ត្រៀមខ្លួនសម្រាប់អាហារូបករណ៍ឥណ្ឌាចំនួន ២៣ នាក់ សម្រាប់ឆ្នាំសិក្សា ២០២០-២០២១ - លោកវិទូ

ព័ត៌មានថ្មីៗ

Friday, November 08, 2019

ត្រៀមខ្លួនសម្រាប់អាហារូបករណ៍ឥណ្ឌាចំនួន ២៣ នាក់ សម្រាប់ឆ្នាំសិក្សា ២០២០-២០២១

ការផ្សព្វផ្សាយព័ត៌មានអំពីអាហារូបករណ៍ឥណ្ឌា នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សាខាខេត្តបាត់ដំបង, ៧ វិច្ឆិកា ២០១៩ ។

លោកវិទូ | ថ្ងៃ ៦᧬១២ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ០៨ វិច្ឆកា ២០១៩

ជារៀងរាល់ឆ្នាំ ប្រទេសឥណ្ឌាតែងផ្ទាល់អាហារូបករណ៍ ដល់និស្សិតសមណនិស្សិតខ្មែរ ២៣ នាក់ ដើម្បីទៅសិក្សាវិជ្ជាជាន់ខ្ពស់ នៅសាកលវិទ្យាល័យនានានៅប្រទេសឥណ្ឌា នូវមុខវិជ្ជាដូចជា វិទ្យាសាស្ត្រនយោបាយ សេដ្ឋកិច្ច ព័ត៌មានវិទ្យា គ្រប់គ្រង ភាសាបាលីសំស្ក្រឹត និងព្រះពុទ្ធសាសនាជាដើម ។

នៅក្នុងពិធីធ្វើបទបង្ហាញអំពីអាហារូបករណ៍ឥណ្ឌា (ICCR Scholarship) នៅខេត្តបាត់ដំបង ដែលរៀបចំឡើងដោយស្ថានទូតឥណ្ឌាប្រចាំនៅរាជធានីភ្នំពេញ លោក អដ័ស៌ កុមារ មិស្រា លេខាទី២នៃស្ថានទូតឥណ្ឌា ទទួលបន្ទុកផ្នែកអប់រំ និងពាណិជ្ជកម្ម បានប្រាប់ឲ្យដឹងថា មកដល់បច្ចុប្បន្ន រដ្ឋាភិបាលឥណ្ឌាបានផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតកម្ពុជាប្រមាណ ៣០០ នាក់មកហើយ ។ ហើយក្នុងឆ្នាំសិក្សា ២០១៩-២០២០ និស្សិត-សមណនិស្សិតកម្ពុជាចំនួន ១៧ នាក់ បានទៅសិក្សាទៅប្រទេសឥណ្ឌារួចហើយដែរ មានទាំងថ្នាក់បណ្ឌិត អនុបណ្ឌិត និងបរិញ្ញាបត្រ ។

ដើម្បីផ្សព្វផ្សាយអំពីព័ត៌មានអាហារូបករណ៍ សម្រាប់ឆ្នាំសិក្សា ២០២០-២០២១ ខាងមុខនេះ មន្ត្រីស្ថានទូតតែងរៀបចំពិធីធ្វើបទបង្ហាញ នៅតាមសាកលវិទ្យាល័យនានានៅព្រះរាជាណាចក្រកម្ពុជា ។ នៅទីថ្ងៃទី ៦ វិច្ឆិកា មន្ត្រីស្ថានទូតបានធ្វើបទបង្ហាញនៅ UME នៅខេត្តបាត់ដំបង និងថ្ងៃទី ៧ វិច្ឆិកា នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សាខាខេត្តបាត់ដំបង ។

បញ្ជាក់៖ ជារៀងរាល់ឆ្នាំស្ថានទូតឥណ្ឌាប្រចាំនៅរាជធានីភ្នំពេញ បើកទទួលពាក្យប្រឡងយកអាហារូបករណ៍ទៅសិក្សានៅប្រទេសឥណ្ឌា នៅដើមខែធ្នូ ។ ដូច្នេះនិស្សិត-សមណនិស្សិតគួរត្រៀមខ្លួនឲ្យហើយចាប់ពីពេលនេះតទៅ និងត្រូវរៀបចំឯកសារសិក្សាចាំបាច់មួយចំនួនដូចជា សញ្ញាបត្រ ព្រឹត្តិបត្រពិន្ទុ លិខិតណែនាំចំនួន២ (Recommendation Letters) និងលិខិតឆ្លងដែនជាដើម ។ គ្រប់ឯកសារទាំងអស់ត្រូវតែជាភាសាអង់គ្លេស (បើជាភាសាខ្មែរត្រូវបកប្រែជាភាសាអង់គ្លេស ដោយសេវាបកប្រែដែលមានគុណភាពមកជាមួយផង) ។ បើមានចំណាប់អារម្មណ៍ និស្សិត-សមណនិស្សិតទាំងអស់ត្រូវស្វែងរកព័ត៌មានសំខាន់ និងគន្លឹះនៃការប្រកួតប្រជែងអាហារូបករណ៍ ដែលមានចុះផ្សាយនៅទីនេះ

សូមលើកទឹកចិត្តព្រះសង្ឃសមណនិស្សិតត្រៀមព្រះកាយ ដើម្បីដាក់ពាក្យប្រឡងយកអាហារូបករណ៍នេះ ឲ្យបានច្រើនព្រះអង្គ ។ នេះជាឱកាសមាសសម្រាប់ព្រះអង្គហើយ ។ ឥណ្ឌាមិនត្រឹមតែជាពុទ្ធភូមិគួរជាទីជ្រះថ្លាប៉ុណ្ណោះទេ ថែមទាំងជាទិសដៅសិក្សាមួយដ៏សំខាន់ សម្រាប់និស្សិត-សមណនិស្សិតអន្តរជាតិ តាំងពីបុរាណកាលមកម៉្លេះ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment