តើថ្ងៃអាសាឡ្ហបូជា មានព្រឹត្តិការណ៍សំខាន់អ្វីខ្លះកើតឡើង? - លោកវិទូ

ព័ត៌មានថ្មីៗ

Sunday, July 14, 2019

តើថ្ងៃអាសាឡ្ហបូជា មានព្រឹត្តិការណ៍សំខាន់អ្វីខ្លះកើតឡើង?

ព្រះសង្ឃនិងពុទ្ធបរិស័ទថេរវាទឥណ្ឌូនេស៊ី កំពុងប្រារព្វពិធីបុណ្យអាសាឡ្ហមហាបូជា នៅមុខប្រាសាទបូរ៉ូប៊ូឌួ, ខេត្តជ្វាកណ្ដាល, ១២-១៤ កក្កដា ២០១៩ ។

លោកវិទូ | ថ្ងៃ ១᧭៨ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ១៤ កក្កដា ២០១៩

អាសាឡ្ហបូជា ឬហៅម្យ៉ាងទៀតថា ធម្មទិវា (Dhamma Day) ជាបុណ្យមួយដ៏សំខាន់មួយ សម្រាប់ពុទ្ធសាសនាថេរវាទ ដែលប្រារព្ធឡើងដើម្បីរំឭកដល់បុព្វហេតុ ៣ សំខាន់គឺ៖

១-ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់សម្តែងនូវព្រះធម៌ ជាលើកដំបូង (បឋមទេសនា) ក្រោយពីព្រះអង្គបានត្រាស់ដឹង ដើម្បីប្រោសបញ្ចវគ្គិយ ទាំង ៥ នាក់ ក្នុងព្រៃឥសិបតនមិគទាយវ័ន,

២-សហគមន៍សង្ឃពុទ្ធសាសនា ត្រូវបានបង្កើតដំបូង នៅសាន៌ាថ ជិតក្រុងពារាណសី មានភិក្ខុសង្ឃទាំងអស់ ៦០ អង្គគឺ បញ្ចវគ្គិយភិក្ខុ ៥ យសកុលបុត្រជាកូនរបស់សេដ្ឋី ក្រុងពារាណសី ១ និងសម្លាញ់របស់គាត់ ៥៤ បានស្តាប់ព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធ និងសម្រេចជាព្រះអរហន្ត ទាំង អស់, និង

៣-ត្រៃរតនៈទាំងបីបានកើតឡើងពេញបរិបូរគឺ ពុទ្ធរតនៈ ធម្មរតនៈ និងសង្ឃរតនៈ ។

និងព្រឹត្តិការណ៍សំខាន់បីទៀត ដែលបានកើតឡើងក្នុងថ្ងៃនេះដែរគឺ ព្រះបរមពោធិសត្វយាងចុះបាប់បដិសន្ធិ ១ ការយាងកសាងអភិនិស្ក្រមណ៍ (សាងផ្នួស) ១ និងការសម្ដែងយមកបាដិហារ្យ ១ ។

ព្រះធម៌ ដែលព្រះសម្មាសម្ពុទ្ធ បានត្រាស់សម្តែងមុនគេគឺ ធម្មចក្កប្បវតនសុត្ត ដើម្បីប្រោសបញ្ចវគ្គិយភិក្ខុ នៅក្នុងព្រៃឥសិបតនមិគទាយវ័ន ក្នុងថ្ងៃពេញបូណ៌មីខែអាសាឍនេះឯង ។ ធម្មចក្កប្បវត្តនសុត្តជាធម៌សំខាន់ ណាស់ក្នុងពុទ្ធសាសនាព្រោះ៖

ក-ជាធម៌ដែលព្រះអង្គសម្តែងមុនគេផង និងជាមូលដ្ឋាននៃការសម្តែងព្រះធម៌របស់ព្រះអង្គ ក្នុងកាលជាខាងក្រោយទៀតផង,

ខ-ជាធម៌នាំមកនូវការត្រាស់ដឹង (ដោយវៀរចាកអន្តធម៌ ២ ប្រការគឺ កាមសុខល្លិកានុយោគៈ ធម៌ដែលប្រកបខ្លួនឲ្យជាប់ជំពាក់ដោយកាម ក្នុង កាមទាំងឡាយ ១ និង អត្តកិលមថានុយោគៈ ធម៌ដែលប្រកបសេចក្តី លំបាកដល់ខ្លួន ជាហេតុនាំឲ្យលំបាកកាយទទេ ១ ដោយការប្រតិបត្តិនូវ មជ្ឈិមាបដិបទា គឺផ្លូវកណ្តាលបានដល់អដ្ឋង្គិកមគ្គ ៨),

គ-ខ្លឹមសារនៃព្រះធម៌នេះ បានក្លាយជាទស្សនវិជ្ជាពុទ្ធសាសនា ដ៏សំខាន់មួយ ដែលត្រូវបានគេសិក្សាទូទាំងពិភពលោកគឺ អរិយសច្ចៈ ៤ (ទុក្ខអរិយសច្ច សេចក្តីទុក្ខទាំង ១២ កង, ទុក្ខសមុទយអរិយសច្ច ហេតុនាំឲ្យ កើតទុក្ខគឺ តណ្ហា ៣, ទុក្ខនិរោធអរិយសច្ច សេចក្តីរំលត់ទុក្ខពោលគឺ ព្រះនិព្វាន, ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ផ្លូវនៃសេចក្តីរំលត់ទុក្ខគឺ អដ្ឋង្គិកមគ្គ ៨), និង អដ្ឋង្គិកមគ្គ ៨ (សម្មាទិដ្ឋិ ប្រាជ្ញាយល់ឃើញត្រូវ, សម្មាសង្កប្បៈ សេចក្តីត្រិះរិះត្រូវ, សម្មាវាចា សម្តីត្រូវ, សម្មាកម្មន្តៈ ការងារត្រូវ, សម្មាអាជីវៈ កិរិយាចិញ្ចឹមជីវិតត្រូវ, សម្មាវាយាមៈ ព្យាយាមត្រូវ, សម្មាសតិ សេចក្តីរឭកត្រូវ, សម្មាសមាធិ កិរិយាតម្កល់ចិត្តឲ្យនឹងត្រូវ),

ឃ-ក្នុងទីបញ្ចប់នៃព្រះសូត្រនេះ ក្នុងចំណោមភិក្ខុទាំង ៥ ព្រះអញ្ញាកោឌញ្ញៈ បានជាឯហិភិក្ខុ ដំបូងគេបង្អស់ក្នុងព្រះពុទ្ធសាសនា ។

ប្រទេសថៃបានប្រារព្ធធ្វើពិធីបុណ្យអាសាឡ្ហបូជានេះ មានលក្ខណៈនិងទ្រង់ទ្រាយធំ ដូចពិធីបុណ្យវិសាខបូជានិងមាឃបូជាដែរ ។ ពុទ្ធបរិស័ទក្នុងប្រទេសមួយចំនួនទៀតក៏ប្រារព្ធធ្វើពិធីបុណ្យនេះដែរ ។ ព្រះសង្ឃនិងពុទ្ធបរិស័ទឥណ្ឌូនេស៊ី ប្រារព្ធធ្វើបុណ្យអាសាឡ្ហបូជានេះជារៀងរាល់ឆ្នាំ ។ នៅប្រទេសឥណ្ឌូនេស៊ី ពិធីបុណ្យនេះ ត្រូវបានប្រារព្ធឡើងតាមប្រពៃណី ពុទ្ធសាសនាថេរវាទជាធម្មតា ដោយមានការស្វាធ្យាយន៍ នូវធម្មចក្កប្បវត្តនសូត្រ ក្រោយពីកម្មវិធីសូត្រព្រះត្រៃបិដកភាសាបាឡី ត្រូវបានបញ្ចប់នៅឯប្រាសាទបូរ៉ូប៊ូឌួ ។

ពុទ្ធបរិស័ទឥណ្ឌូនេស៊ីហៅបុណ្យនេះថា អាសាឡ្ហមហាបូជា និងបានភ្ជាប់កម្មវិធីសូត្រព្រះត្រៃបិដក រយៈពេលបីថ្ងៃផងដែរ និងប្រព្រឹត្តទៅនៅទៀបនឹងប្រាសាទបូរ៉ូប៊ូឌួ ជាប្រាសាទពុទ្ធសាសនាធំជាងគេបំផុតក្នុងលោក ដោយមានពុទ្ធបរិស័ទជាតិនិងអន្តរជាតិរាប់ពាន់នាក់ចូលរួមផងដែរ ។ ការបំបួសក្មេងៗនិងយុវជន ក៏ត្រូវបានធ្វើឡើងក្នុងរដូវកាលនេះផងដែរ ជាការសាងផ្នួសក្នុងរយៈពេលខ្លី ដើម្បើសិក្សានិងប្រតិបត្តិព្រះពុទ្ធសាសនា ។ អាសាឡ្ហមហាបូជា ក៏ជាឳកាសដ៏ល្អប្រសើរមួយ ឲ្យពុទ្ធបរិស័ទបានស្ដាប់នូវព្រះធម៌ទេសនា និងធ្វើសមាធិផងដែរ ក្នុងរយៈពេលបីថ្ងៃនេះ ។
កម្មវិធីឈ្វេងយល់ខ្លឹមសារអាសាឡ្ហបូជា រៀបចំដោយ ពសស នៅសាលសន្និសីទចតុម្មុខ ទីក្រុងភ្នំពេញ, ០៦ កក្កដា ២០១៩ ។
ដោយឡែកប្រទេសកម្ពុជាយើង ក៏បានចាប់ផ្ដើមចាប់អារម្មណ៍ លើព្រឹត្តិការណ៍សំខាន់ៗក្នុងពុទ្ធប្រវត្តិ ដូចបានរៀបរាប់ខាងលើនេះដែរ។ ថ្មីៗនេះ យើងឃើញមានការប្រារព្ធកម្មវិធីឈ្វេងយល់ខ្លឹមសារអាសាឡ្ហបូជា (និងការចូលព្រះវស្សា) រៀបចំដោយពុទ្ធិកសាកលវិទ្យាល័យល្បីៗពីរគឺ សាកលវិទ្យាល័យព្រះសីហនុរាជ នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី  ០៦ កក្កដា ២០១៩ (៥ កើត ខែអាសាឍ ព.ស. ២៥៦៣) និងសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា នៅទីតាំងសាកលវិទ្យាល័យផ្ទាល់ នៅក្នុងថ្ងៃខែឆ្នាំដដែល ។

ដូច្នេះអាសាឡ្ហបូជា ជាធម្មទិវា ជាថ្ងៃដែលព្រះធម៌ជាគ្រឿងត្រាស់ដឹង ជាទស្សនវិជ្ជាព្រះពុទ្ធសាសនា ត្រូវបានត្រាស់សម្ដែងឡើង ជាលើកដំបូងក្នុងលោក ក្រោយពីព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើង ទ្រង់បានត្រាស់ដឹង គឺព្រះធម្មចក្កប្បវតនសូត្រ នៅសាន៌ាថ (ក្រុងពារាណសី) ប្រទេសឥណ្ឌាបច្ចុប្បន្ន ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment