ប្រញាប់ឡើង នៅសល់តែជាងពីរខែទៀតប៉ុណ្ណោះ ការទទួលពាក្យអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានឹងត្រូវបិទ - លោកវិទូ

ព័ត៌មានថ្មីៗ

Wednesday, November 27, 2019

ប្រញាប់ឡើង នៅសល់តែជាងពីរខែទៀតប៉ុណ្ណោះ ការទទួលពាក្យអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានឹងត្រូវបិទ

និស្សិត គៀវ ម៉េងគ័ង និងព្រះតេជគុណ យុន ប៊ុនយ៉ុម ក្នុងពិធី 'កម្មវិធីតម្រង់ទិសដៅ ឆ្នាំ ២០១៩' រៀបចំដោយ ស្ថាបនអាហារូបករណ៍ឥណ្ឌា ICCR នៅ Institution Club of India, ទីក្រុងញូវដែល្លី, ១៣ វិច្ឆិកា ២០១៩ ។

លោកវិទូ | ថ្ងៃ ៤᧡១ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ២៧ វិច្ឆិកា ២០១៩

អាហារូបករណ៍រដ្ឋាភិបាលឥណ្ឌា (ICCR) សម្រាប់សមណនិស្សិត-និស្សិតខ្មែរ ឆ្នាំសិក្សា ២០២០-២០២១ ដែលបានប្រកាសបើកទទួលពាក្យ កាលពីពាក់កណ្ដាលខែវិច្ឆិកាកន្លងទៅ នឹងត្រូវបិទឈប់ទទួលពាក្យ នៅថ្ងៃសុក្រ ទី ៣១ មករា ២០២០ ។ ដោយឡែកសម្រាប់ថ្នាក់បណ្ឌិត ថ្ងៃផុតកំណត់ទទួលពាក្យគឺ ថ្ងៃទី ៣១ កក្កដា ២០២០ ។

ជារៀងរាល់ឆ្នាំ ឥណ្ឌាបានផ្ដល់អាហារូបករណ៍ចំនួន ២៣ កន្លែងសម្រាប់សមណនិស្សិត-និស្សិតខ្មែរ ដើម្បីបន្តការសិក្សាជាន់ខ្ពស់នៅប្រទេសឥណ្ឌា គ្រប់មុខវិជ្ជា (លើកលែងតែវិជ្ជសាស្ត្រ និងទន្តសាស្ត្រចេញ) និងគ្រប់កម្រិតសិក្សាចាប់ថ្នាក់បរិញ្ញាបត្រឡើងទៅ រហូតដល់ថ្នាក់បណ្ឌិត ។

អាហារូបករណ៍នេះមិនគិតថាជាព្រះសង្ឃ ឬសិស្សនិស្សិតធម្មតាទេ អាចដាក់ប្រឡងយកអាហារូបករណ៍បានទាំងអស់ ។ ការប្រកួតប្រជែងយកអាហារូបករណ៍ មានលក្ខណៈធូរជាងអាហារូបករណ៍របស់ប្រទេសមួយចំនួនដូចជា ជប៉ុន ចិន កូរ៉េ អូស្ត្រាលី ។ល។ ដោយសារចំនួនអ្នកដាក់ពាក្យប្រឡងតិចជាង ។ នេះជាការណ៍កម្រណាស់ ដែលព្រះសង្ឃសមណនិស្សិត មានសិទ្ធិដាក់ពាក្យប្រឡងយកអាហារូបករណ៍របស់រដ្ឋាភិបាលឥណ្ឌា ដ៏វិសេសវិសាលនេះ ដូចនិស្សិតទូទៅដែរ ដោយមិនមានការរើសអើង ។

ដូច្នេះ ព្រះសង្ឃសមណនិស្សិតគ្រប់ព្រះអង្គ ក៏ដូចនិស្សិតគ្រប់រូប ដែលប្រាថ្នានិមន្តនិងចង់ទៅសិក្សានៅប្រទេសឥណ្ឌា ដែនដីពុទ្ធភូមិដ៏ពិសិដ្ឋ គួរឆក់យកឱកាសនេះ ដើម្បីបានអាហារូបករណ៍ឥណ្ឌា សម្រាប់ឆ្មាំសិក្សាឆ្នាំថ្មីខាងមុខនេះ ។ តែត្រូវតែត្រៀមខ្លួនឲ្យបានច្បាស់លាស់ ម៉ឹងម៉ាត់ហ្មត់ចត់ និងរៀបចំឯកសារឲ្យបានត្រឹមត្រូវ តាមលក្ខន្តិករបស់អាហារូបករណ៍ ។ ប្រើរយៈពេល ២ ខែនេះ ដើម្បីពង្រឹងនិងបំប៉នជំនាញភាសាអង់គ្លេសឲ្យអស់ពីសមត្ថភាព ។ សូមអានគន្លឹះសំខាន់ៗ និងដំណាក់កាលនៃការប្រព្រឹត្តទៅ នៃការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍នៅទីនេះ ។

គន្លឹះជោគជ័យ៖

១-ឯកសារគ្រប់គ្រាន់ត្រឹមត្រូវតាមលក្ខន្តិក (fulfilled all required documents) ។
២-កម្រិតជំនាញភាសាអង់គ្លេសល្អ (at least workable English proficiency) ។
៣-ជ្រើសរើសសាកលវិទ្យាល័យបានត្រឹមត្រូវតាមឯកទេស និងលក្ខន្តិកសាលា (fulfilled universities' admission criteria) ។
៤-បីចំណុចខាងលើ អាស្រ័យការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ (adequate information about the scholarship) ។

សូមមើលសេចក្ដីប្រកាសព័ត៌មានអាហារូបករណ៍ ដែលចេញផ្សាយដោយស្ថានទូតឥណ្ឌាប្រចាំ នៅរាជធានីភ្នំពេញខាងក្រោម សម្រាប់ព័ត៌មានលម្អិត ។ បើមានឯកសារសព្វគ្រប់ហើយ សូមចុះឈ្មោះ និងបំពេញទម្រង់អាហារូបករណ៍ តាមអនឡាញនៅគេហទំព័រនេះ៖ http://www.a2ascholarships.iccr.gov.in/ ។ សូមបញ្ជាក់ថា នៅលើគេហទំព័រនេះ មានព័ត៌មានសព្វគ្រប់សំខាន់ៗ ដែលទាក់ទងនឹងអាហារូបករណ៍ ។ សូមអានបំរាប់នានា មុនពេលបំពេញទម្រង់អាហារូបករណ៍ ។

បើមានសំណួរទាក់ទងនឹងដំណឹងអាហារូបករណ៍នេះ សូមទាក់ទងដោយផ្ទាល់ទៅកាន់មន្ត្រីស្ថានទូតឥណ្ឌា ឬអាចផ្ញើសារមកកាន់ទំព័រហ្វេសប៊ុកលោកវិទូ ឬបញ្ចូលមតិនិងសំណួរនៅក្នុងប្រអប់ខាងក្រោមនេះបាន ។ យើងខ្ញុំនឹងព្យាយាមឆ្លើយតប ដោយឆាប់រហ័សតាមដែលអាចធ្វើទៅបាន និងទទួលស្វាគមន៍ការប្រឹក្សាយោបល់ណាមួយបើចាំបាច់ ៕



© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment