លោកវិទូ | ថ្ងៃ ១᧲៥ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ | ២១ មេសា ២០១៩
បើយើងធ្វើដំណើរតាមផ្លូវ ទាំងផ្លូវជាតិធំៗ និងផ្លូវលំតាមស្រុកភូមិទាំងផ្ទៃប្រទេស យើងនឹងមើលឃើញផ្ទាំងផ្សព្វផ្សាយគ្រឿងវឹងធំៗជាប់គ្នារដិកតាមដងផ្លូវដែលក្លាយជាគ្រឿងលំអរផ្លូវផង និងហាក់ដូចជាសញ្ញាប្រាប់ផ្លូវផង ។ បើយើងក្រឡេកមើលមួយភ្លែត វាហាក់ពិតជានាំមកនូវមោទនភាពមែនសម្រាប់សង្គមជាតិ ។
កាលមិនទាន់ទំនើប និងមិនទាន់មានការផ្សព្វផ្សាយផុលផុស រឺភាសាបច្ចេកទេស ប្រូមូសិន (promotion) បែបហ្នឹង ខ្មែរផឹកទឹកត្នោតជូរ ស្រាថូ ស្រាស (ស្រាបឹត) ស្រាថ្នាំ និងមានស្រាដប រីស្រាបៀខ្លះៗដែរ ហើយមកដល់សម័យទំនើប និងព្រមទាំងមានការប្រូមូសិនច្រើនបែបនេះ ខ្មែរកាន់តែផឹក គឺផឹកផឹក៖
ក) គ្រប់ពេល៖ ពេលឈប់សំរាកពីការងារ និងជួបជុំមិត្តភក្តិជិតឆ្ងាយដែលបែកគ្នារយៈពេលវែង រឺពេលខ្លី ។
ខ) ផឹកគ្រប់កម្មពិធី៖ មានកម្មពិធីអាពាហ៍ពិពាហ៍ បុណ្យខ្មោច ឡើងផ្ទះ ខួបកំណើត បង្កក់កូន (ទន្លាក់ចង្រ្កាន) បុណ្យភូមិ រឺបុណ្យដាលាន
គ) ផឹកគ្រប់ព្រឹត្តិការណ៍៖ ផឹកពេលចូលឆ្នាំសាកល ចូលឆ្នាំខ្មែរ ចូលឆ្នាំចិន_យួន និងជាតិនានា ។ សរុបអោយខ្លីមកគឺផឹកវិលជុំពេញមួយឆ្នាំតែម្តង ។ ដោយសារមិនបានស្រាវជ្រាវពីស្ថិតិនៃបរិមាណនៃគ្រឿងស្រវឹង ដូច្នេះយើងមិនដឹងពីរបាយការណ៍ថាតើខ្មែរផឹកអស់ចំនួនប៉ុន្មានដប់ ? ប៉ុន្មានលីត្រ និងប៉ុន្មានតោននៃស្រាក្នុងមួយឆ្នាំ ៗ ប៉ុន្តែយើងគិតថា វាមិនតិចនោះទេ។ បើលោកអ្នកអានបានដឹងពីចំនួន មេត្តា ជួយប្រាបើផងទាន ។
យើងកម្រឃើញខ្មែរនៅតាមសហគមន៍នីមួយៗទូទាំងប្រទេសបង្កើតកម្មពិធី រឺព្រឹត្តិការណ៍ជួបជុំគ្នា០ដើម្បីពិភាក្សាពីការរួមគ្នាកសាងសហគមន៍ ការអប់រំសិក្សារៀនសូត្ររបស់កូនចៅរបស់សហគមន៍ឡើយ ...................
ទោសផឹកទឹកស្រវឹងមាន៦យ៉ាង៖
១) វិនាសទ្រព្យ (ដែលរកបានលំបាកដោយសារការចាយវាយខុស) ។
២) នាំអោយមានជម្លោះ (ឈ្លោះទាស់ទែងជាមួយមិត្តភក្តិ បងប្អូន និងអ្នកដទៃ ពិសេសអំពើហិង្សាក្នុងគ្រួសារ) ។
៣) នាំអោយកើតរោគ (មានរោគក្រឹនថ្លើម និងកាមរោគ ឬរោគអេដសិ៍ ប្រសិនបើទៅរកសេវាខាងក្រៅដោយភ្លេចស្មារតី) ។
៤) នាំអោយខូចឈ្មោះ (ពេលស្រវឹងរឿងអីក៏និយាយចេញមកដែរ ពិសេសរឿងមិនពិត ភូត ភរកុហក់ បោកប្រាស់ ពាក្យរោយរាយឥតប្រយោជន៍។ បើផឹកជ្រុល អាចហ៊ានទៅខ្ចីបុលគេផឹក ។
៥) បង្ហាញកេរ្តិ៍ខ្មាស់ (ពេលស្រវឹងជ្រុលអាចមិនដឹងខ្លួនរហូតរបស់បិទបាំងកេរ្តិ៍ខ្មាស់ និងពេលខ្លះបាត់បង់សារជាតិជាមនុស្ស ។
៦) ធ្វើអោយសតិស្មារតីចុះអន់ថយ ។
ព្រមទាំងបង្ករមានគ្រោះថ្នាក់ជាច្រើនទៀត មានដូចជាបង្ករគ្រោះថ្នាក់ចរាចរណ៍ជាដើម ។
គ្រឿងស្រវឹង បើបុគ្គលណាប្រព្រឹត្តជាប្រចាំធ្វើអោយប៉ះពាល់ដល់សុភមង្គល ជីវភាព និងអនាគតកូនចៅ និងក្រុមគ្រួសារយ៉ាងធ្ងន់ធ្ងរ។ រីឯប្រទេសជាតិ ក៏ដូចគ្នាដែរប្រសិនបើប្រជាពលរដ្ឋទូទៅប្រព្រឹត្តបែបហ្នឹងជាអលជ្ជី ។
ដើម្បីកសាងសង្គមគ្រួសារ សហគមន៍ និងសង្គមជាតិមួយបានល្អប្រសើរ រុងរឿង សម្បូរសប្បាយ និងមានសុភមង្គល៖
១) យើងត្រូវការប្រជាពលរដ្ឋខ្មែរទាំងអស់ចេះសន្សំសំចៃ ទុកដាក់ និងចាយវាយទ្រព្យដែលរកបានមក ក្នុងមធ្យោបាយមួយត្រឹម (ដើម្បីទុកវិនិយោគលើវិស័យណាមួយដែលមានប្រយោជន៍) ។
២) យើងត្រូវការប្រជាពលរដ្ឋដែលមិនចូលចិត្តបង្ករជម្លោះ (ឈ្លោះទាស់ទែងជាមួយមិត្តភក្តិ បងប្អូន និងអ្នកដទៃ ពិសេសអំពើហិង្សាក្នុងគ្រួសារ) ។
៣) យើងត្រូវការប្រជាពលរដ្ឋមិនមានកើតរោគ និងមានសុខភាព ដើម្បីបំពេញការងារប្រកបដោយសក្តានុពល ក្នុងការកសាងសេដ្ឋកិច្ចគ្រួសារ សហគមន៍ និងសង្គមជាតិ ។
៤) យើងត្រូវការប្រជាពលរដ្ឋដែលចេះរក្សាកិត្តិយស កេរ្តិ៍ឈ្មោះល្អ និងមានស្មារតីជានិច្ច ។
ចុះប្រសិនបើប្រទេសជាតិយើង សម្បូរដោយប្រជាពលរដ្ឋដែលខ្ជីខ្ជារធនធាន, ជាប្រជាជនចូលចិត្តបង្ករជម្លោះ, ជាប្រទេសជាតិមានប្រជាជនសម្បូរដោយរោគ, ជាប្រជាជនមិនចេះរក្សាកិត្តិយស កេរ្តិ៍ឈ្មោះ និងជាប្រជាពលរដ្ឋដែលមិនសតិ ស្មារតី តើយើងនឹងអាចកសាងសង្គមជាតិយើងអោយសុខចម្រើន រុងរឿងយ៉ាងដូចម្តេចកើត ?
ជាតិសាសន៍មួយដែលមានឈ្មោះថា "ជួបផឹក" ពិតជាមិននាំអ្វីមកនូវមោទនភាពជាតិនោះទេ ៕
អត្ថបទដោយ៖ ព្រះគ្រូ អឿន សំអាត ១៤ មេសា ២០១៨
© រក្សាសិទ្ធិដោយលោកវិទូ
© រក្សាសិទ្ធិដោយលោកវិទូ