ទសពិធរាជធម៌ (ទៈ សៈពិធៈរាជៈ ធ័រ, ឬតាមទម្លាប់ថា ទស់សៈពិត--) ន. (បាលី. ទសវិធ + រាជធម្ម) រាជធម៌ ១០យ៉ាង គឺធម៌ ១០ ប្រការ សម្រាប់ព្រះរាជាទ្រង់ប្រព្រឹត្ត ព្រមទាំងណែនាំពួកសេនាបតីមន្ត្រីធំតូច និងពួករាស្ត្រប្រជាឲ្យប្រព្រឹត្តផង ។ ទសពិធរាជធម៌ ជាក្រឹត្យក្រមច្បាប់វិន័យដែលព្រះមហាក្សត្រ ឬអ្នកដឹកនាំប្រទេសជាតិខ្មែរត្រូវតែប្រកាន់គោរព និងអនុវត្តតាមដោយហ្មត់ចត់ខ្ជាប់ខ្ជួននិងត្រឹមត្រូវជាទីបំផុត។បើពុំនោះសោតទេ ប្រទេសជាតិ ប្រជានុរាស្រ្តនឹងជួបប្រទះវិបត្តិអន្តរាយ ក្តៅក្រហាយ រំជើបរំជួល ចលាចល អសន្តិសុខ សង្រ្គាម ទុក្ខសោកសង្រេង ភ័យព្រូយ ព្រាត់ប្រាស់ក្រុមគ្រួសារញាតិសន្តានជាមិនខាន។ឯព្រះមហាក្សត្រនិងអ្នកដឹកនាំគេចផុតយករួចខ្លួនបានដែរ ។ ដូចក្នុងន័យពាក្យពេចន៍បានបញ្ជាក់ស្រាប់ទសពិធរាជធម៌ គឺច្បាប់ទាំង១០ប្រការដែលចែងបញ្ញត្តិអំពីករណីកិច្ច របស់ព្រះមហាក្សត្រ និងអ្នកដឹកនាំប្រទេសខ្មែរ ។ ទសពិធរាជធម៌ទាំងដប់មាន៖
ទាន
ព្រះមហាក្សត្រ ឬអ្នកដឹកនាំជាតិត្រូវតែធ្វើទានចែកអំណោយដល់ប្រជាជនគ្រប់មជ្ឍដ្ឋាន ដោយគ្មានគំនិតគិតកេងប្រវ័ញ្ចធ្វើប្រជាភិថុតឡើយ គឺមានន័យថាទាននោះត្រូវមានភាពបរិសុទ្ឋល្អប្រសើរ គ្មានជាប់ជំពាក់ប្រឡាក់ប្រឡូសនឹងបាបកម្ម ។ បើយើងពោលអោយចំទៅព្រះមាហាក្សត្រ ឬអ្នកដឹកនាំត្រូវរៀបចំគ្រប់គ្រងនគរធើ្វដូចម្តេច ចេះចែកចាយផ្តល់ប្រជាពលរដ្ឋនិងជាតិនូវលទ្ឋភាពគ្រប់គ្រាន់ ដើម្បីជំរុញអោយមានធនធានមានចំនេះវិជ្ជាអាចរស់នៅក្នុងសភាពថ្លៃថ្នូរ ពេញលេញជាមនុស្សម្នាមានកិតិ្តយសរុងរឿងថ្កុំថ្កើង ។
សីល
ព្រះមហាក្សត្រ ឬអ្នកដឹកនាំត្រូវតែប្រកាន់និងរក្សាអោយមានសីលធម៌ដក់ជាប់ក្នុងខ្លួនជានិច្ច ។ សីលធម៌នេះគឺបញ្ចសីលា ឬសីល៥ និងព្រហ្មវិហារធម៌ចំពោះប្រជានុរាស្រ្ត ។ ក្នុងបញ្ចសីលា គេកត់សំគាល់ឃើញមានការមិនប្រមាថ ឬសំលាប់ជីវិតមិនលួចប្លន់មិនលួចលាក់មានសាហាយស្មន់ មិនភូតភរកុហសបោកប្រាស់ និងមិនភ្លើតភ្លើនបណ្តោយខ្លួនអោយលង់លក់ទៅដោយគ្រឿងស្រវឹង ។ ចំណែកក្នុងព្រហ្មវិហារធម៌វិញ មានធម៌ទាំងអស់៤គឺ៖
មេត្តា ជាការស្រលាញ់រាប់អានដែលមានចំពោះមនុស្សគ្រប់រូបគ្រប់ប្រភេទ
ករុណា ដែលជាការផ្សព្វផ្សាយនូវការអាណិតអាសូរសន្តោស
មុទិតា ដែលជាការត្រេកអរសាទរនៅពេលដែលប្រជាពលរដ្ឋបានសុខសប្បាយចំរុងចំរើនក្សេមក្សាន្ត និង
ឧបេក្ខា ដែលជាការរាប់រកអស់គ្រប់សព្វសត្វដោយក្តីស្មោះស្ម័គ្រស្មើគ្នា គ្មានរើសអើងប្រកាន់វណ្ណះ ឬ ពណ៌សម្បុរ ។
បរិច្ចាគ
ព្រះមហាក្សត្រឬអ្នកដឹកនាំត្រូវយកព្រះរាជទ្រព្យឬសម្បត្តិរដ្ឋ ទៅចែកជួយប្រទេសជាតិ ។ គឺក្នុងន័យត្រូវចេះប្រើប្រាក់កាសធនធានរដ្ឋ ដោយយុត្តិធម៌ត្រឹមត្រូវឥតលំអៀងកេងបន្លំ យកទៅកសាងអភិវឌ្ឍប្រទេសជាតិ អោយបានជឿនលឿនឆ្ពោះទៅរកវឌ្ឍនភាព និងសុភមង្គលវិធីនេះ គឺការបែងចែកភោគផលធនធាននគរ អោយទៅដល់ប្រជាជនគ្រប់ស្រទាប់ជាន់ថ្នាក់ ដោយគ្មានរើសអើងវណ្ណះ ។ ពីព្រោះជាសិទ្ឋិរបស់ប្រជាពលរដ្ឋគ្រប់រូប មិនមែនជាអំណោយឬជាការនាំ និងអ្នកនយោបាយម្នាក់ៗត្រូវតែគោរពប្រណិប័តធ្វើតាមដែរ ។
អាជ្ជវៈ (មានសេចក្ដីត្រង់)
ការទៀងត្រង់មិនវៀចវេរ ដែលព្រះមហាក្សត្រនិងអ្នកដឹកនាំត្រូវតែគោរព និងប្រកាន់ខ្ជាប់ខ្ជួនជាដាច់ខាត ។ ក្នុងពាក្យទៀងត្រង់អត្ថន័យមានទំហំធំធេងណាស់ គឺជាជំពាក់ទៅនឹងកាយវាចារចិត្តរបស់អ្នកដឹកនាំ ។ បើនិយាយអោយចំទៅគឺគេមិនត្រូវក្បត់ប្រជាជន និងប្រទេសជាតិឯងមិនប្រើអំនាចផ្តាច់ការ មិនអយុត្តិធម៌មិនបំរើផលប្រយោជន៍ផ្ទាល់ខ្លួន ក្រុមគ្រួសារ បក្សពួក និង បរទេស ។
មទ្ទវៈ (មានសេចក្ដីទន់ភ្លន់ស្លូតសុភាពរាបសា)
ព្រះមហាក្សត្រឬអ្នកដឹកនាំជាតិត្រូវតែរៀបចំឬកពារ អាកប្បកិរិយា ពាក្យសម្តី ចិត្តគំនិតអោយបានទន់ភ្លន់សុភាពរាបសារល្អត្រឹមត្រូវថ្លៃថ្នូរយុត្តិធម៌ ដោយមិនបញ្ចេញអាការះឬកពារច្រងេងច្រងាងច្រឡោង ខាមច្រឡើសបើស ហារស្រែកឡើងរកតែកាប់ចាក់ប្រើកំលាំងបាយជាមួយ និងប្រជារាស្ត្រទន់ខ្សោយ។ព្រះមហាក្សត្រ ឬ អ្នកដឹកនាំជាតិជាតំណាងប្រជាជាតិមួយទាំងមូល ។ បើអ្នកតំណាងប្រជាជាតិទាំងនេះ មានកាយវាចារចិត្តមិនល្អសមរម្យនោះគឺប្រទេសជាតិ និង ប្រជាជនទាំងអស់គ្នាដែលត្រូវបាត់បង់កិត្តិយសត្រូវគេមើលងាយ និងទទួលនូវផលវិបាករងគ្រោះថ្នាក់គ្រប់ប្រភេទបែបយ៉ាង ។
តបៈ (ការកាន់ឧបោសថសីលតាមកាលកំណត់ម្ដងៗ)
ព្រះមហាក្សត្រ ឬ អ្នកដឹកនាំជាតិតាមកាលកំនត់ត្រូវតែចូលកាន់ឧបោថសីល ដើម្បីដុសខាត់អប់រំចិត្តអារម្មណ៍មនោសញ្ចេតនា អោយភ្លឺស្វាងចៀសវៀងអវិជ្ជាដែលជាប្រភពនៃ ក្តីវិនាសការចូលកាន់ឧបោថសីលអាចចាត់ទុកជាការដកឃ្លា មួយរយះពីភាពជាប់ជំពាក់ជំពីន ក្នុងបញ្ហាបច្ចុប្បន្នដើម្បីយកពេលយកឪកាស សំរាប់សញ្ជប់សញ្ជឹងរិះគិតពិចារណា ឆ្លុះពិនិត្យមើលអស់សព្វគ្រប់សកម្មភាពនិងអំពើទាំងប៉ុន្មានដែលខ្លួនផ្ទាល់បានប្រព្រឹត្ត ។ អាកប្បកិរិយានិងកាយវិការរបៀបនេះ អាចនាំអោយអ្នកដឹកនាំឬអ្នកនយោបាយមាន ពេលវេលានិងរកផ្លូវល្អឃើញ ហើយអាចផ្លាស់ប្តូរលុបលាងកែប្រែកំហុសអាក្រក់ល្អទាំងប៉ុន្មាន ដែលខ្លួនបានប្រព្រឹត្តដែរ ។
អក្កោធនៈ (មិនកម្ដៅក្រហាយអ្នកដទៃ)
ព្រះមហាក្សត្រឬអ្នកដឹកនាំជាតិ មិនត្រូវដើរឆ្កិះឆ្កៀលដុតរោលបំបែកបបាក់អ្នកដទៃ អោយកើតមានកំហឹងដើម្បីគ្រប់គ្រងតាំងខ្លួនមានតែមួយគត់ប៉ុណ្ណោះទេ។ការបង្ក បង្កើតអោយមានរឿងសៅហ្មង អោយមានការក្តៅក្រហលក្រហាយដូច្នេះបណ្តាលធ្វើអោយបែកបាក់ប្រេះឆាសាមគ្គីផ្ទៃក្នុង ហើយអាចក្លាយជាចលាចលច្របូកច្របល់ និងជាសង្រ្គាមបង្ហូរឈាម ។ អ្នកដឹកនាំជាតិត្រូវតែចេះរំងាប់ចិត្តមិនអោយមានកំហឹងគំនុំនិងមានការសងសឹកឆេះឆាបដក់គុំក្នុងខ្លួនឡើយ ។ ការកសាងប្រទេសជាតិមិន មែនស្ថិតនៅលើការបំបែកបំបាក់សាមគ្គីបង្កើតអោយមានជំលោះឈ្លោះមើលមុខគ្នាមិនត្រង់នោះទេ។
អវិហឹសា (មិនបៀតបៀនអ្នកដទៃ)
ព្រះមហាក្សត្រឬអ្នកដឹកនាំជាតិមិនត្រូវយកហិង្សាឬ្កំលាំងបាយកំលាំងអាវុធមកធើ្វជាត្រីមុខទេក្នុងការត្រិះរិះពិចារណានិងដោះស្រាយបញ្ហាអាយុជីវិតប្រទេសជាតិ ។ បើយើង គ្មានគំនិតអាក្រក់មិនប្រើកំលាំងអាវុធមិនប្រៀនគេ គេក៏មិនបៀតបៀនមកលើយើងដែរ ។គោលការណ៍ធំត្រូវស្ថិតនៅលើទស្សន:សន្តិវិធីក្នុងការដោះស្រាយគ្រប់បញ្ហាកសាង ប្រទេសជាតិ។ទស្សនះសន្តិភាពត្រូវស្ថិតនៅជាមូលដ្ឋានជាគោលដៅធំចំបងដែលព្រះមហាក្សត្រនិងអ្នកដឹកនាំជាតិត្រូវតែនាំគ្នាខំស្វែងទៅរកឈោងហក់ចាប់អោបក្រសោប យកមកអោយបានជាចាំបាច់ពីព្រោះប្រទេសជាតិនីមួយៗត្រូវការសន្តិភាព ដើម្បីកសាងដើរឆ្ពោះទៅរកអី្វ ដែលជាការអភិវឌ្ឍន៍ជាការរីកចំរើនលូតលាស់ និងជីវភាពរុងរឿងរស់ នៅដោយសុខសន្តិភាពក្សេមក្សាន្ត ។
ខន្តី (មានសេចក្ដីអត់ធន់)
ព្រះមហាក្សត្រឬអ្នកដឹកនាំជាតិត្រូវតែមានចិត្តអំនត់អត់ធន់ ហើយមិនលោតទៅតាមកំលាំងខ្យល់ព្រឹត្តិការណ៍ ដែលបោកបក់នោះទេ។ការស្ទុះហក់លោតទាំងកម្រោល ទៅតាមភ្លើងកំហឹងទៅតាមចំណង់ចិត្តមានះ ទៅតាមការលោភលន់រំជើបរំជូលត្រេកត្រអាលអាចនាំមកនូវការវិនាសអន្តរាយ នូវផលអាក្រក់ដែលពុំអាចប៉ាន់ស្មានបាន ដល់ការត្រិះរិះពិចារណារកយល់ហេតុផលការរៀបចំនិងអនុវត្តគោលដៅគម្រោងផែនការណ៍ផ្សេងៗ ជាអត្ថប្រយោជន៍សំរាប់ប្រទេសជាតិ ។ ការប្រកាន់ចិត្តនឹងនមិន ឆេវឆាវព្យាយាមសំភីអំណត់អាចណែនាំអោយយើងចេះរង់ចាំពេលរេលាឪកាសល្អ ដើម្បីអនុវត្តគោលការណ៍អោយបានសំរេច ។ ការប្រកាន់ខន្តីអត់ធ្មត់សង្កត់ចិត្តនិង ព្យាយមជាគុណសម្បត្តិមួយយ៉ាងធំ ។
អវិរោធនៈ (មិនបំពានលើធម៌លើច្បាប់)
ព្រះមហាក្សត្រឬអ្នកដឹកនាំជាតិត្រូវគោរពច្បាប់ជាធរមាន ។ គេត្រូវតែដាក់ច្បាប់ជាធំអោយខ្ពស់បំផុតលើបុគ្គល ។ គេត្រូវទុកដាក់ច្បាប់វិន័យធម៌ជាមូលដ្ឋាននិងជាគ្រឹះ របស់ជាតិសំរាប់រៀបចំស្ថាប័នអោយកើតមានជានិតិរដ្ឋ ។ គេត្រូវធ្វើដូចម្តេចអោយច្បាប់ធម្មវិន័យក្រឹត្យក្រមកា្លយទៅជារបងសំរាប់ការពារធានារ៉ាប់រងសុខសន្តិភា របស់ប្រជាពលរដ្ឋទន់ខ្សោយ។ជាដាច់ខាត គេមិនត្រូវរំលោភបំពានដើរជាន់ឈ្លីលើច្បាប់លើធម៌លើវិន័យក្រឹត្យក្រម ដែលធ្លាប់មានក្នុងសង្គមជាតិនោះឡើយ ។ ទោះស្តេចទោះមន្ត្រីទោះសេចក្តីគហបតីនិងក្រុមគ្រួសារក៏ត្រូវតែទទួលទោសដែរនៅចំពោះមុខច្បាប់ ។ បើក្សត្រនោះអ្នកដឹកនាំជាតិនោះមិនគោរពច្បាប់សង្គម ហើយបែរជានាំគ្នាបង្កើតច្បាប់ថ្មីតម្រូវតម្រង់សំរាប់បំរើអំណាចនិងផលប្រយោជន៍របស់ខ្លួនពេលនោះប្រទេសជាតិនិងជួបប្រទះនូវភាពអនាធិបតេយ្យរំជើបរំជួល ចលាចលអសន្តិសុខអន្តរាយហើយប្រជារាស្រ្តនឹងរងទុក្ខវេទនា ព្រាត់ប្រាសបែកបាក់ក្រុមញាតិសន្តានជាមិនខាន គឺបានសេចក្តីថានរណាដែលគ្មានច្បាប់គ្មាន សីលធម៌គ្មានធម៌គ្មានវិន័យក្រឹត្យក្រមនគរនោះមិនអាចនឹងចំរើនរុងរឿងរស់ក្នុងសន្តិភាពបានឡើយ ។ នគរនោះនឹងត្រូវរលេះរលួយទ្រុឌទ្រោមចុះអោនថយខ្សោយ ដើរថយក្រោយចាញ់គេជាលំដាប់ ។ ចំណែកព្រះមហាក្សត្រនិងអ្នកដឹកនាំជាតិទាំងនោះវិញ ក៏រត់មិនរួចពីប្រជានុរាស្រ្តផ្តន្ទាទោសដែរ ។
ប្រភព៖ វិគីភីឌា
© រក្សាសិទ្ធិដោយលោកវិទូ