ព្រះគ្រូចៅអធិការវត្តខ្មែរនៅប្រទេសឥណ្ឌា បានចូលបច្ច័យសម្រាប់ស្ថាបនាជួសជុល អគារពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ - លោកវិទូ

ព័ត៌មានថ្មីៗ

Sunday, July 14, 2019

ព្រះគ្រូចៅអធិការវត្តខ្មែរនៅប្រទេសឥណ្ឌា បានចូលបច្ច័យសម្រាប់ស្ថាបនាជួសជុល អគារពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ

ព្រះធម្មចក្រកវីវង្ស បណ្ឌិត សែម បុិច ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះគ្រូចៅអធិការវត្តខ្មែរពារាណសី

លោកវិទូ | ថ្ងៃ ១᧭៨ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១៤ កក្កដា ២០១៩ ។

ក្រោយពីក្រសួងធម្មការនិងសាសនា បានរើទៅកាន់ទីតាំងថ្មី កាលពីខែ មិថុនា ឆ្នាំ ២០១៩ កន្លងទៅ អគារចាស់ៗចំនួន ៤-៥ អគារ ត្រូវបានប្រគល់ឲ្យពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ (ពសស) ។ អគារចាស់ៗទាំងនេះ ត្រូវការការជួសជុលឡើងវិញ ទើបអាចប្រើប្រាស់បាន និងត្រូវចំណាយប្រាក់អស់ជាច្រើនផងដែរ ។ គណៈគ្រប់គ្រងសាកលវិទ្យាល័យមិនមានលទ្ធិគ្រប់គ្រាន់ ក្នុងការចំណាយទាំងស្រុង លើការជួសជុលឡើងវិញបាន ។ ឃើញកង្វះខាតបែបនេះ ព្រះគ្រូចៅអធិការវត្តខ្មែរនៅប្រទេសឥណ្ឌាពីរព្រះអង្គ បានចំណាយប្រាក់ផ្ទាល់របស់ព្រះអង្គសរុប ២១០០ ដុល្លារសហរដ្ឋអាមេរិក ក្នុងការរួមចំណែកកសាងអគារពុទ្ធិកសាកលវិទ្យាល័យ ឲ្យបានសមរម្យឡើងវិញ នៅថ្ងៃ ៧᧬៨ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១៣ កក្កដា ២០១៩ ។

១. ព្រះធម្មចក្រកវីវង្ស បណ្ឌិត សែម បុិច ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះគ្រូចៅអធិការវត្តខ្មែរពារាណសី ដែលបានឧបត្ថម្ថថវិកា ១០០០ ដុល្លារ សម្រាប់ថ្លៃម៉ាសុីនត្រជាក់បំពាក់ ក្នុងសាលប្រជុំពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ។

២. ព្រះសមណរង្សី ទេព វុទ្ធី ព្រះរាជាគណៈថ្នាក់កិត្តិយស ជាព្រះគ្រូចៅអធិការវត្តខ្មែរញូវដែល្លី និងសមាគមពុទ្ធសាសនាថេរវាទឥណ្ឌូ-ខ្មែរ ដែលបានឧបត្ថម្ភថវិកា ១១០០ ដុល្លារ សម្រាប់ថ្លៃទុយោ ខ្សែភ្លើង និងថ្លៃតម្លើងម៉ាសុីនត្រជាក់ ក្នុងសាលប្រជុំពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ។ ការលះបង់ធនធានរបស់ព្រះតេជព្រះគុណ ពិតជាការចូលរួមយ៉ាងសំខាន់ក្នុងការលើកស្ទួយវិស័យពុទ្ធិកសិក្សានៅកម្ពុជា។ 

ព្រះធម្មឃោសាចារ្យ បណ្ឌិត ឃី សុវណ្ណរតនា ក្នុងនាមគណៈគ្រប់គ្រង មន្ត្រី សាស្ត្រាចារ្យ សមណនិស្សិត និងនិស្សិត នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានចាត់ទុកថា «ការលះបង់ធនធានរបស់ព្រះតេជព្រះគុណ ពិតជាការចូលរួមយ៉ាងសំខាន់ក្នុងការលើកស្ទួយវិស័យពុទ្ធិកសិក្សានៅកម្ពុជា ។» ព្រះធម្មឃោសាចារ្យ  បានសូមថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ព្រះគ្រូចៅអធិការទាំងពីរព្រះអង្គ និងសហការី និងបានប្រគេនសព្វសាធុការពរដល់ព្រះអង្គ «សូមបានសុខចម្រើន ជោគជ័យ និងសម្រេចមគ្គផល កុំបីឃ្លៀងឃ្លាតឡើយ!»

គួររំឭកផងដែរថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ជាមរតកកេរដំណែល នៃបុព្វវីរក្សត្រខ្មែរគឺសម្តេច នរោត្តម សីហនុ និងវីរសង្ឃខ្មែរមានសម្តេច ហួត តាត និងសម្តេចព្រះសង្ឃរាជ ជួន ណាត ជាដើម បានរួបរួមគ្នាកសាងឡើង ក្នុងសម័យសង្គមរាស្ត្រ ។ ដូច្នេះ ពុទ្ធិកសាកលវិទ្យាល័យដ៏មានវ័យចំណាស់ជាងគេនេះ ពិតជាបង្កប់នូវមនោសញ្ចេតនា យ៉ាងជ្រាលជ្រៅជាប្រវត្តិសាស្ត្រ ក៏ដូចជាស្នាដៃរបស់វីរជនខ្មែរ ដែលលោកបានខិតខំលើកស្ទួយវិស័យពុទ្ធិកសិក្សាខ្មែរ ឲ្យបានរីកចម្រើនដែលពិភពលោកធ្លាប់បានទទួលស្គាល់យ៉ាងទូលំទូលាយ ។

ការរិះគន់ចំពោះព្រះសង្ឃអវិជ្ជា ដែលបានប្រព្រឹត្តខុសធម្មវិន័យ របស់ពុទ្ធបរិស័ទខ្មែរ មិនបានធ្វើឲ្យព្រះពុទ្ធសាសនាខ្មែរចម្រើនរុងរឿងឡើយ ។ មានតែការលើកស្ទួយវិស័យពុទ្ធិកសិក្សា និងការកសាងសាលាពុទ្ធិកសិក្សាគ្រប់ជាន់ថ្នាក់ទេ ទើបអាចពង្រឹងគុណភាពប្រាជ្ញាញាណ និងការប្រតិបត្តិត្រឹមត្រូវតាមធម្មវិន័យរបស់ព្រះសង្ឃបាន ។

ព្រះសមណរង្សី ទេព វុទ្ធី ព្រះរាជាគណៈថ្នាក់កិត្តិយស ជាព្រះគ្រូចៅអធិការវត្តខ្មែរញូវដែល្លី និងលោកស្រី វិនោទ តិវារី សមាជិកសមាគមពុទ្ធសាសនាថេរវាទឥណ្ឌូ-ខ្មែរ នៃទីក្រុងញូវដែល្លី ប្រគេនថវិកាដល់ព្រះធម្មឃោសាចារ្យ បណ្ឌិត ឃី សុវណ្ណរតនា ព្រះសាកលវិទ្យាធិការរង ពសស ។
© រក្សាសិទ្ធិដោយ លោកវិទូ

No comments:

Post a Comment