គួច គីឡេង៖ ពុទ្ធ​ចរិតៈ ថ្លែង​ពី​ព្រះ​ជីវ​ប្រវត្តិ​នៃ​ព្រះ​គោតម (ត​នឹង​ចប់) - លោកវិទូ

ព័ត៌មានថ្មីៗ

Monday, April 01, 2019

គួច គីឡេង៖ ពុទ្ធ​ចរិតៈ ថ្លែង​ពី​ព្រះ​ជីវ​ប្រវត្តិ​នៃ​ព្រះ​គោតម (ត​នឹង​ចប់)

លោកវិទូ | ថ្ងៃចន្ទ ១២ រោច ខែផល្គុន ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ០១ មេសា ២០១៩ ។ 

ពុទ្ធ​ចរិតៈ ថ្លែង​ពី​ព្រះ​ជីវ​ប្រវត្តិ​នៃ​ព្រះ​គោតម

លោក គួច – គីឡេង(*) ប្រែ​រៀបរៀង (ត​នឹង​ចប់)
អត្ថបទក្បាលទី២ ឆ្នាំទី៣៣ ខ្សែទី៨ ព.ស ២៥០៤ គ.ស ១៩៦១ ទំព័រ ៨៤៦

គាថា​ទី ៦:- ព្រឹក​ឡើង​ព្រះ​សិទ្ធត្ថ​កុមារ​យាង​ទៅ​ដល់​អាស្រម​របស់​តាបស​ម្នាក់ ហើយ​ទ្រង់​ដោះ​គ្រឿង​អលង្ការ​ប្រគល់​ទៅ​ឲ្យ​ឆន្ទអមាត្យ​រួច ប្រាប់ថា​ឲ្យ​ត្រឡប់​ទៅ​ព្រះ​រាជធានី​វិញ​ចុះ ប៉ុន្ទែ​ឆន្ទអមាត្យ​ប្រកែក​ពុំ​ព្រម​ត្រឡប់ ដោយ​ហេតុ​ថា ព្រះ​អង្គ​មិន​ស្ដេច​យាង​ទៅ​ផ្ទះ​ផង តែ​ថា​ព្រះ​អង្គ​បង្ខិត​បង្ខំ​ឲ្យ​ទាល់​តែ​ទៅ​បាន ។ ទ្រង់​ផ្ញើ​ជាប់​ជា​មួយ​ឆន្ទអមាត្យ​ទៅ​ផ្ទះ​ផង​នូវ​សារ​លិខិត​ដល់​ព្រះ​វរ​បិតា​នឹង​បិយ​មហាជន​របស់​ព្រះ​អង្គ ។ ព្រះ​អង្គ​ទ្រង់​កាត់​ព្រះ​កេសា​ដោយ​ព្រះ​ខាន់​ដ៏​មុត ហើយ​គ្រវែង​ចោល​ទាំង​ដុំ​ទៅ​ឰដ៏​អាកាស ។ ទេវតា​ក៏​ទទួល​យក​ទៅ​ដំកល់​ទុក​សម្រាប់​ជា​ទី​សក្ការ​បូជា ។ ទេវតា​ស្រាប់​តែ​តំណែង​ខ្លួន​ជា​ពនេចរ​ម្នាក់​យក​ចីវរ​មក​ថ្វាយ​ព្រះ​អង្គ ៗ ក៏​ទទួល​ហើយ​ចូល​ទៅ​កាន់​អាស្រម​បទ​ទៅ ។

គាថា​ទី ៧:- ពេល​ដែល​ចូល​កាន់​អាស្រម​បទ​នោះ ព្រះ​សិទ្ធត្ថ​សមណៈ បាន​ពត៌មាន​ពី​អ្នក​នៅ​ក្នុង​ទី​នោះ​ថា តាបស​ទាំង​នោះ​បាន​ប្រតិបត្តិ​កម្មដ្ឋាន ដើម្បី​គ្រាន់​តែ​ទៅ​កាន់​ស្ថាន​ទេវលោក បន្ទាប់​ពី​លោក​នេះ​ទៅ​ប៉ុណ្ណោះ ។ ធម៌​នេះ​ពុំ​បាន​ញ៉ាំង​ព្រះ​ទ័យ​ព្រះ​គោតម​ឲ្យ​យល់​ព្រម​ផង​ទេ ព្រោះ​គោល​បំណង​របស់​ព្រះ​អង្គ​ពុំ​មែន​ចង់​ទៅ​ទេវលោក​ទេ គឺ​ចង់​យក​ជ័យជំនះ​ខាង​ការ​កើត​ស្លាប់ ។ ការ​ទោ​កាន់​ទេវលោក​ព្រះ​សិទ្ធត្ថ​សមណៈ​គិតពុំ​ឃើញ​ដោយ​ច្បាស់​ថា "គ្រាន់​តែ​ជា​ការ​ផ្លាស់​ចំណង​មួយ​ទៅ​ចំណង​មួយ​ប៉ុណ្ណោះ" ។ ព្រះ​អង្គ​ក៏​ចាក​ចេញ​ពី​ទី​នោះ ហើយ​យាង​ទៅ​ជួប​នឹង​តាបស​ម្នាក់​ទៀត​ឈ្មោះ​អាឡារៈ​ទៅ ។

គាថា​ទិ ៨:- ប្រជាពលរដ្ឋ, ព្រះ​មាតា​ចុង​ព្រះ​អង្គ ព្រះ​វរ​បិតា​នឹង​ព្រះ​អគ្គមហេសី លុះ​ឃើញ​តែ​នាយ​សារថី​នឹង​សេះ​អាជានេយ្យ​វិល​ត្រឡប់​ទៅ​វិញ​ដោយ​ពុំ​ឃើញ​ព្រះ​អង្គ​សោះ​ដូច្នេះ ក៏​ទ្រហោ​យំ​ទ្រហឹង​ឡើង​ទាំងអស់​គ្នា ។ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​បាទ​សិរី​សុទ្ធោទនៈ នឹង​ឆន្ទអមាត្យ​សុំ​ខ្លួន​ដើរ​ស្វែង​រក​ព្រះ​សិទ្ធត្ថ​កុមារ ដើម្បី​នឹង​សុំ​យាង​មក​រាជធានី​វិញ ។

គាថា​ទិ ៩:- រដ្ឋមន្ត្រី​នឹង​ឆន្ទអមាត្យ​ក៏​ចេញ​ដំណើរ​ទៅ​ស្វែង​រក​អស់​កន្លែង​ជា​ច្រើន បាន​ឃើញ​ព្រះ​អង្គ​នៅ​ក្នុង​អាស្រម​បទ​លោក​តា​អាឡារៈ ។ រាជទូត​ទាំង​នោះ បាន​សុំ​អង្វរ​ព្រះ​អង្គ​ដោយ​វិធី​ច្រើន​បែប​ច្រើន​យ៉ាង សូម​ព្រះ​អង្គ​វិល​ត្រឡប់​មក​កាន់​រាជធានី​ចាស់​វិញ តែ​ព្រះ​អង្គ​ពុំ​ទទួល​សោះ ហើយ​រាជទូត​ទាំង​នោះ​វិល​ត្រឡប់​មក​វិញ ដោយ​ក្រៀមក្រំ​ស្រងូត​ស្រងាត់ ។

គាថា​ទី ១០:- កាល​ដែល​ព្រះ​គោតម ស្ដេច​យាង​ទៅ​កាន់​ក្រុង​រាជគ្រឹះ ព្រះ​ចៅ​ពិម្ពិសារ​បាន​ទត​តាម​បង្អួច​វាំង​ឃើញ​ព្រះ​អង្គ​ហើយ​ស្ដេច​យាង​ដោយ​ផ្ទាល់​ព្រះ​អង្គ ទៅ​ជួប​នឹង​ព្រះ​វិជិតមារ​នៅ​ឯ​គុហារ​ខាង​ក្រៅ​ក្រុង ។ ព្រះ​ចៅ​ផែនដី​ទ្រង់​បាន​សន្ទនា​ជា​មួយ​នឹង​ព្រះ​ចៅ​សាសនា​អស់​កាល​ជា​យូរ ហើយ​ទ្រង់​សាក​សួរ​ទៅ​ទៀត អំពី​ហេតុ​ដែល​ព្រះ​អង្គ​លះបង់​ព្រះ​រាជ​អាណាចក្រ​ចោល ។

គាថា​ទី ១១:- ព្រះ​បិតា​នៃ​លោក​បាន​ឆ្លើយ​ថ្វាយ​ព្រះ​ពរ​តប​នឹង​សំនួរ​របស់​ព្រះ​មហា​ក្សត្រ​យ៉ាង​ពិស្ដារ ។ ព្រះ​នរបតី​ក៏​ទ្រង់​និមន្ត​ទុក​ឲ្យ​ហើយ​ថា បើ​ព្រះ​អង្គ​បាន​ទទួល​លទ្ធផល​តាម​បំណង​ហើយ​សូម​មេត្តា​ប្រោស​និមន្ត​ទៅ​កាន់​ទីក្រុង​ខ្ញុំ​ព្រះ​ករុណា​កុំ​ខាន ។

គាថា​ទិ ១២:- ព្រះ​គោតម​បាន​ស្ដេច​យាង​ទៅ​ជួប​នឹង​អាឡារ​តាបស ហើយ​ពិភាក្សា​ជា​មួយ​នឹង​តាបស​នោះ​យ៉ាង​វែង អំពី​ទ្រឹស្ដី​ដែល​អាឡារ​តាបស​នោះ​បង្ហាត់​បង្រៀន ។ ប៉ុន្តែ ព្រះ​វីរ​សាក្យមុនី​ទ្រង់​ពុំ​បាន​ទទួល​យល់​ស្រប​តាម​ទេ ដោយ​ហេតុ​ថា ការ​បង្រៀន​ជា​បែប​ព្រហ្មញ្ញ​ដែល​និយាយ​តែ​ពី​ព្រលឹង (soul) នោះ​ពុំ​ទាន់​រួច​ខ្លួន​ទេ ។

បន្ទាប់​ពី​នោះ​ទៅ ព្រះ​សាក្យ​គោតម​ស្ដេច​យាង​ទៅ​រក​តាបស​ម្នាក់​ទៀត​នាម​ឧទកៈ ដែល​បង្រៀ​កម្មដ្ឋាន​ព្រលឹង​ដូច​អាឡារ​តាបស​នោះ​ដែរ ។ ព្រះ​អង្គ​ក៏​ពុំ​ទទួល​យក​តាម​ទៀត ហើយ​ស្ដេច​យាង​ចេញ​ពី​ទី​នោះ​សំដៅ​ទៅ​គយាសីសប្បទេស ។ ក្នុង​ទី​នោះ​ព្រះ​អង្គ​បាន​ជួប​បញ្ចវគ្គិយ​ភិក្ខុ​នៅ​ត្រង់​មាត់​ច្រាំង​ស្ទឹង​នេរញ្ជរា ដែល​កំពុង​តែ​ស្មឹងស្មាធិ៍ ឲ្យ​បាន​រួច​ចាក​ទុក្ខ​តូច​នឹង​ទុក្ខ​ធំ ។ ព្រះ​ប្រមុខ​ជាតិ​សាក្យ​មួយ​អន្លើ​ដោយ​ភិក្ខុ​ទាំង​៥ អង្គ​នោះ​ទ្រង់​អធិដ្ឋាន​តាំង​ព្រះ​ទ័យ ធ្វើ​ទុក្ករកិរិយា​ឲ្យ​អស់​រយៈ​កាល​៦ ឆ្នាំ​។ ប៉ុន្តែ​ភិក្ខុ​ទាំង​នោះ​រត់​ចោល​ព្រះ​អង្គ ដែល​ព្រះ​អង្គ​ទ្រង់​តាំង​ព្យាយាម​ពុំ​ទាន់​នឹង​គ្រប់​ឆ្នាំ​ផង ; រី​ឯ​ព្រះ​អង្គ​ក៏​ឥត​បាន​សម្រេច​ព្រះ​សម្ពោធិញ្ញាណ ។ ព្រះ​លោកនាថ​ទ្រង់​យល់​ច្បាស់​ថា ការ​តឹងរឹង​ហួស​ពេក​ជា​ហេតុ​នាំ​ឲ្យ​ខូច​ការ ហើយ​ក៏​បន្ធូរ​សោយ​ព្រះ​ក្រយា​តាម​ធម្មតា​វិញ ទ្រង់​ធ្វើ​ទៅ​តាម​ការ​ពិសោធន៍​ដែល​ព្រះ​អង្គ​ធ្លាប់​បាន​ធ្វើ​ហើយ នៅ​ក្រោម​ដើម​ជម្ពូ​ព្រឹក្សា​កាល​នៅ​ជា​យុវកុមារ​នៅ​ឡើយ ។ គោល​បំណង​ដែល​ព្រះ​អង្គ​ទ្រង់​យក​ជ័យ​លោះ​គូ​សត្រូវ​គឺ​មរណភាព​នោះ​ឯង ដែល​មាន​ពលភាព​ស្ទើរ​តែ​ត​ទល់​ពុំ​បាន ។ ព្រះ​អង្គ​ស្ដេច​យាង​ចេញ​ទៅ​បិណ្ឌបាត ។ ទេវតា​ក៏​និមិត្ត​ខ្លួន​ជា​នាយ​គោបាល​ចុះ​មក​ថ្វាយ​មធុបាយាស ដល់​ព្រះ​អង្គ​រាល់ ៗ ថ្ងៃ ។ បញ្ច​សហជីវិន​ភិក្ខុ លុះ​បាន​ឃើញ​ព្រះ​អង្គ​ទ្រង់​លះបង់​តបធម៌​ដូច្នេះ​ហើយ ក៏​លះបង់​ព្រះ​អង្គ​ចោល ។ ព្រះ​ដ៏​ជា​ទី​កោត​សរសលរ លុះ​ទ្រង់​បាន​ទទួល​សុខភាព​បរិបូណ៌​ដូច​ដើម​វិញ​ហើយ ក៏​នៅ​តែ​តាមតឹង​ពី​បញ្ហា​សព្វញ្ញុតញ្ញាណ​ទ្រង់​គង់​ក្រោម​ដើម​ពោធិព្រឹក្ស អធិដ្ឋាន​យ៉ាង​ដាច់​ខាត​ថា "បើ​មិន​សម្រេច​គោល​បំណង​តាម​ប្រាថ្នា​ទេ អញ​នឹង​មិន​ក្រោក​ឡើង​ជា​ដាច់​ខាត" ។

គាថា​ទី ១៣:- មារាធិរាជ​ដែល​ជា​មេ​អពមង្គល លុះ​បាន​ដឹង​ច្បាស់​ថា សមណ​គោតម​នឹង​ផុត​ចាក​កណ្ដាប់​ដៃ​អាណា​និគម​ក្នុង​លោក​នេះ​ដូច្នេះ​ហើយ ក៏​ឆ្លៀត​ឱកាស​ប្រើ​ឧបាយកល​ក្រខ្វក់​ជា​ច្រើន​បែប​ច្រើន​យ៉ាង ដើម្បី​បំផ្លិច​បំផ្លាញ​គ្រោងការណ៍​របស់​ព្រះ​អង្គ ដោយ​យក​បវរ​កញ្ញា​ជា​នុយ ប៉ុន្តែ​មារាធិរាជ​ចាញ់​ព្រះ​អង្គ​ជា​ស្វ័យ​ប្រវត្តិ ហើយ​រត់​បាត់​ពី​ទី​នោះ​ទៅ ។ ពពួក​ទេព្តា​ក៏​បង្អុរ​បុប្ផា​ពី​លើ​ស្ថាន​សួគ៌​ចុះ​មក លើ​ព្រះ​វិជិតមារ​ជា​និមិត្ត​រូប​នៃ​ជ័យជំនះ​របស់​ព្រះ​អង្គ ។

គាថា​ទី ១៤:- គាថា​នេះ​ថ្លែង​ពី​សិទ្ធត្ថ​សមណៈ​បាន​ត្រាស់​ដឹង​អនុត្តរ​សម្មាសម្ពោធិញ្ញាណ ។ បន្ទាប់​ពី​បាន​ផ្ចាញ់​មារាធិរាជ​មក​ព្រះ​លោកាចារ្យ​ទ្រង់​ចូល​កាន់​ឈាន​យ៉ាង​តឹងរ៉ឹង បាន​ទទួល​លទ្ធផល​ដ៏​ប្រពៃ​ក្នុង​ការ​ជ្រាប​ច្បាស់​នូវ​កំណើត​ពី​អតីត, យល់​ច្បាស់​នូវ​កំណើត​បច្ចុប្បន្ន​របស់​សត្វ​លោក​នឹង​ជ្រាប​ច្បាស់​នូវ​ហេតុ​ដែល​សត្វ​លោក​សោយ​ទុក្ខ នឹង​ផល​ដែល​សត្វ​លោក​សោយ​សុខ ព្រោះ​តែ​ផល​នៃ​អំពើ​ដែល​ខ្លួន​បាន​ធ្វើ​ហើយ ។

(*)លោក គួច គីឡេង ជាអតីតសមណនិស្សិត នៃសាកលវិទ្យាល័យដែល្លី ទីក្រុងញូវដែល្លី ប្រទេសឥណ្ឌា ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ។