្រកួតប្រជែង យកឈ្នះចាញ់​ ជាមួយជាតិសាសន៍ខ្លួនឯង ប៉ុន្តែខ្លាច និងមិនហ៊ានតតាំងប្រឈម ឬប្រកួតជាមួយជាតិសាសន៍ដទៃ ។
១១) ស្អប់អំពើពុករលួយ ប៉ុន្តែមិនហ៊ានរិះគន់អ្នកប្រព្រឹត្តិពុករលួយ ហើយបើមានឧ៌កាស និងផលចំណេញដល់ខ្លួនដែរ ចូលរួមសហការណ៍ប្រព្រឹត្តអំពើពុករលួយបានដោយងាយ ។
១២) យកកិច្ចការនយោបាយធ្វើជាមុខរបរ និងប្រើលិ្បចកល់ប្រជែងគ្នាតាមក្បួនរបស់ល្បែង ។

ដោយលោកព្រាប កុល, នាយក​ប្រត្តិបត្តិ​នៃ​អង្គការតម្លាភាពកម្ពុជា
ប្រភព៖ https://www.facebook.com/kol.preap/posts/10217729515734245
© រក្សាសិទ្ធិដោយលោកវិទូ