តាំង រតនា (២០១៩) បេះដូងភ្នំដែក: ប្រលោមលោកបែបប្រវត្តិសាស្ត្រ, ភ្នំពេញ: [គ្រឹះស្ថានបោះពុម្ព], ៤៥០ ទំព័រ, ៤០០០០ រៀល (រូបភាព៖ Soy Vanna Sith) ។ |
ភ្នំពេញ៖ សមិទ្ធផលជាងពីរឆ្នាំ និងចំណាយពេលជាងដប់ឆ្នាំ បានចេញជារូបរាងប្រលោមលោកបែបប្រវត្តិសាស្ត្រមួយ ក្រោមចំណងជើងថា «បេះដូងភ្នំដងរែក» ដែលមានកម្រាសជាង ៤៥០ ទំព័រ តម្លៃពេញគឺ ៤០០០០ រៀលក្នុងមួយក្បាល ។
នេះជាស្នាដៃគួរជាទីមោទនភាពមួយរបស់លោកសាស្ត្រាចារ្យ ឯកឧត្តម តាំង រតនា ដែលជាអគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។ «បេះដូងភ្នំដងរែក» បានបើកសម្ភោធ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកតា បណ្ឌិត កុល ផេង នាយកសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ។ ក្នុងឱកាសនោះដែរ មានព្រះសង្ឃសមណនិស្សិត និងនិស្សិតបានចូលរួមអបអរសាទរយ៉ាងច្រើនកុះករ ។
នៅក្នុងសុន្ទរកថាសម្ដែងចំណាប់អារម្មណ៍ លោកតា បណ្ឌិត កុល ផេង បានលើកឡើងថា «សៀវភៅនេះមានអត្ថន័យដ៏ជ្រៅជ្រះ ទាំងឧត្តមគតិជាតិនិយម ស្រឡាញ់វប្បធម៌ ស្រឡាញ់សម្បត្តិជាតិ ព្រមទាំងប្រលោមបេះដូងដ៏ផ្អែមល្ហែម» ។ លោកតាបណ្ឌិតបានអានយកភាគខ្លីមួយចំណុច ដែលជាចំណុចចាប់ផ្ដើមនៃផ្ទៃរឿងទាំងមូល ដែលអ្នកនិពន្ធបានពន្លិចសេចក្តីយ៉ាងរស់រវើក តាមបែបឧបមាវិធី ប្រលោមលោក ដែលមានសេចក្តីដូចខាងក្រោមនេះ៖
«ភ្លាមនោះស្រាប់តែព្រះអគ្គី បានឆាប់ឆេះយ៉ាងសន្ធោសន្ធៅ ក្នុងបរិវេណប្រាសាទទាំងមូល ត្របាក់រុក្ខជាតិតូចធំទាំងឡាយ ឥតត្រាប្រណី បញ្ចេញផ្សែងខ្មៅមូរត្របាញ់ទៅលើវេហា ងងឹតអស់មួយចំហែងមេឃ ។ អ្នកកំលោះឈរមើលហេតុការណ៍ ដែលនឹកស្មានមិនដល់នេះ ទាំងចិត្តភិតភ័យតក្កមា ។ ភ្លើងឆេះមួយស្របក់ធំ ស្រាប់តែហេតុអស្ចារ្យមួយបានកើតឡើង គឺផ្សែងខ្មៅអួអាប់មួយចំហែងមេឃបានរសាត់ផ្ដុំលេចចេញជារូបរាងមហាគ្រុឌមួយធំត្រដាងស្លាប បង្ហាញនូវក្រញាំមុតស្រួច ខ្ញាំឆក់យកប្រាសាទទាំងមូល បម្រុងនឹងហោះចេញទៅទិសខាងលិច ។ ផ្ទៃមេឃចាប់ផ្ដើមប្រែប្រួល ដោយមានកងទ័ពពពកខ្មៅ ធ្វើព្យុហយាត្រាពីទិសខាងលិច ហែហមដោយតន្ត្រីកងត្រែនៃផ្គរនិងរន្ទះ បំភ្លឺដោយផ្លេកបន្ទោរ ចាំងមកព្រាកៗ បានគ្របដណ្ដប់ពីលើមហាគ្រុឌដ៏កំណាច ។ ជួបហេតុការណ៍បែបនេះ មហាគ្រុឌបានសម្ដែងមហិទ្ធិឫទ្ធិរបស់ខ្លួន ដោយប្រឹងហោះទទាំងស្លាប ចេតនានឹងបំបែកក្បួនកងទ័ពពពកខ្មៅ ដែលហ៊ុមព័ទ្ធលើខ្លួន ។ តែគួរឲ្យអស្ចារ្យណាស់ មហាគ្រុឌត្រូវបានព្រមានដោយរន្ទះបាញ់ផាំង បណ្ដាលឲ្យគ្រុឌដ៏មហិមារាយក្លាយមកជាផ្សែងខ្មៅអួរអាប់ ដោយបានទម្លាក់តួប្រាសាទមកនៅកន្លែងដើមវិញ ។ ព្រះអគ្គីរិតតែឆាបឆេះសន្ធោសន្ធៅលើសដើម មិនបង្អង់ចំពោះហេតុការណ៍ដ៏មហាគ្រោះថ្នាក់នេះ ព្រះភិរុណបានបញ្ជាពពកខ្មៅ ឲ្យបង្អុរទឹកអម្រឹតចុះមកយ៉ាងគគ្រឹកគគ្រេង ។ តើព្រះអគ្គីដែលកំពុងរួមរឹតឆាបឆេះលើតួប្រាសាទមួយនេះ អាចប្រឆាំងនឹងអំណាចរបស់ព្រះភិរុណបានដែរឬទេ? ការប្រឡងឫទ្ធិអំណាចគ្នាឈានដល់ទីបញ្ចប់ហើយ ដោយសារតែទឹកអម្រឹតបានកម្ចាត់ឥទ្ធិពលរបស់ភ្លើងកំណាច ឲ្យរលត់សូន្យទៅ ឯតួប្រាសាទកម្សត់ត្រូវបានសង្គ្រោះ នឹងបញ្ចេញរូបរាងដើមឡើងវិញ ។ ផ្ទៃមេឃទាំងមូលចាប់ផ្ដើមប្រែស្រឡះបន្តិចម្ដងៗ ឯកងទ័ពពពកខ្មៅ បានធ្វើដំណើរសន្សឹមៗតាមវាយោវិថី ចេញអស់ពីតំបន់នេះ ។»
«សភាពរឹកវរច្របូកច្របល់គួរឲ្យព្រឺខ្លាច អម្បាញ់មិញនេះ បានប្រែមកជាសភាពស្ងប់ស្ងៀមដូចដើម ។ ព្រះសុរិយាបញ្ចេញព្រះសូរ្យសែងបំភ្លឺលោកឡើងវិញ ញ៉ាំងឲ្យពពួករុក្ខជាតិតូចធំ ដែលឆេះខ្លោចដោយអំណាចព្រះអគ្គីនាពេលមុន ចាប់លាស់ត្រួយជាថ្មី ។ នៅជុំវិញប្រាសាទបុប្ផាជាតិចម្រុះពណ៌ចាប់រីកស្គុះស្គាយ ចោលគន្ធពិដោរក្រអូបឈ្ងុយឈ្ងប់លុបបំក្លឹនឈ្ងៀមទាំងឡាយ ដែលបន្សល់ដោយវិនាសកម្មនាពេលមុននេះ ។ ភាពដើមបានកើតឡើងវិញ នៅបរិវេណប្រាសាទ ដោយសំឡឹងមើលបុប្ផាដ៏ស្រស់មួយទង ដុះចេញពីវល្លិរុំព័ទ្ធប្រាសាទនោះ អ្នកកំលោះបានឈានជើងចូលទៅជិត ហើយយោងដៃបះ តែបុប្ផានេះក៏រលាយបាត់សូន្យទៅ ។»
សៀវភៅប្រលោមលោកថ្មីនេះ រៀបរាប់អំពីដំណើររឿង ជម្លោះប្រាសាទព្រះវិហាររវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ និងដំណើរសវនាការនៃរឿងក្តីក្ដាំនេះ នៅតុលាការយុត្តិធម៌អន្តរជាតិ អាយ.ស៊ី.ចេ. (ICJ) ក្នុងឆ្នាំ ១៩៦២ ដែលបានកាត់ក្តីឲ្យកម្ពុជាឈ្នះភាគីថៃ ជាជ័យជម្នះយ៉ាងត្រចះត្រចង់ គួរជាទីមោទនភាពយ៉ាងក្រៃលែងសម្រាប់ប្រជាជាតិខ្មែរ ។ នៅក្នុងរឿងប្រលោមលោកនេះ យើងអាចស្មានបានថា តួឯកក្នុងរឿងនេះគឺ បុរសម្នាក់ដែលបានទាមទារប្រាសាទព្រះវិហារនេះ មកឲ្យខ្មែរវិញបានដោយជោគជ័យ តាមរយៈការទូតទឹកអម្រឹត ឥតបង្ហូរឈាមនោះឯង ។
ចំពោះខ្លឹមសារអក្សរសិល្ប៍វិញ «បេះដូងភ្នំដងរែក» ជាប្រលោមលោក ដែលបង្ហាញពី សិល្បៈ វប្បធម៌ ប្រពៃណី និង សាសនា ឆ្លុះបញ្ចាំងពីទិដ្ឋភាពប្រទេសកម្ពុជា សម័យសង្គមរាស្ត្រនិយមក្រោយបានឯករាជ្យ ។
លោកតា បណ្ឌិត កុល ផេង បានប្រាប់ផងដែរថា ៣០% នៃប្រាក់កម្រៃដែលបានមកពីការលក់សៀវភៅនេះ នឹងបរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផា ។ ដូច្នេះ ការជាវយកសៀវភៅនេះមកអាន គឺមានន័យយ៉ាងជ្រាលជ្រៅ គឺថា នឹងបានដឹងពីប្រវត្តិសាស្ត្រផង បណ្ដែតអារម្មណ៍តាមរឿងប្រលោមលោកស្នេហាផ្អែមល្ហែមផង និងមានចិត្តជ្រះថ្លាចូលរួមជាជំនួយសប្បុរសធម៌ផង ។
No comments:
Post a Comment