សន្និសីទអន្តរជាតិ ស្ដីពីអាហារូបករណ៍ សម្រាប់ការសិក្សាពុទ្ធសាសនា នៅក្នុងប្រទេសឥណ្ឌា - លោកវិទូ

ព័ត៌មានថ្មីៗ

Sunday, July 21, 2019

សន្និសីទអន្តរជាតិ ស្ដីពីអាហារូបករណ៍ សម្រាប់ការសិក្សាពុទ្ធសាសនា នៅក្នុងប្រទេសឥណ្ឌា

ពីស្ដាំ និស្សិត គៀវ ម៉េងគ័ង ព្រះតេជព្រះគុណ ហ៊ុន ចាន់ដែន ព្រះធម្មឃោសាចារ្យ បណ្ឌិត ឃី សុវណ្ណរតនា ព្រះសមណរង្សី ទេព វុទ្ធី និស្សិត ខាត់ ប៊ុនថន, Hostel IBIS, ញូវដែល្លី, ២០ កក្កដា ២០១៩ ។

លោកវិទូ | ថ្ងៃ ១᧵៨ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២១ កក្កដា ២០១៩ ។

សហព័ន្ធពុទ្ធសាសនាអន្តរជាតិ (IBC) បានរៀបចំសន្និសីទអ្នកជំនាញអន្តរជាតិ ពិភាក្សាពីអាហារូបករណ៍ សម្រាប់ការសិក្សាពុទ្ធសាសនា នៅក្នុងប្រទេសឥណ្ឌា នៅសណ្ឋាគារអាយប៊ីស (Hotel IBIS) ក្បែរប្រលានយន្តហោះ ទីក្រុងញូវដែល្លី ថ្ងៃទី ២០~២១ កក្កដា ២០១៩ ។ សន្និសីទនេះ ត្រូវបានអញ្ជើញចូលជាភ្ញៀវកិត្តិយស ដោយលោក អខិលេស មិស្រា អគ្គនាយកនៃក្រុមប្រឹក្សាឥណ្ឌាដើម្បីទំនាក់ទំនងវប្បធម៌ (ICCR) និងអ្នកប្រាជ្ញា អ្នកពហុស្សូតពុទ្ធសាសនាជាច្រើនអង្គ/នាក់ ដែលមានតួនាទីជាន់ខ្ពស់ ក្នុងវិស័យពុទ្ធិកសិក្សា ត្រូវបាននិមន្តនិងអញ្ជើញចូលរួមជាវាគ្មិន ដែលបាននិមន្តនិងអញ្ជើញមកពីប្រទេសផ្សេងៗដូចជា ឥណ្ឌា (ម្ចាស់ផ្ទះ) កម្ពុជា ភូមា ម៉ាឡេស៊ី វៀតណាម ស្រីលង្កា នេប៉ាល់ ភូតាន ម៉ុងហ្គោលី និងតៃវ៉ាន់ ។

ព្រះតេជព្រះគុណ បណ្ឌិត ធម្មបិយ អគ្គលេខាធិការសហព័ន្ធពុទ្ធសាសនាអន្តរជាតិ បានថ្លែងនៅក្នុងសុន្ទរកថាស្វាគមន៍របស់ព្រះអង្គ អំពីគម្រោងនៃការផ្ដល់អាហារូបករណ៍ សម្រាប់ការសិក្សាពុទ្ធសាសនា នៅក្នុងប្រទេសឥណ្ឌា ។ ព្រះអង្គបានលើកឡើងថា សន្និសីទនេះគឺត្រូវបានធ្វើឡើង ដើម្បីពិភាក្សា និងធ្វើការលើបែបបទ ទាក់ទងនឹងលក្ខណៈសម្បត្តិ កម្មវិធីសិក្សាដែលត្រូវផ្ដល់ឲ្យ ក្នុងសាកលវិទ្យាល័យនៅក្នុងប្រទេសឥណ្ឌា និងវត្តអារាម ចំនួននៃអាហារូបករណ៍ ។ល។ ក្រៅពីនេះក៏មានការពិភាក្សា អំពីការផ្ដល់អាហារូបករណ៍ ដល់និស្សិតឥណ្ឌា ដែលចង់ទៅសិក្សាពុទ្ធសាសនា នៅសាកលវិទ្យាល័យ នៅក្នុងប្រទេសកាន់ពុទ្ធសាសនាផងដែរ ។

ថ្លែងក្នុងសុន្ទរកថាស្វាគមន៍ ព្រះតេជព្រះគុណ ភន្តេ ប៊ី. ស្រី សរណង្ការ នាយក មហាថេរ ព្រះប្រធាននៃអធិករណសង្ឃនាយក នៃប្រទេសម៉ាឡេស៊ី និងជាព្រះអធិបតីនៃសហព័ន្ធពុទ្ធសាសនាអន្តរជាតិ បានគាំទ្រចំពោះគម្រោងអាហារូបករណ៍នេះ ។

គួរឲ្យចាប់អារម្មណ៍គឺសុន្ទរកថាពិសេស របស់ភ្ញៀវកិត្តិយស លោក អខិលេស មិស្រា អគ្គនាយកនៃ ICCR ។ លោកបានដើមឡើងដោយសំណួរដ៏សំខាន់មួយថា តើហេតុអ្វីបានជាយើងត្រូវសិក្សាព្រះពុទ្ធសាសនា បើរូបលោកមិនមែនជាអ្នកកាន់ព្រះពុទ្ធសាសនាផង? គាត់បានឆ្លើយទៅនឹងសំណួរនេះ ដោយលើកយកទស្សនវិជ្ជាពុទ្ធសាសនាជាមូលដ្ឋានសំខាន់មួយចំនួនគឺ អរិយសច្ចៈ បដិច្ចសមុប្បាទៈ សាមញ្ញលក្ខណៈ និងគាថាធម្មបទមួយចំនួនផងដែរ ។ លោកបានរំឭកថា ICCR ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ ១៩៥០ ដើម្បីពង្រឹងទំនាក់ទំនងវប្បធម៌ឥណ្ឌា និងប្រទេសនានាក្នុងពិភពលោក ។ លោកបានបញ្ជាក់ផងដែរថា ICCR បានផ្ដល់អាហារូបករណ៍ ដល់និស្សិតអន្តរជាតិ ៤០០០ នាក់ ក្នុងមួយឆ្នាំ ៗ ក្នុងនោះក៏មានអាហារូបករណ៍សិក្សាពុទ្ធសាសនាដែរ ។ លោកបានមានប្រសាសន៍ថា លោកនឹងរង់ចាំលទ្ធផលនៃសន្និសីទនេះ និងការណែនាំនានា ដែលសហព័ន្ធពុទ្ធសាសនាអន្តរជាតិ នឹងដាក់ជូន ICCR រួចហើយ ICCR នឹងដាក់ស្នើទៅរដ្ឋាភិបាលឥណ្ឌា ដើម្បីសិក្សាលើគម្រោងអាហារូបករណ៍ សម្រាប់ការសិក្សាពុទ្ធសាសនានេះ ។

នៅក្នុងវគ្គទី ១ សាស្ត្រាចារ្យ មកពីសាកលវិទ្យាល័យនានា នៅក្នុងប្រទេស បានធ្វើបទបង្ហាញអំពីសាកលវិទ្យាល័យ កម្មវិធីសិក្សាពុទ្ធសាសនា និងបញ្ហាសមណនិស្សិត/និស្សិតអន្តរជាតិបានដាក់ពាក្យចូលរៀន នៅសាកលវិទ្យាល័យ នៅក្នុងប្រទេសឥណ្ឌា ។ ជាវាគ្មិនម្នាក់ក្នុងចំណោមវាគ្មិនទាំងឡាយ លោកសាស្ត្រាចារ្យ  ខេ.ធី.អេស. សរ៉ាវ នៃឌឹប៉ាតឺម៉ង់ពុទ្ធិកសិក្សា សាកលវិទ្យាល័យដែល្លី បានរំឭកឡើងវិញថា ឌឹប៉ាតឺម៉ង់ពុទ្ធិកសិក្សា ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ ១៩៥៧ ក្នុងខួបគ្រប់ ២៥០០ នៃព្រះពុទ្ធសាសនា និងជាឌឺប៉ាតឺម៉ង់តែមួយគត់ នៃសាកលវិទ្យាល័យ នៅទូទាំងប្រទេសឥណ្ឌា ដែលទទួលបានឋានៈជា «មជ្ឈមណ្ឌលការសិក្សា ដែលបានរីកចម្រើនដល់កម្រិតខ្ពស់» ។ លោកសាស្ត្រាចារ្យ បានលើកឡើងថា ដោយសារជាគោលនយោបាយរបស់រដ្ឋាភិបាលឥណ្ឌា ការទទួលយកនិស្សិតអន្តរជាតិឲ្យចូលរៀន ត្រូវបានផ្ដល់កូតា ១០% សម្រាប់ថ្នាក់អនុបណ្ឌិត (១០~១២ នាក់) និង ៥% ថ្នាក់អឹមហ្វិល (ត្រៀមបណ្ឌិត) (៣~៤ នាក់) ប៉ុណ្ណោះ ។ រីឯថ្នាក់បណ្ឌិតវិញគឺអាស្រ័យលើពេលណា ដែលសាស្ត្រាចារ្យ ទំនេរកៅអីសម្រាប់សិស្សថ្មី (១~២ នាក់) ។ ចំនួននេះតិចតួចណាស់ បើប្រើធៀបចំនួននិស្សិត ដែលបានដាក់ពាក្យសុំចូលរៀន ជាង ៥០០០ នាក់ ក្នុងមួយឆ្នាំ ២ ។

ព្រះធម្មឃោសាចារ្យ បណ្ឌិត ឃី សុវណ្ណរតនា ជាវាគ្មិនមួយព្រះអង្គដែរ បានសួររកដំណោះស្រាយ អំពីការទទួលយកនិស្សិតអន្តរជាតិឲ្យចូលរៀន នៅសាកលវិទ្យាល័យដែល្លី ។ លោកសាស្ត្រាចារ្យ សរ៉ាវ បានឆ្លើយតបថា នេះជាច្បាប់រដ្ឋាភិបាលឥណ្ឌា លោកមិនអាចធ្វើអ្វីបានទេ ។ លោកសាស្ត្រាចារ្យ បានផ្ដល់អនុសាសន៍ថា សហព័ន្ធពុទ្ធសាសនាអន្តរជាតិ គួរដាក់បញ្ហានេះទៅរដ្ឋាភិបាលឥណ្ឌា ។

វគ្គទី២ គឺការពិភាក្សាស្ដីពី «ការធ្វើឲ្យឥណ្ឌាក្លាយជាមជ្ឈមណ្ឌលសំខាន់ សម្រាប់ពុទ្ធិកសិក្សា៖ កាលានុវត្តិភាព និងការប្រឈម» ។ ព្រះធម្មឃោសាចារ្យ បណ្ឌិត ឃី សុវណ្ណរតនា ព្រះសាកលវិទ្យាធិការរងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ រាជធានីភ្នំពេញ បានធ្វើជាវាគ្មិនពិភាក្សាលើប្រធានបទនេះ ។ ព្រះអង្គបានផ្ដោតលើពីរចំណុចសំខាន់ៗ គឺការបង្កើតសាលាពុទ្ធិកសិក្សា និងពុទ្ធិកសាកលវិទ្យាល័យនៅទីក្រុងញូវដែល្លី ១ និងការផ្សព្វផ្សាយព័ត៌មាន អំពីពុទ្ធិកសាកលវិទ្យាល័យ ឲ្យបានទូលំទូលាយ តាមរយៈការបង្កើតខិតបណ្ណសារព័ត៌មាន ១ ។

សន្និសីទនេះនឹងបញ្ចប់នៅរសៀលថ្ងៃទី ២១ កក្កដា ២០១៩ នេះ ។

ឆ្លៀតក្នុងឳកាសនោះដែរ សមណនិស្សិត/និស្សិតខ្មែរ នៅក្នុងប្រទេសឥណ្ឌា ក៏បានចូលរួមស្ដាប់ការពិភាក្សា នៅក្នុងសន្និសីទអន្តរជាតិនោះដែរ ។ សមណនិស្សិត/និស្សិតខ្មែរ បានជួបជាមួយព្រះធម្មឃោសាចារ្យ បណ្ឌិត ឃី សុវណ្ណរតនា ដើម្បីសម្ដែងគារវកិច្ចស្វាគមន៍ ការមកកាន់ទីក្រុងញូវដែល្លីរបស់ព្រះអង្គជាថ្មីម្ដងទៀត ។ នៅក្នុងជំនួបដ៏ខ្លីនោះ ព្រះអង្គបានសួរសុខទុក្ខ អំពីការសិក្សារៀនសូត្ររបស់សមណនិស្សិត/និស្សិតខ្មែរ នៅប្រទេសឥណ្ឌា និងថតរូបរួមគ្នាទុកជាអនុស្សាវរីយ៍ ។

គួរបញ្ជាក់ផងដែរថា សហព័ន្ធពុទ្ធសាសនាអន្តរជាតិ ជាអង្គការពុទ្ធសាសនាអន្តរជាតិមួយរបស់ឥណ្ឌា ដែលផ្ដួចផ្ដើមបង្កើតឡើង ដោយព្រះតេជព្រះគុណ ឡាម៉ា ឡបហ្សង នៃពុទ្ធសានសានិកាយវជ្រយាន និងបានចុះបញ្ជីតាមច្បាប់ឥណ្ឌា នៅថ្ងៃទី ២ វិច្ឆិកា ២០១២ និងមានទីស្នាក់ការនៅទីក្រុងញូវដែល្លី ។ សមាជិកប្រតិបត្តិនៃសហព័ន្ធពុទ្ធសាសនាអន្តរជាតិ មានមកពីប្រទេសកាន់ពុទ្ធសាសនាមួយចំនួននៅអាស៊ី ក្នុងនោះជាកិត្តិយសណាស់ មានប្រទេសកម្ពុជាមួយដែរ គឺព្រះធម្មឃោសាចារ្យ បណ្ឌិត ឃី សុវណ្ណរតនា ព្រះសាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ រាជធានីភ្នំពេញ ។

© រក្សាសិទ្ធិដោយ លោកវិទូ

No comments:

Post a Comment