បុណ្យបញ្ចុះសីមាវត្តខ្មែរស្រីលង្កាខេមរារាម និងធម្មយាត្រាទៅកាន់តម្ពបណ្ណិទ្វីប (ស្រីលង្កា) ២០១៩ - លោកវិទូ

ព័ត៌មានថ្មីៗ

Saturday, March 16, 2019

បុណ្យបញ្ចុះសីមាវត្តខ្មែរស្រីលង្កាខេមរារាម និងធម្មយាត្រាទៅកាន់តម្ពបណ្ណិទ្វីប (ស្រីលង្កា) ២០១៩

ឯកឧត្តមប្រធានាធិបតីប្រទេសសេរីលង្កា​ ម៉ៃត្រីបាល សិរីសេនា ប្រគេនថ្វាយ «ផ្លិតយស» ចំពោះសម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង, កាឌុវេឡា, ០៩ មីនា ២០១៩ ។

លោកវិទូ | ថ្ងៃ ៧᧤៤ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ | មីនា ២០១៩

បុណ្យបញ្ចុះសីមាវត្តខ្មែរស្រីលង្កាខេមរារាម


ពិធីបុណ្យសម្ពោធឆ្លងនិងបញ្ចុះខណ្ឌសីមា​វត្តខ្មែរសេរីលង្កាខេមរារាម​ នៅទីក្រុងកូឡុំបូ​ ប្រទេសសេរីលង្កា​ ចាប់ពីថ្ងៃ​១០​ រោច ខែមាឃ​ ដល់ថ្ងៃ០៤​ កេីត​ ខែផល្គុន​ ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី០១​ ដល់ទី០៩ ខែមីនា​ ឆ្នាំ២០១៩​ ត្រូវបានបញ្ចប់ជាស្ថាពរប្រកបដោយភាពអធិកអធមនិងភាពជោគជ័យព្រមទាំងមហាកុសលដ៏ធំធេង ។

កម្មវិធីនេះត្រូវបាននិមន្តនិងអញ្ជេីញចូលរួមជាគណ:អធិបតីរួមមានៈ​ ឯកឧត្តម ម៉ៃត្រីបាល​ សិរីសេនាប្រធានាធិបតីប្រទេសសេរីលង្កា​ គណៈសង្ឃប្រទេសស្រីលង្កា គណ:សង្ឃប្រទេសកម្ពុជា​ និងមានការចូលរួមពីព្រះសង្ឃព្រមទាំងពុទ្ធបរិស័ទនៃប្រទេសទាំងពីរ​ ក្នុងនោះមកពីប្រទេសកម្ពុជា​ សហរដ្ឋអាមេរិក​ បារាំង​ កាណាដា​ អូស្ត្រាលី ញូហ្សុីលែន​ រាប់ពាន់អង្គ/នាក់ ។

អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ និងថ្លែងក្នុងពិធីបុណ្យបញ្ចុះសីមាវត្តខ្មែរ-ស្រីលង្កាខេមរារាម នាតំបន់កាឌុវេល ក្បែរទីក្រុងកូឡុំបូ, ឯកឧត្តម ម៉ៃត្រីបាល សិរីសេនា ប្រធានាធិបតីនៃប្រទេសស្រីលង្កា បានមានប្រសាសន៍៣ចំណុចសំខាន់:

  • រដ្ឋាភិបាលស្រីលង្កានឹងផ្តល់វីសាឥតគិតថ្លៃដល់ពុទ្ធសាសនិកនៃប្រទេសកាន់ពុទ្ធសាសនា និងអ្នកធុរៈកិច្ចវិនិយោគក្នុងប្រទេសស្រីកង្កា ចាប់អនុវត្តពីខែមេសា ឆ្នាំ២០១៩ នេះតទៅ ។ 
  • ឯកឧត្តម ប្រធានាធិបតី នឹងអញ្ជើញបំពញទស្សនកិច្ចផ្លូវរដ្ឋមកកាន់ប្រទេសកម្ពុជា ក្នុងកំឡុងខែមិថុនា ឬកក្កដា ឆ្នាំ២០១៩ នេះ ។ 
  • ឯកឧត្តមនឹងជម្រុញឱ្យមានការដាក់ស្ថានទូតនៅក្នុងប្រទេស រវាងកម្ពុជា និងស្រីលង្កា ហើយលោកនឹងគិតគូរអំពីលទ្ធភាពផ្តល់ដីមួយកន្លែងសម្រាប់ធ្វើស្ថានទូតកម្ពុជាប្រចាំប្រទេសស្រីលង្កា ។ 

សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយករង២ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលគោរមងារជា «កម្ពុជសិរីលង្កាសាសនវង្សាលង្ការ» ពីសម្ដេចព្រះមហាសង្ឃរាជ​ បាណាណេ​ បេមសិរិ សម្តេចព្រះសង្ឃនាយក នៃគណៈរាមញ្ញនិកាយ, កាឌុវេឡា, ០៩ មីនា ២០១៩ ។

ការថ្វាយគោរមងារនិងផ្លិតយសដល់សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង

ក្នុងឱកាសដ៏មហោឡារិកអធិកអធមនោះដែរ សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយករង២ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលគោរមងារជា «កម្ពុជសិរីលង្កាសាសនវង្សាលង្ការ» ពីសម្ដេចព្រះមហាសង្ឃរាជ​ បាណាណេ​ បេមសិរិ សម្តេចព្រះសង្ឃនាយក នៃគណៈរាមញ្ញនិកាយ និងទទួល «ផ្លិតយស» ពីឯកឧត្តម ម៉ៃត្រីបាលៈ​ សិរីសេនា​ ប្រធានាធិបតីប្រទេសស្រីលង្កា ព្រមទាំងអដ្ឋបរិក្ខារប្រគេនដោយ ឯកឧត្តមរដ្ឋមន្ត្រីអភិវឌ្ឍន៍ក្រុង និងជនបទ ក្នុងឱកាសពិធីបុណ្យបញ្ចុះខណ្ឌសីមាវត្តខ្មែរស្រីលង្កាខេមរារាម​ ទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា កាលពីថ្ងៃសៅរ៏ ០៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ ។

សូមប្រគេនព្រះពរ សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត មានព្រះសុខភាពល្អមាំមួន និងបញ្ញាញ្ញាណឧត្តុង្គឧត្តម ដើម្បីជាម្លប់សម្រាប់ការដឹកនាំព្រះពុទ្ធសាសនាកម្ពុជារុងរឿងចិរកាល ។

មតិខ្លះរបស់ព្រះសង្ឃអ្នករៀបចំកម្មវិធីបុណ្យ

«កិច្ចការធំប៉ុនណា កិច្ចការច្រើនកាលណា បញ្ហាក៏ធំ និងច្រើនប៉ុណ្ណឹងដែរ ប្រសិនណាបើអ្នកចង់ធ្វើកិច្ចការធំ ហើយទទួលបានភាពជោគជ័យធំនោះ អ្នកក៏ត្រូវតែត្រៀមចិត្តដើម្បីទទួលនូវការ រិះគន់ធំ ច្រណែនធំ និងការនិយាយដើមធំ ពោរពេញដោយស្នាមញញឹម ៕» ថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩ ហ៊ុន ខេមរា

«យើងប្រឹងប្រែងបំពេញការងារ ដើម្បីជាតិ សាសនា របស់យើង មិនមែនដើម្បីអ្នកណាម្នាក់ឡើយ ។» សេង សុវណ្ណ ០៣ មីនា ២០១៩

សូមទស្សនាទិដ្ឋភាពទាំងស្រុងនៃ៖ ធម្មយាត្រាទៅកាន់តម្ពបណ្ណិទ្វីប (ស្រីលង្កា)

© រក្សាសិទ្ធិដោយលោកវិទូ