សំណល់បែកបាក់នៃស្តូបធំ នៅកណ្ដាលវិក្រមសិលាមហាវិហារ ។ រូបភាព៖ វិគីភីឌា |
លោកវិទូ | ថ្ងៃ ៧᧨៦ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ | ១១ ឧសភា ២០១៩
សាលាទិសាបាមោក្ខដ៏ល្បីល្បាញមួយគឺ វិក្រមសិលាមហាវិហារ ដែលស្ថិតនៅក្នុងស្រុកភាគ័លបុរៈ នៃរដ្ឋប៊ីហារ ។ សាកលវិទ្យាល័យវិក្រមសិលា ត្រូវបានកសាងឡើងដោយព្រះរាជានៃចក្រភពបាលៈ ព្រះបាទ ធម្មបាល ក្នុងចុងសតវត្សរ៍ទី ៨ ដើម្បីឆ្លើយតបទៅនឹងការធ្លាក់ចុះនូវឧត្តមវិជ្ជា នៃសាកលវិទ្យាល័យនាលន្ទា ។ វិក្រមសិលា ជាមជ្ឈមណ្ឌលសិក្សាមួយ ឬជាសាលាទិសាបាមោក្ខមួយ ក្នុងចំណោមសាលាទិសាបាមោក្ខដ៏សំខាន់បំផុតទាំងពីរ របស់ចក្រភពបាលៈ ក្រៅពីនាលន្ទា ។
វិក្រមសិលាបានរីកចម្រើនរុងរឿង អស់កាលប្រមាណ ៤ សតវត្សរ៍ និងត្រូវបានបំផ្លាញដោយពួកមូស្លីម ដែលដឹកនាំដោយមេទ័ពឈ្មោះ បាខតិយារ ខល្ជី ដំណាល់គ្នានឹងសាលាសិក្សាព្រះពុទ្ធសាសនាសំខាន់ៗដទៃទៀត នៅប្រទេសឥណ្ឌា ។ សាកលវិទ្យាល័យវិក្រមសិលា មានឈ្មោះល្បីល្បាញ ក្នុងប្រវត្តិសាស្ត្រ ដោយសារធ្លាប់ជាមូលដ្ឋានសិក្សាពុទ្ធសាសនានិកាយតន្ត្រៈ (ទីបេត៍) ។
ប្រវត្តិរបស់វិក្រមសិលា ដែលយើងបានដឹង គឺតាមប្រភពពីទីបេត៍ ជាពិសេស ការសរសេររបស់ព្រះសង្ឃឡាម៉ា តារនាថ ជាប្រវត្តិវិទូនៃសតវត្សរ៍ទី ១៦ និង ១៧ ។ វិក្រមសិលាជាសាកលវិទ្យាល័យធំមួយ ក្នុងចំណោមសាកលវិទ្យាល័យពុទ្ធសាសនាធំជាងគេបំផុត ដែលមានគ្រូជាង ១០០ នាក់ និងសិស្សជាង ១០០០ នាក់ ។ សាកលវិទ្យាល័យនេះ បានបង្កើតអ្នកប្រាជ្ញសំខាន់ៗជាច្រើន ដែលគេតែងនិមន្តឬអញ្ជើញ ឲ្យទៅផ្សព្វផ្សាយនូវការសិក្សាពុទ្ធសាសនា វប្បធម៌ពុទ្ធសាសនា និងសាសនាព្រះពុទ្ធ ។ ក្នុងចំណោមនោះគឺ ព្រះអតិសៈ ទីបង្ករ ដែលល្បីល្បាញជាងគេ ។ ព្រះអតិសៈគឺជាអ្នកបង្កើតពុទ្ធសាសនាទីបេត៍និកាយ សរមៈ (មានន័យថា ការបកប្រែថ្មី) ។
មុខវិជ្ជាសិក្សានៅសាកលវិទ្យាល័យវិក្រមសិលា មានដូចជា ទស្សនវិជ្ជា វេយ្យាករណ៍ បរមតវិជ្ជា និងតក្កវិទ្យាឥណ្ឌា ។ល។ ប៉ុន្តែការសិក្សាដ៏សំខាន់បំផុតនៅទីនេះគឺ ការសិក្សាអំពី ពុទ្ធសាសនាតន្ត្រៈ ។ តន្ត្រៈគឺមន្តវិជ្ជាអាថ៌កំបាំង មានអនុភាពពិសេស អាចញ៉ាំងអ្នកប្រតិបត្តិ ឬអ្នកអនុវត្តិឲ្យសម្រេចនូវពោធិធម៌បាន ដោយការចម្រើនសមាធិ និងការធ្វើយោគៈដោយវិធីសាស្ត្រផ្សេងៗមាន កសិណ និមិត្ត ឈាន ជាដើម ។ លទ្ធិតន្ត្រៈនេះមិនត្រឹមតែផ្សព្វផ្សាយទៅប្រទេសទីបេត៍ទេ សូម្បីប្រទេសឥណ្ឌូនេស៊ីក្នុងសម័យសៃលេន្ទ្រៈ និងប្រទេសកម្ពុជាក្នុងសម័យអង្គរ ក៏ទទួលឥទ្ធិពលនៃលទ្ធិនេះដែរ ។
សាកលវិទ្យាល័យបុរាណនេះ ត្រូវបានគេជីករកបានផ្នែកខ្លះ និងដំណើរការជីករកកំពុងតែប្រព្រឹត្តទៅ ។ ពីដំបូង ការជីករុកដែលធ្វើឡើងយ៉ាងផ្ចិតផ្ចង់ ដោយលោកសាស្ត្រាចារ្យប្រវត្តិសាស្ត្រ និងបុរាណវិទូ ប៊ី.ភី. ស៊ីនហា នៃសាកលវិទ្យាល័យបដនា (១៩៦០~៦៩) និងបន្ទាប់មក ដោយស្ថាប័នស្រាវជ្រាវបុរាណវត្ថុរបស់ឥណ្ឌា (១៩៧២~៨២) ។ គេបានជីករកឃើញវត្តមានរាងបួនជ្រុងដ៏សម្បើមមួយ ដែលមានស្ដូបរាងខ្វែងចំកណ្ដាល ១ បណ្ណាល័យ ១ និងបណ្ដុំនៃស្ថូបតូចជាច្រើន ។ នៅភាគខាងជើងនៃវត្ត គេឃើញមានវត្តទីបេត៍ ១ និងវត្តហិណ្ឌូ ១ ។ ទំហំដីមានជាង ៤០ ហិចតារ (១០០ អាក់) ។
វត្តឬកុដិសម្រាប់ព្រះសង្ឃគង់នៅ គឺជាសំណង់រាងបួនជ្រុងដ៏សម្បើមមួយ ជ្រុងនីមួយៗមានប្រវែង ៣៣០ ម៉ែត្រ មានបន្ទប់តជាប់គ្នាចំនួន ២០៨ បន្ទប់ ដោយមាន ៥២ បន្ទប់នៅលើជ្រុងមួយៗ នៃជ្រុងទាំងបួន បើកចំហចូលក្នុង នៃវីរ៉ង់ដា (រានហាល) រួមមួយ ។ នៅក្រោមបន្ទប់ខ្លះ មានបន្ទប់រាងកោងធ្វើពីដីឥដ្ឋ អាចជាកន្លែងធ្វើសមាធិសម្រាប់ព្រះសង្ឃ ។
ចាប់តាំងពីឆ្នាំ ២០០៩ មក ការកសាងឡើងវិញនូវសាកលវិទ្យាល័យវិក្រមសិលា កំពុងតែដំណើរការ ដើម្បីអភិរក្ស និងកែលម្អ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ។ គេឃើញមានលំហូរចូលភ្ញៀវទេសចរមកប្រទេសលោកខាងលិច ទៅកាន់បុរាណដ្ឋានប្រវត្តិសាស្ត្រ វិក្រមសិលា កំឡុងពេលនៃការធ្វើដំណើរកំសាន្តតាមកប៉ាល់ តាមដងទន្លេគង្គា ៕