តើកូនខ្មែរធ្លាប់ដឹងទេថា ថៃធ្លាប់មានបំណងចង់គាស់យកប្រាសាទអង្គរវត្តទៅដាក់លើទឹកដីខ្លួន? - លោកវិទូ

ព័ត៌មានថ្មីៗ

Friday, November 29, 2019

តើកូនខ្មែរធ្លាប់ដឹងទេថា ថៃធ្លាប់មានបំណងចង់គាស់យកប្រាសាទអង្គរវត្តទៅដាក់លើទឹកដីខ្លួន?

ស្ដេច មង្កុដ (សោយរាជ្យ៖ ១៨៥១-១៨៦៨) ដែលបានត្រាស់បញ្ជាឲ្យគេគាស់យកប្រាសាទខ្មែរ ហើយផ្គុំឡើងវិញនៅលើទឹកដីថៃ ។

លោកវិទូ | ថ្ងៃ ៦᧣១ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ២៩ វិច្ឆិកា ២០១៩

បច្ចុប្បន្ន ប្រាសាទអង្គរវត្តគឺជាដួងព្រលឹងជាតិខ្មែរ ជាកេរដំណែលបុព្វវីរបុរសខ្មែរ ជាមោទនាភាពក្រៃលែងសម្រាប់ប្រជាជនខ្មែរ ជានិមិត្តសញ្ញានៅទង់ជាតិខ្មែរ និងជាបេតិកភណ្ឌពិភពលោក ដ៏ល្បីល្បាញខ្ទរខ្ទារ ។ ប៉ុន្តែនៅក្នុងអតីតកាល ក្រៅពីការវាយលុកដណ្ដើមកាន់កាប់ និងដុតបំផ្លាញម្តងជាពីរដង ស្តេចសៀម (ថៃ) ក៏ធ្លាប់មានបំណងនិងបានបញ្ជាឲ្យសេនារបស់ខ្លួន ទៅគាស់បំបែកជាដុំៗ នូវប្រាសាទអង្គរវត្តខ្មែរ ដើម្បីយកទៅផ្គុំឡើងវិញនៅលើទឹកដីខ្លួន តែមិនបានសម្រេច ។

ព្រឹត្តិការណ៍នេះត្រូវបានសរសេរនៅក្នុងសៀវភៅពង្សាវតារ នៃព្រះរាជាណាចក្រថៃទៀតផង មិនមែនជារឿងចចាមអារ៉ាមនោះទេ ។ ប៉ុន្តែនៅទីនេះ ខ្ញុំព្រះករុណាខ្ញុំ បានសរសេរផ្អែកលើប្រភពព័ត៌មានវិជ្ជាជីវចំនួនពីរ៖ (១) អត្ថបទសរសេរដោយប្រវត្តិវិទូជនជាតិថៃម្នាក់ឈ្មោះ ចន្ទវិទ្យ កាសេតសិរិ (Charnvit Kasetsiri) ចុះផ្សាយដោយទស្សនាវដ្ដី Kyoto Review (ក្យូតូ រីវ្យូ) ក្នុងឆ្នាំ ២០០៣ ក្រោមចំណងជើងថា «ថៃនិងកម្ពុជា៖ ជាទំនាក់ទំនងមួយទាំងស្រឡាញ់និងស្អប់» និង (២) ការដកស្រង់សម្ដីរបស់ប្រវត្តិវិទូថៃម្នាក់ទៀត របស់សារព័ត៌មានថៃឈ្មោះ Khaosod English (ខាវស៊ដអង់គ្លេស) ក្នុងឆ្នាំ ២០១៨ ក្រោមចំណងជើងថា «ពេលនោះប្រទេសថៃ បានព្យាយាមគាស់យកប្រាសាទអង្គរវត្តទៅដាក់នៅទីក្រុងបាំងកក» ។

នាងផ្កាយព្រឹកបាននិយាយថា «ប្រាសាទអង្គរវត្តជារបស់ថៃ»?

មុននឹងចូលដល់ខ្លឹមសារសំខាន់ ខ្ញុំសូមរំឭកពីព្រឹត្តិការណ៍មួយ ដែលបានកើតឡើង នៅក្នុងឆ្នាំ ២០០៣ ប្រហែលជាលោកអ្នកមិនទាន់ភ្លេចនៅឡើយទេ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងមិត្តភាពកម្ពុជា-ថៃ ។ ព្រឹត្តិការណ៍ដែលគួរឲ្យសោកស្ដាយនោះ គឺបានកើតឡើងដោយសារ តារាភាពយន្តថៃដ៏ល្បីល្បាញម្នាក់ឈ្មោះនាង សុវន័ន្ត ខងយីង (Suvanant Kongying) ដែលខ្មែរស្គាល់ថា នាងផ្កាយព្រឹក និងថៃស្គាល់នាងថា កុប ដែលកាលនោះនាងមានអាយុ ២៤ ឆ្នាំ ។ គេចោទថានាងបាននិយាយថា «ប្រាសាទអង្គរវត្តជារបស់ថៃ» តែនាងបានបដិសេធថាមិនដែលបាននិយាយអ៊ីចឹងទេ ។ មានការសន្និដ្ឋានមួយចំនួនថា រឿងនេះអាចត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុនសំអាងការខ្មែរ ដែលជាគូប្រជែងនឹងក្រុមហ៊ុនថៃ (Miss Teen) ដែលកំពុងល្បីនៅស្រុកខ្មែរ ដោយសង្ឃឹមថាវានឹងនាំឲ្យអតិថិជនខ្មែរ ធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ ។

កាសែតតូចតាចក្នុងស្រុកឈ្មោះ រស្មីអង្គរ បានចុះផ្សាយនូវពាក្យចោទប្រកាន់ខាងលើមុនគេ នៅថ្ងៃទី ១៨ មករា ២០០៣ ។ ដោយឡែក សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានរិះគន់ធ្ងន់ៗទៅលើនាងផ្កាយព្រឹកដែរថា «នាងមិនមានតម្លៃស្មើសូម្បីតម្លៃស្មៅ ដែលដុះនៅជុំវិញប្រាសាទអង្គរវត្តផង» រារាំងនាងលែងឲ្យចូលកម្ពុជា និងប្រកាសឲ្យឈប់ប្រើប្រាស់ទំនិញថៃ () ។

ក្រោយមកនៅថ្ងៃទី ២៩ មករា ព្រឹត្តិការណ៍ដែលមិននឹកស្មានដល់បានកើតឡើង កុបករខ្មែរដែលខឹងសម្បារនឹងរឿងនេះ បានដុតស្ថានទូតថៃនៅភ្នំពេញ ដុតទង់ជាតិថៃ ដុតព្រះឆាយាល័ក្ខណ៍ស្ដេចជាទីគោរពសក្ការៈបំផុតរបស់ថៃ ភូមិពល អតុល្យតេជ និងបំផ្លាញទ្រព្យសម្បត្តិថៃ មានហាងលក់ទំនិញ និងសណ្ឋាគារជាដើម ។ រីឯពាណិជ្ជការ/ករថៃជាង ៦០០ នាក់ត្រូវបានជម្លៀសចេញពីកម្ពុជា ។ ចុងក្រោយចាងហ្វាងកាសែតរស្មីអង្គរ បានសារភាពថាព័ត៌មាននោះអាចខុស ។ កម្ពុជាត្រូវសងសំណងជាទឹកប្រាក់ប្រមាណ ៦ លានដុល្លារដល់ថៃ ។

ខាងលើនេះជាព្រឹត្តិការណ៍មួយ ដែលជាប់ទាក់ទងនឹងប្រាសាទអង្គរវត្តខ្មែរ ។ បើទោះជារឿងនោះពិតឬមិនពិតក្តី រឿងមួយដែលពិតនោះគឺថាថៃតែងប្រាថ្នា និងចង់បានប្រាសាទអង្គរវត្តខ្មែរដ៏អស្ចារ្យនេះ ជាច្រើនជំនាន់មកហើយ ។

គម្រោងគាស់យកប្រាសាទអង្គរវត្ត

បំណងនិងគម្រោងគាស់យកប្រាសាទអង្គរវត្ត ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននេះរបស់ខ្មែរ គឺនៅក្នុងសតវត្សរ៍ទី ១៩ ក្នុងសម័យកាលអាណាចក្ររតនកោសិន្ទរ៍ (Rattanakosin Era, 1782–1932) នៃរាជវង្សចក្រី ។ យោងតាមអត្ថបទរបស់ប្រវត្តិវិទូជនជាតិថៃ នៃសាកលវិទ្យាល័យថាម៉ាសាត លោក ចន្ទវិទ្យ កាសេតសិរិ ចុះផ្សាយដោយទស្សនាវដ្ដី Kyoto Review ស្ដេចថៃរាមាទី ៤ ព្រះនាម មង្កុដ (King Mongkut) បានត្រាស់បញ្ជាឲ្យគាស់វាយបំបែកជាបំណែកៗ រួចហើយយកទៅផ្គុំឡើងវិញ នៅទីក្រុងបាំងកក ប្រទេសថៃ ។

ប៉ុន្តែ អ្នករាជការថៃ ព្រះសុវណ្ណវិសាល (ភាសាថៃអានថា ព្រះសុផាន់ភិសាន, Phra Suphanphisan) បន្ទាប់ពីបានធ្វើដំណើរទៅកាន់រាជធានីខ្មែរបុរាណនៅអង្គរ បានថ្វាយដំណឹងដល់ព្រះរាជាថា ប្រាសាទថ្មទាំងអស់មានទំហំធំធេងពេកណាស់ ដែលមិនអាចយកចេញពីគ្នាបាន ហើយដឹកទៅសៀមបានទេ ។ ក្រោយពីព្រះសណ្ដាប់ដូច្នេះ ព្រះមហាក្សត្រថៃបានបញ្ជាឲ្យគាស់យក ប្រាសាទតាព្រហ្មជំនួសវិញ ព្រោះជាប្រាសាទតូចជាងប្រាសាទអង្គរវត្ត ។ កងទ័ពចំនួន ៥ ក្រុមដែលមានគ្នា ៥០០ នាក់ត្រូវបានបញ្ជូន…ដើម្បីគាស់រើប្រាសាទតាព្រហ្ម នៅថ្ងៃទី ៩ នៃខែ ៦ តាមច័ន្ទគតិ (៩ កើត ខែ ពិសាខ) ។

ប្រវត្តិរឿងរ៉ាវនេះ ដែលត្រូវបានធ្វើកំណត់ត្រាទុកនៅក្នុងសៀវភៅ «ព្រះរាជពង្សាវតារនៃព្រះបាទ រាមា ទី ៤» ដោយ ចៅពញា ធិពកោវង្ស (Chao Phraya Thipakorawong) បានកើតឡើងនៅក្នុងឆ្នាំ ១៨៦០ មុនពេលប្រទេសសៀម បានប្រគល់អធិបតេយ្យភាពកម្ពុជា ឲ្យទៅបារាំងគ្រប់គ្រងក្នុងឆ្នាំ ១៨៦៧ ។ គម្រោងការណ៍អាក្រក់នេះ ត្រូវបានធ្វើឡើងមួយឆ្នាំមុន អ្នករុករកជាជនជាតិបារាំងឈ្មោះ លោក ហេនរី មូហួត (Henri Mouhout) បានធ្វើដំណើរទៅកាន់តំបន់ប្រាសាទដ៏មហិមា នៅខេត្តសៀមរាប ហើយបានធ្វើឲ្យពិភពលោកទាំងមូល ចាប់ផ្ដើមចាប់អារម្មណ៍លើប្រាសាទអង្គរវត្ត ។

ប្រវត្តិវិទូថៃរូបនេះបានលើកឡើងទៀតថា គេមិនបានដឹងច្បាស់ពីមូលហេតុ ដែលធ្វើឲ្យព្រះបាទ មង្កុដ មានព្រះរាជបំណងចង់បាន ប្រាសាទដ៏ធំស្កឹមស្កៃនេះ ទៅដាក់ស្រុកសៀមទេ ស្របពេលបារាំងកំពុងតែពង្រីក នូវអំណាចរបស់ខ្លួន នៅលើតំបន់ឥណ្ឌូចិន ។ ប៉ុន្តែអ្វីដែលគួរចាប់អារម្មណ៍នោះគឺ ក្តីប្រាថ្នានោះត្រូវទទួលបរាជ័យ នៅពេលដែល «ពលរដ្ឋខ្មែរប្រមាណ ៣០០ បានចេញពីព្រៃ ហើយវាយប្រហារបុរសទាំងឡាយ ដែលបានមកគាស់រើប្រាសាទ, សម្លាប់ព្រះសុផានពិសាន ព្រះវង្ស ព្រមទាំងកូនប្រុសម្នាក់របស់ព្រះសុផានពិសានទៀតផង ។ ព្រះមហាតថៃ ត្រូវបានចាក់ឲ្យត្រូវរបួស និងព្រះយុកក្រាបាត ត្រូវរងរបួស ។ ទោះយ៉ាងណា ជនសាមញ្ញ ព្រៃ ទាំងឡាយ បានរត់គេចខ្លួន ដោយគ្មានការរងរបួស ដោយរត់ចូលព្រៃ ។»

មិនសុខចិត្តនឹងបរាជ័យនេះ ស្ដេច មង្កុដ ចង់ព្យាយាមម្តងទៀត តែត្រូវព្រះរាជទីប្រឹក្សារបស់ព្រះអង្គ បានបញ្ចុះបញ្ចូលថា កិច្ចការនេះពិបាកណាស់ ហើយប្រាសាទទាំងនោះ សមនឹងនៅទីនោះហើយ ។

វាច្បាស់ណាស់ថា ខ្មែរយើងបានខឹងសម្បារនឹងពួកថៃ ដែលមកលួចគាស់យកសម្បត្តិវប្បធម៌ដ៏អស្ចារ្យនេះ ដោយធ្វើការឆ្លើយតបដោយហិង្សាវិញ ។ ស្ដេចថៃ មង្កុដ ទ្រង់ក៏បានបោះបង់ចោលគម្រោងនេះ ប៉ុន្តែទ្រង់បានត្រាស់បង្គាប់ឲ្យស្ថាបត្យកររបស់ព្រះអង្គ កសាងទីធ្លាប្រាសាទអង្គរវត្តចម្លងតូចមួយ នៅលើទឹកដីថៃជំនួសវិញ ។ ស្ថាបត្យករបានកសាងប្រាសាទអង្គរវត្តចម្លង ហើយបានដាក់ទីតាំងនៅក្នុងបរិវេណវត្ត ព្រះស្រីរតនសាស្តារាម (Wat Phra Sri Ratanasasadaram) ឬវត្តព្រះកែវ នៅព្រះបរមរាជវាំងថៃ នាទីក្រុងបាំងកក រហូតដល់បច្ចុប្បន្ន ។

ទោះបីជាយ៉ាងណាក៏ដោយ តាមប្រភពសារព័ត៌មាន Khaosod បានផ្តល់នូវមូលហេតុសំខាន់ គួរឲ្យចាប់អារម្មណ៍មួយ ។ សារព័ត៌មានថៃនេះ បានស្រង់សម្ដីរបស់ប្រវត្តិវិទូនិងអ្នកជំនាញខាងខ្មែរ ជាជនជាតិថៃមួយរូបឈ្មោះ លោក សន្តិ ភ័ក្តីខាំ (Santi Pakdeekham) នៃបណ្ឌិត្យសភាមតិជន (Matichon Academy) ទីក្រុងបាំងកក ថា ប្រពៃណីវប្បធម៌ខ្មែរបានផ្សារភ្ជាប់យ៉ាងជ្រៅ ជាមួយព្រះមហាក្សត្រថៃ ។ ព្រះមហាក្សត្រថៃ បានទទួលស្គាល់ខ្លួនឯងថា មានពូជពង្សាវតារ ពីមហាអាណាចក្រខ្មែរដ៏មានអំណាច ។ លោក សន្តិ បានលើកឧទាហរណ៍ថា ព្រះបាទនរាយណ៍ (King Narai) បានមានព្រះបន្ទូលប្រាប់ បេសកម្មជនព័រទុយហ្កាល់ថា ខ្សែរាជវង្សរបស់ព្រះអង្គ អាចជាព្រះមហាក្សត្រគ្រប់គ្រងអង្គ ។

«ព្រះមហាក្សត្រថៃទាំងឡាយមើលឃើញថា ព្រះអង្គចេញមកពីទីនោះ ហើយតាំងពីពេលនោះមក បានព្យាយាមត្រឡប់ទៅវាយដណ្ដើមយកទឹកដីបុព្វបុរសរបស់ព្រះអង្គវិញ ហើយទាមទារអធិរាជភាពលើទីនោះ», សម្តីរបស់លោក សន្តិ ។

តែគួរឲ្យអនិច្ចា ស្ដេច មង្កុដ មិនត្រឹមតែមិនបានសម្រេច តាមព្រះរាជបំណងក្នុងការគាស់យកប្រាសាទអង្គរវត្ត និងប្រាសាទតាព្រហ្មប៉ុណ្ណោះទេ សូម្បីប្រាសាទអង្គរវត្តចម្លង ដែលព្រះអង្គបានត្រាស់បញ្ជា ឲ្យគេកសាងនៅព្រះបរមរាជវាំងថៃនោះ ក៏ព្រះអង្គមិនបានទតផ្ទាល់ផង ដោយសារព្រះអង្គបានសោយទីវង្គត មួយឆ្នាំមុនប្រាសាទនោះកសាងហើយ ក្នុងឆ្នាំ ១៩៦៨ ។
ប្រាសាទអង្គរវត្តចម្លង នៅបរិវេណវត្តព្រះស្រីរតនសាស្តារាម ឬវត្តព្រះកែវ ព្រះបរមរាជវាំង ទីក្រុងបាំងកក ប្រទេសថៃ, Credit @pasikeituri ។

សេចក្តីសន្និដ្ឋាន

យោងតាមអត្ថបទលើកឡើងខាងលើ ដំបូងឡើយស្ដេចថៃឲ្យតម្លៃនិងស្ងើចចំពោះវប្បធម៌អារ្យធម៌ខ្មែរ (ខម) ដោយគិតថាខ្លួនមានបុព្វបុរសជាអ្នកសាងអង្គរដែរ យ៉ាងហោចណាស់ត្រឹមរជ្ជកាលស្ដេចរាមា ទី ៤ (ស្ដេចមង្កុដ) ។ ប៉ុន្តែចាប់ពីស្ដេចថៃនាម នរេសួន (King Naresuan, re.1590-1605) ស្ដេចថៃចាប់ផ្ដើមស្អប់ខ្មែរ ដោយហេតុថា ស្ដេចខ្មែរ ព្រះបាទ ជ័យ ចេត្ថា ទី ១ (សោយរាជ្យ៖ ១៥៧៦~១៥៩៦) បានវាយលុកក្រុងអយុធ្យាពីខាងកើត ខណៈពេលអយុធ្យាកំពុងជាប់ដៃទប់ទល់ការវាយលុករបស់ភូមាពីខាងលិច ។ 

ជាបន្ដបន្ទាប់មក ថៃកាន់តែមានអរិភាពនឹងខ្មែរខ្លាំងឡើង ដោយសាររឿងដែលពួកគេថា ព្រះបាទអង្គដួងបានលួចលាក់ទាក់ទងយកបារាំងធ្វើអាណាព្យាបាលកម្ពុជា (១៨៦៣) ត្រូវប្រគល់សិទ្ធិគ្រប់គ្រងខេត្តសៀមរាបនិងបាត់ដំបងឲ្យកម្ពុជាវិញ (១៩០៧) បានចាញ់ក្ដីក្នុងជម្លោះប្រាសាទព្រះវិហារដ៏ជូរចត់ នៅតុលាការយុត្តិធម៌អន្តរជាតិ អាយ.ស៊ី.ចេ. (ICJ) (១៩៦២) និងមិនពេញចិត្តនឹងរឿងនយោបាយការបរទេសអព្យាក្រិតរបស់សម្ដេចព្រះ នរោត្តម សីហនុ មិនត្រូវគ្នានឹងថៃដែលកាន់ជើងសហរដ្ឋអាម៉េរិក (ទសវត្សរ៍ឆ្នាំ ១៩៥០-៦០) ជាដើម ។ ប៉ុន្តែ ថៃបានដុតបំផ្លាញទីក្រុងអង្គរដល់ទៅបីលើក និងក្រោយមកដុតបន្ទាយលង្វែកទៀត បំផ្លាញខ្មែរស្ទើរខ្ទេចខ្ទី ពិតជារឿងដែលគួរឲ្យឈឺចាប់ជាងថៃរាប់រយដង ដែលងាយនឹងផ្ទុះកំហឹងទៅជារឿងធំ ដូចករណីនាងផ្កាយព្រឹកអ៊ីចង ។ 

តាមគំនិតខ្ញុំ តាំងពីបារាំងចូលមកកាន់កាប់ខ្មែរ ថៃអស់ឱកាសក្នុងការទាមទារប្រាសាទអង្គរវត្ត និងហាក់ដូចជាចាញ់ប្រៀបខ្មែររហូតមក ទោះជាថៃមានការរីកចម្រើនជាងក៏ដោយ ។ ម្យ៉ាងទៀត ប្រាសាទអង្គរវត្តដ៏មហាអស្ចារ្យរបស់ខ្មែរ ហាក់ធ្វើឲ្យមានការរាំងស្ទះ ដល់ការណ៍ដែលថៃតែងតែមានគំនិតថា ខ្លួនមានពូជអម្បូរខ្ពង់ខ្ពស់ជាងខ្មែរ ឬថាតាមស្ថានភាពបច្ចុប្បន្ន ខ្មែរមិនគួរណាមានបុព្វបុរសជាអ្នកសាងអង្គរវត្តសោះ ។ ខុសពីវៀតណាមដែលបញ្ជូនពលរដ្ឋខ្លួន ឲ្យមករស់នៅលើទឹកដីខ្មែរ តាំងពីមុនសម័យអាណានិគមបារាំងមក រហូតបានលេបយកទឹកដីកម្ពុជាក្រោមបានសម្រេចតាមរយៈយុទ្ធសាស្ត្រនេះ ស្របពេលគ្នានេះដែរ ថៃហាក់មិនចង់ទាំងយកជើងជាន់កម្ពុជាផង ទើបតែបច្ចុប្បន្នមានការផ្លាស់ប្តូរឥរិយាបថច្រើន ។

យ៉ាងណាក៏ដោយ បើស្ដេចថៃគាស់យកប្រាសាទអង្គរវត្តបានជោគជ័យនាកាលនោះ ម្ល៉ោះពេលនេះខ្មែរយើង មិនដឹងជាមានប្រវត្តិសាស្ត្រយ៉ាងណាទៅវិញទេ ។ ប្រវត្តិសាស្ត្រនៃទំនាក់ទំនងខ្មែរ-ថៃ នឹងក្រឡាប់ចាក់មិនខាន ថៃនឹងជាម្ចាស់អង្គរវត្ត និងផ្ទុយទៅវិញ ខ្មែរនឹងក្លាយជាជាតិសាសន៍គ្មានប្រវត្តិសាស្ត្រច្បាស់លាស់ ។ ថៃនឹងកាឡៃប្រវត្តិសាស្ត្របានជោគជ័យ តាមដែលពួកគេចង់បានជាក់ជាមិនខាន ។

សូមបញ្ជាក់ថា ការលើកឡើងមកប៉ុណ្ណេះ មិនមែនដើម្បីបញ្ឆេះកំហឹង ឬបង្កើតការស្អប់ខ្ពើមគ្នាបន្ថែម រវាងប្រទេសជិតខាងនោះក៏ទេ ។ នេះគឺគ្រាន់តែចង់ឲ្យបងបង្អូនខ្មែរយើងបានដឹងថា ប្រវត្តិវិទូថៃមួយចំនួនសិក្សា និងបកស្រាយប្រវត្តិសាស្ត្រ ទំនាក់ទំនងខ្មែរ-ថៃ ដោយមិនលម្អៀង ដោយយល់ថាវប្បធម៌-អារ្យធម៌ខ្មែរ ជាប្រភពដ៏សំខាន់របស់ខ្លួន មិនដូចប្រវត្តិវិទូថៃខ្លះសុខចិត្ត បង្កើតប្រវត្តិថ្មីថាវប្បធម៌ថៃ បានចូលមកផ្ទាល់ ពីប្រទេសឥណ្ឌា មិនមែនពីខ្មែរទេ ។

លោកសាស្ត្រាចារ្យ ចន្ទវិទ្យ កាសេតសិរិ បញ្ជាក់យ៉ាងច្បាស់លាស់ថា «វប្បធម៌និងសិល្បៈខ្មែរដ៏រុងរឿងរីកស្គុះស្គាយ នៅរាជដំណាក់ថៃ គឺជាលទ្ធផលនៃសង្គ្រាម ជាសង្គ្រាមមួយដែលអ្នកឈ្នះ បានស្រូបយកនូវធាតុផ្សំនៃអរិយធម៌ដ៏ប្រសើរឧត្តម ពីខាងអ្នកចាញ់» ៕

លេខយោង៖
(១) បើចង់ដឹងរឿងនយោបាយនៅពីក្រោយកុបកម្មនេះ សូមអានអត្ថបទសិក្សារបស់លោក Hinton, Alexander (2006), "Khmerness and the Thai 'Other': Violence, Discourse and Symbolism in the 2003 Anti-Thai Riots in Cambodia", Journal of Southeast Asian Studies, 37 (3): 445–468. doi:10.1017/s0022463406000737 ។

ឯកសារយោង៖
1-Aglionby, John (2003), "Thais cut links with Cambodia after riots", The Guardian, 31 January.
2-Kasetsiri, Charnvit (2003), "Thailand-Cambodia: A Love-Hate Relationship", Kyoto Review of Southeast Asia, 1 (3).
3-McGirk, Jan (2003), "The actress, the temple and the alleged remark that brought two nations to the brink of war", Independence, 31 January.
4-Rojanaphruk, Pravit (2018), "THAT TIME THAILAND TRIED MOVING ANGKOR WAT TO BANGKOK", Khaosod English, 28 September.

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment