សាលាទិសាបាមោក្ខសំខាន់ ៣ ក្នុងប្រទេសឥណ្ឌាសម័យបុរាណ - លោកវិទូ

ព័ត៌មានថ្មីៗ

Thursday, May 09, 2019

សាលាទិសាបាមោក្ខសំខាន់ ៣ ក្នុងប្រទេសឥណ្ឌាសម័យបុរាណ

រូបគំនូបង្ហាញពីប្រពន្ធអប់រំគុរុកុល នៃឥណ្ឌាសម័យបុរាណ ។

លោកវិទូ | ថ្ងៃ ៥᧦៦ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ | ០៩ ឧសភា ២០១៩

ឥណ្ឌាដែលនៅក្នុងគម្ពីរព្រះពុទ្ធសាសនាហៅថា ជម្ពូទ្វីប ជាប្រភពនៃព្រះពុទ្ធសាសនា ដែលគេនិយមហៅថា ដែនដីពុទ្ធភូមិ ។ ឥណ្ឌាក្នុងសម័យបុរាណ គឺជាមជ្ឈមណ្ឌលសិក្សាព្រះពុទ្ធសាសនាដ៏សំខាន់ ដែលសំបូរទៅដោយ សាលាទិសាបាមោក្ខ ដែលបច្ចុប្បន្នមានតម្លៃស្មើឬប្រហាក់ប្រហែលនឹងសាកលវិទ្យាល័យ ។ ប្រទេសអ្នកកាន់ព្រះពុទ្ធសាសនាទាំងឡាយ បានបញ្ជូនសមណនិស្សិត ឬអ្នកប្រាជ្ញពុទ្ធសាសនារបស់ខ្លួន ឲ្យទៅបន្តការសិក្សាវិជ្ជាជាន់ខ្ពស់ នៅប្រទេសឥណ្ឌា ។ សាកលវិទ្យាល័យព្រះពុទ្ធសាសនា ឬវត្តអារាម (មហាវិហារ) សំខាន់ៗ មានដូចជា តក្កសិលា (បាគីស្ថាន) នាលន្ទា (ពិហារ) វិក្រមសិលា (ពិហារ) វាលភី (គុជរ៉ាត) សោមបុរៈ (បេង្គ័ល) ជគទ្ធលៈ (បង់ក្លាដេស) ឧទន្តបុរី (ពិហារ) និងបុស្បគិរី (អូឌិស្សា) គឺជាស្ថាប័នសិក្សាជាន់ខ្ពស់ នៅប្រទេសឥណ្ឌាសម័យបុរាណ ។ បិរិវេណ (បឋមសិក្សា) គឺការសិក្សាកម្រិតទាប ក៏បានអភិវឌ្ឍឡើងដែរ ជាពិសេស នៅកោះស្រីលង្កា ហើយគំរូនេះក៏ត្រូវបានគេយោកទៅអនុវត្ត នៅក្នុងប្រពន្ធអប់រំពុទ្ធិកសិក្សានៃប្រទេសមួយចំនួន ក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ នៅក្នុងទីនេះ សូមលើកយកតែប្រវត្តិនៃសាកលវិទ្យល័យបីខាងដើមមកបរិយាយទេគឺ តក្កសិលា នាលន្ទា វិក្រាមសិលា ដោយសាកលវិទ្យាល័យទាំងបីនេះ មានភាពល្បីល្បាញជាងគេ ដែលខ្មែរយើងធ្លាប់បានឮឈ្មោះខ្លះមកហើយ ។

១.សាកលវិទ្យាល័យតក្កសិលា

ធម្មរាជិកស្តូប នៅក្រុងតក្កសិលា ©វិគីភីឌា ។

សាកលវិទ្យាល័យល្បី ក្នុងសម័យបុរាណឥណ្ឌាគឺ តក្កសិលា ជាភាសាសំស្ក្រឹតថា តក្សសិលា ដែលតែងតែឮតាមរឿងល្ខោនខ្មែរជាញឹកញាប់ ។ បច្ចុប្បន្ន តក្កសិលាស្ថិតនៅក្នុងទីក្រុងតក្កសិលា រដ្ឋបញ្ចាប ប្រទេសបាគីស្ថាន មានចម្ងាយប្រមាណ ៣៣ គ.ម. (២០ ម៉ៃល៍) នៅខាងលិចភាគខាងជើង នៃរដ្ឋធានីឥស្លាមបាទ ។ ទីក្រុងតក្កសិលា ក្នុងសម័យបុរាណ ជាចំណុចយុទ្ធសាស្ត្រសំខាន់ ដែលភ្ជាប់ឧបទ្វីបឥណ្ឌា និងអាស៊ីមជ្ឈិម ។ កំណើតនៃទីក្រុងនេះ គឺចាង់ផ្ដើមទាំងពី ១០០០ ឆ្នាំ មុនគ្រិស្តស័ករាជមកម៉្លេះ ដោយឆ្លងកាត់សម័យកាល ចក្រភពមោរ្យៈ (Maurya Empire) ឥណ្ឌូ-ក្រិច (Indo-Greek) ឥណ្ឌូ-ស៊ីធៀ (Indo-Scythia) ចក្រភពកុស័ន (Kushan Empire) ។ តក្កសិលាធ្លាប់ជារាជធានីនៃនគរពុទ្ធសាសនាឈ្មោះ គន្ធារៈ ។

តាមប្រភពខ្លះបានលើកឡើងថា សាកលវិទ្យាតក្កសិលា ជាសាកលវិទ្យាល័យមុនគេបំផុតក្នុងលោក ។ ប៉ុន្តែមានប្រភពខ្លះថា តក្កសិលាមិនមានលក្ខណៈជាសាកលវិទ្យាល័យទេ បើគិតតាមលក្ខណៈវិនិច្ច័យ របស់សាកលវិទ្យាសម័យទំនើប ដោយមិនមានអាគារបង្រៀន មិនមានអាគារស្នាក់នៅ រីឯគ្រូទៀតសោត ប្រហែលមិនមានសមាជិកភាពនៃមហាវិទ្យាល័យណាមួយឡើយ ផ្ទុយស្រឡះពីសាកលវិទ្យាល័យនាលន្ទា ។ 

ទោះបីជាយ៉ាងណាក៏ដោយ តក្កសិលាបានក្លាយជាមជ្ឈមណ្ឌលសិក្សាមួយដ៏សំខាន់ រួមទាំងការសិក្សាអំពីព្រះធម៌ព្រះពុទ្ធសាសនាផង ដែលបានរីកចម្រើនអស់កាលជាច្រើនសតវត្សរ៍ និងបន្តទាក់ទាញសិស្សឲ្យមករៀន ក្នុងសម័យបុរាណកាល រហូតដល់បាត់បង់ ក្នុងសតវត្សរ៍ទី ៥ គ.ស. ។ ក្នុងសម័យកាលរុងរឿងខ្លាំង មានប្រភពខ្លះលើកឡើងថា តក្កសិលា មានឥទ្ធិពលផ្នែកប្រាជ្ញាញាណ លើសាលាសិក្សានានា នៅប្រទេសឥណ្ឌា ។ សាកលវិទ្យាល័យបុរាណនេះ ទទួលសិស្សចាប់ពីអាយុ ១៦ ឆ្នាំឡើងទៅ ជាពិសេសសិស្សដែលបានបញ្ចប់ថ្នាក់វិទ្យាល័យហើយ ។ មុខវិជ្ជាដែលបង្រៀនមានដូចជា ច្បាប់ ពេទ្យ និងវិទ្យាសាស្ត្រយោធា ព្រមទាំងអក្សរបុរាណ និងសិល្ប៍សាស្ត្រទាំង ១៨ មានវិជ្ជាក្នុងការបាញ់ធ្នូ វិជ្ជាក្នុងការប្រមាញ់សត្វ និងវិជ្ជាក្នុងការទាក់ដំរីជាដើម ។ល។ សិស្សដែលសិក្សានៅតក្កសិលា មានមកពីដែន កាសី កោសលៈ និងមគធៈ ដែលស្ថិតនៅឆ្ងាយ ហើយផ្លូវលំបាកទៀតផង ព្រោះតែចង់ក្រេបយក នូវចំណេះវិជ្ជាដែលមានឧត្តមភាពខ្ពស់ លើសសាលាសិក្សានានា នាសម័យនោះ ។ 

តក្កសិលាមានឥទ្ធិពលខ្លាំងលើវប្បធម៌ហិណ្ឌូ និងភាសាសំស្ក្រឹត ។ សាលានេះប្រហែលជាល្បីល្បាញខ្លាំង ដោយសារមានជាប់ទាក់ទងនឹងបុគ្គលសំខាន់មួយរូបគឺ ចាណក្យៈ ឬគេស្គាល់ថា កោដិល្យៈ ដែលជាអ្នកយុទ្ធសាស្ត្រ ជាទីប្រឹក្សានៃស្តេច ចន្ទ្រគុម្តៈ ក្នុងការបង្កើតនូវចក្រភពមោរ្យ ។ គេនិយាយថា សៀវភៅដ៏ល្បីល្បាញមានចំណងជើងថា អថ៌សាស្ត្រៈ របស់អាចារ្យ ចាណក្យៈ ត្រូវបាននិពន្ធនៅតក្កសិលានេះឯង ។ ឥសី ចរ័ក ដែលជាគ្រូថ្នាំបុរាណអាយុរវេទ ក៏បានសិក្សានៅតក្កសិលានេះដែរ ។ 

ទាក់ទងនឹងព្រះពុទ្ធសាសនាវិញ សាលាតក្កសិលា មានសារសំខាន់ចំពោះការកើតឡើង នៃពុទ្ធសាសនាមហាយាន ។ ម៉្យាងទៀត ជីវកៈ ដែលជាគ្រូពេទ្យរបស់ព្រះបាទពិម្ពិសានៃនគរមគធៈ ដែលធ្លាប់បានព្យាបាលរោគថ្វាយព្រះពុទ្ធជាម្ចាស់ និងព្រះបាទបសេនទិ នៃដែនកោសល គឺជាបុគ្គលសំខាន់ៗមួយចំនួន ដែលមាននិយាយក្នុងគម្ពីរពុទ្ធសាសនា ជាពិសេសជាតក ដែលបានសិក្សាជាមួយនឹងអាចារ្យទិសាបាមោក្ខ នៅក្រុងតក្កសិលា ។

ប្រភពឯកសារដែលនិយាយអំពីក្រុងតក្កសិលា បានមកពីកំណត់ត្រាការធ្វើដំណើររបស់អ្នកធម្មយាត្រាចិន ហ្វាហ៊ាន និងហួនត្សាង ដែលជាប្រភពដ៏សំខាន់ ដែលឈានទៅរកការកំណត់ទីតាំង ក្នុងសម័យទំនើប ។ ដោយសារសង្គ្រាមជាបន្តបន្ទាប់ តក្កសិលាត្រូវបានខូចខាត និងបោះបង់ចោល ក្នុងសតវត្សរ៍ទី ៥ ។ ហួនត្សាងដែលបានទៅដល់ទីក្រុងតក្កសិលា ក្នុងសតវត្សរ៍ទី ៧ បានរៀបរាប់ក្នុងកំណត់ត្រារបស់គាត់ថា នៅទីក្រុងតក្កសិលាកាលនោះ មានប្រទះឃើញសង្ឃារាមជាច្រើន ដែលមានសភាពបែកបាក់ និងគ្មានមនុស្សរស់នៅទេ មានតែព្រះសង្ឃពីរបីអង្គប៉ុណ្ណោះ ។ គាត់បានបន្ថែមទៀតថា គន្ធារៈបានក្លាយជាដែនចំណុះឲ្យដែនកស្មីរ៍ ដោយមានមេដឹកនាំរបស់ខ្លួន វាយដណ្ដើមអំណាចគ្នាទៅវិញទៅមក និងធ្លាប់ជារដ្ឋស្ថិតនៅក្រោមការគ្រប់គ្រង របស់ដែនកបិស (បច្ចុប្បន្ន នៅក្នុងខេត្តមួយ នៃប្រទេសអាហ្គានីស្ថាន) ។ នៅពាក់កណ្ដាលសតវត្សរ៍ទី ១៩ លោក អឡេកសាន់ឌ័រ កនិងហ្គ័ម ដែលជាអគ្គនាយកទី១ នៃស្ថាប័នស្រាវជ្រាវបុរាណវត្ថុរបស់ឥណ្ឌា បានរកឃើញក្រុងតក្កសិលានេះ ។ ក្រុងតក្កសិលាត្រូវបានគេធ្វើកំណាយដំបូង ដោយលោក ចន ម៉ាសល ដែលជាអ្នកធ្វើការនៅទីនោះ អស់រយៈពេលជាង ២០ ឆ្នាំចាប់ពីឆ្នាំ ១៩១៣ ។ គេបានរកឃើញសំណល់បាក់បែកមួយចំនួន ដែលមានអាយុកាលតាំងពី ៦ សតវត្សរ៍មុនគ្រិស្តស័ករាជ ។ 

ក្នុងឆ្នាំ ១៩៨០ ក្រុងតក្កសិលា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលគ្របដណ្ដប់ទីតាំងសំខាន់ៗចំនួនកន្លែងគឺ ភីរ៍ (Bhir) ស សរៃកាលា (Saraikala) ស៊ីរក័ប (Sirkap) និង ស៊ីរសុខ (Sirsukh) ។ ក្នុងឆ្នាំ ២០០៦ តក្កសិលាត្រូវបានគេចាត់ទុកថា ជាទិសដៅទេសចរណ៍សំខាន់បំផុតរបស់ប្រទេសបាគីស្ថាន ដែលមានភ្ញៀវទេសចរទៅទស្សនា មួយលាននាក់ ជារៀងរាល់ឆ្នាំ ។ ក្នុងឆ្នាំ ២០១៧ គេប្រកាសថា រដ្ឋាភិបាលថៃនឹងផ្ទល់ជំនួយ ក្នុងការខំប្រឹងប្រែងក្នុងការអភិរក្ស នៅបុរាណដ្ឋានតក្កសិលា ក៏ដូចជាពុទ្ធស្ថាននានា នៅជ្រលងភ្នំស្វាតក្បែរនោះ ។ 

២.សាកលវិទ្យាល័យនាលន្ទា

ស្តូបព្រះសារីបុត្ត ជាសំណង់បែកបាក់ ដែលនៅសល់លេចធ្លោរជាងគេនៅអតីតនាលន្ទាមហាវិហារ, ២០១៤ ©លោកវិទូ ។

ស្ថិតនៅក្នុងក្រុងរាជគ្រីះ អតីតដែនមគធៈនៃសម័យពុទ្ធកាល នៃរដ្ឋប៊ីហារ ប្រទេសឥណ្ឌា នាលន្ទាជាសាកលវិទ្យាល័យព្រះពុទ្ធសាសនាមួយ ដែលល្បីរន្ទឺទូទាំងពិភពលោក ចាប់ពីគ្រិស្តស័ករាជ ៤២៧~១១៩៧ ។ នាលន្ទាត្រូវបានកសាងឡើងដោយស្តេចនៃរាជវង្សគុប្តៈនាម សក្រាទិត្យៈ (កុមារគុប្តៈ) ក្នុងសតវត្សរ៍ទី ៥ និងចម្រើនរុងរឿង អស់រយៈពេល ៦០០ ឆ្នាំ រហូតដល់សតវត្សរ៍ទី ១២ ។ នាលន្ទាត្រូវបានគេស្គាល់ថា ជាមជ្ឈមណ្ឌលសិក្សាព្រះពុទ្ធសាសនា ដែលចម្រើនរុងរឿង និងជាសាកលវិទ្យាល័យដ៏អស្ចារ្យ ក្នុងចំណោមសាកលវិទ្យាល័យ នៃពិភពលោកទាំងមូល ដែលអ្នកសិក្សាប្រវត្តិសាស្ត្រពុទ្ធសាសនា និងអ្នកស្រាវជ្រាវអំពីការសិក្សាព្រះពុទ្ធសាសនានៅសម័យនោះ មិនអាចមើលរំលងបាន ។

ពីដើម នាលន្ទាត្រូវបានគេហៅថា នាលន្ទាមហាវិហារ ។ នៅក្នុងបរិវេណនៃនាលន្ទាមហាវិហារ ដែលគេរកឃើញ មានវត្ត ១១ ព្រះវិហារ ៦ សាលធ្វើសមាធិ ថ្នាក់រៀន បឹង និងឧទ្យាន ក្នុងបរិវេណប្រមាណ ១២ ហិចតា (៣០ អែក) ជាសាកលវិទ្យាល័យធំទី ២ បន្ទាប់ពីតក្កសិលា ។ សាកលវិទ្យាល័យនាលន្ទា មានបណ្ណាល័យដល់ទៅ ៩ ជាន់ ជាកន្លែងដែលសមណនិស្សិត អាចចម្លងសៀវភៅនិងឯកសារ សម្រាប់ទុកអានផ្ទាល់ខ្លួនបាន ។ ជាពិសេសនោះគឺថា នាលន្ទាជាស្ថានប័នសិក្សាមុនដំបូងគេបង្អស់ក្នុងលោក ដែលបានផ្ទល់អន្តេវាសិកដ្ឋាន ដល់សិស្សដែលមករៀននៅសាកលវិទ្យាល័យនេះ ដែលអាចដាក់សិស្សដល់ទៅ ១០០០០ (មួយម៉ឺន) នាក់ និងផ្ទល់ទីស្នាក់នៅដល់សាស្ត្រាចាចរ្យ ឬអាចារ្យបង្រៀនចំនួន ២០០០ (ពីរពាន់) នាក់ទៀត ។ សាកលវិទ្យាល័យនេះ បានទាក់ទាញអ្នកសិក្សា និងអ្នកប្រាជ្ញមកពីបណ្ដាប្រទេសជាច្រើន ដូចជា កូរ៉េ ជប៉ុន ចិន ទីបេត៍ ភើសៀ និងតួគី ។ ក្រៅពីនេះ តាមរយៈកំណាយបុរាណដ្ឋានប្រវត្តិសាស្ត្រ បានបង្ហាញពីទំនាក់ទំនងគ្នា រវាងរាជវង្សសៃលេន្ទ្រៈ នៃប្រទេសឥណ្ឌូនេស៊ី ជាមួយនឹងនាលន្ទាមហាវិហារនេះ ដោយកាលនោះ ស្តេចសៃលេន្ទ្រៈបានកសាងវត្តមួយ នៅក្នុងបរិវេណនៃនាលន្ទាមហាវិហារនេះ ។

បើយើងសិក្សាពិស្តារអំពីប្រវត្តិ នៃសាកលវិទ្យាល័យព្រះពុទ្ធសាសនា ដ៏ល្បីល្បាញមួយនេះ យើងនឹងបានដឹងច្បាស់ថា សាកលវិទ្យាល័យនេះ ជាប្រភពនៃពុទ្ធសាសនាមហាយាន ។ អាចារ្យទិសាបាមោក្ខទាំងឡាយនៃនាលន្ទា ដែលអ្នកដំណើរចិន ហួន ត្សាង បានកត់ត្រាទុកក្នុងសៀវភៅកំណត្រាធ្វើដំណើររបស់គាត់ គឺបានបង្កើតទ្រឹស្តីទស្សនវិជ្ជាពុទ្ធសាសនាមហាយាន ។ សិស្សទាំងឡាយបានសិក្សា ពីអំពុទ្ធសាសនាមហាយាន ក៏ដូចជា និកាយទាំង ១៨ នៃពុទ្ធសាសនាហីនយាន (ថេរវាទ) ។ កម្មវិធីសិក្សានៅនាលន្ទា ក៏បានរួមបញ្ចូលមុខវិជ្ជាដទៃទៀតដែរ គឺវេទៈ តក្កវិទ្យា វេយ្យាករណ៍សំស្ក្រឹត វិជ្ជាពេទ្យ និងទស្សនវិជ្ជាហិណ្ឌូគេហៅថា សាង្ខ្យៈ ។

ក្នុងសម័យពុទ្ធកាល នាលន្ទាជាស្រុកកំណើត និងទីស្ថានបរិនិព្វាន របស់ព្រះអគ្គសាវក ព្រះសិរីបុត្ត ។ អ្នកប្រាជ្ញព្រះពុទ្ធសាសនាល្បីៗ ជាច្រើនដែលមានឈ្មោះជាប់ពាក់ពន្ធនឹងសាកលវិទ្យាល័យនាលន្ទា មានដូចជា៖ អារ្យភ័ដ (គណិត-តារាវិទូ) អារ្យទេវ (សិស្សរបស់នាគជ៌ុន) អតិសៈ (អ្នកប្រាជ្ញពុទ្ធសាសនា មហាយាន និងវជ្រយាន) ចន្ទ្រកីរតិ (សិស្សរបស់នាគជ៌ុន) ធម្មកីរតិ (តក្កវិទូ) ធម្មបាល (អ្នកប្រាជ្ញនៃសាលាទស្សនយោគាចារ) ទិគ្នាគៈ (ស្ថាបនិកតក្តវិទ្យាពុទ្ធសាសនា) នាគជ៌ុន (អ្នកប្រាជ្ញជាអ្នកសម្រួលទ្រឹស្តីសូន្យតា) នារូបា (អ្នកប្រាជ្ញនាំពុទ្ធសាសនាវជ្រយានទៅប្រទេសទីបេត៍) សាន្តរក្សិតា (ស្ថាបនិកសាលាទ្រឹស្តីយោគាចារ និងមាធ្យមិកៈ) សីលាភទ្រៈ (គ្រូរបស់ហួនត្សាង) ហួនត្សាង (អ្នកធម្មយាត្រាចិន) និងអ៊ីត្សឹង (អ្នកធម្មយាត្រាចិន) ។

ព្រះពុទ្ធសាសនានិកាយវជ្រយានរបស់ទីបេត៍ បានចាត់ទុកនាលន្ទាជាប្រភពដើម នៃសាសនារបស់ខ្លួន និងគោរពកោតសរសើរ សាកលវិទ្យាល័យនេះណាស់ ។ ជាពិសេស អតិសៈ (នាមពេញ៖ អតិសៈ ទីបង្ករៈ ស្រីជ្ញាណៈ) ជាអ្នកប្រាជ្ញដែលប្រជាជនទីបេត៍ គោរពបូជា ។ គេតែងឃើញរូបគំនូរបស់ អតិសៈនៅតាមវត្តអារាមរបស់ទីបេត៍ ។ អតិសៈ ក៏ល្បីថាបាននាំពុទ្ធសាសនាវជ្រយាន ទៅផ្សព្វផ្សាយនៅអាណាចក្រស្រីវិជ័យ (ឥណ្ឌូនេស៊ី) ក្នុងឆ្នាំ ១០១៣ ដោយបានស្នាក់នៅទីនោះ អស់រយៈពេល ១២ ឆ្នាំ ទើបត្រលប់មកឥណ្ឌាវិញ ។ ដោយឡែកអ្នកធ្វើដំណើរធម្មយាត្រាចិនពីរអង្គ ដ៏ល្បីល្បាញក្នុងប្រវត្តិសាស្ត្រគឺ ហួនត្សាង និងអ៊ីត្សឹង នៃរាជវង្សថាង ក៏បាននិមន្តមកដល់សាលានាលន្ទាដែរ ។ ហួនត្សាង បានធ្វើដំណើរមកដល់ឥណ្ឌា ក្នុងសតវត្សរ៍ទី ៧ ហើយល្បីថាបានធ្វើដំណើរទូទាំងប្រទេសឥណ្ឌា អស់រយៈពេល ១៧ ឆ្នាំ រួមទាំងនាលន្ទាផងដែរ ។ ដំណើរធម្មយាត្រានេះ ត្រូវបានធ្វើកំណត់ត្រាទុក ក្នុងសៀវភៅកំណត់ត្រាធ្វើដំណើររបស់គាត់ ដែលមានចំណងជើងថា «កំណត់ត្រាដ៏អស្ចារ្យរបស់រាជវង្សថាង ស្តីអំពីសាសនានៃភូមិភាគខាងលិច» ដែលក្រោយមកត្រូវបានគេសរសេរជារឿងប្រលោមលោកមានចំណងជើងថា «ដំណើរទៅទិសខាងលិច» ឬខ្មែរយើងនិយមហៅថា «ថាងចេងចម្លងធម៌» នោះឯង ។

ក្នុងសតវត្សរ៍ទី ៧ អ៊ីត្សឹង ជាអ្នកធម្មយាត្រាចិនម្នាក់ទៀត ដែលបានមកសិក្សានៅ នាលន្ទាមហាវិហារ ដើម្បីសិក្សាព្រះពុទ្ធសាសនា អស់រយៈពេល ១០ ឆ្នាំ ដោយយកគំរូតាម ហួនត្សាង ។ មុនការធ្វើដំណើរមកដល់ឥណ្ឌា គាត់បានស្នាក់នៅនគរស្រីវិជ័យ (កោះស៊ូមាត្រា) អស់យរៈពេល ៦ ខែ ដើម្បីរៀនវេយ្យាករណ៍សំស្ក្រឹត និងភាសាម៉ាឡេ ។ ក្នុងឆ្នាំ ៦៨៧ តាមផ្លូវត្រលប់ទៅចិនវិញ គាត់បានឈប់នៅកោះស៊ូមាត្រា និងស្នាក់នៅទីនោះអស់រយៈពេល ៣ ឆ្នាំ ដើម្បីបកប្រែគម្ពីរដីការផ្សេងៗ ពីភាសាសំស្ក្រឹតទៅជាភាសាចិន ។ ដូច្នេះកំណត់ត្រាអ្នកធម្មយាត្រាទាំងពីររូបនេះ ជាប្រភពដ៏សំខាន់នៃប្រវត្តិពុទ្ធសាសនា ក្នុងសម័យនោះ ជាពិសេសប្រវត្តិពុទ្ធសាសនានៅប្រទេសឥណ្ឌា និងប្រវត្តិនាលន្ទាមហាវិហារ ។

ជាអកុសលណាស់ សាកលវិទ្យាល័យព្រះពុទ្ធសាសនា ដ៏ល្បីល្បាញមួយនេះ ត្រូវបានបំផ្លាញខ្ទេចខ្ទីគ្មានសល់ ដោយកងទ័ពមូស្លីមទួគី ដឹកនាំដោយមេទ័ពឈ្មោះ បាខតិយារ ខល្ជី (Bakhtiyar Khalji) ក្នុងឆ្នាំ ១២០០ ។ ដោយមានបំណងគាស់ឫសគល់នៃព្រះពុទ្ធសាសនាទាំងស្រុង និងសាបព្រួសសាសនាឥស្លាមនៅប្រទេសឥណ្ឌា ពួកមូស្លីមបានដុតបំផ្លាញចោល នូវបណ្ណាល័យដ៏មហិមារបស់នាលន្ទា និងដុតចោលនូវគម្ពីរដីការប្រមាណ ៩ លានច្បាប់ ។ គ្រាន់តែសៀវភៅឆេះ មានរយៈពេលរាប់សិបខែ (អ្នកខ្លះថាដល់ទៅបីខែ) ទើបឆេះអស់សៀវភៅ ដែលជាមរតកសាសនា និងប្រាជ្ញាញាណ ដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបាន ។ ព្រះសង្ឃរាប់ពាន់អង្គត្រូវបានធ្វើគុត ដោយកាត់កទាំងរស់ ។ ការដួលរលំទៅនូវសាកលវិទ្យាល័យនេះ បានកំណត់នូវការចុះដុនដាបនៃព្រះពុទ្ធសាសនា នៅប្រទេសឥណ្ដារហូតមក ។

តាំងពីនោះមកនាលន្ទាត្រូវបានគេបោះបង់ចោល រហូតដល់សតវត្សរ៍ទី ១៩ ទើបស្ថាប័នស្រាវជ្រាវបុរាណវត្ថុរបស់ឥណ្ឌា បានធ្វើកំណាយឃើញឡើងវិញ ។ ក្នុងឆ្នាំ ១៩៥១ នវនាលន្ទាមហវិហារ ត្រូវបានបង្កើតវិញ ដោយរដ្ឋាភិបាលនៃរដ្ឋប៊ីហារ នៅក្បែរនាលន្ទាចាស់ តាមសំណើររបស់ បណ្ឌិត រាជេន្ទ្រ ប្រាសាទ ប្រធានាធិបតីទី១របស់ឥណ្ឌា ដើម្បីរំឭកឡើងវិញ នូវកិត្យានុភាពនៃនាលន្ទាបុរាណ ។ បន្ទាប់មកក៏បានបើកបង្រៀនឡើងវិញ ។ ក្នុងឆ្នាំ ១៩៥៥ មានព្រះសង្ឃខ្មែរ ៣ ព្រះអង្គត្រូវបាន សមាគមពុទ្ធិកវិទ្យាល័យ បញ្ជូនមករៀននៅវិទ្យាស្ថាននាលន្ទា គឺព្រះមហា វ៉ា យ៉ាវ (សម្ដេចព្រះមហាឃោសានន្ទ) ព្រះមហា អាំ សួន និងព្រះមហា មាស ចន និងទសវត្សរ៍ឆ្នាំ ១៩៦០ មានព្រះសង្ឃខ្មែរ ៣ អង្គទៀតបានទៅសិក្សាបន្តវិជ្ជានៅនាលន្ទា គឺភិក្ខុ អ៊ុក អ៊ិន ភិក្ខុ ប៉ែន សាអឿន និងព្រះមហា ស៊ុន សារៀម ។ ក្នុងឆ្នាំ ២០០៦ នាលន្ទាថ្មីត្រូវបានទទួលស្គាល់តម្លៃស្មើនឹងសាកលវិទ្យាល័យ ។ បន្ទាប់មកទៀតក្នុងឆ្នាំ ២០១០ រដ្ឋសភាឥណ្ឌាបានអនុម័តច្បាប់ អនុញ្ញាតឲ្យបង្កើតសាកលវិទ្យាល័យនាលន្ទាអន្តរជាតិឡើងវិញ ។ ប្រទេសកាន់ព្រះពុទ្ធសាសនាមួយចំនួន បានផ្ដល់មូលនិធិសម្រាប់ឧបត្ថម្ភសាកលវិទ្យាល័យនេះ មានដូចជា ចិន ជប៉ុន សិង្ហបុរី ថៃឡង់ដ៍ ជាដើម ក្រោមស្មារតីនៃសេចក្តីសម្រេច របស់ជំនួបកំពូលអាស៊ីបូព៌ា ។ បច្ចុប្បន្ន មានព្រះសង្ឃខ្មែរ ៣~៤ អង្គ កំពុងសិក្សានៅទីនោះ ។ នាលន្ទាថ្មីផ្ដោតទៅលើការសិក្សាស្រាវជ្រាវ កម្រិតក្រោយឧត្តមសិក្សា ។ បច្ចុប្បន្ន កន្លែងបុរាណដ្ឋាននាលន្ទា បានក្លាយជាតំបន់ទេសចរណ៍ពុទ្ធសាសនាដ៏សំខាន់មួយ នៅក្រុងរាជគ្រឹះ នៃរដ្ឋប៊ីហារ ។

៣.សាកលវិទ្យាល័យវិក្រមសិលា

សំណល់បែកបាក់នៃស្តូបធំ នៅកណ្ដាលវិក្រមសិលាមហាវិហារ ©វិគីភីឌា ។




សាលាទិសាបាមោក្ខមួយទៀតគឺ វិក្រមសិលាមហាវិហារ ដែលស្ថិតនៅក្នុងស្រុកភាគ័លបុរៈ នៃរដ្ឋប៊ីហារ ។ សាកលវិទ្យាល័យវិក្រមសិលា ត្រូវបានកសាងឡើងដោយព្រះរាជានៃចក្រភពបាលៈ ព្រះបាទ ធម្មបាល ក្នុងចុងសតវត្សរ៍ទី ៨ ដើម្បីឆ្លើយតបទៅនឹងការធ្លាក់ចុះនូវឧត្តមវិជ្ជា នៃសាកលវិទ្យាល័យនាលន្ទា ។ វិក្រមសិលា ជាមជ្ឈមណ្ឌលសិក្សាមួយ ឬជាសាលាទិសាបាមោក្ខមួយ ក្នុងចំណោមសាលាទិសាបាមោក្ខដ៏សំខាន់បំផុតទាំងពីរ របស់ចក្រភពបាលៈ ក្រៅពីនាលន្ទា ។ វិក្រមសិលាបានរីកចម្រើនរុងរឿង អស់កាលប្រមាណ ៤ សតវត្សរ៍ និងត្រូវបានបំផ្លាញដោយពួកមូស្លីម ដែលដឹកនាំដោយមេទ័ព បាខតិយារ ខល្ជី ដំណាល់គ្នានឹងសាលាសិក្សាព្រះពុទ្ធសាសនាសំខាន់ៗដទៃទៀត នៅប្រទេសឥណ្ឌា ។

ប្រវត្តិរបស់វិក្រមសិលា ដែលយើងបានដឹង គឺតាមប្រភពពីទីបេត៍ ជាពិសេស ការសរសេររបស់ព្រះសង្ឃឡាម៉ា តារនាថ ជាប្រវត្តិវិទូនៃសតវត្សរ៍ទី ១៦ និង ១៧ ។ វិក្រមសិលាជាសាកលវិទ្យាល័យធំមួយ ក្នុងចំណោមសាកលវិទ្យាល័យពុទ្ធសាសនាធំជាងគេបំផុត ដែលមានគ្រូជាង ១០០ នាក់ និងសិស្សជាង ១០០០ នាក់ ។ សាកលវិទ្យាល័យនេះ បានបង្កើតអ្នកប្រាជ្ញសំខាន់ៗជាច្រើន ដែលគេតែងនិមន្តឬអញ្ជើញ ឲ្យទៅផ្សព្វផ្សាយនូវការសិក្សាពុទ្ធសាសនា វប្បធម៌ពុទ្ធសាសនា និងសាសនាព្រះពុទ្ធ ។ ក្នុងចំណោមនោះគឺ ព្រះអតិសៈ ទីបង្ករ ដែលល្បីល្បាញជាងគេ ។ ព្រះអតិសៈគឺជាអ្នកបង្កើតពុទ្ធសាសនាទីបេត៍និកាយ សរមៈ (មានន័យថា ការបកប្រែថ្មី) ។ មុខវិជ្ជាសិក្សានៅសាកលវិទ្យាល័យវិក្រមសិលា មានដូចជា ទស្សនវិជ្ជា វេយ្យាករណ៍ បរមតវិជ្ជា និងតក្កវិទ្យាឥណ្ឌា ។ល។ ប៉ុន្តែការសិក្សាដ៏សំខាន់បំផុតនៅទីនេះគឺ ការសិក្សាអំពី ពុទ្ធសាសនាតន្ត្រៈ ។

សាកលវិទ្យាល័យបុរាណនេះ ត្រូវបានគេជីករកបានផ្នែកខ្លះ និងដំណើរការជីករកកំពុងតែប្រព្រឹត្តទៅ ។ ពីដំបូង ការជីករុកដែលធ្វើឡើងយ៉ាងផ្ចិតផ្ចង់ ដោយលោកសាស្ត្រាចារ្យប្រវត្តិសាស្ត្រ និងបុរាណវិទូ ប៊ី.ភី. ស៊ីនហា នៃសាកលវិទ្យាល័យបដនា (១៩៦០~៦៩) និងបន្ទាប់មក ដោយស្ថាប័នស្រាវជ្រាវបុរាណវត្ថុរបស់ឥណ្ឌា (១៩៧២~៨២) ។ គេបានជីករកឃើញវត្តមានរាងបួនជ្រុងដ៏សម្បើមមួយ ដែលមានស្តូបរាងខ្វែងចំកណ្ដាល ១ បណ្ណាល័យ ១ និងបណ្ដុំនៃស្តូបតូចៗជាច្រើន ។ នៅភាគខាងជើងនៃវត្ត គេឃើញមានវត្តទីបេត៍ ១ និងវត្តហិណ្ឌូ ១ ។ ទំហំដីមានជាង ៤០ ហិចតារ (១០០ អាក់) ។

វត្តឬកុដិសម្រាប់ព្រះសង្ឃគង់នៅ គឺជាសំណង់រាងបួនជ្រុងដ៏សម្បើមមួយ ជ្រុងនីមួយៗមានប្រវែង ៣៣០ ម៉ែត្រ មានបន្ទប់តជាប់គ្នាចំនួន ២០៨ បន្ទប់ ដោយមាន ៥២ បន្ទប់នៅលើជ្រុងមួយៗ នៃជ្រុងទាំងបួន បើកចំហចូលក្នុង នៃវីរ៉ង់ដា (រានហាល) រួមមួយ ។ នៅក្រោមបន្ទប់ខ្លះ មានបន្ទប់រាងកោងធ្វើពីដីឥដ្ឋ អាចជាកន្លែងធ្វើសមាធិសម្រាប់ព្រះសង្ឃ ។

ចាប់តាំងពីឆ្នាំ ២០០៩ មក ការកសាងឡើងវិញនូវសាកលវិទ្យាល័យវិក្រមសិលា កំពុងតែដំណើរការ ដើម្បីអភិរក្ស និងកែលម្អ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ។ គេឃើញមានលំហូរចូលភ្ញៀវទេសចរមកប្រទេសលោកខាងលិច ទៅកាន់វិក្រមសិលា កំឡុងពេលនៃការធ្វើដំណើរកំសាន្តតាមកប៉ាល់ តាមដងទន្លេគង្គា ៕

© រក្សាសិទ្ធិដោយលោកវិទូ