ព្រះធម្មឃោសាចារ្យទទួលពានរង្វាន់ «ព្រះចេតិយមាស» ពីព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់នៃព្រះមហាក្សត្រថៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ឆាលីត ផុកផាសុខ សេនាប្រមុខកងទ័ពភូមិន្ទអាកាសថៃ, ១៧ កក្កដា ២០១៩ ។ |
លោកវិទូ | ថ្ងៃ ៦᧳៨ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១៩ កក្កដា ២០១៩ ។
ព្រះធម្មឃោសាចារ្យ បណ្ឌិត ឃី សុវណ្ណរតនា ព្រះរាជាគណៈថ្នាក់ទោ ព្រះគ្រូចៅអធិការវត្តមង្គលវ័ន ហៅវត្តស្វាយដង្គុំ រាជធានីភ្នំពេញ ព្រះសាកលវិទ្យាធិការរងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ព្រះឧត្តមទីប្រឹក្សាសម្ដេចអគ្គមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតសមណនិស្សិតខ្មែរនៃសាកលវិទ្យាល័យដែល្លី (ឥណ្ឌា) បានទទួលពានរង្វាន់ «ព្រះចេតិយមាស» ពីព្រះមហាក្សត្រថៃ ដោយបានឃើញពីសកម្មភាពរបស់ព្រះអង្គ ក្នុងការទ្រទ្រង់ និងថែរក្សាព្រះពុទ្ធសាសនា និងការកសាងវត្តអារាម អស់រយៈពេលជាង ១៦ ឆ្នាំ នៅក្នុងប្រទេសកម្ពុជា ។
ព្រះធម្មឃោសាចារ្យបានទទួលពានរង្វាន់ «ព្រះចេតិយមាស» នេះ ពីឯកឧត្តម នាយឧត្តមសេនីយ៍ ឆាលីត ផុកផាសុខ សេនាប្រមុខកងទ័ពភូមិន្ទអាកាសថៃ ឧត្តមទីប្រឹក្សាព្រះមហាក្សត្រ និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះបាទសម្តេច ព្រះមហាវជិរាឡុងកន ព្រះរាមាទី១០ នៃព្រះរាជាណាចក្រថៃ នៅក្នុងពិធីប្រគេនពានរង្វាន់ ដ៏មហោឡារិក ដែលប្រព្រឹត្តទៅនៅសាលពុទ្ធមណ្ឌល ទីក្រុងបាំងកក ប្រទេសថៃ នៅថ្ងៃទី ១៧ កក្កដា ២០១៩/២៥៦៣ ។ នៅក្នុងពិធីនោះ មានព្រះសង្ឃចំនួន ១០៣ អង្គ ដែលបាននិមន្តចូលរួម និងក្នុងចំណោមនោះ មានព្រះសង្ឃបរទេសចំនួន ៧ អង្គ ដែលបាននិមន្តពីប្រទេសចំនួន ៧ មានដូចជាកម្ពុជា សិង្ហបុរី ឡាវ ភូមា វៀតណាម ស្រីលង្កា និងឥណ្ឌូនេស៊ី ។
យោងតាមការចុះផ្សាយដោយសារព័ត៌មានខ្មែរថែម (ភាសាអង់គ្លេស) ព្រះធម្មឃោសាចារ្យ មានសង្ឃដីកាចំណាប់អារម្មណ៍ថា «អាត្មាភាពមានការភ្ញាក់ផ្អើល ដោយត្រូវបានគេជ្រើសរើសឲ្យទទួលពានរង្វាន់ ព្រោះអាត្មាភាពមិនបានដាក់ពាក្យសុំផង។»
អ្នកទទួលពានរង្វាន់នេះ ត្រូវបានជ្រើសរើសដោយការិយាល័យជាតិនៃព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រថៃ ដើម្បីជាការទទួលស្គាល់ ចំពោះបុគ្គលឆ្នើមដែលមានស្នាដៃក្នុងវិស័យសាសនា ការគ្រប់គ្រង ការសិក្សាស្រាវជ្រាវ ការផ្ដល់ទីប្រឹក្សា ប្រយោជន៍សាធារណៈ និង វិភាគទានសាធារណៈ ។ ពិធីប្រគេនពានរង្វាន់នេះ ទើបតែត្រូវបានធ្វើឡើងជាលើកទី ១ ប៉ុណ្ណោះ ។
ព្រះធម្មឃោសាចារ្យ បានបំពេញកិច្ចការងារ ក្នុងការអភិវឌ្ឍព្រះពុទ្ធសាសនាខ្មែរយ៉ាងសកម្ម អស់ជាងរយៈពេលជាង ១៦ ឆ្នាំមកហើយ ។ ព្រះអង្គមានទំនាក់ទំនងជាមួយស្ថានប័នពុទ្ធសាសនាអន្តរជាតិជាច្រើន នៅក្នុងតំបន់ ដែលបានរួមចំណែកលើកស្ទួយ ព្រះពុទ្ធសាសនាជាសកល ។ ជាតួយ៉ាង ព្រះអង្គបានធ្វើជាសមាជិកក្រុមប្រឹក្សាភិបាល នៃអង្គការពុទ្ធសាសនាអន្តរជាតិជាច្រើន មានដូចជា សហព័ន្ធពុទ្ធសាសនអន្តរជាតិ (ញូវដែល្លី) សមាគមពុទ្ធិកសាកលវិទ្យាល័យអន្តរជាតិ (បាំងកក) សមាគមពុទ្ធិកសាកលវិទ្យាល័យពុទ្ធសាសនាថេរវាទ (បាំងកក) និងថ្មីនេះបានចូលជាសមាជិកនៃអង្គការសហគមន៍ពុទ្ធសាសនាអាស៊ី (យ័ង្គូន) ។
ព្រះធម្មឃោសាចារ្យ បានសម្ដែងនូវព្រះទ័យសាទរ ចំពោះពានរង្វាន់នេះ ។ តាមរយៈការដកស្រង់សង្ឃដីកានៅក្នុងសារព័ត៌មានក្នុងស្រុកមួយ ព្រះអង្គមានសង្ឃដីកាថា ក្នុងនាមជាព្រះសង្ឃកម្ពុជាមួយរូប បានទទួលពានដ៏ថ្លៃថ្លា ប្រកបដោយកិត្តិយស ពីព្រះមហាក្សត្រថៃ មិនមែនជាមហាកិត្តិយស និងមោទនភាពសម្រាប់ព្រះអង្គផ្ទាល់នោះទេ ប៉ុន្តែសម្រាប់ព្រះសង្ឃខ្មែរ និងប្រទេសកម្ពុជាផងដែរ ។
ព្រះអង្គជាបញ្ញវន្តសង្ឃជាន់ខ្ពស់ខ្មែរមួយព្រះអង្គ ដែលបានបូជាកម្លាំងកាយចិត្ត ក្នុងការអភិវឌ្ឍពុទ្ធសាសនា ជាពិសេសផ្នែកពុទ្ធិកសិក្សា ។ ព្រះអង្គបានសិក្សារៀនសូត្រផ្លូវលោកផ្លូវធម៌ ទាំងក្នុងនិងក្រៅប្រទេស រហូតបានទទួលសញ្ញាបត្រថ្នាក់បណ្ឌិត ផ្នែកការសិក្សាពុទ្ធសាសនា ពីសាកលវិទ្យាល័យដែល្លី ដ៏ល្បីល្បាញមួយនៅទីក្រុងញូវដែល្លី ប្រទេសឥណ្ឌា កាលពីខែ វិច្ឆិកា ឆ្នាំ ២០១៧ ។ បច្ចុប្បន្ននេះ មិនមានព្រះសង្ឃខ្មែរច្រើនអង្គទេ ដែលបានទទួលសញ្ញាប័ត្រថ្នាក់បណ្ឌិត ។ ការទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិត ពីសាកលវិទ្យាល័យដ៏ល្បីល្បាយនេះ បូករួមនិងសកម្មភាពប្រតិបត្តិការងារ តួនាទី និងស្នាដៃឆ្នើមផង បានធ្វើឲ្យព្រះអង្គកាន់តែមានភាពលេចធ្លោ និងការទទួលស្គាល់គុណសម្បត្តិ និងប្រាជ្ញាញាណជាអ្នកពហុស្សូត យ៉ាងទូលំទូលាយ ទាំងថ្នាក់ជាតិនិងអន្តរជាតិ ។
© រក្សាសិទ្ធិដោយ លោកវិទូ
© រក្សាសិទ្ធិដោយ លោកវិទូ
No comments:
Post a Comment