ភ្ញាក់ផ្អើលពេលដឹងថា គម្ពីរពុទ្ធសាសនាបុរាណអាយុជាង ២០០ ឆ្នាំ របស់ថៃសរសេរជាអក្សរខ្មែរ - លោកវិទូ

ព័ត៌មានថ្មីៗ

Saturday, November 23, 2019

ភ្ញាក់ផ្អើលពេលដឹងថា គម្ពីរពុទ្ធសាសនាបុរាណអាយុជាង ២០០ ឆ្នាំ របស់ថៃសរសេរជាអក្សរខ្មែរ

គណៈកម្មការបកប្រែ បានប្រគល់គម្ពីរដែលបកប្រែរួចដល់សម្ដេចប៉ាប (រូបខាងឆ្វេង) និងគម្ពីរពុទ្ធសាសនាបុរាណ (ប្រហែលច្បាប់ចម្លង) ជាភាសាបាលីសរសេរជាអក្សរខ្មែរ (រូបខាងស្ដាំ), ឧសភា ២០១៨ ។

លោកវិទូ | ថ្ងៃ ៧᧼១២ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ២៣ វិច្ឆិកា ២០១៩

មានការភ្ញាក់ផ្អើល ក្នុងចំណោមព្រះសង្ឃ និងប្រជាជនខ្មែរជាច្រើន ពេលដឹងថាគម្ពីរធម៌ពុទ្ធសាសនាបុរាណអាយុជាង ២០០ ឆ្នាំ របស់ថៃសរសេរជាអក្សរខ្មែរ នៅក្នុងកំឡុងពេលសម្ដេច ប៉ាប ហ្វ្រង់ស៊ិស នៃវិហារកាតូលិក នៃទីក្រុងវ៉ាទីកង់ បានធ្វើទស្សនកិច្ចទៅកាន់ព្រះរាជាណាចក្រថៃឡង់ដ៍ កាលពីថ្ងៃទី២១ វិច្ឆិកា ឆ្នាំ ២០១៩ ។ នៅក្នុងទស្សនកិច្ចជាមិត្តភាពនេះ សម្តេចប៉ាប បានជួបទទួលស្វាគមន៍ដោយនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា នៅគេហដ្ឋានផ្ទាល់របស់គាត់ និងជំនួបប្រជុំជាមួយសម្តេចព្រះសង្ឃរាជថៃ ព្រះមុនីវង្ស នៅវត្តរាជបពិត្រ សហិត មហាសីមារាម ។

នៅក្នុងសុន្ទរកថាទៅកាន់មន្ត្រីរាជរដ្ឋាភិបាលថៃ សម្ដេចប៉ាប បានសង្កត់ធ្ងន់ទៅបញ្ហាជនអន្តោប្រវេសន៍ និងជនភៀសខ្លួន ។ សម្ដេចបានលើកឡើងថា «វិបត្តិទេសន្តប្រវេសន៍ មិនអាចមិនអើពើបានទេ» ។ សម្ដេចបានរំឭកផងដែរថា ថៃជាប្រទេសមួយដែលបានទទួលយកនូវជនអន្តោប្រវេសន៍ និងជនភៀសខ្លួន ដោយសង្គ្រាមជូរចត់ ពីប្រទេសជិតខាង ដែលដំបូងមានជនអន្តោប្រវេសន៍ និងជនភៀសខ្លួនពីប្រទេសឥណ្ឌូចិន និងសម័យបច្ចុប្បន្ន ថៃទទួលយកប្រជាជនពីបណ្ដាប្រទេសជិតខាង ។

យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ឆ្នាំ ២០១៩ ក្នុងចំណោមប្រជាជនសរុបចំនួន ៦៤ លាននាក់ មានជនជាតិបរទេសចំនួន ៤,៩ លាននាក់កំពុងរស់នៅក្នុងប្រទេសថៃ មានកំណើន ១,៤ លាននាក់ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ។ ក្នុងនោះប្រជាជនភាគច្រើនមកពីប្រទេសកម្ពុជា ឡាវ ភូមា និងវៀតណាម ។

ក្រោយពីសរសើរនិងរៀបរាប់ពីចំណុចវិជ្ជមាន ដែលថៃបានបំពេញពាក់ព័ន្ធនឹងជនភៀសខ្លួន និងជនអន្តោប្រវេសន៍ សម្ដេចប៉ាប ក៏បានលើកឡើងអំពីបញ្ហាមួយចំនួនដូចជា ការជួញដូរមនុស្ស ការរំលោភបំពានផ្លូវភេទ ទាសភាព និងអំពើហិង្សាជាដើមផងដែរ ដែលកំពុងកើតឡើងនៅលើទឹកដីថៃ ។

គម្ពីរពុទ្ធសាសនាបុរាណអាយុកាលប្រមាណជាង ២០០ ឆ្នាំ របស់ថៃសរសេរជាអក្សរខ្មែរ


នៅក្នុងជំនួបជាមួយសម្ដេចព្រះសង្ឃរាជថៃឯណេះវិញ សម្ដេចប៉ាប បានរំឭកអំពីទំនាក់ទំនងចំណងមិត្តភាព រវាងសម្ដេចប៉ាបនានា ជាមួយសម្ដេចព្រះសង្ឃរាជថៃជាច្រើនជំនាន់ ។ មកដល់ចំណុចត្រង់នេះហើយ ដែលសម្ដេចប៉ាប បានរំឭកអំពីគម្ពីរពុទ្ធសាសនាបុរាណរបស់ថៃ ដែលសរសេរជាអក្សរខ្មែរបុរាណ ។

គម្ពីរច្បាប់ដើមគឺស្ដេចថៃព្រះបាទ រាមា ទី៧ ព្រះនាម ប្រជាធិបក (King Prachadipok) បានផ្ដល់ជាអំណោយអនុស្សាវរីយ៍ ដល់សម្ដេចប៉ាបភីស ទី១១ (Pope Pios XI) ក្នុងព្រះរាជទស្សនកិច្ចរបស់ព្រះអង្គ ទៅកាន់ទីក្រុងវ៉ាទីកង់ ប្រទេសអ៊ីតាលី ក្នុងឆ្នាំ ១៩៣៤, ៨៥ ឆ្នាំកន្លងទៅ ។ គម្ពីរនោះមានឈ្មោះថា គម្ពីរព្រះមាលៃយ (Phra Malai) ដែលនិយាយពីព្រះមាលៃយ និមន្តទៅប្រោសសត្វទៅឋានយមរាជ និងឋានទេវលោក និងមានកំណាព្យមួយចំនួនផង ។

រំឭកឡើងវិញថា ព្រះគ្រូចៅអធិការវត្តព្រះជេតពន វិមលមង្គលារាម (វត្តពោធិ៍) ព្រះនាម ព្រះទេពវីរពរ បានមានថេរដីកាថា កាលពីពាក់កណ្ដាលឆ្នាំ ២០១៧ គណៈប្រតិភូពីទីក្រុងវ៉ាទីកង់ បានប្រាប់ព្រះអង្គថា សម្ដេចប៉ាបចង់យកគម្ពីរបុរាណនេះ ទៅដាក់បង្ហាញនៅសារមន្ទីរទីក្រុងវ៉ាទីកង់ ។ ប៉ុន្ដែ សម្ដេចប៉ាបមិនយល់ន័យសេចក្ដីនៃគម្ពីរបុរាណនេះ ម៉្លោះហើយទើបគេរៀបចំបង្កើតគណៈកម្មការបកប្រែគម្ពីរបុរាណនេះឡើង ដែលមានអ្នកប្រាជ្ញសង្ឃថៃចំនួន ៥០ អង្គ ដើម្បីបកប្រែពីភាសាខ្មែរ ទៅជាភាសាបាលី និងភាសាថៃ ។

យោងតាមកាសែតបាំងកកប៉ុស្ដិ៍បានឲ្យដឹងថា គម្ពីរនេះត្រូវបានបកប្រែចប់សព្វគ្រប់ នៅខែមិថុនា ឆ្នាំ ២០១៧, អស់រយៈពេល ១១ ខែទើបចប់ ។ គម្ពីរបុរាណបកប្រែរួចគឺមានក្របធ្វើពីមាសសុទ្ធ មានកម្រាស់ ១៨៦ ទំព័រ និងត្រូវបានបែងចែកជា ៧ ជំពូក ដែលនិយាយអំពីធម៌សូធ្យបាលី រឿងនិទានបែបកំណាព្យ និងពុទ្ធឱវាទផ្សេងៗជាច្រើនទៀត ។ ច្បាប់បកប្រែនៃគម្ពីរបុរាណនេះ ត្រូវបានដាក់តាំងនៅសារមន្ទីរទីក្រុងវ៉ាទីកង់ រួមជាមួយច្បាប់ដើម ។ គម្ពីរនេះនឹងត្រូវបកប្រែជា ៧ ភាសាផ្សេងទៀតដូចជាភាសាចិន អ៊ីតាលី បារាំង និងអេស្បាញ ជាដើម ។

គេសន្និដ្ឋានថាគម្ពីរដ៏ពិសិដ្ឋនេះមានអាយុកាលប្រមាណជាង ២០០ ឆ្នាំ ក៏ដោយសារនៅក្នុងគម្ពីរនេះ មានរៀបរាប់អំពីរឿងមួយចំនួន ក្នុងសម័យកាលអាណាចក្ររតនកោសិន្ទរ៍ (Rattanakosin Era, 1782–1932) ដែលចាប់ផ្ដើមដោយ ស្ដេច រាមា ទី ១ (រាជវង្សចក្រី) ក្នុងសតវត្សរ៍ទី ១៨ ។ នៅក្នុងរាជវង្សចក្រីនេះ ព្រះបាទ ប្រជាធិបក (រាមា ទី៧) ជាព្រះរាជាចុងក្រោយរបស់ថៃ ដែលកាន់របបរាជាធិបតេយ្យផ្ដាច់ការ (absolute monarchy) មុនពេលប្តូរទៅកាន់របបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ (constitutional monarchy) ក្រោយ «បដិវត្តន៍សៀម ឆ្នាំ ១៩៣២» ដែលជាព្រឹត្តិការណ៍មួយដ៏សំខាន់ ក្នុងប្រវត្តិសាស្ត្រថៃ ក្នុងសតវត្សរ៍ទី ២០ ។

ដូច្នេះ បើតាមប្រភពព័ត៌មាននានា យើងយល់ឃើញថា ថៃបានបង្ហាញប្រាប់ជាសាធារណថា គម្ពីរពុទ្ធសាសនាបុរាណនេះ ត្រូវបានសរសេរជាអក្សរបុរាណខ្មែរ ដោយមិនមានការលាក់កំបាំងឡើយ ។ គម្ពីរព្រះមាលៃយនេះ ប្រហែលជាគម្ពីរតែមួយឬដូចគ្នា ដែលមានជាភាសាខ្មែរបុរាណយើង ចំណងជើងថា «គម្ពីរព្រះមាលៃយចោតឆ្លើ្យខាងក្តីយ» ជាសាត្រាស្លឹករឹត ។ អ្នកសិក្សាស្រាវជ្រាវខ្មែរ គួរសុំចម្លងគម្ពីរនេះមកទុក និងសិក្សាប្រៀបធៀបគ្នានឹងគម្ពីរខ្មែរ ដើម្បីបានជាប្រយោជន៍ដល់សម្បត្តិអក្សរសាស្ត្រជាតិ ។

ទោះជាយ៉ាងណាក៏ដោយ ថៃបានចាត់ទុកគម្ពីរបុរាណនេះ ជាគម្ពីរស័ក្តិសិទ្ធិរបស់ខ្លួន ដោយសារសរសេរជាអក្សរបុរាណខ្មែរ និងមានអាយុកាលជាង ២០០ ឆ្នាំ ។ ថៃក៏បានចាត់ទុកអក្សរឆ្លាក់ខ្មែរ ដែលប្រើជាសាក់ ឬយ័ន្ត ថាស័ក្តិសិទ្ធិនិងមានមហិទ្ធិឫទ្ធិ តាមបែបអបិយជំនឿផងដែរ ។ តាមពិតទៅ កាលពីដើម គម្ពីរដីកាអក្សរសាស្ត្រពុទ្ធសាសនាថៃ ត្រូវបានសរសេរជាអក្សរខ្មែរ (ដែលហៅថា អក្សរខម) ស្ទើរតែទាំងអស់ ហើយគេចាត់ទុកថាជាអក្សរស័ក្តិសិទ្ធិ និងមានវេទមន្ត ទើបតែត្រូវបានធ្វើកំណែទម្រង់សរសេរជាអក្សរថៃវិញ ក្នុងសតវត្សរ៍ទី ១៩ ក្នុងសម័យកាលរបស់សម្ដេចព្រះសង្ឃរាជថៃ ព្រះវជិរញាណវរោរស (ជាព្រះរាជបុត្ររបស់ស្ដេច មង្កុដ) ។

វាជារឿងងាយយល់ទេ បើតាមប្រវត្តិសាស្ត្រ នៃទំនាក់ទំនងមហាអំណាចនិងរដ្ឋតូចតាច ។ ពេលខ្មែរយើងបានរីកចម្រើនរុងរឿងជាមហាអំណាច ចក្រភពមហាអង្គរ ថៃទើបតែកំពុងកទឹកកដីកើតជារដ្ឋឯករាជ្យមួយ ក្នុងកំឡុងសតវត្សរ៍ទី ១២ ។ ក្រោយពីខ្មែរយើងចុះដុនដាប ក្រោយសម័យអង្គរ ថៃក៏រីកចម្រើនខ្លាំងឡើង និងមានឥទ្ធិពលមកលើខ្មែរវិញផងដែរ ។ វិវាទវប្បធម៌ដណ្ដើមភាពជាម្ចាស់ ឬម្ចាស់កម្មសិទ្ធិក៏ចេះតែកើតឡើង ជាបន្តបន្ទាប់រវាងប្រទេសជិតខាងទាំងពីរនេះ ខណៈពិភពលោកបានបើកឱកាសឲ្យប្រទេសដែលជាម្ចាស់សម្បត្តិវប្បធម៌ពិតប្រាកដ ស្នើចុះបញ្ជីនូវសម្បត្តិវប្បធម៌របស់ខ្លួន ដើម្បីឲ្យសាកលលោកជួយដឹងឮ ទទួលស្គាល់ និងអភិរក្សជានិរន្តរ៍ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment