ព្រះពុទ្ធ និងលោក កាល់ ម៉ារក្ស
ដោយលោក ប៉ែន – សាអឿន(*)
អត្ថបទក្បាលទី ១ ឆ្នាំទី ៤៥ លេខ ១២ ព.ស ២៥១៥ គ.ស ១៩៧៣ ទំព័រ ៥៦៥
ពុទ្ធបរិស័ទទាំងឡាយ អស់លោកជ្រាបហើយថា គំនិត និងទ្រឹស្ដី សម្រាប់រំដោះសេចក្ដីទុក្ខលំបាករបស់មនុស្ស និង សង្គមមនុស្ស នៃព្រះពុទ្ធ មានច្រើនប្រការក្រៃលែង ដែលបុព្វបុរសខ្មែរយើងបានរក្សាទុកឲ្យកូនចៅខ្មែរដរាបដល់សព្វថ្ងៃនេះ ។ ប៉ុន្តែគ្រោះថ្នាក់ប្រវត្តិសាស្រ្តខ្មែរ បណ្ដាលមកពីប្រទេសជិតខាងមានមហិច្ចតា លោភលន់ដណ្ដើមទឹកដីនិងភោគទ្រព្យរបស់យើង ចាប់តាំងពីសម័យមហានគរ រហូតដល់សព្វថ្ងៃនេះ ពុំអនុញ្ញាតឲ្យយើងជាពុទ្ធបរិស័ទទាញយកគំនិត និង ទ្រឹស្ដី ក្នុងផ្នែកកសាងសង្គម និង សាងបុគ្គលិកលក្ខណៈនៃមនុស្សម្នាក់ៗ ក្លាយទៅជាអារ្យប្រទេស និង អារ្យជនមកអនុវត្តបានផលដូចជាយើងប្រាថ្នាឡើយ ។
តាំងពីសតវត្សទី ១៤ រហូតដល់ទី ២០ នៃគ្រិស្តសករាជ << ជាង ៦០០ ឆ្នាំ >> បន្ទាប់ពីការរលំមហានគរមក ឆ្លៀតឱកាសដែលខ្មែរកំពុងទន់ខ្សោយ បរទេសដែលលោភលន់ << ស្បែកលឿងដូចគ្នា និង ស្បែកអាណានិគម >> បានសង្កត់និងជិះជាន់យកប្រយោជន៍និងត្រួតត្រាលើយើងគ្មានឈប់ឈរ ។ បើយ៉ាងនេះ តើខ្មែរយើងមានពេលឯណា នឹងយកទ្រឹស្ដីព្រះពុទ្ធសាសនាមកអនុវត្តកសាងខ្លួនទៅកើត អង្គការព្រះពុទ្ធសសនា ដែលមានវត្តអារាមគ្រប់ទីកន្លែងក្នុងសាធារណរដ្ឋខ្មែរ ជាកន្លែងសិក្សាអប់រំកុលបុត្រ – កុលធីតា ខ្មែរ បានឱកាសត្រឹមតែឃុំគ្រងពុទ្ធបរិស័ទជើងវត្ត ព្រមទាំងឲ្យចំណេះវិជ្ជាបន្តិចបន្តួច ដល់បុត្រខ្មែរតែប៉ុណ្ណោះ ។ ម្យ៉ាង ទៀតក្នុងដំណាក់កាលចប់សង្គ្រាមម្ដងៗ ខ្មែរគ្រប់ទីកន្លែង ត្រូវបានពួកខ្មែរនិយមកំអែលបរទេសជិះជាន់ថែមទៀត ។ ពួកខ្មែរជិះជាន់ជំពូកនេះ គឺពួកថ្នាក់ជាន់ត្រួតត្រាស្រុកទេសខាងក្រោយ ឬពួកកាន់ការបន្ទាប់ពីពួកបរទេសមក ។ ពួកនេះ ដែលមានស្ដេចជាប្រមុខ រវល់តែឃុបឃិតយកប្រយោជន៍ពីខ្មែរគ្នាឯងជាមួយបរទេសធ្វើការដណ្ដើមអំណាចគ្នាគ្រប់គ្រងរដ្ឋ ធ្វើឲ្យមានទំនាស់រវាងខ្មែរគ្នាឯង ធ្វើឲ្យរាស្ត្រអស់សេចក្ដីទុកចិត្តលើគ្នាឯងគ្រប់គ្រងរដ្ឋ ឥតរវល់និងរបបសេដ្ឋកិច្ចជនបទ នាំឲ្យ សេដ្ឋកិច្ចជនបទហួសសម័យ នាំគ្នាប្រមូលទ្រព្យសម្បត្តិស្ដុកស្ដម្ភនៅទីក្រុងដែលជាកន្លែងគ្រប់គ្រង នាំឲ្យរង្គោះរង្គើវិនិយោគគ្រួសារខ្មែរជនបទគ្រប់ទីកន្លែង ។ ទាំងអស់នេះ នាំឲ្យបរទេសជិតខាងខ្មែរមើលងាយខ្មែរ ហើយឆ្លៀតឱកាសឈ្លានពានខ្មែរ ឥតឈប់ឈរសោះឡើយ ។
ពុទ្ធបរិស័ទទាំងឡាយ នៅថ្ងៃនេះ ម៉ោងនេះ អស់លោកជ្រាបស្រាប់ ព្រមទាំងឃើញនឹងភ្នែកខ្លួនឯងស្រាប់ហើយថា ចាបតាំងពីរបបសក្ដិភូមិ រាជានិយមបានរលំភ្លាមនៅថ្ងៃ ១៨ មីនា ១៩៧០ ដោយសារស្នាដៃរាស្ត្រខ្មែរ ពុទ្ធបរិស័ទមានសង្ឃឹមថា មុខជាបានឱកាសយកគំនិតនិងទ្រឹស្ដីសង្គមនិយមព្រះពុទ្ធសាសនា មកអនុវត្តសាងសង្គមខ្មែរពុំខាន ។ ប៉ុន្តែ ផ្ទុយទៅវិញ ពួកក្រុមអ្នកគ្រប់គ្រងរដ្ឋមួយក្ដាប់តូចនេះ បន្ទាប់ពីបានបាត់មុខ-មាត់ ដោយសាររាស្ត្រខ្មែរបានបណ្ដេញចេញពីអំណាច បានបបួលប្រទេសជិតខាងមានមហិច្ឆតាចង់លេបទឹកដីខ្មែរស្រាប់ផង ឲ្យនាំទ័ពនិងមនោគមវិជ្ជាកុម្មុយនិស្តមកវាយខ្មែរ និងសាបព្រោះបំពុលទឹកចិត្តខ្មែរ ឲ្យស្អប់វប្បធម៌ និងពុទ្ធសាសនា ដែលជាព្រលឹងនិងដួងវិញ្ញាណខ្មែរ រហូតដល់ហ៊ានសម្លាប់ព្រះសង្ឃខ្មែរ ដុតបំផ្លាញវត្តអារាមខ្មែរគ្រប់ទីកន្លែងនៅក្នុងសាធារណរដ្ឋខ្មែរតែម្ដង ។
យោលទោតាមសម្បត្តិធម្មជាតិរបស់ខ្មែរ ការសម្បូរសប្បាយរបស់ខ្មែរ ទឹកដីដ៏ទូលាយនិងមានជីវជាតិដ៏សម្បូររបស់ខ្មែរ តើពុទ្ធបរិស័ទសុខចិត្តលះបង់ ពុទ្ធសាសនា លះបង់វប្បធម៌ និងជាតិនិយមរបស់ខ្លួន ហើយប្រកាន់យកលទ្ធិកុម្មុយនិស្ត ទើបអាចសាងស្រុកទេស ? អស់លោកយល់ថា លទ្ធិកុម្មុយនិស្តឲ្យចម្រើនលូតលាស់ឬ ? តើអស់លោកស្គាល់ច្បាស់ទេ ? អ្នកណាជាមេ លទ្ធិកុម្មុយនិស្ត ពុទ្ធសាសនានិង លទ្ធិកុម្មុយនិស្តផ្សេងគ្នាដូចម្ដេច ?
ដើម្បីជាសណ្ដាប់តទៅ យើងសូមរាវរកឫសគល់ លទ្ធិកុម្មុយនិស្ត ដោយប្រៀបធៀបជាមួយ ព្រះពុទ្ធសាសនា ជូនអស់ស្ដាប់ ដូចតទៅនេះ :
១- ប្រវត្តិនិងប្រភពសង្ខេបនៃ ព្រះពុទ្ធសាសនា និង កាល់ម៉ារក្ស
ក- ព្រះពុទ្ធ : ព្រះពុទ្ធគឺជាលោកវិទូសាកល ជាអគ្គបុគ្គលប្រកបដោយបុរិសលក្ខៈខ្ពង់ខ្ពស់បំផុត ជាអ្នកមានសព្វញ្ញុតញ្ញាណ គឺជាញាណទី៨ នៃបុគ្គលដែលកម្ររកបានក្នុងលោកយើងនេះ ។ ក្នុងជីវិតរបស់ព្រះពុទ្ធ យើងញើញថា ព្រះអង្គបានបំពេញប្រយោជន៍សម្រាប់ខ្លួនព្រះអង្គឲ្យទៅជាព្រះ « ពុទ្ធចរិយា » ប្រយោជន៍ជូនព្រះញាតិរបស់ព្រះអង្គ « ញាតត្ថចរិយា » និងប្រយោជន៍សម្រាប់លោកទាំងមូល « លោកត្ថចរិយា » បានគ្រប់គ្រាន់ទាំងអស់ ។ ចំពោះគុណធម៌នៃព្រះពុទ្ធ ព្រះធម៌ និង ព្រះសង្ឃ យើងសុំអសើលោកពិនិត្យមើលពុទ្ធគុណ ធម្មគុណ និងសង្ឃគុណតទៅទៀតចុះ ។ ព្រះធម៌គឺ ព្រះត្រៃបិតក ។ ឯព្រះសង្ឃ គឺជាបុត្រផ្ទាល់ នៃព្រះពុទ្ធ ជាក្រុមទទួលបេសកកម្មពីព្រះពុទ្ធផ្ទាល់ ឲ្យជួយរៀបចំសង្គមក្នុងវិស័យអប់រំ ដើម្បីផ្សាយព្រះធម៌នៃព្រះអង្គ ។
កាលមុនបានក្លាយទៅជាព្រះពុទ្ធ ព្រះអង្គមាននាមថា « ព្រះសិទ្ធត្ថៈ » ជាព្រះរាជបុត្រនៃព្រះបាទសុទ្ធោទនៈនៃក្រុងកបិលព័ស្ដុ ប្រទេសនេប៉ាល់នៃបច្ចុប្បន្នកាលនេះ ព្រះពុទ្ធ គឺជាមជ្ឈិមប្បដិបទានិយម ។ ព្រះអង្គបានទៅពិសោធរកការពិត៦ឆ្នាំ ជាមួយរាស្ត្រ ។
ខ- លោកកាល់ម៉ារក្ស : លោក កាល់ម៉ារក្សគឺជាអ្នកសង្គមនិយម និងជាទស្សវិទូនៃជាតិអាល្លឺម៉ាញ ជាបិតាដ៏សាកសិទ្ធ ជាទីគោរពរបស់កុម្មុយនិស្តរុស្ស៊ី ។ ពួករុស្ស៊ី បានទុកលោកកាល់ម៉ារក្សជាអ្នកសម្ភារៈនិយមនៃសង្គមមនុស្សតែម្ដង ។ ដែលខ្លួនលោកបានក្លាយទៅជា អ្នកសម្ភារៈនិយមហួសហេតុយ៉ាងនេះ ព្រោះលោកមានវិបត្តិក្នុងជីវិតនយោបាយ មិនមានជោគជ័យក្នុងការដណ្ដើមអំណាច មានចិត្តជាអ្នកស្អប់ខ្ពើមមនុស្សជាតិតែម្ដង ជាឃាតកនៃពិភពលោក ។ អ្នកដែលយកទ្រឹស្ដីលោកកាល់ម៉ារក្សមកប្រើ ក៏មានឈ្មោះថា ជាឃាតកដែរ ។ បានជាយើងពោលយ៉ាងនេះ ព្រោះយើងយោងទៅលើទ្រឹស្ដីសេដ្ឋកិច្ចខុសទំនងរបស់លោក ដែលយើងនឹងពោលរឿងនេះទៅវគ្គក្រោយ ។ នៅទីនេះ យើងសុំបញ្ជាក់ថា « វិធីបង្កើត សម្ភារៈ គឺជាអត្រាសម្រេចនូវលក្ខណៈសង្គម នយោបាយនិងប្រាជ្ញា មានតែសម្ភារៈទេដែលគ្រប់គ្រងពិភពលោក »។ តើពិភពលោកនេះ រស់ដោយសារតែនំប៉័ងមែនឬ ? ។
លោកកាល់ម៉ារក្ស កើតនៅថ្ងៃ ទី ៥ ឧសភា ឆ្នាំ ១៨១៨ នៅតំបន់ត្រែស៍ នៅជិតកូប្លែន ក្នុងដែនដីរ៉ាន ប្រទេសអាល្លឺម៉ាញ ។ គ្រួសារគាត់ កាន់សាសនាគ្រិស្ដ ។ កាលនៅកំពុងសិក្សាកាល់ម៉ារក្ស បានជួបហែលហ្គែល Heqel និយម ហើយបានរិះគន់ពួកនេះយ៉ាងខ្លាំង ដោយសារលោក ហែលហ្គែល ជាមនោនិយមសុទ្ធសាធ ក្នុងគ្រប់វិស័យនៃការរស់នៅរបស់មនុស្សលោក លោកបានពោលថា ទស្សនវិជ្ជាមនោនិយមសុទ្ធ តែងឲ្យកម្លាំងទៅលើពួកមូលធននិយម តែប៉ុណ្ណោះ ។ នៅឆ្នាំ ១៨៤២ លោកកាល់ម៉ារក្ស ក្លាយទៅជាអ្នកសារពត៌មាន មានឈ្មោះ(BHEINSHE ZHIZONG) ហើយរដ្ឋាភិបាល អាល្លឺម៉ាញ បានបញ្ឈប់ឲ្យផ្សាយនៅឆ្នាំ១៨៤៣ ហើយលោកក៏ទោកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ។ នៅទីនេះ មានបញ្ហាជនជាតិជីវ TECW កើតឡើង ដោយលោក កាល់ម៉ារក្ស ប្រឆាំងយ៉ាងខ្លាំង ព្រោះលោកតាមកំណើត គឺជាជនជាតិជីវ ។ នៅទីនេះលោកបានជួបលោក Friedri CHENGEIS ទាំងពីរនាក់នាំគ្នាប្រឆាំងនឹងសាសនាគ្រឹស្ដថា ជាអាភៀនបំពុលមនុស្ស ជាពិសេសសាសនាដែលមានអាទិទេពជាមូលដ្ឋានទាំងអស់តែម្ដង ។ លោក កាល់ ម៉ារក្ស បានប្រឆាំងជាមួយសាសនាយ៉ាងខ្លាំងទៅទៀត នៅឆ្នាំ ១៨៤៨ ត្រូវប្រទេសបារាំងបណ្ដេញលោកចេញ ហើយលោកមកនៅប្រទេសអង់គ្លេស ហើយបានឃើញការជិះជាន់ពួកកម្មករ ដោយសារពួកមូលធនកាន់សាសនាគ្រឹស្ត ។ លោកបានពោលថា សាសនានេះ ត្រូវបានពួកមូលធនយកជាខែល សម្រាប់ធ្វើបាបកម្មករ ។
ពុទ្ធបរិស័ទទាំងឡាយ អស់លោកឃើញច្បាស់ នូវជីវិតព្រះពុទ្ធជាម្ចាស់ និង កាល់ ម៉ារក្ស ដូចរៀបរាប់ខាងលើនេះស្រាប់ ។ កាល់ ម៉ារក្ស ឥតបានទៅពិសោធរកការពិតឲ្យស្គាល់សង្គមការណ៍ទេ ។
នៅក្នុងទីពិសោធន៍សង្គម (fielducrle ) ដូចជាព្រះពុទ្ធឡើយ ។ ដូច្នេះលោក កាល់ ម៉ារក្ស បានត្រឹមតែឈ្មោះថា << សង្គមវិទូកៅអីផ្ដៅ >> ប៉ុណ្ណោះ << ជាអ្នកនយោបាយអស់សង្ឃឹម >> ។ ឯព្រះពុទ្ធជាម្ចាស់ បានលះបង់រាជសម្បត្តិទៅរស់នៅជាមួយរាស្រ្តអស់រយៈពេល ៦ ឆ្នាំ ដើម្បីរកការពិតនៃសង្គមការណ៍ ។ ព្រះអង្គពុំមែនជាអ្នកអស់សង្ឃឹមដូចលោកកាល់ ម៉ារក្សឡើយ ។
២- សភាពមនុស្ស និងទ្រឹស្ដីរបស់ព្រះពុទ្ធ និង លោក កាល់ ម៉ារក្ស
ក- ព្រះពុទ្ធ:
១- មនុស្សគ្រប់សញ្ជាតិទាំងអស់ក្នុងលោក តែងមានសភាពមនុស្សដូចគ្នា គឺ ចិត្ត ចេតសិក រូប ។ ចិត្ត គឺការត្រិះរិះ បានដល់ការប្រជុំព្រមនៃវិញ្ញាណដែលកើតពីចេតសិក ។ ចេតសិក គឺជាសភាវៈប្រមូលអារម្មណ៍ ។ ឯរូប គឺជាសភាវៈពុកផុយ កើតឡើងដោយការផ្សំធាតុ ប៉ុន្តែវាជាគ្រឿងទ្រទ្រង់នៃចិត្ត និង ចេតសិកដែរ ។ នៅមានធម៌មួយទៀតដែលព្រះពុទ្ធបានរកឃើញ គឺនិព្វាន << គ្មានបណ្ដាញ, គ្មានការចាក់ស្រែះ >> <<១ >> ។ ចិត្ត ចេតសិក និង រូប គឺជាសភាវៈគ្រប់គ្រងដោយត្រៃលក្ខណ៍នៃចក្រវាឡ គឺ អនិច្ចៈ ទុក្ខៈ និង អនត្តា ។
សភាពមនុស្ស ត្រូវទទួលការបង្វិលពីអនិច្ចលក្ខណៈ ត្រូវទទួលការគ្រាំគ្រាពីទុក្ខលក្ខណៈ ត្រូវប្រកាន់ថា ខ្លួនមិនបានដោយអនត្តលក្ខណៈ នៅក្នុងវដ្ដសង្សារ ។ សត្វលោកអាចឆ្លងវដ្ដសង្សារទៅកាន់និព្វានបាន ដោយអាស្រ័យការយល់ច្បាស់នូវ អរិយសច្ចៈទាំង ៤ គឺទុក្ខសច្ចៈ សមុទយសច្ចៈ និរោធសច្ចៈ និងមគ្គសច្ចៈ << ២ >> ។ និព្វាន គឺជាធម៌ខ្ពង់ខ្ពស់ផុតអាចទៅបានដោយបុគ្គលម្នាក់ៗ ដែលមានបុរិសលក្ខណៈខ្ពង់ខ្ពស់ផុត ។
២- បុគ្គលម្នាក់ៗ គឺជាសមាជិកនៃសង្គមដែលមានអង្គការត្រឹមត្រូវ មានមេដឹកនាំត្រឹមត្រូវ មានចំណេះគ្រប់គ្រងប្រកបដោយទសធម៌ ១០ យ៉ាង ហើយសមាជិកទាំងឡាយនៃសង្គម គប្បីមានអបរិហានីយធម៌ ៧ យ៉ាង ដែលអាចបង្កើតនូវសាមគ្គីរសសម្រាប់ការសុខសាន្តសម្បូរសប្បាយរីកចម្រើននៃសង្គម ។ ពុទ្ធសាសនាក្នុងន័យនេះ តម្រូវឲ្យគេដឹកនាំចៀសវាងការបន្លំយកពុទ្ធសាសនាជារបាំង ហើយធ្វើនូវអំពើរពុករលួយគ្រប់យ៉ាងបោកប្រជារាស្រ្ត ។ ក្នុងន័យនេះ សិង្គាលោវាទសូត្រ សុត្តន្តបិដក បានចែងថា មេដឹកនាំនៃសង្គមត្រូវមានធម៌សង្រ្គោះ ៥ យ៉ាង ទៅលើអ្នកក្រោមអំណាច , អ្នកក្រោមអំណាច ត្រូវមានធម៌សង្រ្គោះដល់មេដឹកនាំនៃសង្គម ៥ យ៉ាងដែរ ។ ម្ដាយ ឪពុកសង្រ្គោះកូន ដោយធម៌ ៥ យ៉ាង, កូនសង្រ្គោះម្ដាយឪពុកវិញដោយធម៌ ៥ យ៉ាងដែរជាដើម << ១ >> ។ ក្នុងគោលការណ៍នេះ យើងឃើញថា ប្រព័ន្ធសង្គមបាតក្រោមបំផុត គឺមាតាបិតុនិយម ដែលព្រះពុទ្ធទ្រង់បានចែងយ៉ាងច្បាស់លាស់ នៅក្នុងសូត្រខាងលើនេះ និងនៅក្នុងមង្គលសូត្រ ។ នៅក្នុងគោលរចនាសម្ពន្ធនៃសង្គម ព្រះពុទ្ធបានបញ្ជាក់ថា មាន៥ ជាន់គឺ
ខាងលើបំផុត មានសីលធម៌ និងពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ។
បន្ទាប់មក មានមាតុប្រទេស ។
បន្ទាប់មក មានសង្គមស៊ីវិល << សូម្បីទាហានក៏ទទួលនូវរចនាសម្ព័ន្ធនេះដែរ គឺឲ្យមានសិទ្ធិ និង កាតព្វកិច្ចជ្រើសរើសប្រភេទសង្គម សម្រាប់ចូលរួម >> ។
បន្ទាប់មក មានគ្រួសារ ដែលសង្កត់ធ្ងន់ទៅលើក្រោមបំផុតមានបុគ្គលម្នាក់ៗ ។
ដូចពោលមកខាងលើនេះ យើងឃើញថា ព្រះពុទ្ធសាសនា តាមលក្ខណៈសង្គមសាស្រ្ត តម្រូវឲ្យបុគ្គលម្នាក់ៗ ភ្ជាប់ខ្លួនទៅគ្រួសារតាមមូលដ្ឋាននៃសង្គមធម៌ គ្រួសារភ្ជាប់ទៅសង្គមស៊ីវិល សង្គមស៊ីវិលទៅមាតុប្រទេស មាតុប្រទេសភ្ជាប់ទៅសីលធម៌ និងពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធជាម្ចាស់ << ១ >> ។
ដើម្បីឲ្យមេនាំសម្ព័ន្ធនៃសង្គមមានប្រសិទ្ធភាព, ពុទ្ធសាសនាតម្រូវឲ្យមានការរៀបចំក្រប ខ័ណ្ឌ ហើយទ្រង់បង្កើតឲ្យមានវិទ្យាគារសម្រាប់អប់រំ គឺវត្តអារាមជាកន្លែងសម្រាប់សិក្សាអប់រំចំណេះវិជ្ជានិងខាងផ្លូវចិត្ត ។ ព្រះពុទ្ធបានអនុញ្ញាតឲ្យភិក្ខុ ភិក្ខុនី សាមណេរ សាមណេរី សិក្ខមានា មាណវៈ ឧបាសក ឧបាសិកា ឲ្យសិក្សាតាមលំដាប់ថ្នាក់ ព្រមទាំងប្រតិបត្តិធម៌តាមចំណង់របស់ខ្លួន។
៣- ព្រះពុទ្ធ គឺជាអ្នកបង្កើតអង្គការនិយម ។ ព្រះអង្គបានពោលថា សង្គមមនុស្សដែលចម្រើនឬមិនចម្រើន អាស្រ័យនិងការរៀបចំ ជាពិសេស ព្រះពុទ្ធជាអ្នកប្រជាធិបតេយ្យ << ២ >> ។ ទ្រង់អនុញ្ញាតឲ្យមនុស្សគ្រប់វណ្ណៈចូលមកសិក្សា និងជួយធ្វើការ ព្រោះការងារចែកមនុស្សទៅតាមសមត្ថភាព << កម្មំ >>សត្តេ វិភជ្ជតិ >> ដូច្នេះព្រះពុទ្ធសាសនា គឺជាសាសនាឥតវណ្ណៈ<< ១ >> ។
ដើម្បីធ្វើឲ្យអង្គការនិមួយៗ នៃសង្គមបានសម្រេច ហើយឲ្យមានអាយុយឺនយូរ ព្រះអង្គតម្រូវឲ្យមេដឹកនាំមានឥទ្ធិបាទធម៌ « វិធីធ្វើឲ្យការងារបានសម្រេច » ៤ យ៉ាង គឺ ឆន្ទ បំណង, វីរិយៈ សេចក្ដីព្យាយាម, ចិត្តៈ ការតាំងចិត្ត, វីមំសា ការសើរើពិនិត្យឡើងវិញ ។ ឥទ្ធិបាទធម៌ទាំង៤ នេះ មិនមែនសម្រាប់មេដឹកនាំមានអាយុវែងទេ គេសម្រាប់ធ្វើឲ្យជីវិតការងារនៃអង្គការមានការរស់រវើកអស់កប្បក័ល្ប តែប៉ុណ្ណោះ ។ ដើម្បីកុំឲ្យអង្គការដើរខុសផ្លូវ ព្រះពុទ្ធតម្រូវឲ្យមេដឹកនាំអប់រំចិត្តឲ្យបានខ្ពង់ខ្ពស់បំផុត « គឺអរហន្តចិត្ត » ដូច្នេះហើយបានជាទ្រង់ពោលថា : អ្នកដឹកនាំលោក គឺ ចិត្ត ចិត្តេន នីយតិ លោកោ « ២ » ។
៤-ដោយយោលទៅតាមសភាពចិត្តមនុស្ស និងនិព្វានធម៌ ដែលមនុស្សម្នាក់ៗ នៅក្នុងអង្គការនៃសង្គម ត្រូវរៀបចំនិងប្រតិបត្តិ ព្រះពុទ្ធតម្រូវឲ្យពុទ្ធបរិស័ទទាំងឡាយ ប្រតិបត្តិនិងអនុវត្តមជ្ឈិមាបដិបទា « ៣ » ការប្រតិបត្តិផ្លូវកណ្ដាលមិនភ្លើតភ្លើននឹងសម្ភារៈពេក និងមិនធ្វើខ្លួនឲ្យលំបាកពេក ។ ទ្រង់បានបញ្ជាក់ទៀតនូវប្រយោជន៍៤ យ៉ាង : សម្រាប់ឲ្យពុទ្ធបរិស័ទប្រកបខ្លួនក្នុងការចិញ្ចឹមជីវិត គឺ : ឧដ្ឋានសម្បទា - ការធ្វើឲ្យ មានការប្រឹងប្រែងក្រវើនក្រតើនក្នុងការរកទទួលទានតាមសម្មាអាជីវៈរបស់ខ្លួន អារក្ខសម្បទា ការចេះថែរក្សា, កល្យាណមិត្តតា, ការចេះរកមិត្តល្អ, សមជីវិតា ការចេះរស់តាមការរកបាន ។
ខ- លោក កាល់ម៉ារក្ស ផ្ទុយពី ព្រះពុទ្ធ ។ លោក កាល់ម៉ារក្ស យល់ថា មនុស្ស គឺជាសត្វចេះធ្វើនយោបាយ (A zoon politikon ) មិនមែនគ្រាន់តែជាសង្គមសត្វ គឺជាសត្វដែលជាបុគ្គលនៅក្នុងសង្គមនុស្ស « ១ » ។ ការបង្កើតសម្ភារៈ គឺជាមធ្យោបាយដំបូងបំផុត ក្នុងការរៀបចំសង្គមនយោបាយ និងប្រាជ្ញា « ២ » បានន័យថា ពិភពលោកនេះ គឺត្រូវសម្ភារៈដឹកនាំ ក្នុងការដោះស្រាយទុក្ខមនុស្សតាមប្រវត្តិការណ៍ លោក កាល់ម៉ារក្ស យល់ថា ពួកមូលធនបានដណ្ដើមយកកម្មសិទ្ធនៃជីវិតសម្ភារៈ ពីថ្នាក់ - ជាន់កម្មករអស់រលីង ។ ដូច្នេះ ពួកកម្មករត្រូវតែតស៊ូបំបាត់ថ្នាក់-ជាន់ គឺធ្វើឲ្យសង្គមគ្មានថ្នាក់-ជាន់ជាសង្គមស្មើគ្នា ។ ត្រង់នេះ យើងសុំបញ្ជាក់ថា លោកកាល់ម៉ារក្ស យល់ច្រឡំថា បើសង្គមស្មើគ្នាហើយ តើលក្ខណៈការតស៊ូបំបាត់ថ្នាក់- ជាន់ អាចបំបាត់ ការលោភលន់របស់ខ្លួនបានទេ បើគេគ្មានការអប់រំខាងផ្លូវចិត្ត តើចិត្តជាសុខ ឬសម្ភារៈជាសុខ តាមន័យជាបរមត្ថ ? ត្រង់នេះផ្ទុយនឹងព្រះពុទ្ធសាសនាស្រឡះ ព្រោះព្រះពុទ្ធ ឲ្យពុទ្ធបរិស័ទដើរតាមផ្លូវកណ្ដាល ហើយអ្នកមាន និង អ្នកក្រត្រូវជួយគ្នាទៅវិញទៅមក គឺអ្នកមានត្រូវអាស្រ័យអ្នកក្រ អ្នកក្រត្រូវអាស្រ័យអ្នកមាន << ជៀសវាងការបន្លំជិះជាន់គ្នា, ការបោកប្រាសគ្នា >> ។
ពួកកុម្មុយនិស្តបានយកទ្រឹស្ដីលោក កាល់ ម៉ារក្សទៅអនុវត្ត បង្កើតជាសង្រ្គាមបដិវត្តន៍ដែលមានសភាពសាហាវ កាប់សម្លាប់ជនស្លូតត្រង់ ឥតអាណិតអាសូរមនុស្សផងគ្នាសោះឡើយ ។ តើលោកកាល់ ម៉ារក្ស មិនមែនជាឃាតករពិភពលោកទេឬ ? តើអ្នកដែលយកទ្រឹស្ដីលោក កាល់ ម៉ារក្សមកអនុវត្ត មិនមែនជាឃាតករទេឬ ?
ដើម្បីឲ្យរឹតតែច្បាស់លាស់ទៅទៀត យើងសុំដកស្រង់ទ្រឹស្ដីសង្ខេប នៃលោក កាល់ ម៉ារក្ស ដែលពួកកុម្មុយនិស្តយកមកអនុវត្តរៀបចំជាលទ្ធិសង្គ្រាម ដូចតទៅនេះ << ១ >>:
១- គ្រប់តែផ្លូវចិត្ត របស់មនុស្សជាតិ រមែងស្ថាបនានៅលើរចនាសម្ព័ន្ធសេដ្ឋកិច្ច ។
២- ការតស៊ូដើម្បីចិញ្ចឹមជីវិត បានធ្វើឲ្យសង្គមចែកជាច្រើនវណ្ណៈ ។ ដើម្បីរស់នៅឲ្យបានឋិតថេរជាប្រក្រតី ត្រូវតែមានការប្រកួតប្រជែងដ៏ស្វិតស្វាញរវាងថ្នាក់ ជាន់មួយនិងថ្នាក់ - ជាន់មួយទៀតនៅក្នុងសង្គមរួមតែមួយ ។
៣- ការសង្គមសក្ដិភូមិ គឺជាវណ្ណៈជិះជាន់ក្ដោបអំណាច ។
៤- ក្នុងជួររបស់សក្ដិភូមិមូលធននិយម ត្រូវវិនាសរលំទៅវិញដោយមកពីការបាក់បែកគនាផ្ទៃក្នុង និងការប្រណាំងប្រជែងដោយសេរី ក្នុងពេលដែលវណញណៈអធនកាន់តែកើនឡើងរាល់ថ្ងៃ រហូតដល់ពួកវណ្ណៈអធនបានកាន់អំណាចជាស្ថាបពរ ។
មធ្យោបាយនេះ បានតែនៅអាស៊ីទេ ។ បើ ពុទ្ធបរិស័ទ យើងឃើញច្បាស់នូវភាពសាហាវរបស់ កុម្មុយនិស្ត ហើយគប្បីអស់លោក គិតពិចារណាមើល តើយើងជឿទៅលើអង្គការនិយមរបស់ ព្រះពុទ្ធជាម្ចាស់ ឬ លោកកាល់ម៉ារក្ស ។ បន្តិចទៀត អស់លោកនឹងឃើញពួកកុម្មុយនិស្តអនុវត្តការួមសម្បាច់ និងបំបាត់ចោលនូវសិទ្ធិនិងឋានៈនៃគ្រួសារហើយ ។
--------------------------------
១-សង្គ្រាមបដិវត្តន៍ ដោយអ្នកបកប្រែឯកសារមួយក្រុម
(*)លោក ប៉ែន សាអឿន ជាអតីតសមណនិស្សិតបរិញ្ញាបត្រសង្គមវិទ្យា នៃសាកលវិទ្យាល័យដែល្លី ទីក្រុងដែល្លី ប្រទេសឥណ្ឌា ក្នុងទស្សវត្សរ៍ឆ្នាំ១៩៦០។