ព្រះមហាអគ្គរតោ តោ អាន បណ្ឌិតសំស្ក្រឹតទី១ពីប្រទេសឥណ្ឌាក្នុងទសវត្សរ៍ឆ្នាំ១៩៦០ - លោកវិទូ

ព័ត៌មានថ្មីៗ

Saturday, April 20, 2019

ព្រះមហាអគ្គរតោ តោ អាន បណ្ឌិតសំស្ក្រឹតទី១ពីប្រទេសឥណ្ឌាក្នុងទសវត្សរ៍ឆ្នាំ១៩៦០

ព្រះធម្មឃោសាចារ្យ បណ្ឌិត ឃី សុវណ្ណរតនា និងព្រះតេជគុណ អច្ឆាយនន្ទ ជាព្រះចៅអធិការវត្តមួយនៅទីក្រុងអាគ៌តល: រដ្ឋត្រីបុរ:, ២១ ធ្នូ ២០១៥ ។

លោកវិទូ | ថ្ងៃ ៧᧱៥ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ | ២០ មេសា ២០១៩

ក្នុងសម័យសង្គមរាស្ត្រនិយម និងសម័យខ្មែរសាធារណរដ្ឋ ព្រះពុទ្ធសាសនាខ្មែរ ត្រូវបានគេមើលឃើញថា បានរីកចម្រើនយ៉ាងខ្លាំង ។ ព្រះសង្ឃពុទ្ធសាសនាខ្មែរ ជាបណ្ឌិតនិងបញ្ញវន្ត មួយចំនួនត្រូវបានប្រទេសអ្នកកាន់ព្រះពុទ្ធសាសនាក្នុងតំបន់ ទទួលស្គាល់ថា ប្រកបដោយប្រាជ្ញាញាណខ្ពង់ខ្ពស់ ។ នៅសម័យនោះ ពុទ្ធិកសិក្សាបានរីកចម្រើន មានភាពល្បីល្បាញក្នុងពិភពលោក រហូតដល់មានជនជាតិបរទេស (ជនជាតិ ភូមា អូស្ត្រាលី បារាំង និងអាមេរិកាំងជាដើម) បានមកសុំបួសក្នុងសំណាក់ព្រះសង្ឃខ្មែរទៀតផង ។ ចំណេះដឹងរបស់ព្រះសង្ឃខ្មែរ ខាងភាសាបាលីនិងសំស្ក្រឹត ដែលជាភាសាបុរាណរបស់ឥណ្ឌា ដែលជាប្រភពនៃអក្សរសាស្ត្រខ្មែរ ពិតជាជ្រៅជ្រះនិងច្បាស់លាស់ណាស់ ។

ក្រោយពីបញ្ចប់ថ្នាក់សិក្សាក្នុងស្រុក បញ្ញវន្តសង្ឃជាច្រើនអង្គ បានស្វែងការសិក្សាបន្តវិជ្ជាជាន់ខ្ពស់ នៅប្រទេសក្រៅ មានប្រទេសថៃឡង់ដ៍ និងប្រទេសឥណ្ឌាជាដើម ដោយសារប្រទេសថៃឡង់ដ៍ មានវប្បធម៌និងអារ្យធម៌ ស្រដៀងគ្នានឹងប្រទេសកម្ពុជាដែរ រីឯប្រទេសឥណ្ឌាជាប្រភពនៃវប្បធម៌ អារ្យធម៌ ភាសា និងសាសនារបស់ខ្មែរ ។ សមណនិស្សិតយើងក៏បាននិមន្តទៅបន្តការសិក្សាវិជ្ជាជាន់ខ្ពស់ នៅផ្សេងទៀតដែរ មានប្រទេសភូមា និងប្រទេសស្រីលង្កាជាដើម ។

ដូច្នេះហើយ ក្រោយពីបានឯករាជ្យពីអាណានិគមបារាំង, ក្នុងឆ្នាំ១៩៥៥ មានព្រះសង្ឃខ្មែរបីអង្គដ៏ល្បីល្បាញ បានមកសិក្សាបន្តវិជ្ជានៅមហាវិទ្យាល័យនាលន្ទា ទីក្រុងរាជគ្រឹះ រដ្ឋពិហារ ប្រទេសឥណ្ឌាគឺ ព្រះមហា អាំ សួន ព្រះមហា វ៉ាយ៉ាវ (ព្រះមហាឃោសនន្ទ) និងព្រះមហា មាស ចន ។

ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ក៏មានព្រះសង្ឃខ្មែរប្រមាណប្រាំបួនអង្គទៀត បាននិមន្តមកបន្តការសិក្សាជាន់ខ្ពស់នៅប្រទេសឥណ្ឌា ក្នុងចំណោមនោះគឺ ព្រះមហា តោ អាន អគ្គរតោ (Venerable Tor-Ann Aggarato) ក្រោមអាហារូបករណ៍របស់ពុទ្ធិកសមាគមកម្ពុជរដ្ឋ រាជធានីភ្នំពេញ និងមូលនិធិអាស៊ីរបស់សហរដ្ឋម៉េរិកឧបត្តម្ភផង ។
ផ្លូវចូលនៃសាកលវិទ្យាល័យសម្បូណ៌ានន្ទ, ក្រុងពារាណសី ។

ព្រះអង្គបាននិមន្តមកសិក្សានៅសាកលវិទ្យាល័យសំស្ក្រឹតពារាណសី (Vārānaseya Saṃskṛta Viśvavidhyālayaḥ) ដែលបច្ចុប្បន្នមានឈ្មោះថា សាកលវិទ្យាល័យសំស្ក្រឹតសម្បូណ៌ានន្ទ (Sampurnanand Sanskrit University) នៅទីក្រុងពារាណសី (ឬបេណារ៉ាស់) នៃរដ្ឋឧត្តរប្រទេស ប្រទេសឥណ្ឌា ក្នុងដើមទសវត្សរ៍ឆ្នាំ ១៩៦០ រួមជាមួយសមណនិស្សិតមួយចំនួនទៀត ក្នុងនោះមានលោកព្រឹទ្ធាចារ្យ កែវ ប៉ាម៉ា (កាលនោះនៅជាសមណេរ) ដែលកំពុងរស់នៅប្រទេសឥណ្ឌានេះដល់សព្វថ្ងៃ និងជាមិត្ររួមថ្នាក់របស់ព្រះអង្គផ្ទាល់; បច្ចុប្បន្នគាត់មានអាយុប្រមាណជា ៨០ ឆ្នាំ ។

ព្រះអង្គបានសិក្សានៅសាកលវិទ្យាល័យនោះ រហូតបានបញ្ចប់ថ្នាក់បណ្ឌិតសំស្ក្រឹត (ប្រហែលក្នុងឆ្នាំ១៩៦៩) ។ ដូច្នេះព្រះអង្គបានក្លាយជាព្រះសង្ឃខ្មែរទីមួយ ដែលបានទទួលសញ្ញាបត្របណ្ឌិតសំស្ក្រឹត (ព្រះសង្ឃខ្មែរទីពីរ ដែលរៀនរហូតថ្នាក់បណ្ឌិតសំស្ក្រឹត គឺព្រះភិក្ខុ លន់ ឡាយ ពីសាកលវិទ្យាល័យមួយ ក្នុងប្រទេសស្រីលង្កា ក្នុងឆ្នាំ ២០១៨ កន្លងទៅ) ។ ព្រះអគ្គរតោ បានទទួលនាមពីសាកលវិទ្យាល័យសំស្ក្រឹតនេះថា «សាស្ត្រី» ដែលបញ្ជាក់ពីរយៈពេលសិក្សាភាសាសំស្ក្រឹតរយៈពេល ៧ ឆ្នាំ ទើបបាននាមនេះ ។

សារណាថ្នាក់បណ្ឌិតរបស់ព្រះអង្គ ត្រូវបានបោះពុម្ពផ្សាយជាសៀវភៅ មានបីភាគ មានចំណងជើងថា «សារលៈ សំស្ក្រឹត និពន្ធាវលិះ : ពុទ្ធទាស៌ណំ» "Sarala saṃskṛta-nibandhāvaliḥ : Bauddhadarśanaṃ" (vol. I-III) មានន័យថា «តែងសេចក្តីសំស្ក្រឹតងាយៗ» ត្រូវបានបោះពុម្ពដោយសាកលវិទ្យាល័យផ្ទាល់ ក្នុងឆ្នាំ១៩៦៦-១៩៦៩ ។ សព្វថ្ងៃសៀវភៅវេយ្យាករណ៍សំស្ក្រឹតនេះ មាននៅបណ្ណាល័យវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ទីក្រុងភ្នំពេញ ។

ខ្ញុំធ្លាប់បានឮពីកិត្តិនាមរបស់ព្រះអគ្គរតោដំបូង តាមរយៈព្រះឃោសាចារ្យ បណ្ឌិត ឃី សុវណ្ណរតនា អតីតសមណនិស្សិតថ្នាក់បណ្ឌិត នៃសាកលវិទ្យាល័យដែល្លី ។ ព្រះធម្មឃោសាចារ្យ បានឮព្រះនាមរបស់ព្រះអគ្គរតោ ដោយចៃដន្យដែរ ។ ក្នុងឆ្នាំ ២០១៥ នាសិសិរដូវ ព្រះធម្មឃោសាចារ្យ បាននិមន្តទៅចូលរួម សិក្ខាសាលាពុទ្ធសាសនា នៅអាគ៌តល: រដ្ឋត្រីបុរ: (ប្រទេសឥណ្ឌា) ក៏បានចួបនឹងព្រះសង្ឃឥណ្ឌាមួយព្រះអង្គ ព្រះនាមថា អច្ឆាយនន្ទ ក្នុងវ័យប្រមាណ ៧០ ជាង ជាព្រះចៅអធិការវត្តមួយ នៅទីក្រុងអាគ៌តល: រដ្ឋត្រីបុរ: ដែលបានអះអាងថាព្រះអង្គជាមិត្ររួមថ្នាក់ របស់ព្រះអគ្គរតោ កាលនៅសាកលវិទ្យាល័យសំស្រ្តឹតសម្បូណ៌ានន្ទ ។ ព្រះធម្មឃោសាចារ្យ បានរៀបរាប់ខ្លីៗ អំពីជំនួបដែលគួរឲ្យភ្ញាក់ផ្អើលនោះ តាមរយៈទំព័រហ្វេសប៊ុករបស់ព្រះអង្គ ចុះថ្ងៃទី ២១ ធ្នូ ២០១៥ យ៉ាងដូច្នេះ៖
ថ្វាយបង្គំមិនទាន់ទាំងរួចស្រួលបួលផង ព្រះតេជគុណ អច្ឆាយនន្ទ ក្នុងវ័យប្រមាណ៧០ជាង ជាព្រះចៅអធិការវត្តមួយនៅទីក្រុងអាគ៌តល: រដ្ឋត្រីបុរ: បានសួរមកខ្ញុំថា តើលោកម្ចាស់ស្គាល់ព្រះតេជគុណ បណ្ឌិត អគ្គចិត្តោ តោ អាន ទេ? ខ្ញុំឆ្លើយទាំងភ្ញាក់ថា កូរណាស្គាល់តែឈ្មោះនិងឃើញរូបថត ។ «ព្រះអង្គអគ្គចិត្តោ ជាមិត្តរួមថ្នាក់របស់កូរណា នៅសាកលវិទ្យាល័យសំស្រ្តឹតសម្ពូរណានន្ទ លោករៀនពូកែណាស់ លោកធ្លាប់បានទៅសិក្សានៅប្រទេសភូមា មុននឹងមកសិក្សាបន្តនៅប្រទេសឥណ្ឌា កូរណាសោកស្តាយខ្លាំងដោយបានឮថា លោកត្រូវបានខ្មែរក្រហមធ្វើគុត» ព្រះតេជគុណបានមានថេរដីកាបន្តទាំងសំឡេងអួលដើម-ក ។ «ខ្ញុំកូរណាមានសេចក្តីសោកស្តាយខ្លោចផ្សាជាងព្រះតេជគុណខ្លាំងណាស់ ក្នុងនាមខ្ញុំកូរណាជាជនជាតិខ្មែរមួយរូប» ខ្ញុំបានតបទាំងសំឡេងអួលអាក់ ។
ដោយត្រូវធ្វើដំណើរទៅព្រលានយន្តហោះបន្តដំណើរទៅរដ្ឋផ្សេងទៀត ព្រះអង្គក៏បានថ្វាយបង្គំលា ក្រោយពីបានប្រគេនថង់យាមមួយ និងបច្ច័យបន្តិចបន្តួចដល់លោក ប្រកបដោយអារម្មណ៍ស្តាយស្រណោះ ។

សូមបញ្ជាក់ថា នាមបញ្ញត្តិរបស់ព្រះមហា តោ អាន ដែលមាននៅក្នុងសៀវភៅវេយ្យាករណ៍សំស្ក្រឹតរបស់ព្រះអង្គផ្ទាល់មាននាមថា «អគ្គរតោ» មិនមែន «អគ្គចិត្តោ» ទេ ។ ត្រង់នេះអាចមានការភាន់ច្រឡំ ។

គេធ្លាប់ឮចាស់ធ្លាប់និយាយដំណាលតគ្នាថា ព្រះមហា តោ អាន ចេះភាសាសំស្ក្រឹតច្បាស់ណាស់ ។ លោកអាចសរសេរជាបាឋកថា អំពីប្រវត្តិសាស្ត្រខ្មែរ ជាភាសាសំស្ក្រឹតឲ្យគេស្ដាប់នៅឥណ្ឌាបាន ។ ក្នុងន័យនេះ ព្រះធម្មឃោសាចារ្យ បណ្ឌិត ឃី សុវណ្ណរតនា បានបញ្ជាក់ថា ព្រះតេជគុណ បណ្ឌិត តោ អាន ពូកែសំស្ក្រឹតណាស់ លោកចេះភាសាបាលី អង់គ្លេស ភូមា និងហិណ្ឌី ច្បាស់ណាស់ ។ សូម្បីនៅក្នុងសារឆ្លើយឆ្លងគ្នាជាសម្ងាត់មួយ របស់ស្ថានទូតសហរដ្ឋអាម៉េរិកនៅភ្នំពេញ ជាមួយរដ្ឋាភិបាលអាម៉េរិកនៅទីក្រុងវ៉ាស៊ីនតោន ក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ដែលលោកវិទូទទួលបាន បានសរសេរថា ព្រះមហា តោ អាន «បានរៀនភាសាអង់គ្លេសល្អឥតខ្ចោះពីប្រទេសឥណ្ឌា» ដែលភាសាអង់គ្លេសថា «Immaculate English» ។

កិច្ចការបម្រើជាតិសាសនា

ក្រោយពីបញ្ចប់ការសិក្សាវិជ្ជាជាន់ខ្ពស់ដោយបរិបូរណ៍ ពីសាកលវិទ្យាល័យសំស្ក្រឹតពារាណសី នៃជម្ពូទ្វីបវិញ ក្នុងឆ្នាំ ១៩៦៩ ព្រះមហាអគ្គរតោ តោ អាន បាននិមន្តត្រលប់មកមាតុភូមិវិញ ប្រកបដោយចំណេះដឹង និងប្រាជ្ញាញាណខ្ពង់ខ្ពស់ ដើម្បីបម្រើជាតិសាសនា ដែលកំពុងតែត្រូវការបញ្ញវន្ត ដើម្បីអភិវឌ្ឍន៍ស្រុកទេសឲ្យបានរីកចម្រើនជាអច្ឆរិយប្រទេស ក្នុងសម័យសាធារណរដ្ឋខ្មែរ ។
ទស្សនីយភាពថតពីលើអាកាសនៃពុទ្ធមណ្ឌលកម្ពុជា, ភ្នំពេញ, ១០ មីនា ២០១៩ ។ រូបភាព៖ ទស្សនាវដ្ដីប្រជាប្រិយ

ក្រោយត្រលប់ពីប្រទេសឥណ្ឌាវិញ ព្រះមហា តោ អាន បានធ្វើជាអាចារ្យបង្រៀននៅពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ រាជធានីភ្នំពេញ ។ មិនតែប៉ុណ្ណោះ ព្រះអង្គជាស្ថាបនិកពុទ្ធិកវិទ្យាល័យធម្មទូត (ភ្នំពេញ) នេះបើយោងតាម ព្រះតេជព្រះគុណបណ្ឌិត ហុក សាវណ្ណ ដែលធ្លាប់បានបង្រៀននៅទីនោះ មុនឆ្នាំ ១៩៧៥ ។ ពុទ្ធិកវិទ្យាល័យធម្មទូតនេះជាគម្រោងរបស់ សមាគមធម្មទូត ដែលព្រះអង្គបានបង្កើតឡើងក្នុងឆ្នាំ ១៩៧០ ក្នុងគោលបំណងផ្ដល់ឱកាស ដល់សមណនិស្សិតជាច្រើន ដែលមានបានប្រឡងជាប់ចូលរៀននៅសាលាបាលីជាន់ខ្ពស់ ។

ដើម្បីបន្ដកេរដំណែលរបស់ព្រះមហា តោ អាន ព្រះសង្ឃខ្មែរដែលសុទ្ធតែជាពហុស្សូត និងជាព្រះមហាថេរ នៅក្នុងនិងក្រៅប្រទេសមាន ព្រះតេជព្រះគុណ បណ្ឌិត ហុក សាវណ្ណ ព្រះតេជព្រះគុណ យស ហ៊ុត ខេមចារោ និងព្រះភិក្ខុមហាថេរ ចិត្តការោ ទូច សារិទ្ធ ជាដើម បានបង្កើតសមាគមធម្មទូតឡើងវិញ ក្នុងឆ្នាំ ១៩៩៥ ។ បច្ចុប្បន្ន ព្រះភិក្ខុមហាថេរ ចិត្តការោ ទូច សារិទ្ធ ជានាយកប្រតិបត្តិសមាគមធម្មទូត ។ ក្នុងឆ្នាំ ១៩៩៦ សមាគមធម្មទូត បានកសាងពុទ្ធមណ្ឌលដ៏ធំមួយឈ្មោះ ពុទ្ធមណ្ឌលធម្មទូត ដែលស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានចំងាយប្រមាណ ២៧ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ លើផៃ្ទដីប្រមាណ ១០៧ ហិកតារ ក្រោមការឧបត្ថម្ភថវិកាពីពុទ្ធសាសនិកជនទាំងក្នុងនិងក្រៅប្រទេស ។ គោលបំណងនៃពុទ្ធមណ្ឌលធម្មទូត គឺដើម្បីរំឭកដល់ពុទ្ធស្ថាននានានៃព្រះពុទ្ធសាសនា ។ 

អ្វីដែលជាការរៀបចំនិងកសាងនៅក្នុងពុទ្ធមណ្ឌលធម្មទូតនេះ មិនសំដៅតែបម្រើវិស័យព្រះពុទ្ធសាសនាប៉ុណ្ណោះទេ តែបម្រើឲ្យវប្បធម៌‌ អរិយធម៌‌ និងប្រពៃណីជាតិខែ្មរយើងផងដែរ ។ ហើយនៅពេលខាងមុខនេះពុទ្ធមណ្ឌលធម្មទូតនឹងរៀបចំសាងសង់អគារស្នាក់នៅ សម្រាប់មនុស្សចាស់ ដែលគ្មានទីពឹង ដើម្បីចិញ្ចឹមបីបាច់ថែរក្សាពួកគាត់ និងឲ្យពួកគាត់បានកាន់សីល និងស្តាប់ពុទ្ធឱវាទរហូតអស់ជីវិត ។ ពុទ្ធមណ្ឌលធម្មទូតមានគម្រោងសហប្រតិបត្តិការជាមួយអ្នកអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា ឬក៏អង្គការសមាគម ដែលមានទិសដៅអភិវឌ្ឍវិស័យព្រះពុទ្ធសាសនាដូចគ្នា ដើម្បីរៀបចំតំបន់នេះ ឲ្យមានជាសាលាបាលីតាំងពីថ្នាក់ទី១ រហូតដល់ថ្នាក់បញ្ចប់ ។

នៅក្នុងសម័យសាធារណរដ្ឋខ្មែរ ព្រះមហា តោ អាន ជាសមាជិកសកម្មរបស់ពុទ្ធិកសមាគមអន្ដរជាតិ ។ នៅថ្ងៃទី ១២ មករា សន្និបាត ពុទ្ធិកសមាគម មជ្ឈមណ្ឌលភូមិភាគសាធារណរដ្ឋខ្មែរ ក្រោមព្រះអធិបតីភាពដ៏ឧត្តុង្គឧត្តម របស់សម្ដេចព្រះមហាសុមេធាធិបតី ហួត តាត បានធ្វើការបោះឆ្នោតជ្រើសរើស គណៈកម្មការកណ្ដាលសម្រាប់ឆ្នាំ ១៩៧៥ របស់ខ្លួន ដែលពេលនោះ ព្រះមហា តោ អាន ត្រូវបានបោះឆ្នោតជ្រើសរើស ជាព្រះអនុប្រធានទី៣ នៃគណៈកម្មការកណ្ដាលនៃ ពុទ្ធិកសមាគម សាខាសាធារណរដ្ឋខ្មែរ និងជាសមាជិកក្រុមប្រឹក្សាភិបាល ជាព្រះប្រធាននៃគណៈកម្មការសកម្មភាពធម្មយុត្ត ។ ក្នុងនោះ បណ្ឌិត លី គឹមឡុង ដែលជាអតីតនិស្សិតនៃ សាកលវិទ្យាល័យហិណ្ឌូពារាណសី ត្រូវបានជ្រើសតាំងជាសមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធាននៃគណៈកម្មការ ឃោសនាការ ទំនាក់ទំនងសាធារណៈ ការអប់រំ ទទួលឆ្លើយឆ្លងសំបុត្រ សិល្បៈ និងវប្បធម៌ ។

កាលនៅសិក្សារៀនសូត្របន្ដវិជ្ជា នៅប្រទេសឥណ្ឌា ព្រះមហា តោ អាន បានយល់ជ្រាប់ច្បាស់នូវការតស៊ូនយោបាយ ដោយអហិង្សារបស់មហាត្មៈគន្ធី ដូចជាមិនខុសពីព្រះមហាឃោសានន្ទប៉ុន្មានឡើយ ។ ជាក់ស្ដែងក្នុងឆ្នាំ ១៩៧៤ ប្រមាណមួយឆ្នាំមុនការដួលរលំ នៃរបបសាធារណរដ្ឋខ្មែរ ព្រះមហា តោ អាន ក្នុងនាមព្រះអង្គជាព្រះប្រធាន សមាគមធម្មទូត បានដឹកនាំព្រះសង្ឃនិងពុទ្ធបរិស័ទប្រមាណ ១០០០ អង្គ/នាក់ ធ្វើកូដកម្មបង្អត់អាហារ ដើម្បីទាមទារឲ្យបញ្ឈប់សង្គ្រាមបង្ហូរឈាមរវាងខ្មែរនឹងខ្មែរ (សាធារណរដ្ឋខ្មែរ និងខ្មែរក្រហម) ។ នៅថ្ងៃទី ៦ កុម្ភៈ ក្រុមព្រះសង្ឃនិងពុទ្ធបរិស័ទទាំងនោះបានធ្វើកូដកម្មបង្អត់អាហារ និងសូត្រមន្តបួងសួងសុំសុខសន្តិភាពនៅវត្តឧណ្ណាលោម ។ ថ្ងៃទី២ (៧ កុម្ភៈ) ធ្វើកូដកម្មបង្អត់អាហារបន្ដទៀត និងធ្វើពិធីបាញ់ទឹកពីលើអាកាស ជានិមិត្តរូបនៃសេចក្តីប្រាថ្នាចង់ឲ្យភ្លើងសង្គ្រាមឆាប់ផុតរលត់ទៅ ពីទឹកដីកម្ពុជរដ្ឋ ។ រីឯថ្ងៃទី៣ (៨ កុម្ភៈ) ក្រុមព្រះសង្ឃនិងពុទ្ធបរិស័ទ ដែលដឹកនាំដោយ ព្រះមហា តោ អាន បានធ្វើសមាធិដើម្បីទាមទារឲ្យ (មេដឹកនាំជាតិ) ស្វែងរកមធ្យោបាយបញ្ចប់សង្គ្រាម ។ នៅមុនកូដកម្មបង្អត់អាហារនេះ សមាជិកសមាគមធម្មទូត បានបរិច្ចាគឈាមដើម្បីជានិមិត្តសញ្ញាឲ្យដឹងថា ឈាមខ្មែរកំពុងតែហូរដោយសារសង្គ្រាម ។
ព្រះសង្ឃខ្មែរក្នុងរបបខ្មែរក្រហម ១៩៧៥-១៩៧៩ ។ រូបភាព៖ ថតចាកសៀវភៅ Buddhism in a Dark Age by Ian Harris

ទីអវសាន

ព្រះមហាអគ្គរតោ តោ អាន ត្រូវបានពួកខ្មែរក្រហមធ្វើគុត ក្នុងកំឡុងឆ្នាំ១៩៧៥ ។ គោលនយោបាយជីកឫសអ្នកប្រាជ្ញខ្មែររបស់ពួកខ្មែរក្រហម បានក្លាយជាអំពើអត្តឃាត ។ អ្នកប្រាជ្ញខ្មែរជាច្រើនត្រូវបានសម្លាប់និងស្លាប់ ក្នុងរបបខ្មែរក្រហមស្ទើរគ្មានសល់ ។ សូមយើងស្រមៃទៅអតីតកាលមើលថា បើមិនមានសង្គ្រាមត្រជាក់ បើមិនមានរបបខ្មែរក្រហម មាននោគមវិជ្ជាប្រឆាំងបញ្ញវន្តទេ តើពេលនេះខ្មែរយើងនឹងអាចបានរីកចម្រើនយ៉ាងណា? ទោះជាយ៉ាងណាក៏ដោយ រឿងសំខាន់ក្នុងបច្ចុប្បន្ន យើងត្រូវចូលរួមទាំងអស់គ្នាដោយផ្ទាល់ឬប្រយោល ដើម្បីកសាងធនធានមនុស្ស ធនធានព្រះសង្ឃយើងឲ្យមានសមត្ថភាពនិងប្រាជ្ញាញាណ ឧត្តុង្គឧត្តមខ្លាំងក្លាឡើងវិញ ។

សមដូចព្រះរាជបន្ទូលរបស់សម្តេចព្រះសង្ឃរាជគណៈមហានិកាយ ជួន ណាត ជោតញ្ញាណោ, ស្រង់ចាកសៀវភៅ «ទស្សនៈ សម្តេចព្រះសង្ឃរាជ ជួន-ណាត» ចងក្រងដោយ គង់ សម្ភារ ឆ្នាំ១៩៧០ថា៖

«អ្នកណាបួសហើយដឹកនាំគេអោយស្គាល់ផ្លូវល្អអាក្រក់ ពោលគឺបានសិក្សាគម្ពីរដីកានូវវិជ្ជាផ្សេងៗ ហើយប្រព្រឹត្តត្រឹមត្រូវល្អ អ្នកនោះទើបឈ្មោះថាអ្នកបួសត្រូវតាមសមណភេទ...ព្រោះថាព្រះពុទ្ធសាសនាដែលរុងរឿងទៅកើតមកពីអ្នកបួស បើអ្នកដឹកនាំឱនថយ សាសនាក៏ចុះតាមនោះដែរ ដោយហេតុថា របស់អ្វីក៏ដោយក្នុងលោកនេះដែលមនុស្សមិនបង្កើត?»

ប្រភពព័ត៌មាន៖
1- កិច្ចសន្ទនារបស់លោកវិទូ ជាមួយព្រះធម្មឃោសាចារ្យ បណ្ឌិត ឃី សុវណ្ណរតនា ក្នុងឆ្នាំ២០១៥ ។
2- តាមរយៈទំព័រហ្វេសប៊ុករបស់ព្រះធម្មឃោសាចារ្យ បណ្ឌិត ឃី សុវណ្ណរតនា ចុះថ្ងៃទី ២១ ធ្នូ ២០១៥ ។
3- កិច្ចសន្ទនារបស់លោកវិទូ ជាមួយព្រឹទ្ធាចារ្យ បណ្ឌិត កែវ ប៉ាម៉ា នៅថ្ងៃទី ២១ មីនា ២០១៩ ។
4- ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំទី ៣៤ លេខ ១ ខែមករា ព.ស. ២៥០៤ គ.ស. ១៩៦២, ទំព័រ ២២៨~២២៩ ។
5- ថាច់ ចន្ទ, ប្រវត្តិរូបសង្ខេបរបស់ព្រះតេជព្រះគុណបណ្ឌិត ហុក សាវណ្ណ ព្រះគ្រូចៅអធិការវត្តខ្មែរកាណាដា, ក្រុងម៉ុងរេអាល់, ០៤/២៧ មេសា ២០០៤ ។
6- Calhoun, C.J. and Janni, F.A. The Anthropological Study of Education, The Hague, Paris: Mouton Publishers, 1976, p. 72.
7- Kalab, M. “Monastic Education, Social Mobility, and Village Structure in Cambodia” in David J. Bank (eds.), Changing Identities in Modern Southeast Asia, The Hague; Paris: Mouton Publications, 1976, p.167.
8- "MONKS' HUNGER STRIKE", US Department of State cable, 1974-32761, 1974.
9- Joint Publications Research Service, Translations on South and East Asia, No. 530, 1975, pp. 9-12.

© រក្សាសិទ្ធិដោយលោកវិទូ