សម្ដេចសង្ឃ ដាឡៃ ឡាម៉ា ទី ១៤ រូបភាពឆ្នាំ ២០១២ ។ © វិគីភីឌា |
លោកវិទូ | ថ្ងៃ ២᧪៦ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ | ១៣ ឧសភា ២០១៩
ចំណុចស្នូលនៃពុទ្ធសាសនាវជ្រយានរបស់ទីបេត៍ គឺមានកិត្តិមជនសាសនាដែលគេឲ្យឈ្មោះថា ‘ឡាម៉ា’ ជាភាសាទីបេត៍មានន័យថា ‘គុរុ’ ឬ ‘គ្រូ’ ។...ដោយជំនឿថាសន្តតិវង្សដាឡៃឡាម៉ា ជាព្រះពោធិសត្វចាប់ជាតិ សម្តេចសង្ឃដាឡៃ ឡាម៉ាទី ១៤ នេះ ត្រូវបានប្រជាជនទីបេត៍គោរពបូជាខ្លាំងណាស់ ។
ពុទ្ធសាសនាវជ្រយាន: បើតាមន័យត្រង់ ‘វជ្រយាន’ <វជ្រៈ (ពេជ្រ) + យាន (យានឬផ្លូវ)> មានន័យថា ‘យានពេជ្រ’ បានដល់សំណុំនៃតន្ត្រៈក្នុងពុទ្ធសាសនា ។ បើនិយាយតាមទ្រឹស្តី តន្ត្រៈគឺមន្តវិជ្ជាអាថ៌កំបាំង មានអានុភាពពិសេស អាចញ៉ាំងអ្នកប្រតិបត្តិ ឬអ្នកអនុវត្តឲ្យសម្រេចនូវ ពោធិធម៌បាន ដោយការចម្រើនសមាធិ និងការធ្វើយោគៈដោយវិធីសាស្ត្រផ្សេងៗមាន កសិណ និមិត្ត ឈាន ជាដើម ។ ដោយការរួមបញ្ចូលទ្រឹស្តីតន្ត្រៈយ៉ាងនេះ វជ្រយានអាចហៅថា ‘តន្ត្រយាន’ ក៏បាន ។ ម្យ៉ាងទៀត បានជាមានឈ្មោះថា វជ្រយាន គឺដោយសារតែមានការប្រើក្នុងពិធីសាសនា នូវ «វជ្រៈ» ដែលជានិមិត្តរូបនៃពេជ្រមិនចេះសាបសូន្យ និងអានុភាពនៃផ្គរលាន់និងផ្លេកបន្ទោរ ។
សូមបើកវង់ក្រចកត្រង់នេះបន្តិចថា «វជ្រៈ» ជាភាសាសំស្ក្រឹត មានន័យពីរយ៉ាងគឺ ‘កាំរន្ទះ’ និង ‘ពេជ្រ’ ។ ចំពោះន័យថា ‘កាំរន្ធះ’ វចនានុក្រមសម្តេចជួនណាតពន្យល់ថាជា ‘លោហធាតុក្លាយពីធាតុថ្ម ជាកាំរន្ទះមានសណ្ឋានផ្សេងៗ’ (ជួន ណាត ១៩៦៧: ៩៩១) ។ តាមជំនឿសាសនានិងរឿងទេវកថា វជ្រៈគឺ ជាអាវុធរបស់ព្រះឥន្ទ្រ ។ វជ្រៈត្រូវបានគេប្រើជានិមិត្តរូបក្នុងពិធីសាសនា ដែលតំណាងឲ្យភាពខ្ជាប់ខ្ជួននិងភាពមិនញាប់ញ័រនៃចិត្តនិងពលានុភាពនៃចិត្ត ។ ការនិយមប្រើវជ្រៈជានិមិត្តរូប និងជាឧបករណ៍ក្នុងពិធីកម្មសាសនា បានផ្សព្វផ្សាយពីប្រទេសឥណ្ឌា តាមរយៈវប្បធម៌និង សាសនារបស់ឥណ្ឌាទៅកាន់ទីផ្សេងៗនៃតំបន់អាស៊ី ។
យោងតាមគម្ពីររបស់វជ្រយាន ពាក្យថា ‘វជ្រយាន’ នេះ សំដៅចំពោះយានឬផ្លូវមួយ ក្នុងចំណោមយានឬ ផ្លូវទាំងបីនៃសម្មាសម្ពោធិញាណ ។ រីឯយានពីរទៀតគឺ ហីនយាន (ថេរវាទ) មហាយាន ។ និកាយនេះមានជំនឿខ្លាំងលើមន្ត្រៈ (មន្ត) អាគមគាថានិងអភិនិហារ ដែលជាហេតុអស្ចារ្យផ្សេងៗ ដូចជាអត្ថន័យនៃឈ្មោះបានបញ្ជាក់ស្រាប់ ។ មន្ត្រៈដែលល្បីស័ក្តិសិទ្ធិជាងគេក្នុងពុទ្ធសាសនាវជ្រយានគឺ ឱម មណិ បដ្មេ ហូម (Om mani padme hum) ។ ដូច្នេះវជ្រយានអាចហៅម្យ៉ាងទៀតថា ‘មន្ត្រយាន’ ។
ប្រទេសដែលកាន់ពុទ្ធសាសនាវជ្រយានគឺ ប្រទេសដែលនៅជួរភ្នំហិមាល័យ ដូចជា ទីបេត៍ នេប៉ាល់ ប៊ូតង់ និងម៉ុងហ្គោលីផងដែរ ។ វជ្រយានគឺជាផ្នែកមួយ នៃពុទ្ធសាសនាមហាយាន តែអ្នកប្រាជ្ញខ្លះបានចាត់ទុកនិកាយនេះថា ជានិកាយមួយឯករាជ្យដោយ ឡែក ។ ថ្វីដ្បិត វជ្រយានមានប្រភពពីប្រទេសឥណ្ឌាក៏ពិតមែន តែបច្ចុប្បន្ន ទីបេត៍ជាទីដែលនិកាយនេះកំពុងពេញនិយមខ្លាំង ។ ចំណុចស្នូលនៃពុទ្ធសាសនាវជ្រយានរបស់ទីបេត៍ គឺមានកិត្តិមជនសាសនា ដែលគេឲ្យឈ្មោះថា ‘ឡាម៉ា’ ជាភាសាទីបេត៍មានន័យថា ‘គុរុ’ ឬ ‘គ្រូ’ ។ សន្តតិវង្សឡាម៉ាសំខាន់ៗបានវិវឌ្ឍឡើង តាំងពីដើមសតវត្សរ៍ទី ៩ ។ ៣០០ ឆ្នាំក្រោយមក កិត្តិមជនឡាម៉ាជាទីគោរពបូជាមួយអង្គនាម ត្សុង-ខា-ប៉ា (Tsong-kha-pa, ១៣៥៧-១៤១៩) បានបង្កើតនូវនិកាយហ្គេលូគ-ប៉ា (Gelug-pa) ជាចលនាកំណែទម្រង់មួយក្នុងពុទ្ធសាសនាទីបេត៍ ដែលគេហៅមិនផ្លូវការថា ប្រពៃណីមួកលឿង ។ ប្រភពចំបងនៃប្រាជ្ញាញាណរបស់ត្សុង-ខា-ប៉ា គឺលទ្ធិខាដាម (Kadam) ដែលជាកេរដំណែលរបស់អតិសៈ ដែលបាននិមន្តទៅឥណ្ឌូនេស៊ី ក្នុងសតវត្សរ៍ទី ១១ គ.ស. ដើម្បីសិក្សាពុទ្ធសាសនាក្នុងសំណាក់ព្រះធម្មកីរតិនៃសុវណ្ណទ្វីប និងធ្លាប់ជាប្រមុខនៃសាកលវិទ្យាល័យវិក្រាមសិលា (រដ្ឋប៊ីហារ) ។
ហ្គេលូគ-ប៉ា គឺជានិកាយមួយថ្មីជាងគេក្នុងចំណោមនិកាយធំៗទាំង ៤ របស់ពុទ្ធសាសនាទីបេត៍ ។ បរិស័ទហ្គេលូគ-ប៉ាមានជំនឿថា ព្រះគ្រូទីបីរបស់និកាយនេះ ជាព្រះពោធិសត្វអវលោកិតេស្វរៈមកចាប់ជាតិ ដូច្នេះហើយក៏នាំឲ្យកើតជាសន្តតិវង្ស ‘ដាឡៃឡាម៉ា’ ឡើង ។ សន្តតិវង្សដាឡៃឡាម៉ានេះ បានធ្វើកំណែទម្រង់លើវិន័យបព្វជិតតឹងរឹង ហើយមានជំនឿស៊ប់ថា ព្រះពោធិសត្វជាព្រះពុទ្ធដែលទ្រង់បានចាកចេញពីព្រះនិព្វាន ដោយសារសេចក្តីមេត្តាករុណាចំពោះសត្វលោក គឺព្រះអង្គទ្រង់កំពុងបន្តគង់ធរមាននៅក្នុងលោកនេះនៅឡើយ ។ នេះជាជំនឿមួយប្លែកពីពុទ្ធសាសនាថេរវាទ និងមហាយានដែលកម្រមានពុទ្ធបរិស័ទខ្មែរយើងបានដឹងណាស់ ។ ឥរិយាបថក្នុងការថ្វាយបង្គំទៀតសោតក៏ខុសពីគេដែរ ។ អ្នកថ្វាយបង្គំត្រូវឈរកម្បង់អញ្ជលីប្រណមឡើងត្រង់ទៅលើ បន្ទាប់មកត្រូវបន្ទន់ខ្លួនក្រាប់ដោយដងខ្លួនត្រង់ស្មើលើផែនដី ខណៈដែលដៃត្រូវប្រណម្យស្របនឹងដងខ្លួនទៅមុខ ។
សម្តេចសង្ឃដាឡៃឡាម៉ាទី ១៤ និងជាដាឡៃឡាម៉ាបច្ចុប្បន្ន មានព្រះនាមថា តេនហ្ស៊ីន កាត្សូ (Tenzin Gyatso) ប្រសូតក្នុងឆ្នាំ ១៩៣៥ នៅប្រទេសទីបេត៍ (តាំងពីឆ្នាំ ១៩៥០ មកត្រូវបានគ្រប់គ្រងដោយចិន ដោយការប្រើប្រាស់កម្លាំងទ័ព); និងមានព្រះជន្ម ៨៣ ព្រះវស្សាហើយ ។ តាំងពីឆ្នាំ ១៩៥៩ ដល់បច្ចុប្បន្ន សម្តេចសង្ឃដាឡៃឡាម៉ាទី ១៤ គង់និរទេសខ្លួននៅធម្មសាលា (ដារ៉ាមសាលា) ប្រទេសឥណ្ឌា ចម្ងាយ ៤៧៤ គ.ម. ពីរដ្ឋធានីញូវដែល្លី ។ ដោយជំនឿថាសន្តតិវង្សដាឡៃឡាម៉ា ជាព្រះពោធិសត្វចាប់ជាតិ សម្តេចសង្ឃដាឡៃ ឡាម៉ាទី ១៤ នេះ ត្រូវបានប្រជាជនទីបេត៍គោរពបូជាខ្លាំងណាស់ ។ ប៉ុន្តែតាមខ្ញុំសង្កេតមើល តាមរយៈការស្តាប់សង្ឃដីការបស់ព្រះអង្គតាមយូធូប និងធ្លាប់បានស្តាប់ផ្ទាល់ម្តងដែរ ព្រះអង្គមិនដែលមានមោទនភាពយ៉ាងដូច្នោះទេ ។ ជាសាធារណៈព្រះអង្គចាត់ទុកខ្លួនព្រះអង្គគ្រាន់តែជាគ្រូបង្រៀនពុទ្ធបរិស័ទប៉ុណ្ណោះ មិនមែនជាព្រះពោធិសត្វឬព្រះអាទិទេពអ្វីនោះទេ ។ ព្រះអង្គជាមេដឹកនាំពុទ្ធសាសនា ដ៏មានប្រជាប្រិយភាពលើឆាកអន្តរជាតិ និងជាវាគ្មិនដែលមានទេពកោសល្យពិសេស ដែលញ៉ាំងអ្នកស្តាប់ឲ្យចូលចិត្តបាន គ្រប់ស្រទាប់វណ្ណៈនិងសាសនា ។ មិនតែប៉ុណ្ណោះ ព្រះអង្គជាអ្នកគាំទ្រនូវ «អន្តរសាសនានិយម» មួយអង្គដ៏សំខាន់និងឈានមុខគេ ក្នុងចំណោមមេដឹកនាំសាសនាក្នុងពិភពលោក និងតែងតែផ្សព្វផ្សាយនូវ «មេត្តាករុណាធម៌» ចំពោះមនុស្សជាតិជាសាកល ។
បច្ចុប្បន្ន ដោយសារឥទ្ធិពលរបស់ព្រះអង្គ ពុទ្ធសាសនាទីបេត៍មានការរីកចម្រើនគួរឲ្យកត់សម្គាល់ នៅប្រទេសជាច្រើនក្នុងទ្វីបអឺរ៉ុប ។ ដោយឡែកនៅប្រទេសរ៉ុស្សីវិញ ពុទ្ធសាសនាវជ្រយានរបស់ទីបេត៍ ត្រូវបានគេចាត់ទុកថា ជាផ្នែកមួយនៃមរតកវប្បធម៌ប្រពៃណីរបស់ខ្លួន ។
មេត្តានិងករុណាគឺជាវត្ថុចំបាច់ មិនមែនគ្រឿងប្រណិតគ្រប់យ៉ាងទេ ។ បើគ្មានមេត្តានិងករុណាទេ មនុស្សជាតិមិនអាចតាំងនៅបានឡើយ ។ ~ សង្ឃដីកាសម្តេចសង្ឃ ដាឡៃ ឡាម៉ា ទី ១៤
និយាយសរុបសេចក្តីឲ្យខ្លីមក បើពុទ្ធសាសនាថេរវាទ រំដោះទុក្ខបានតាមមាគ៌ាព្រះពុទ្ធសមណគោត្តម និងពុទ្ធសាសនាមហាយានតាមមាគ៌ាព្រះពោធិសត្វ ពុទ្ធសាសនាវជ្រយានតាមមាគ៌ាមន្ត្រៈ ៕
សូមទស្សនាទិដ្ឋភាពខ្លះ នៃពុទ្ធសាសនិកជនទីបេត៍ នៅពុទ្ធគយា រដ្ឋប៊ីហារ ប្រទេសឥណ្ឌា (ភាសាខ្មែរ)៖
© រក្សាសិទ្ធិដោយលោកវិទូ