ស្ថានទូតខ្មែរបានប្រគេនទៀនព្រះវស្សានិងបរិក្ខារ ដល់ព្រះសង្ឃនឹងគង់ចាំព្រះវស្សា នៅវត្តខ្មែរញូវដែល្លី - លោកវិទូ

ព័ត៌មានថ្មីៗ

Thursday, July 18, 2019

ស្ថានទូតខ្មែរបានប្រគេនទៀនព្រះវស្សានិងបរិក្ខារ ដល់ព្រះសង្ឃនឹងគង់ចាំព្រះវស្សា នៅវត្តខ្មែរញូវដែល្លី

ព្រះសង្ឃនិងពុទ្ធបរិស័ទ នៅក្នុងពិធីប្រគេនទៀនព្រះវស្សានិងបរិក្ខារ ក្នុងព្រះវិហារវត្តខ្មែរញូវដែល្លី ១៧ កក្កដា ២០១៩ ។

លោកវិទូ | ថ្ងៃ ៥᧲៨ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ កក្កដា ២០១៩ ។ 
[វីដេអូនៅខាងក្រោមអត្ថបទ]

ស្ថានឯកអគ្គរាជទូកម្ពុជា ប្រចាំប្រទេសឥណ្ឌា ដឹកនាំដោយ ឯកឧត្តមឯកអគ្គរាជទូត អ៊ុង ស៊ាន និងលោកជំទាវ ព្រមទាំងសហការី និងពុទ្ធបរិស័ទខ្មែរ~ឥណ្ឌា នៅទីក្រុងញូវដែល្លី មានសទ្ធាជ្រះថ្លា បានប្រគេនទៀនព្រះវស្សានិងបរិក្ខារផ្សេងៗ មានភេសជ្ជៈនិងអង្ករជាដើម ព្រមទាំងសង្ឃភត្ត ដល់ព្រះភិក្ខុសង្ឃវត្តខ្មែរញូវដែល្លី ក្នុងថ្ងៃចូលព្រះវស្សា ១ រោច ខែអាសាធ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ កក្កដា គ.ស. ២០១៩ ។ 

ក្នុងឳកាសនោះ ព្រះសមណរង្សី ទេព វុទ្ធី ព្រះគ្រូចៅអធិការថ្មីជំនាន់ទី៣ បានដឹកនាំពុទ្ធបរិស័ទ ធ្វើពិធីសក្ការបូជាព្រះរតនត្រៃ និងប្រទានឳវាទធម្មទេសនាខ្លី ប្រកបដោយខ្លឹមសារគួរជាទីជ្រះថ្លា ដល់ទាយកទាយិកា មានឯកឧត្តម អ៊ុង ស៊ាន និងលោកជំទាវជាអធិបតី ។ 

ក្នុងធម្មទេសនានោះ ព្រះសមណរង្សីបានលើកយក ប្រយោជន៍ ២ យ៉ាងមកសម្ដែង ចែកជូនពុទ្ធបរិស័ទត្រូវបំពេញតទៅ គឺប្រយោជន៍ខ្លួនឯង (អត្តហិតប្រយោជន៍) ១ និងប្រយោជន៍អ្នកដទៃ (បរហិតប្រយោជន៍) ១ ដោយបានលើកយកបុគ្គលាធិដ្ឋាន អំពីគុណវិសេសរបស់មហាឧបាសិកាវិសាខា មកបញ្ជាក់បង្ហាញផងដែរ ដើម្បីឲ្យពុទ្ធបរិស័ទយល់ ក្នុងការធ្វើបុណ្យ ប្រកបដោយបញ្ញាពិតៗ ។

ធ្វើបុណ្យធ្វើដោយយល់ ទើបធ្វើទៅមានទម្ងន់ក្នុងចិត្តជ្រះថ្លា ម៉្លោះហើយ «យើងមកនេះ ទី១យល់ដឹង ដូចអាត្មាថាអ៊ីចឹង ធ្វើអ្វីឲ្យយល់ បើអត់យល់ទេ ធ្វើទៅវាអត់ធ្ងន់ចិត្តទេ...ហើយប្រគេនជូនថ្វាយដោយផ្ទាល់ដៃទៅដូចស្រាល ៗ» សង្ឃដីកា ព្រះសមណរង្សី ។ ព្រះអង្គក៏បានលើកឡើងអំពីប្រវត្តិនៃការចាំព្រះវស្សា និងការប្រគេនសំពត់សាដកផងដែរ ។

បន្ទាប់មក ពុទ្ធបរិស័ទបានប្រគេនសង្ឃភត្តដល់ភិក្ខុ~សាមណេរ ចំនួន ៣ អង្គ ដែលត្រូវគង់ចាំព្រះវស្សានៅវត្តខ្មែរញូវដែល្លី ។ លុះព្រះសង្ឃធ្វើភត្តកិច្ចរួចហើយ ពុទ្ធបរិស័ទក៏ទទួលទានអាហាររួមគ្នាដោយសេចក្តីរីករាយ រហូតដល់ម៉ោង ប្រហែល ១ រសៀល ទើបចាកចេញទៅកាន់ទីស្ថានរៀង ៗ ខ្លួន ។

ឯកឧត្តម អ៊ុង ស៊ាន បានទទួលភារៈតួនាទី ជាឯកអគ្គរាជាទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌា នៅខែតុលា ឆ្នាំ ២០១៨ បន្ទាប់ពីឯកឧត្តម ពេជ្យឃុន បញ្ញា ។ គួរឲ្យកត់សម្គាល់ ឯកឧត្តម និងលោកជំទាវ ព្រមទាំងសហការីស្ថានទូត តែងធ្វើបុណ្យបំពេញកុសលជារឿយ ៗ ទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនាខ្មែរ ដែលតែងតែផ្សារភ្ជាប់នឹងវត្តអារាម និងសហគមន៍ខ្មែររស់នៅទីក្រុងញូវដែល្លី ក៏ដូចជានៅប្រទេសឥណ្ឌាទាំងមូល ។

© រក្សាសិទ្ធិដោយ លោកវិទូ

សូមទស្សនាវីដេអូខាងក្រោម៖


No comments:

Post a Comment