លោកព្រឹទ្ធាចារ្យ បណ្ឌិត សំ បេ (១៩៤៧-២០១៩) ។ |
លោកវិទូ | ៦᧲៤ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ | ២២ មីនា ២០១៩
ជាអ្នកមានវីរិយភាពក្នុងការសិក្សាតាំងពីកុមារភាព រហូតដល់បានសញ្ញាបត្របណ្ឌិត ព្រឹទ្ធាចារ្យបណ្ឌិត សំ បេ ជាបញ្ញវន្ដខ្មែរមួយរូបដែលមានចំណេះដឹងផ្លូវលោកផ្លូវធម៌យ៉ាងជ្រៅជ្រះ ជាបុគ្គលមានទម្លាប់សាមញ្ញមិនប្រកាន់វណ្ណៈ ជាពុទ្ធសាសនិកជឿជាក់ក្នុងព្រះរតនត្រៃឥតងាករេ ប្រតិបត្តិកិច្ចវត្តជាប្រក្រតី និងជ្រះថ្លាក្នុងដែនដីពុទ្ធភូមិយ៉ាងក្រៃលែង ជាមគ្គទេសក៍ធម្មយាត្រាសប្បុរសធម៌ និងជាអ្នកជួយជ្រំជ្រែងផ្នែកច្បាប់និងស្មារតី ក្នុងការកសាងវត្តអារាមខ្មែរនៅប្រទេសឥណ្ឌា ។
លោកព្រឹទ្ធាចារ្យ បណ្ឌិត សំ បេ កើតនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ ១៩៤៧ នៅភូមិស្រែពាំង ឃុំបាក់ចញ្ចៀន ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ។ លោកព្រឹទ្ធាចារ្យ សំ បេ មានឪពុកឈ្មោះ សំ សែ ម្ដាយឈ្មោះ ចាយ នឹង និងមានបងប្អូន ៨ នាក់ គាត់ជាកូនច្បងក្នុងគ្រួសារ ។
ដោយមានភារៈជារៀមច្បងក្នុងគ្រួសារ កុមារ សំ បេ ត្រូវរកស៊ីចិញ្ចឹមគ្រួសារ តាំងពីគាត់មានអាយុ ៨ ឆ្នាំម៉្លេះ ដោយត្រូវធ្វើការងារផ្ទះ រែកទឹក ពុះអុស និង ការងារតម្បាញ ដូចជា ត្បាញចង្អេរ ត្បាញកន្ទេលជាដើម ។ មិនតែប៉ុណ្ណោះ គាត់បានដើរបេះផ្លែក្រវ៉ាញជាមួយឪពុកទៀតផង ដើម្បីជីវភាពគ្រួសារ ។
នៅក្នុងសម័យក្រោយបានឯករាជ្យ ប្រទេសកម្ពុជាយើង ត្រូវការអ្នកចេះដឹងច្រើនណាស់ ដើម្បីបម្រើជាតិមាតុភូមិឲ្យចម្រើនរុងរឿង ។ ដូច្នេះកុលបុត្រកុលធីតាខ្មែរ ត្រូវស្វះស្វែងរកការសិក្សារៀនសូត្របំពេញវិជ្ជា ទោះនៅទីជិតឬឆ្ងាយម្ដេចម្ដាក៏ត្រូវខំតស៊ូរៀនសូត្រឲ្យបានខ្ពង់ខ្ពស់ដែរ ។ ទោះយ៉ាងណា កូនប្រុសមានឱកាសជាងកូនស្រីក្នុងគ្រួសារ ក្នុងការសិក្សារៀនសូត្រ ដោយសារមានវត្តអារាមជាសាលារៀនសម្រាប់អ្នកបួស ។ តាំងពីចាប់ផ្ដើមចូលរៀនដំបូង ភិក្ខុ សំ បេ បានកំណត់ទិសដៅយ៉ាងច្បាស់លាស់ថា នឹងត្រូវបួសរៀនរហូតដល់ចប់ថ្នាក់ ។
ស្របពេលនឹងកាលៈទេសៈចាំបាច់នៃស្រុកទេសបែបនេះ កុមារ សំ បេ ក៏ដូចជាកុមារដទៃជាច្រើនទៀតដែរ បានចាក់ចេញឆ្ងាយស្រុកកំណើត ដើម្បីស្វែងរកការសិក្សា ។ នៅក្នុងអាយុបាន ១០ ឆ្នាំ កុមារ សំ បេ បានសុំឪពុកម្ដាយទៅរៀន នៅវត្តសំរោង ខេត្តបាត់ដំបង ក្នុងសម្នាក់ព្រះចៅអធិការវត្តឈ្មោះ លោកតា មូល ។ បួនឆ្នាំក្រោមមក កុមារ សំ បេ ក៏បានបព្វជ្ជាជាសាមណេរនៅវត្តនេះ ក្នុងអាយុ ១៤ ឆ្នាំ ។
លុះបួសបានមួយឆ្នាំ សាមណេរ សំ បេ ក៏បានចាកចេញទៅបន្តការសិក្សា នៅវត្តមោងឫស្សី ស្រុកមោងឫស្សី ខេត្តបាត់ដំបង អស់រយៈពេល ៦ ឆ្នាំ ។ បន្ទាប់មក យុវសមណៈ សំ បេ បានបន្ដការសិក្សាភាសាបាលី នៅវត្តកែវសុវណ្ណ ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ ។ ក្រោយមកទៀត យុវសមណ សំ បេ បានទៅគង់នៅវត្តកំផែង ដើម្បីបន្តការសិក្សាភាសាបាលី នៅពុទ្ធិកវិទ្យាល័យអ៊ឹងធួង ខេត្តបាត់ដំបង រហូតដល់បញ្ចប់ថ្នាក់ពុទ្ធិកមធ្យមសិក្សា (បាក់ឌុប) ។ ការសិក្សាបំពេញវិជ្ជាចេះតែបន្តទៅទៀត ដោយវីរិយភាពខ្ពស់របស់ភិក្ខុ សំ បេ ។ ចុងក្រោយ ភិក្ខុ សំ បេ បានសម្រេចចិត្តទៅបន្ដការសិក្សាសាលាបាលីជាន់ខ្ពស់ នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ រហូតបានទទួលសញ្ញាបត្របរិញ្ញាបត្រពីពុទ្ធិកមហាវិទ្យាល័យភ្នំពេញ ក្នុងឆ្នាំ ១៩៧១ ដោយទទួលបាននិទ្ទេស «ល្អណាស់» ទៀតផង ។
អាគារធំនៃមហាវិទ្យាល័យហ្វើហ្គុស្សាន់ សាកលវិទ្យាល័យពូណេ រដ្ឋមហារាស្ត្រ, ១៧ ឧសភា ២០០៧ ។ រូបភាព៖ វីគីភីឌា |
ការសិក្សានិងការរស់នៅប្រទេសឥណ្ឌាជាង ៤០ ឆ្នាំ
ក្នុងដើមទសវត្សរ៍ឆ្នាំ ១៩៧០ ក្នុងភេទជាភិក្ខុភាវ បណ្ឌិត សំ បេ បានទទួលអាហារូបករណ៍វប្បធម៌ (ICCR) ពីរដ្ឋាភិបាលឥណ្ឌា ដើម្បីបន្តការសិក្សាថ្នាក់អនុបណ្ឌិត នៅសាកលវិទ្យាល័យពូណេ (University of Poona [now Pune]) រដ្ឋមហារាស្ត្រ ប្រទេសឥណ្ឌា ។ គាត់បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកសង្គមវិទ្យា នៅមហាវិទ្យាល័យហ្វើហ្គុស្សាន់ ដ៏ល្បីល្បាញនៃសាកលវិទ្យាល័យនេះ ក្នុងឆ្នាំ ១៩៧៤ ។ បន្ទាប់មក គាតក៏បានបន្តការសិក្សាជាន់ខ្ពស់ថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យដដែល និងបានសរសេរបញ្ចប់សារណាស្រាវជ្រាវ ក្នុងឆ្នាំ១៩៧៨ ក្រោមប្រធានបទដ៏សំខាន់មួយគឺ «ឥទ្ធិពលព្រះពុទ្ធសាសនា លើជីវភាពសង្គមខ្មែរ» ជាភាសាអង់គ្លេស «The Impact of Buddhism on Cambodian Social Life» ។
ការសិក្សាស្រាវជ្រាវនេះ បណ្ឌិត សំ បេ មានគោលបំណងបង្ហាញដល់ប្រជាជនឥណ្ឌា ដែលពុំសូវយល់ដឹងអំពីទ្រឹស្តីព្រះពុទ្ធសាសនា ក្នុងសង្គមមនុស្ស អំពីសារសំខាន់និងឥទ្ធិពលរបស់ព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរ «តាំងពីកើតដល់ស្លាប់» ។ ការរស់នៅសិក្សាក្នុងប្រទេសឥណ្ឌារបស់គាត់នាកាលនោះ បណ្ឌិត សំ បេ បានយល់ឃើញថា ប្រជាជនឥណ្ឌាមានទស្សនៈជាទូទៅថា៖
«ព្រះពុទ្ធសាសនាជាសាសនាលះបង់ផ្លូវលោក និយាយតែពីរឿងព្រះនិព្វាន ព្រោះហេតុដូច្នោះ វាជាសាសនាមួយដែលមានទុទិដ្ឋិនិយម ចំពោះជីវភាពសង្គម និងជាសាសនាដែលគាំទ្រការលះបង់ចោលនូវជីវិតសកម្មក្នុងលោក និងជាសាសនាដែលពុំមានទស្សនវិជ្ជមាន អំពីការចាត់តាំងនូវជីវភាពសង្គមនៃមនុស្សលោក។»
អ៊ីចឹងហើយទើបគាត់ជ្រើសរើសប្រធានបទនេះ មកសិក្សាស្រាវជ្រាវ ដើម្បីជាពន្លឺដល់ប្រជាជនឥណ្ឌា ថាតើព្រះពុទ្ធសាសនាមានឥទ្ធិពលលើសង្គមមនុស្សបែបណាខ្លះ ។ គាត់បានសិក្សាយ៉ាងស៊ីជម្រៅ អំពីឥទ្ធិពលព្រះពុទ្ធសាសនាលើសង្គមខ្មែរ លើកត្តាសំខាន់ៗដូចជា គ្រួសារ ការសិសក្សាអប់រំ សេដ្ឋកិច្ច នយោបាយ និងវប្បធម៌ (ជាពិសេស ក្នុងបរិបទបដិវត្តិកុម្មុយនីស្តកម្ពុជា ជាសម័យដែលគាត់កំពុងសរសេរសារណារបស់គាត់) ។
«ព្រះពុទ្ធសាសនាជាសាសនាលះបង់ផ្លូវលោក និយាយតែពីរឿងព្រះនិព្វាន ព្រោះហេតុដូច្នោះ វាជាសាសនាមួយដែលមានទុទិដ្ឋិនិយម ចំពោះជីវភាពសង្គម និងជាសាសនាដែលគាំទ្រការលះបង់ចោលនូវជីវិតសកម្មក្នុងលោក និងជាសាសនាដែលពុំមានទស្សនវិជ្ជមាន អំពីការចាត់តាំងនូវជីវភាពសង្គមនៃមនុស្សលោក។»
អ៊ីចឹងហើយទើបគាត់ជ្រើសរើសប្រធានបទនេះ មកសិក្សាស្រាវជ្រាវ ដើម្បីជាពន្លឺដល់ប្រជាជនឥណ្ឌា ថាតើព្រះពុទ្ធសាសនាមានឥទ្ធិពលលើសង្គមមនុស្សបែបណាខ្លះ ។ គាត់បានសិក្សាយ៉ាងស៊ីជម្រៅ អំពីឥទ្ធិពលព្រះពុទ្ធសាសនាលើសង្គមខ្មែរ លើកត្តាសំខាន់ៗដូចជា គ្រួសារ ការសិសក្សាអប់រំ សេដ្ឋកិច្ច នយោបាយ និងវប្បធម៌ (ជាពិសេស ក្នុងបរិបទបដិវត្តិកុម្មុយនីស្តកម្ពុជា ជាសម័យដែលគាត់កំពុងសរសេរសារណារបស់គាត់) ។
ក្រោយលាចាកសិក្ខាបទ បណ្ឌិត សំ បេ បានបន្តរស់នៅប្រទេសឥណ្ឌា រហូតដល់បានទទួលសញ្ជាតិឥណ្ឌា និងមិនបានត្រលប់ទៅស្រុកខ្មែរវិញទេ។ មិត្តភក្តិរួមជំនាន់/សម័យ (សង្គមរាស្ត្រនិយម និងខ្មែរសាធារណរដ្ឋ) របស់បណ្ឌិត សំ បេ មានដូចជា៖
- ភិក្ខុ អ៊ុក អ៊ិន (សាកលវិទ្យាល័យនាលន្ទា; Nalanda University, Rajgir)
- ព្រះមហា ស៊ុន សារៀម (សាកលវិទ្យាល័យនាលន្ទា; Nalanda University, Rajgir)
- មហា ប៉ែន សាអឿន (សាកលវិទ្យាល័យនាលន្ទា; Nalanda University, Rajgir)
- មហា គួច គីឡេង (សាកលវិទ្យាល័យដែល្លី ទីក្រុងញូវដែល្លី; University of Delhi, New Delhi)
- មហា ឈឹម ផន (សាកលវិទ្យាល័យដែល្លី ទីក្រុងញូវដែល្លី; University of Delhi, New Delhi)
- មហា គង់ គូ (សាកលវិទ្យាល័យដែល្លី ទីក្រុងញូវដែល្លី; University of Delhi, New Delhi)
- មហា អៀង មាន (សាកលវិទ្យាល័យដែល្លី ទីក្រុងញូវដែល្លី; University of Delhi, New Delhi)
- បណ្ឌិត លី គីមឡុង (សាកលវិទ្យាល័យហិណ្ឌូពារាណសី ក្រុងពារាណសី; Banaras Hindu University, Varanasi)
- ភិក្ខុ អ៊ុន សំបេត (សាកលវិទ្យាល័យហិណ្ឌូពារាណសី ក្រុងពារាណសី; Banaras Hindu University, Varanasi)
- ព្រះភិក្ខុបណ្ឌិត គង់ ឈាន (សាកលវិទ្យាល័យហិណ្ឌូពារាណសី ក្រុងពារាណសី; Banaras Hindu University, Varanasi)
- ព្រះមហា ចន្ទវណ្ណោ អ៊ុង មាន (សាកលវិទ្យាល័យសំស្ក្រឹតសម្បូណ៌ានន្ទ ក្រុងពារាណសី; Sampurnanand Sanskrit University, Varanasi)
- ព្រះមហា អគ្គរតោ តោ អាន (សាកលវិទ្យាល័យសំស្ក្រឹតសម្បូណ៌ានន្ទ ក្រុងពារាណសី; Sampurnanand Sanskrit University, Varanasi)
- ភិក្ខុ ប៉ោ វន់ (សាកលវិទ្យាល័យសំស្ក្រឹតសម្បូណ៌ានន្ទ ក្រុងពារាណសី; Sampurnanand Sanskrit University, Varanasi)
- ភិក្ខុ នន់ ណន (សាកលវិទ្យាល័យសំស្ក្រឹតសម្បូណ៌ានន្ទ ក្រុងពារាណសី; Sampurnanand Sanskrit University, Varanasi)
- ព្រះមហា ឯកបញ្ញោ ឥសី ប្រសើដ្ឋ (សាកលវិទ្យាល័យសំស្ក្រឹតសម្បូណ៌ានន្ទ ក្រុងពារាណសី; Sampurnanand Sanskrit University, Varanasi)
- ព្រះបណ្ឌិត ម៉ុក សុផល (សាកលវិទ្យាល័យសំស្ក្រឹតសម្បូណ៌ានន្ទ ក្រុងពារាណសី; Sampurnanand Sanskrit University, Varanasi)
- ព្រឹទ្ធាចារ្យ កែវ ប៉ាម៉ា (សាកលវិទ្យាល័យសំស្ក្រឹតសម្បូណ៌ានន្ទ ក្រុងពារាណសី; Sampurnanand Sanskrit University, Varanasi)
ពួកគាត់អាចជាក្រុមសមណនិស្សិតខ្មែរ ជំនាន់ទី២ឬទី៣ ដែលមកសិក្សានៅប្រទេសឥណ្ឌាក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ព្រោះក្នុងទសវត្សរ៍ឆ្នាំ១៩៥០~៦០ មានសមណនិស្សិតខ្មែរចំនួន៣អង្គគឺ មហាអាំ សួន មហា វ៉ា យ៉ាវ និង មហា មាស ចន ដែលបានមករៀនព្រះពុទ្ធសាសនា នៅសាកលវិទ្យាល័យនាលន្ទា ប្រទេសឥណ្ឌា ជាក្រុមព្រះសង្ឃខ្មែរទី១ ប៉ុន្តែដែលមុនគេបំផុតគឺ មហា គួច គីឡេង និង មហា ឆាយ ផន ក្នុងឆ្នាំ ១៩៥៤ ។
ព្រឹទ្ធាចារ្យ បណ្ឌិត សំ បេ ជាសមាជិកស្ថាបនិកនៃសង្គមព្រះពុទ្ធសាសនាថេរវាទឥណ្ឌា~ខ្មែរ (Indo-Khmer Theravada Buddhist Society) ដែលបានចុះបញ្ជីសមាគមនៃរដ្ឋាភិបាលឥណ្ឌា ក្នុងឆ្នាំ១៩៩១ និងជាសហការីកសាងវត្តខ្មែរកុរុរដ្ឋខេមរារាម (ហៅវត្តខ្មែរញូវដែល្លី) នៅទីក្រុងញូវដែល្លី ក្នុងឆ្នាំ១៩៩៤ ។ ក្រោយពីលោកតា ព្រះមហាឥសី ប្រសើដ្ឋ សុគតទៅ បណ្ឌិត សំ បេ បានក្លាយនាយកប្រតិបត្តិ នៃសង្គមព្រះពុទ្ធសាសនាថេរវាទឥណ្ឌា~ខ្មែរ និងគ្រប់គ្រងវត្តខ្មែរញូវដែល្លីជារៀងរហូតមក ដោយបដិសេធមិនទទួលនូវតំណែងធំៗក្នុងរាជការខ្មែរ ដែលគេអាចឲ្យ ប្រសិនបើគាត់ត្រឡប់ទៅស្រុកខ្មែរវិញនាកាលនោះ ។ គាត់សុខចិត្តនៅថែរក្សាវត្ត ដែលជាកេរដំណែលរបស់លោកតា ព្រះមហាឥសី ប្រសើដ្ឋ នេះ មិនឲ្យបាត់បង់ទៅជាតិសាសន៍ដទៃដូចវត្តខ្មែរអសោក (Ashoka Mission Vihara, New Delhi) ទៀត ។
វត្តខ្មែរញូវដែល្លីជាមជ្ឈមណ្ឌលយ៉ាងសំខាន់ សម្រាប់ធម្មយាត្រានៃពុទ្ធបរិស័ទខ្មែរ មកកាន់ទឹកដីពុទ្ធភូមិប្រទេសឥណ្ឌា ។ ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ គាត់ធ្លាប់បានធ្វើការ នៅបណ្ណាល័យខុង្គ្រេស (Library of Congress) នៅទីក្រុងញូវដែល្លី ដែលជាស្ថាបបនសិក្សាស្រាវជ្រាវមួយ របស់សភាខង្គ្រេសសហរដ្ឋអាមេរិក និងជាបណ្ណាល័យជាតិរបស់សហរដ្ឋអាមេរិក ។ និយាយពីតួននាទីក្នុងព្រះពុទ្ធសាសនាខ្មែរវិញ លោកព្រឹទ្ធាចារ្យ ជាទីប្រឹក្សាបច្ចេកទេស នៃក្រុមប្រឹក្សាភិបាល និងជាប្រធានអនុគណៈកម្មការទំនាក់ទំនងសាធារណៈ និងសហការធ្វើគម្រោង នៃសមាគមធម្មទូត (កម្ពុជា) ។
វត្តខ្មែរញូវដែល្លីជាមជ្ឈមណ្ឌលយ៉ាងសំខាន់ សម្រាប់ធម្មយាត្រានៃពុទ្ធបរិស័ទខ្មែរ មកកាន់ទឹកដីពុទ្ធភូមិប្រទេសឥណ្ឌា ។ ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ គាត់ធ្លាប់បានធ្វើការ នៅបណ្ណាល័យខុង្គ្រេស (Library of Congress) នៅទីក្រុងញូវដែល្លី ដែលជាស្ថាបបនសិក្សាស្រាវជ្រាវមួយ របស់សភាខង្គ្រេសសហរដ្ឋអាមេរិក និងជាបណ្ណាល័យជាតិរបស់សហរដ្ឋអាមេរិក ។ និយាយពីតួននាទីក្នុងព្រះពុទ្ធសាសនាខ្មែរវិញ លោកព្រឹទ្ធាចារ្យ ជាទីប្រឹក្សាបច្ចេកទេស នៃក្រុមប្រឹក្សាភិបាល និងជាប្រធានអនុគណៈកម្មការទំនាក់ទំនងសាធារណៈ និងសហការធ្វើគម្រោង នៃសមាគមធម្មទូត (កម្ពុជា) ។
បណ្ឌិត សំ បេ មានគុណបំណាច់ដ៏ធំធេង ក្នុងការធានាផ្នែកច្បាប់និងស្មារតី ក្នុងការបង្កើតវត្តខ្មែរថ្មីបួនទៀត នៅតាមពុទ្ធស្ថាននានាក្នុងប្រទេសឥណ្ឌា ដើម្បីជាឧត្តមប្រយោជន៍ដល់ជាតិនិងសាសនា និងពុទ្ធបរិស័ទជិតឆ្ងាយគឺ វត្តខ្មែរពារាណសី វត្តខ្មែររាជគ្រឹះ វត្តខ្មែរសង្កស្ស និងវត្តខ្មែរកោសម្ពីខេមរារាម ។ ព្រោះហេតុនេះ នៅថ្ងៃទី០៦ ខែវិច្ឆិកា ព.ស. ២៥៦០/គ.ស. ២០១៧ ព្រឹទ្ធាចារ្យ បណ្ឌិត សំ បេ ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ព្រះរាជទានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជាថ្នាក់ «មហាសិរីវឌ្ឍន៍» ដែលមានស្នាដៃល្អក្នុងការចូលរួមកសាងព្រះវិហារថ្មី និងសមិទ្ធិផលនានា ក្នុងវិស័យព្រះពុទ្ធសាសនា នៅវត្តខ្មែរកោសម្ពីខេមរារាម ប្រទេសឥណ្ឌា ។
តាមរយៈការប្រាស្រ័យទាក់ទង និងការជជែកលេងជាមួយព្រឹទ្ធាចារ្យបណ្ឌិត សំ បេ ជាញឹកញាប់ ខ្ញុំយល់ឃើញថា គាត់ជាបញ្ញវន្តដ៏កម្រមួយរូប ដែលមានចំណេះដឹងជ្រៅជ្រះ ផ្នែកសង្គមពុទ្ធសាសនាខ្មែរ~ឥណ្ឌា ។ ខ្ញុំតែងតែមានចំណាប់អារម្មណ៍ខ្លាំង ពេលដែលលោកព្រឹទ្ធាចារ្យ លើកឡើងនូវឯកសារយោងដែលគាត់ធ្លាប់អានរាប់មិនអស់ ។ ម្យ៉ាងទៀត សារណាថ្នាក់បណ្ឌិតរបស់គាត់ ពិតជាប្រភពចំណេះដឹងដ៏មានតម្លៃដ៏កម្រមួយ ដែលរួមចំណែកក្នុងការសិក្សាស្រាវជ្រាវ ទាក់ទងនឹងព្រះពុទ្ធសាសនាជាទូទៅ និងព្រះពុទ្ធសាសនាខ្មែរជាពិសេស ។ គាត់គួរតែបានក្លាយជាសាស្ត្រចារ្យ ដ៏ល្បីល្បាញមួយរូប នៅសាកលវិទ្យាល័យ នៅស្រុកខ្មែរឬស្រុកឥណ្ឌា ទើបស័ក្តិសមនឹងចំណេះដឹង និងប្រាជ្ញាញាណរបស់គាត់ ។
ជាពុទ្ធសាសនិកជនតាំងពីកំណើតម្នាក់ ព្រឹទ្ធាចារ្យ បណ្ឌិត សំ បេ មានទស្សនវិជ្ជាសម្រាប់ជីវិតយ៉ាងដូច្នេះ៖ «ត្រូវរស់នៅដោយតាមសាមញ្ញ ត្រូវរស់នៅដោយសមភាពនឹងអ្នកដទៃ ត្រូវស្រឡាញ់អ្នកដទៃឲ្យដូចខ្លួនឯង ត្រូវស្រឡាញ់ (គិតពី) ប្រយោជន៍អ្នកដទៃ ត្រូវស្រឡាញ់ក្នុងការជួយយកអាសាអ្នកដទៃ ត្រូវស្រឡាញ់ការបរិច្ចាគទាន និងសប្បុរសធម៌...» ។
«រូបំ ទុក្ខំ អនិច្ចំ អនត្តា» គួរឲ្យសោកស្តាយជាពន់ពេក ព្រឹទ្ធាចារ្យបណ្ឌិត សំ បេ បានទទួលមរណភាព នៅថ្ងៃទី១៩ ខែមីនា គស២០១៩/ពស២៥៦២ វេលាម៉ោង ៤:៤៥ នាទី នៅមន្ទីរពេទ្យម៉ាក់ ទីក្រុងញូវដែល្លី ក្នុងជន្មាយុ ៧២ឆ្នាំ ដោយជរាពាធ ។ កម្មវិធីបុណ្យប្រព្រឹត្តធ្វើនៅវត្តខ្មែរកុរុរដ្ឋខេមរារាម ភូមិអន្ធេរៀម័រ តំបន់មេរុលី ទីក្រុងញូវដែល្លី ។
មរណភាពរបស់ព្រឹទ្ធាចារ្យ បណ្ឌិត សំ បេ ជាការបាត់បង់ធនធានមនុស្ស និងប្រមុខដឹកនាំមួយដ៏សំខាន់ ។ ប៉ុន្តែ «រូបំ ជិរតិ មច្ចានំ នាមគោត្តំ ន ជិរតិ» រូបរបស់មនុស្សសត្វរមែងតែងចាស់ជរា តែនាមនិងគោត្ត មិនដល់ការចាស់ជរាឡើយ។ ស្នាដៃនិងគុណបំណាច់របស់លោកព្រឹទ្ធាចារ្យ នឹងជាទីចងចាំនៃបច្ឆាជនទាំងឡាយ ទាំងអ្នកនៅក្នុងប្រទេសឥណ្ឌា និងអ្នកនៅប្រទេសកម្ពុជាជានិរន្តរ៍ ៕
ប្រភពព័ត៌មាន៖
១.ការសន្ទនារបស់លោកវិទូ ជាមួយលោកព្រឹទ្ធាចារ្យ បណ្ឌិត កែវ ប៉ាម៉ា កំឡុងបុណ្យសពបណ្ឌិត សំ បេ ។
២.សារណាថ្នាក់បណ្ឌិតទស្សនវិជ្ជា នៃសាកលវិទ្យាល័យពូណេរបស់បណ្ឌិត សំ បេ (១៩៧៨) ។
៣.ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំទី ៣៤ លេខ ១ ខែមេសា ព.ស. ២៥០៤ គ.ស. ១៩៦២ ។ល។
៤.ទស្សនាវដ្ដីពុទ្ធិកវិទ្យាល័យ ឆ្នាំ ១៩៥៦ លេខ ៦ ។ល។
© រក្សាសិទ្ធិដោយលោកវិទូ
១.ការសន្ទនារបស់លោកវិទូ ជាមួយលោកព្រឹទ្ធាចារ្យ បណ្ឌិត កែវ ប៉ាម៉ា កំឡុងបុណ្យសពបណ្ឌិត សំ បេ ។
២.សារណាថ្នាក់បណ្ឌិតទស្សនវិជ្ជា នៃសាកលវិទ្យាល័យពូណេរបស់បណ្ឌិត សំ បេ (១៩៧៨) ។
៣.ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំទី ៣៤ លេខ ១ ខែមេសា ព.ស. ២៥០៤ គ.ស. ១៩៦២ ។ល។
៤.ទស្សនាវដ្ដីពុទ្ធិកវិទ្យាល័យ ឆ្នាំ ១៩៥៦ លេខ ៦ ។ល។
© រក្សាសិទ្ធិដោយលោកវិទូ