តើយើងទទួលបានប្រយោជន៍អ្វីខ្លះពីការប្រារព្ធពិធីបុណ្យមាឃបូជា? - លោកវិទូ

ព័ត៌មានថ្មីៗ

Tuesday, February 19, 2019

តើយើងទទួលបានប្រយោជន៍អ្វីខ្លះពីការប្រារព្ធពិធីបុណ្យមាឃបូជា?


លោកវិទូ | ថ្ងៃ ៣᧯៣ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៩ កុម្ភៈ ២០១៩ ។

យើងមិនគួរមើលត្រឹមតែពិធីកម្មសាសនាតែមួយមុខនោះទេ យើងគួរមើលឲ្យហួសពីពិធីនេះបន្តិច ទើបយើងអាចរកឃើញខ្លឹមសារពិត នៅពី ក្រោយនៃបុណ្យមាឃបូជា មកទល់នឹងថ្ងៃ១៥កើត ខែមាឃ ឆ្នាំច សំរិទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ព្រះពុទ្ធសាសនាបានកើតមានឡើងនៅលើផែនដីនេះមានរយៈពេល២៦០៧ឆ្នាំហើយ មុនគ្រិស្តសករាជ៥៨៨ឆ្នាំ រាប់ចាប់តាំងពីពេលដែលព្រះពុទ្ធអង្គបានប្រកាសនូវឱវាទបាតិមោក្ខ កាលពីថ្ងៃ១៥កើតខែមាឃ ក្រោយព្រះអង្គបានត្រាស់ដឹងចំនួន៩ខែគត់។ ពេលដ៏យូរនេះបានសបញ្ជាក់ឲ្យឃើញថា សច្ចភាព និងអត្តភាពរបស់ពុទ្ធសាសនា ពិតជាមានតម្លៃដ៏ខ្ពង់ខ្ពស់ដល់សង្គមជាតិ មនុស្សជាតិ សម្បើមណាស់ ។

កល្យាណមិត្តគួរសិក្សាឈ្វេងយល់បន្តទៀតថា តើព្រះពុទ្ធអង្គមានយុទ្ធសាស្ត្រយ៉ាងណាខ្លះ ? ទើបបានជាស្ថាប័នមួយនេះអាចមានជីវិតរស់រវើករហូតមកទល់នឹងបច្ចុប្បន្ន ខណៈដែលមាននិន្នាការលើកឡើងថា ស្ថាប័នពុទ្ធសាសន៍មួយនេះ អាចនឹងកាន់តែរីកចម្រើនឡើងជាលំដាប់ រហូតដល់គម្រប់៥០០០ឆ្នាំ ទៅតាមជំនឿរបស់បូរាណាចារ្យយើង ។

ទោះបីជាបែបណាក៏ដោយចុះ សំខាន់ថា តើពុទ្ធបរិស័ទ មានការយល់ដឹង និងចូលរួមថែរក្សា ផ្សព្វផ្សាយ រួមទាំងប្រតិបត្តិបានត្រឹមត្រូវកំរិតណា ហើយអាយុកាលនៃព្រះពុទ្ធសាសនាក៏ទៅតាមមនោះដែរ ព្រោះថា រុងរឿងក៏ដោយសារពុទ្ធបរិស័ទ (ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា) ហើយអនថយទៅវិញក៏ដោយសារតែពុទ្ធបរិស័ទនេះដែរ ។

ដោយមើលឃើញពីចំណុចសំខាន់ របស់ព្រះពុទ្ធសាសនានេះហើយ បានជាបុព្វការីជនខ្មែរយើង យកព្រះពុទ្ធសាសនាចារឹកទុកក្នុងច្បាប់កំពូលរបស់ជាតិមួយផ្នែក និងយកមកគោរពបូជា ប្រតិបត្តិតាម ថែរក្សាការពារជាហូរហែ ដរាបរៀងរាបដល់បច្ចុប្បន្នសម័យ ។ ហេតុនេះ ក្នុងនាមយើងជាកូនជាចៅយើងមានកាតព្វកិច្ចដើម្បីប្រតិបត្តិ ការពារ ផ្សព្វផ្សាយឲ្យបានត្រឹមត្រូវ និងគាប់ប្រសើរ ក្នុងការបន្តវេនដល់អនុជនជំនាន់ក្រោយបន្តទៀត ។

បើយើងពិនិត្យមើលឲ្យស៊ីជម្រៅបន្តិចទៀត យើងនឹងឃើញនូវឱវាទានុសាសនីដ៏សំខាន់មួយនៅក្នុងថ្ងៃនេះដែរ ពោលគឺ ឱវាទបាតិមោក្ខ ដែលក្នុងន័យនិយាយអំពីការណែនាំនូវកាតព្វកិច្ចដើម្បីឲ្យរួចចាកទុក្ខ និងបញ្ហាទាំងពួង។ ខ្លឹមសារស្នូលអស់ទាំងនេះហើយដែលពុទ្ធសាសនិកគប្បីធ្វើការសិក្សាឈ្វេងយល់ ដើម្បីបំឡែងមកជាការអនុវត្តជាក់ស្តែង ក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួនឲ្យបានត្រឹមត្រូវ ។

សូមទាញចំណាប់អារម្មណ៍កល្យាណមិត្តបន្តិច ជុំវិញពិធីរំលឹកដល់ថ្ងៃនេះ ត្រូវបានគេដាក់ឈ្មោះថា ពិធីបុណ្យមាឃបូជា ដែលមានន័យថា ពិធីគោរពបូជាដល់ថ្ងៃដែលព្រះពុទ្ធអង្គបរមគ្រូសម្តែង អំពីគោលការណ៍ពុទ្ធសាសន៍ទាំង១១ចំណុច និងជាការរំលឹកដល់ទិវាដែលព្រះពុទ្ធអង្គទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការចាត់តាំងមានឡើងក្នុងលោក និងជាថ្ងៃដែលព្រះអង្គកំណត់ពេលវេលានៃការចូលបរិនិព្វាន (មរណភាព) ឬក៏ជាការចូលនិវត្តរបស់ព្រះអង្គ បន្ទាប់ពីបានបំពេញពុទ្ធកិច្ចដើម្បីប្រយោជន៍ ដល់ជនច្រើនគ្នាអស់រយៈពេល៤៥ឆ្នាំនោះរួចមក ។

គោលការណ៍ឬហៅថា ផែនការជីវិតទាំង១០ចំណុចនោះ គឺជាវិភាគទានដ៏មហាសាល ដែលព្រះពុទ្ធជាអម្ចាស់បានសម្តែង ឡើងដើម្បីជាប្រយោជន៍ដល់មនុស្សទូទៅ ដែលរស់នៅក្នុងសង្គម ឲ្យមានសុខុដុមរមណីយកម្មមានដូចខាងក្រោម៖

១-ការមិនធ្វើអំពើអាក្រក់ទាំងពួងនៅក្នុងសង្គមមនុស្សផងគ្នា
២-ការបំពេញអំពើល្អឲ្យបរិបូណ៌
៣-ការធ្វើចិត្តឲ្យបានល្អផូរផង់
៤-ការអត់ធ្មត់គឺជាតបធម៌ដ៏ឧត្តម
៥-ព្រះនិព្វានជាគុណជាតិដ៏ឧត្តម
៦-ជាសមណៈ (អ្នកបួស) មិនត្រូវបៀតបៀនសត្វ ឬសម្លាប់សត្វឡើយ
៧-មិនគប្បីតិះដៀល និងបៀតបៀនអ្នកដទៃ
៨-គប្បីសង្រួមតែក្នុងបាតិមោក្ខ
៩-គប្បីដឹងប្រមាណក្នុងការបរិភោគ
១០-ចូលចិត្តទីដេក ទីអង្គុយដ៏ស្ងប់ស្ងាត់
១១-គប្បីព្យាយាមបំពេញអធិចិត្ត

គោលការណ៍ទាំង១១ចំណុចនេះ យើងអាចហៅម្យ៉ាងទៀតថា ជាផែនការជីវិតសម្រាប់ពុទ្ធសាសនិក ដែលរួមមានភិក្ខុ ភិក្ខុនី ឧបាសក និងឧបាសិកា ។ ហើយផែនការទាំង១១ចំណុចនេះសោតទៀត យើងអាចបែងចែកទៅ៣ផ្នែកធំៗ រួមមាន៖

១-គោលបំណង សម្រាប់ជីវិត ។
២-ការរៀបចំវិធានការ ដើម្បីសម្រេចនូវគោលបំណងសម្រាប់ជីវិតប្រចាំថ្ងៃ ។
៣-ការរៀបចំខ្លួន ដើម្បីអនុវត្តនូវវិធានការនោះឲ្យបានសម្រេច ។

សូមកល្យាណមិត្ត អនុមោទនានូវបុណ្យមាឃបូជាដោយបសាទចិត្តជ្រះថ្លាចុះ !

សង្ខេបចេញពីឯកសារ៖ ឈ្វេងយល់ មាឃបូជា ទិវាកំណើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការចាត់តាំង ។


ដោយធម្មបណ្ឌិត ហេង មណីចិន្តា
ប្រភព៖ https://www.facebook.com/prak.samphose/posts/955543967981790
ប្រភពផ្សេងទៀត៖ Wikipedia

© រក្សាសិទ្ធិដោយលោកវិទូ