លោក មាស ចន (១៩២៩~បច្ចុប្បន្ន) រូបភាព ២០១០ ។ រូបភាព៖ Men Kimseng/VOA |
លោកវិទូ | ថ្ងៃ ៦᧢៩ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ០២ សីហា ២០១៩
លោកសាស្ត្រាចារ្យ មាស ចន កើតនៅក្នុងឆ្នាំ ១៩២៩ នៅកំពង់លែង ខេត្តកំពង់ឆ្នាំង ។ លោកបានបួសជាសាមណេរ (បព្វជ្ជា) នៅអាយុ ១៥ ឆ្នាំ និងបន្ទាប់មកបានបំពេញជាភិក្ខុ (ឧបសម្បទា) ពេលមានអាយុគ្រប់ ២០ ឆ្នាំ និងជាអតីសមណនិស្សិតខ្មែរនៅសាកលវិទ្យាលនាលន្ទា ទីក្រុងរាជគ្រឹះ និងសាកលវិទ្យាល័យហិណ្ឌូពារាណសី ទីក្រុងពារាណសី ក្នុងទសវត្សរ៍ឆ្នាំ១៩៥០-៦០ ។
ក្រោយពីបញ្ចប់សាលាបាលីជាន់ខ្ពស់ក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ ជាទូទៅគេហៅគាត់ថា មហា មាស ចន ។ ដោយមានការចាត់ចែងរៀបចំ ឲ្យព្រះសង្ឃខ្មែរ ចេញទៅបន្តការសិក្សាវិជ្ជាជាន់ខ្ពស់នៅប្រទេសក្រៅ របស់សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត មហា មាស ចន ត្រូវបានជ្រើសរើសឲ្យនិមន្តបន្តការសិក្សាវិជ្ជាជាន់ខ្ពស់ ជាមួយនឹងព្រះសង្ឃខ្មែរ ២ អង្គទៀតគឺ មហា អាំ សួន និង មហា វ៉ា យ៉ាវ នៅមហាវិទ្យាល័យនាលន្ទា នៅក្រុងរាជគ្រឹះ រដ្ឋប៊ីហារ ប្រទេសឥណ្ឌា ក្នុងឆ្នាំ ១៩៥៥ ។
លោកបានសិក្សានៅមហាវិទ្យាល័យ ដែលមានឈ្មោះល្បីល្បាញតាំងពីបុរាណកាលមកនេះ រហូតទទួលបានសញ្ញាបត្រ សាស្ត្រី ផ្នែកទស្សនវិជ្ជាព្រះពុទ្ធសាសនា ក្នុងឆ្នាំ ១៩៥៨ ។ បន្ទាប់មកទៀត លោកក៏បានបន្តការសិក្សានៅសាកលវិទ្យាល័យហិណ្ឌូពារាណសី នៅក្រុងពារាណសី រដ្ឋឧត្តរប្បទេស និងបានបញ្ចប់ថ្នាក់សាស្ត្រី មួយទៀត ផ្នែកទស្សនវិជ្ជាទូទៅ ក្នុងឆ្នាំ ១៩៦០ ។ ក្នុងឆ្នាំ ១៩៦១ មហា មាស ចន បានសិក្សាទស្សនវិជ្ជាសំយោគនៃស្រីអរពិន្ទោ នៅរដ្ឋសហព័ន្ធពូឌិចេរី ។
យោងតាមព្រះមុនីកោសល បណ្ឌិត យ៉ន សេង យៀត ដែលបានជួបសំណេះសំណាលជាមួយលោកសាស្ត្រាចារ្យ នៅសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី ១៩ វិច្ឆិកា ២០១៦ កន្លងទៅ បានឲ្យដឹងថា លោកសាស្ត្រាចារ្យ ជាអតីតព្រះសង្ឃខ្មែរទី ១ ដែលបានធ្វើជាព្រះអធិបតី ក្នុងពិធីរៀបមង្គលការរបស់ជនជាតិឥណ្ឌា (ទសវត្សរ៍ឆ្នាំ ១៩៥០) ដែលមានវណ្ណៈទាប (Dalit) ក្រោយពេលចលនារបស់លោកបណ្ឌិត ប៊ី. អ័រ. អម្ពេឌករ បានលះបង់សាសនាហិណ្ឌូ មកកាន់ព្រះពុទ្ធសាសនាវិញ ។ លោកបណ្ឌិត ប៊ី. អ័រ. អម្ពេឌករ ជាបុគ្គលដ៏សំខាន់មួយរូប ក្នុងប្រវត្តិសាស្ត្រឥណ្ឌាក្រោយឯករាជ្យ ។ គាត់ត្រូវបានគេដាក់រហ័សនាមឲ្យថា ជាបិតាស្ថាបនិករដ្ឋធម្មនុញ្ញឥណ្ឌា ។
ព្រះមុនីកោសល បណ្ឌិត យ៉ន សេង យៀត (ឆ្វេង) និងលោកសាស្ត្រាចារ្យ មាស ចន, សហរដ្ឋអាម៉េរិក, ១៩ វិច្ឆិកា ២០១៦ ។ រូបភាព៖ Yon Yeng Yeath |
ក្រោយបញ្ចប់ការសិក្សាក្រេបយកនូវចំណេះដឹង ពីជម្ពូទ្វីប លោក មាស ចន បានធ្វើជាសាស្ត្រាចារ្យទស្សនវិជ្ជា នៅសាកលវិទ្យាល័យព្រះសីហនុរាជ រាជធានីភ្នំពេញ ។ បន្ទាប់មកទៀត គាត់បានធ្វើជាសាស្ត្រាចារ្យទស្សនវិជ្ជា និងអក្សរសាស្ត្រខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ពីឆ្នាំ ១៩៦៤ ដល់ ១៩៦៧ ។
ក្នុងឆ្នាំ ១៩៧៤ មុនការមកដល់នៃរបបប្រឆាំងបញ្ញវន្តខ្មែរក្រហម សាស្ត្រាចារ្យ មាស ចន បានចាកចេញទៅរបស់សហរដ្ឋអាម៉េរិក ។ នៅទីនោះ លោកសាស្ត្រាចារ្យ បានចូលបម្រើការជាអ្នកផ្សាយព័ត៌មាន នៅវិទ្យុសំឡេងសហរដ្ឋអាម៉េរិក ផ្នែកខេមរភាសា ។ គាត់តែងធ្វើជាវាគ្មិន ក្នុងធម្មសាកច្ឆាធម៌ជាញឹកញាប់ជាមួយលោក សំ បូរិន្ទ ជុំវិញប្រធានបទអំពីជំនឿខ្មែរក្នុងពិធី បុណ្យភ្ជុំបិណ្ឌ តើឋានសួគ៌មានពិតឬទេ? វិទ្យាសាស្ត្រនិងព្រះពុទ្ធសាសនា និងជាមួយព្រះតេជព្រះគុណ បណ្ឌិត ហុក សាវណ្ណ អំពីព្រះពុទ្ធសាសនានិងសង្គមសម័យទំនើប ។ល។ កិត្តិសព្ទរបស់គាត់បានផ្សព្វផ្សាយ ក្នុងចំណោមប្រិយមិត្តអ្នកដានស្តាប់វិទ្យុដ៏មានប្រជាប្រិយភាពនេះ រហូតដល់ចូលនិវត្តន៍ក្នុងឆ្នាំ ២០១០ ។
លោកសាស្ត្រាចារ្យ ក៏ជាសមាជិកស្ថាបនិក (អនុប្រធានទី ២) នៃពុទ្ធិកសមាគមខ្មែរ នៃវត្តពុទ្ធិការាម ដែលត្រូវបានបង្កើតឡើង នៅថ្ងៃទី ២០ កក្កដា ១៩៧៨ នៅទីក្រុងស៊ីល្វើស្ព្រីង រដ្ឋម៉ារីឡែន សហរដ្ឋអាម៉េរិក ដែលមានព្រះសុមេធវង្ស អ៊ុង មាន ចន្ទវណ្ណោ ជាព្រះអធិបតី លោក ជួន បូណារ៉ា ហេង ជាអនុប្រធានទី ១ លោក កែន ក្រុច ជាទីប្រឹក្សា លោក ឈឹម ផន ជាហេរញ្ញិក និងលោក ជួន វោហា ហេង ជាលេខធិការ ។ វត្តពុទ្ធិការាម ជាវត្តពុទ្ធសាសនាខ្មែរ មុនដំបូងគេបង្អស់ នៅសហរដ្ឋអាម៉េរិក ។
សព្វថ្ងៃ លោកសាស្ត្រាចារ្យ មាស ចន មានព្រះជន្ម ៩០ ឆ្នាំ និងកំពុងរស់នៅសហរដ្ឋអាម៉េរិក ជាមួយភរិយារបស់គាត់ លោកយាយ ផាវើស៍ ក្រោយពីបានចូលនិវត្តន៍ ពីវិទ្យុសំឡេងសហរដ្ឋអាម៉េរិក ក្នុងឆ្នាំ ២០១០ ។ តាំងពីនោះមក លោកសាស្ត្រាចារ្យ ដែលជាអ្នកប្រាជ្ញខ្មែរមួយរូប ហាក់ដូចជាបាត់សំឡេង ពីប្រវត្តិសាស្ត្រថ្មីនៃសង្គមខ្មែរ ដែលគេនិយមហៅថា សម័យហ្វេសប៊ុក ។
ស្នាដៃតែងនិពន្ធ៖
១–ប្រវត្តិសង្ខេបនៃនាលន្ទា, ទស្សនាវដ្តីពុទ្ធិកវិទ្យាល័យ ឆ្នាំ ១៩៥៦ លេខ ២-៥ ។
២–ចិត្តវិជ្ជា: តើខ្ញុំស្គាល់ចិត្តរបស់ខ្ញុំទេ ?, ទស្សនាវដ្ដីពុទ្ធិកសិក្សា ឆ្នាំ ១៩៦៦ លេខ ១៦ ។
៣–Is the Buddha a Creator? [តើព្រះពុទ្ធជាព្រះបង្កើតលោកឬ?] Silver Spring, MD: The IBC, 2001 ។
៤–និងស្នាដៃផ្សេងៗទៀត...។
No comments:
Post a Comment