ព្រះភិក្ខុសង្ឃថេរវាទ និងយុវជន ក្នុងឳកាសបុណ្យជាតិវិសាខបូជា នៅវត្តធម៌ជតិ ខេត្តរីអៅ ឥណ្ឌូនេស៊ី, ២៤ ឧសភា ២០១៩/២៥៦៣ ។ រូបភាព៖ sanghatheravadaindonesia.or.id |
លោកវិទូ | ថ្ងៃ ៤᧲៧ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ១៩ មិថុនា ២០១៩
ស្រង់ចាកសៀវភៅ «ប្រវត្តិពុទ្ធសាសនា នៅប្រទេសឥណ្ឌូនេស៊ី: អតីត និង បច្ចុប្បន្ន»
© រក្សាសិទ្ធិដោយលោកវិទូ
រៀបរៀងដោយ ខាត់ ប៊ុនថន (ញាណសំវរោ), ២០១៧
តាមច្បាប់ឥណ្ឌូនេស៊ី ប្រជាពលរដ្ឋគ្រប់រូប ត្រូវតែជាអ្នកកាន់សាសនាណា មួយក្នុងចំណោមសាសនា ដែលទទួលស្គាល់ជាផ្លូវការដោយរដ្ឋ ក្នុងអត្តសញ្ញាណបណ្ណរបស់ខ្លួន ។ ដូច្នេះអាចនិយាយបានថា គ្មានទេអ្នកដែលមិនកាន់សាសនានៅប្រទេសឥណ្ឌូនេស៊ី ។
គេអាចបែងចែកអ្នកកាន់ពុទ្ធសាសនានៅឥណ្ឌូនេស៊ី (ប្រហែលជា ទូទៅដល់អ្នកកាន់ពុទ្ធសាសនាក្នុងសាកលលោក) ជាបីថ្នាក់ទៅតាមកម្រិត នៃការយល់ដឹង ជំនឿ និងការប្រតិបត្តិតាមព្រះពុទ្ធោវាទ ។ ទី១, ពុទ្ធបរិស័ទ កបេតេ សំដៅលើអ្នកកាន់ពុទ្ធសាសនាតែក្នុងអត្តសញ្ញាណបណ្ណប៉ុណ្ណោះ; ទី២, តិសរណបរិស័ទ គឺអ្នកដែលបានដល់នូវត្រៃសរណគមន៍ជាទីពឹងទីរឭក តែមិនសមាទាននូវបញ្ចសីលឡើយ ដោយពួកគេគិតថាបើកាន់សីល ហើយរក្សាមិនបាន នោះពិតមិនល្អសម្រាប់ពួកគេ; និងទី៣, ពុទ្ធបរិស័ទដែលចេះសូត្រធម៌នមស្ការ (វន្ទនគាថា) ផង, ដល់នូវត្រៃសរណគមន៍ជាទីពឹង ទីរឭកផង, និងសមាទាននូវបញ្ចសីលជាប្រក្រតីផងហៅថា ឧបាសក/ ឧបាសិកា ។
យោងតាមសៀវភៅរបស់សមាគមពុទ្ធបរិស័ទឥណ្ឌូនេស៊ីឈ្មោះ មគ្គពុទ្ធិ (២០១១) សមាជិកនីមួយៗរបស់អង្គការសមាគមពុទ្ធសាសនាឥណ្ឌូនេស៊ី មានឈ្មោះហៅ ៥ យ៉ាង ទៅតាមលំដាប់នៃភាពចាស់ទុំ ការសិក្សាពុទ្ធវចនៈ និងបទពិសោធន៍ក្នុងការបំរើការងារ ក្នុងវិស័យពុទ្ធសាសនាគឺ៖
- ទី-១ ហៅថា ឧបចារិក (Upacarika) សម្រាប់អ្នកដែលបានបញ្ចប់ ធម្មសិក្សាវគ្គ ‘ធម្មទូត’ ដែលរៀបចំដោយគណៈកម្មការថ្នាក់តំបន់សម្រាប់ ឧបាសក-ឧបាសិកាដែលជាយុវជនក្មេងៗ ។
- ទី-២ ក្រោយពីបានងារជាឧបចារិកហើយ បានបំរើការយ៉ាងសកម្ម ក្នុងវិស័យពុទ្ធសាសនាអស់រយៈពេល ២ ឆ្នាំ និងបានប្រឡងជាប់ធម្មសិក្សា វគ្គ ‘បណ្ឌិតា’ ដែលរៀបចំដោយគណៈកម្មការកណ្តាល ឲ្យឈ្មោះថា យុវបណ្ឌិតា (Yuva Pandita) ឬ អនុបាលបណ្ឌិតា (Anupal Pandita) ដែលស្ថិតក្នុងវ័យ ២០ ឆ្នាំ ។
- ទី-៣ ក្រោយពីបានងារជាយុវបណ្ឌិតាហើយ បានបំរើការយ៉ាង សកម្មក្នុងវិស័យពុទ្ធសាសនាអស់រយៈពេល ២ ឆ្នាំជាប់មិនដាច់ ព្រមទាំង បានប្រឡងជាប់ធម្មសិក្សាវគ្គ ‘បណ្ឌិតាមូដា’ ឲ្យឈ្មោះថា មធ្យបណ្ឌិតា (Madya Pandita) ។
- ទី-៤ ក្រោយពីបានងារជាមធ្យបណ្ឌិតាហើយ និងបានបំរើការយ៉ាង សកម្មក្នុងវិស័យពុទ្ធសាសនាអស់រយៈពេល ៥ ឆ្នាំជាប់មិនដាច់ ព្រមទាំង បានកសាងស្នាដៃគួរជាទីមោទនភាព ឲ្យឈ្មោះថា បណ្ឌិតា (Pandita) ពេញលេញ ។ អ្នកដែលមានឈ្មោះថាបណ្ឌិតា គេអាចសម្គាល់បានតាម រយៈការពាក់អាវអាចារ្យពណ៌លឿងចាស់ ក្នុងកម្មវិធីពុទ្ធសាសនាផ្សេងៗ ។
- ទី-៥ ក្រោយពីបានងារជាបណ្ឌិតាហើយ បានបន្តបំរើការយ៉ាង សកម្មក្នុងវិស័យពុទ្ធសាសនាអស់រយៈពេល ២០ ឆ្នាំឡើងទៅ បានក្លាយជា មហាបណ្ឌិតា (Maha Pandita) ជាងារខ្ពស់បំផុតក្នុងពុទ្ធសាសនាឥណ្ឌូនេស៊ី សម្រាប់គ្រហស្ថ ។
ការរៀបចំឲ្យមានឋានានុក្រមបែបនេះ គឺជាមធ្យោបាយល្អមួយ ។ វាអាចជាការងាយស្រួលសម្រាប់ព្រះសង្ឃ ក្នុងការគ្រប់គ្រងបរិស័ទ និងជាការជម្រុលទឹកចិត្តឲ្យយុវជនខំបំពេញតាមតួនាទីរបស់ខ្លួន ដើម្បីទទួលបានកិត្តិយស ក្នុងនាមជាពុទ្ធបរិស័ទពេញលេញ ។ ដូច្នេះ ព្រះសង្ឃប្រហែល មិនខ្លះមនុស្សប្រើឡើយ ក្នុងកម្មវិធីបុណ្យទានធំៗម្តងៗ ព្រោះយុវជនដឹងពីកាតព្វកិច្ចរបស់ខ្លួនស្រាប់ ។
សម្រាប់អ្នកបានឈានដល់ថ្នាក់បណ្ឌិតាវិញ គឺយើងដឹងបានតាមរយៈឈ្មោះ អំពីការសិក្សាធម៌អាថ៌របស់គាត់ ។ ឆ្លងកាត់ធម្មសិក្សាត្រឹមត្រូវល្អ ធ្វើឲ្យគាត់បំពេញតួនាទីបានល្អដែរ ។ តើបណ្ឌិតា មានតួនាទីអ្វីខ្លះ? បណ្ឌិតា (អាចារ្យ) មានតួនាទីសំខាន់ ២ យ៉ាង ។
ទី១, រ៉ូម៉ូបណ្ឌិតា (អាចារ្យការ) គឺបណ្ឌិតាដែលទទួលបន្ទុករៀបចំពិធីអាពាហ៍ ពិពាហ៍ ព្រោះតាមច្បាប់អាពាហ៍ពិពាហ៍របស់ឥណ្ឌូនេស៊ី ដើម្បីចុះសំបុត្រអាពាហ៍ពិពាហ៍ (ឥតាស៊ីវិល) បាន, ប្តី-ប្រពន្ធត្រូវឆ្លងកាត់អាពាហ៍ពិពាហ៍ ដែលមានបណ្ឌិតាការជាអ្នកដឹកនាំនិងរៀបចំ តាមប្រពៃណីពុទ្ធសាសនាឥណ្ឌូនេស៊ី ។ និងម្យ៉ាងទៀត ព្រះសង្ឃមិនអាចទទទួលតួនាទីនេះបានទេ ព្រោះខុសក្នុងព្រះវិន័យ ។
ទី២, បណ្ឌិតាវត្ត (អាចារ្យវត្ត) គឺជាបណ្ឌិតាដែល មានតួនាទីដឹកនាំកម្មវិធីបុណ្យផ្សេងៗទាំងនៅក្នុងវត្តនិងក្រៅវត្ត និងជាអ្នកដែលអាចសម្តែងធម៌ប្រាប់ពុទ្ធបរិស័ទទូទៅបាន ព្រោះព្រះសង្ឃនៅមានចំនួនតិចតួចនៅឡើយ ។
ដូច្នេះអ្នកដែលមានងារជាបណ្ឌិតានេះ មានកិត្តិយសណាស់ និងជាទីគោរពរាប់អាននៃពុទ្ធបរិស័ទទាំងឡាយ ដោយសារតួនាទីដ៏ចាំបាច់នេះឯង ៕