ពីឆ្វេង៖ លោក រោនី កោលា ឯ.ឧ. អ៊ុង ស៊ាន និងលោកជំទាវ លោកយាយ កែវ ធន និងអ្នកមកតាមគាត់, ស្ថានឯកអគ្គរាជទូតខ្មែរ ប្រចាំទីក្រុងញូវដែល្លី, ២៩ មីនា ២០១៩ ។ © លោកវិទូ |
លោកវិទូ | ថ្ងៃ ៤᧬៦ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ | ១៥ ឧសភា ២០១៩
ប្រហែលជាក្នុងឆ្នាំ២០១៤ មានសាស្ត្រាចារ្យម្នាក់ នៃសាកលវិទ្យាល័យ ចាវ៉ាហាឡាលនេហ៍រូ បានសាកសួរខ្ញុំថា គាត់បានឮថាមានខ្សែរាជវង្សខ្មែរមួយអង្គ បានរស់នៅទីក្រុងញូវដែល្លី តើពិតទេ? កាលនោះខ្ញុំពុំទាន់បានដឹងនៅឡើយទេ ហើយក៏ឆ្លើយថា ខ្ញុំមិនប្រាកដទេ តែដូចមិនដែលធ្លាប់ឮ ។ ក្រោយមកទើបខ្ញុំបានដឹងរឿងរ៉ាវនឹងដំណើរដើមទងខ្លះ ។ ថ្ងៃនេះសូមណែនាំត្រួសៗឲ្យស្គាល់គាត់ ព្រោះប្រហែលពុំសូវមានអ្នកបានដឹងអំពីរឿងនេះទេ ។
គាត់មាននាមថា អ៊ុក ចន្ទសោរី តែនៅទីនេះគេស្គាល់គាត់ថា លោកយាយ កែវ ធន ។ ចាប់តាំងពីឆ្នាំ២០១៣ មក ពេលទៅវត្តខ្មែរញូវដែល្លីម្តងៗ ខ្ញុំឧស្សាហ៍បានជួបគាត់ដែរ តែដំបូងខ្ញុំគ្រាន់តែដឹងថា គាត់ជាចាស់ទុំម្នាក់ដែលរស់នៅឥណ្ឌាជាយូរមកហើយ ។ គាត់រាប់អានគ្នាជាមួយនឹងលោកព្រឹទ្ធាចារ្យ បណ្ឌិត សំ បេ ក៏ដូចជាលោកព្រឹទ្ធាចារ្យ កែវ ប៉ាម៉ា ដែលសុទ្ធតែជាអ្នកមានសញ្ជាតិឥណ្ឌាដូចគ្នា និងមានប្រវត្តិរស់នៅទីនេះ ជាយូរមកហើយ ។ តែខ្ញុំពុំបានដឹងថា គាត់អាចមកនៅឥណ្ឌាដោយយ៉ាងណាទេ ។
ក្រោយមកទើបខ្ញុំបានដឹងថា គាត់មានស្វាមីជាជនឥណ្ឌា ហើយឈ្មោះផ្លូវការគាត់នាម ចន្ទសោរី កោលា (Chansorey Kaula) យកនាមត្រកូលតាមស្វាមីគាត់ ។ ហើយទើបតែថ្មីនេះ ខ្ញុំបានដឹងព័ត៌មានបន្ថែមពីគាត់ ពេលបានជួបគាត់នៅស្ថានទូតខ្មែរប្រចាំនៅទីក្រុងញូវដែល្លី ក្នុងឳកាសឡើងគេហដ្ឋានថ្មីនៃស្ថានទូត ។ គាត់មានខ្សែស្រឡាយរាជវង្សខាងខ្សែស៊ីសុវត្ថិ ។
ប្រសូតក្នុងឆ្នាំ១៩៣២ លោកយាយកែវជាបុត្រីរបស់អ្នកអង្គម្ចាស់ ស្រី ស្វស្តិ អុល (ស៊ីសុវត្ថិ អុល) និងឯកឧត្តម ឧកញ៉ា អ៊ុក លន់ ជាចៅហ្វាយខេត្តព្រៃវែង (ផ្លូវលេខ ១៤៨ នៅភ្នំពេញដាក់ឈ្មោះគាត់) ។ គាត់ត្រូវជាព្រះរាជនត្តា (ចៅ) របស់សម្តេចព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ឌួង លក្ខិណា (១៨៧៦~១៩៥៣) និងត្រូវជាព្រះរាជនត្តាទួតរបស់ព្រះបាទស៊ីសុវតិ្ថ (១៨៤០~១៩២៧) ។ ព្រះបាទស៊ីសុវតិ្ថសោយរាជ្យ ពីឆ្នាំ១៩០៤ ដល់ឆ្នាំ១៩២៧ និងបន្តដោយព្រះបាទនរោត្តម ។
ក្នុងឆ្នាំ១៩៥៦ នៅរាជធានីភ្នំពេញ គាត់បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងវរសេនីយឯក រត័ន កុមារ កោលា (១៩២៦~២០១២) ជាជនជាតិឥណ្ឌានិងជាកងទ័ពដែនដីរបស់ឥណ្ឌា ផ្នែកកងរថក្រោះ ប្រចាំការនៅប្រទេសកម្ពុជា ។ ស្វាមីគាត់ជាកូនប្រុសទីពីររបស់លោក កុន្វារ នារាយណ៍ កោលា និងជាចៅប្រុសរបស់លោក ស្រីគង្គ រាម កោលា ដែលជាអភិជន ជាអគ្គគណនេយ្យករទីមួយរបស់ឥណ្ឌា ។
លោកយាយកែវមានកូនប្រុសពីរនាក់គឹ (១) លោក គូឥទ្ទី សោទរ កោលា (១៩៥៨~២០១៩) អតីតសិស្សនៃសាកលវិទ្យាល័យដែល្លី (DU) បានរៀបអាពាហ៍ពិហ៍ជាមួយនឹងអ្នកស្រី ប៊ុនធី ខេ. កោលា (ខ្មែរ) និងមានកូនប្រុសម្នាក់ស្រីម្នាក់គឺ រូជើ រត័ន កោលា និង ចន្ទតុល សុជាតា កោលា (គ្រួសារនេះរស់នៅទីក្រុងឡងប៊ិច សហរដ្ឋអាមេរិកទាំងអស់គ្នា) និង (២) លោក រោនី អេស. កោលា (រស់នៅញូវដែល្លី ប្រទេសឥណ្ឌា) ។
លោករោនីជាតារាភាពយន្ត អ្នកថតវីដេអូ និងជាតារាផ្សាយពាណិជ្ជកម្ម នៅញូវដែល្លី ម្នាក់ដែលជោគជ័យគួរសម ។ គាត់ប្រាប់ខ្ញុំថា គាត់មានគម្រោងផលិតភាពយន្តមួយ ដែលទាក់ទងនឹងប្រវត្តិជីតារបស់គាត់ (ឧកញ៉ា អ៊ុក លន់) អំពីវីរភាពរបស់គាត់ ក្នុងសង្គ្រាមការពារទឹកដី ប្រឆាំងនឹងពួកវៀតមិញ ។ រឿងពិសេសនោះគឺថា ឧកញ៉ា អ៊ុក លន់ បានទទួលមេដាយកិត្តិយស «Croix de Guerre» ពីរដ្ឋាភិបាលបារាំង ចំពោះវីរភាពនេះ និងគ្រឿងឥស្សរិយយស «ការពារប្រទេសកម្ពុជា» ព្រះរាជទានដោយព្រះបាទសម្តេច ព្រះនរោត្តម សីហនុ វរ្ម័ន ក្នុងឆ្នាំ១៩៥៣ ។

បងប្អូនជីដូនមួយម្នាក់ក្នុងចំណោមជាច្រើននាក់របស់គាត់គឺ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ប៉ាណ្ណារ៉ា សិរីវុឌ្ឍ (១៩៤៦~បច្ចុប្បន្ន) ទ្រង់ធ្លាប់ជាតារាចម្រៀងម្នាក់ ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ដែលល្បីល្បាញដោយសារបទ «អានី» ។ ទ្រង់ជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រហូតដល់ឆ្នាំ១៩៩៨ និងបានលាលែងពីឆាកនយោបាយ រួចហើយចាក់ចេញទៅរស់នៅសហរដ្ឋអាមេរិក (ទីក្រុងហ្វិលឡាដែលហ្វា) ក្រោយស្ថានភាពគណបក្សហ្វុនស៊ិនប៉ិច មានការបែកបាក់គ្នានិងធ្លាក់ក្នុងភាពស្មុគស្មាញខ្លាំង ។ អ្នកអង្គម្ចាស់ក៏មករស់នៅតាមបែបសាមញ្ញវិញរហូតមកដល់សព្វថ្ងៃ ។ គាត់ហៅលោកយាយកែវថា អ្នកធន ។ ខ្សែស៊ីសុវត្ថិដែលល្បីមួយអង្គទៀតគឺ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ (១៩៥២~បច្ចុប្បន្ន) ជាអតីតព្រះរាជលេខាផ្ទាល់របស់ព្រះបរមរតនកោដ្ឋ សម្ដេចនរោត្តម សីហនុ ។
បច្ចុប្បន្នលោកយាយមានព្រះជុន្ម ៨៧ ឆ្នាំហើយ គឺមានភាពចាស់ជរាខ្លាំងណាស់ហើយ តែគាត់អាចនៅដើរបានច្រើនគួរសម ។ ពេលមានកម្មវិធីបុណ្យជាតិនៅវត្ត (ខ្មែរញូវដែល្លី) ម្តងៗ លោកយាយតែងមានវត្តមានជាញឹកញាប់ ថ្វីដ្បិតលោកយាយចាស់ជរាយ៉ាងណាក៏ដោយ ។ មើលទៅគាត់គួរឲ្យគោរពស្រឡាញ់ណាស់ ។
ក្រោយពីបានដឹងរឿងរ៉ាវប្រវត្តិខ្លះៗ ដូចបានរៀបរាប់ខាងលើ ខ្ញុំក៏នឹកឃើញដល់រឿងព្រេងមួយ ក្នុងសិលាចារិកនៅមីសឺន (កម្ពុជាក្រោម) ដែលគេបានចារឆ្លាក់នៅក្នុងគ.ស. ៦៥៨ បានតំណាលថា មានព្រះរាជបុត្រនៃនគរឥន្ទបត្តបុរី ឬឥន្ទ្រប្រ័ស្ថ (ឈ្មោះក្រុងមួយក្នុងប្រទេសឥណ្ឌាសម័យបុរាណ ត្រង់កន្លែងក្រុងដែល្លីសព្វថ្ងៃនេះ, ក្នុងជាតកព្រះពុទ្ធសាសនាវាជាក្រុងរបស់ដែនកុរុ) ព្រះនាមព្រះបាទកៅណ្ឌិន្យ បានរៀបអភិសេកជាមួយនឹងព្រះនាងសោមា ដែលជាអ្នកគ្រប់គ្រងនគរហ្វូណន (នគរភ្នំ) និងជាក្សត្រទី ១ នៃគោកធ្លក សោយរាជ្យនៅសតវត្សរ៍ទី ១ ។ ព្រះបាទកៅណ្ឌិន្យទ្រង់ក៏បានសោយរាជ្យជាក្សត្រទី២ នៃនគរគោកធ្លកទៅ ។ ដូច្នេះហើយបានជាខ្ញុំដាក់ចំណងជើងអត្ថបទនេះថា «ព្រះសុណិសានៃនគរភារ័ត មកពីដែនកម្ពុជរដ្ឋ» ។ ប្រជាជនឥណ្ឌាហៅប្រទេសខ្លួនថា ភារ័ត (ផារ៉ាត់) ៕
អត្ថបទដោយ៖ ខាត់ ប៊ុនថន និស្សិតនៃសាកលវិទ្យាល័យ ចាវ៉ាហាឡាល់នេហ៍រូ ទីក្រុងញូវដែល្លី ។
© រក្សាសិទ្ធិដោយលោកវិទូ