ខេមរនិស្សិតទទួលសញ្ញាបត្របណ្ឌិតពុទ្ធសាសនា ពីសាកលវិទ្យាល័យដែល្លី - លោកវិទូ

ព័ត៌មានថ្មីៗ

Monday, November 11, 2019

ខេមរនិស្សិតទទួលសញ្ញាបត្របណ្ឌិតពុទ្ធសាសនា ពីសាកលវិទ្យាល័យដែល្លី

ពីឆ្វេង៖ ព្រះតេជគុណ យុន ប៊ុនយ៉ុម (GBU) ព្រះតេជគុណបណ្ឌិត ច័ន្ទ ដារី លោក ខាត់ ប៊ុនថន (JNU), នៅក្នុងសាលចែកសញ្ញាបត្រ សាកលវិទ្យាសល័យដែល្លី ញូវដែល្លី, ៤ វិច្ឆិកា ២០១៩ ។ រូបភាព៖ លោកវិទូ

លោកវិទូ | ថ្ងៃ ២᧯១២ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ១១ វិច្ឆិកា ២០១៩

ញូវដែល្លី៖ សូមអបអរសាទរសមណនិស្សិតខ្មែរ ព្រះភិក្ខុ ច័ន្ទ ដារី ព្រះអង្គបានបញ្ចប់ការសិក្សាវិជ្ជាជាន់ខ្ពស់ ថ្នាក់បណ្ឌិតផ្នែកព្រះពុទ្ធសាសនា ពីសាកលវិទ្យាល័យដែល្លីដ៏ល្បីល្បាញប្រចាំប្រទេសឥណ្ឌា និងបានចូលពិធីចែកសញ្ញាបត្រប្រចាំឆ្នាំលើកទី៩៦ នៅសាកលវិទ្យាល័យនោះ កាលពីថ្ងៃទី ៤ វិច្ឆិកា ២០១៩ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម រមេស បោខរិយាល (Ramesh Pokhriyal) រដ្ឋមន្ត្រីក្រសួងធនធានមនុស្ស និងអភិវឌ្ឍន៍ ។

យោងតាមបណ្ដាញសារព័ត៌មានក្នុងស្រុក NDTV បានឲ្យដឹងថា ពិធីចែកសញ្ញាបត្រនេះគឺសម្រាប់ឆ្នាំសិក្សា ២០១៧-២០១៨ និង ២០១៨-២០១៩ ដែលមាននិស្សិតបានបញ្ចប់ការសិក្សាចំនួនជាង ៣០ ម៉ឺននាក់ ។ ក្នុងនោះ ៣០ ម៉ឺននាក់ទទួលសញ្ញាបត្រជាអវត្តមាន ។ និស្សិតដែលមានវត្តមានក្នុងពិធីនេះគឺ ថ្នាក់បណ្ឌិតចំនួន ៥៩២ នាក់ ថ្នាក់ក្រោយបណ្ឌិតចំនួន ៨៦ នាក់ និងនិស្សិតដែលទទួលមេដាយមាសចំនួន ៣០៥ នាក់ ។ និស្សិតខ្មែរចូលរួមពិធីចែកសញ្ញាបត្រនេះ មានតែមួយអង្គគត់គឺ ព្រះភិក្ខុ បណ្ឌិត ច័ន្ទ ដារី ។

សូមរំឭកផងដែរថា បើគិតចាប់តាំងពីឆ្នាំ ២០០០ មក មានសមណនិស្សិតនិងព្រះសង្ឃជាន់ខ្ពស់ខ្មែរចំនួន ៤ អង្គហើយដែលបានបញ្ចប់ថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យដែល្លីដ៏ល្បីល្បាញនេះ រួមមាន ព្រះតេជព្រះគុណ បណ្ឌិត ហុក សាវណ្ណ (២០០៤) (កាណាដា) ព្រះតេជព្រះគុណ បណ្ឌិត ញ៉ែម គឹមតេង (២០១០) (ស.រ.អ.) ព្រះធម្មឃោសាចារ្យ បណ្ឌិត ឃី សុវណ្ណរតនា (២០១៧) និងចុងក្រោយនេះគឺ ព្រះភិក្ខុ បណ្ឌិត ច័ន្ទ ដារី ។ ក្រៅពីនេះនៅមានព្រះសង្ឃ និស្សិតខ្មែរជាច្រើននាក់ទៀតបានសិក្សានៅសាកលវិទ្យាល័យនេះ មានកម្រិតសិក្សាផ្សេងៗ ។

ព្រះភិក្ខុ ច័ន្ទ ដារី ជាព្រះសង្ឃខ្មែរមួយព្រះអង្គ ក្នុងចំណោមព្រះសង្ឃខ្មែរ ដែលបានគង់សិក្សារៀនសូត្រ នៅប្រទេសឥណ្ឌានេះយូរជាងគេ ។ ព្រះអង្គបានសិក្សាវិជ្ជាជាន់ខ្ពស់នៅសាកលវិទ្យាល័យដែល្លី សាកលវិទ្យាល័យរដ្ឋដ៏ល្បីល្បាញប្រចាំប្រទេសឥណ្ឌា តាំងពីឆ្នាំ ២០០៤ មកម៉េះ ។ ព្រះអង្គបានបញ្ចប់ថ្នាក់អនុបណ្ឌិត (M.A.) អនុបណ្ឌិតទស្សនវិជ្ជា (M.Phil.) និងរហូតដល់បានបញ្ចប់ថ្នាក់បណ្ឌិតនេះ (Ph.D.) ក្នុងឆ្នាំ ២០១៩ ក្រោមប្រធានបទដ៏មានសារសំខាន់មួយគឺ «ពុទ្ធសាសនាខ្មែរ និងវិភាគទាន ចំពោះសន្តិភាព នៅប្រទេសកម្ពុជាក្នុងសហសម័យនេះ» (Khmer Buddhism and Its Contribution to Peace in Contemporary Cambodia) ។

នៅលើទំព័រហ្វេសប៊ុករបស់ព្រះអង្គ ព្រះអង្គបានសម្ដែងនូវអំណរគុណ ចំពោះញាតិញោមបងប្អូនយ៉ាងដូច្នេះថា «អំណរដឹងគុណូបការៈនៃព្រះតេជគុណ គ្រប់ព្រះអង្គ & ញាតិញោមគ្រប់រូប ដែលតែងតែជួយទំនុកបម្រុងឧបត្ថម្ភរាប់អាន និងបានជូនពរខ្ញុំករុណាអាត្មាភាព ក្នុងថ្ងៃបញ្ចប់ការសិក្សារៀនសូត្រក្នុងសាលាជាស្ថាពរ ក្រោយការដេកត្រាំត្រែងជាង១០ឆ្នាំក្នុងប្រទេសឥណ្ឌាមក ។»

ព្រះអង្គបានបន្តទៀតថា «ពិសេស ក្នុងដំណើរផ្លូវត្រាច់ចរទៅនៃជីវិត បានជួបប្រាស្រ័យរាប់អានព្រះតេជគុណ និងញាតិញោម ដែលមានអាធ្យាស្រ័យល្អៗ តែងអនុគ្រោះដល់ខ្ញុំកូរណា ដែលមានស្រុកកំណើតនៅកម្ពុជាក្រោម ខេត្តពលលាវ ។»

ក្នុងរយៈពេលគង់នៅប្រទេសឥណ្ឌានេះដែរ ក្រៅពីការសិក្សាស្រាវជ្រាវដ៏មមាញឹក ព្រះអង្គក៏បានធ្វើជាមគ្គទេសក៍ សម្រាប់ធម្មយាត្រាទៅកាន់ពុទ្ធស្ថាននានា នៅក្នុងប្រទេសឥណ្ឌា-នេប៉ាល់ផងដែរ ។ ដើម្បីសម្រួលដល់ដំណើរធម្មយាត្រា ព្រះភិក្ខុ បណ្ឌិត ច័ន្ទ ដារី​ រួមជាមួយនិងព្រះគ្រូ ទ្រឿង​-ថាច់ ធម្មោ បានសរសេរសៀវភៅ «សំវេជនីយដ្ឋាន» បោះពុម្ពនៅសហរដ្ឋអាមេរិក ដោយសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក, ២០១៣ ។ នៅក្នុងសៀវភៅនេះ ព្រះអង្គបានសរសេររៀបអំពីប្រវត្តិទាក់ទងនឹងពុទ្ធស្ថាននានា នៅប្រទេសឥណ្ឌា-នេប៉ាល់យ៉ាងពិស្ដារ និងអំពីព័ត៌មានទាក់ទងនឹងដំណើរធម្មយាត្រា ស្រួលលំបាក ឬត្រូវត្រៀមខ្លួនយ៉ាងណា ។

មានស្រុកកំណើតនៅកម្ពុជាក្រោម ខេត្តពលលាវ (១៩៨១) ប៉ុន្តែព្រះអង្គបានចំណាយពេលសិក្សារៀនសូត្រភាគច្រើន នៅប្រទេសកម្ពុជា និងប្រទេសឥណ្ឌា ពេលនេះព្រះអង្គបានអភិវឌ្ឍខ្លូនក្លាយជាធនធានមនុស្សមួយដ៏សំខាន់សម្រាប់ប្រទេសជាតិ ជាពិសេសសម្រាប់ជោគវាសនាអនាគតរបស់កម្ពុជាក្រោម ។ សូមប្រគេនពរជ័យគ្រប់ប្រការចំពោះព្រះភិក្ខុបណ្ឌិត ។ ក្រោយត្រលប់ទៅមាតុប្រទេសវិញ សូមព្រះអង្គបាននូវឱកាសដ៏សមរម្យ ដើម្បីបម្រើជាតិសាសនាតាមបំណងកុំបីអាក់ខានឡើយ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment