ភ្ញៀវទេសចរទស្សនាដងទន្លេគង្គា ទីក្រុងពារាណសី (កាសី) រដ្ឋឧត្តរប្បទេស ប្រទេសឥណ្ឌា ។ |
លោកវិទូ | ថ្ងៃ ១᧥១ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ០១ ធ្នូ ២០១៩
នៅទីក្រុងពារាណសី មានផ្ទះសំណាក់ជាច្រើនតាមដងទន្លេមួយ ដែលទទួលភ្ញៀវចាស់ជរា ដែលប្រាថ្នាចង់ស្លាប់នៅទីនេះ ដែលគេអាចហៅបានថាជាផ្ទះសំណាក់មរណៈ ឬផ្ទះសំណាក់សម្រាប់ស្លាប់ ។ ហេតុអ្វីបានជាគេជឿថាការស្លាប់នៅទីក្រុងពារាណសី អាចនាំឲ្យសម្រេចមោក្សបាន? តើមានរឿងរ៉ាវជំនឿសាសនាយ៉ាងណា ទាក់ទងនឹងបញ្ហានេះ? តើផ្ទះសំណាក់មរណៈនោះមានលក្ខណៈបែបណាដែរ?
ស្ថិតនៅក្នុងរដ្ឋឧត្តរប្បទេស (យូ.ពី.) ពារាណសី ឬ បេណរេស ឬក៏ កាសី ជាទីក្រុងបុរាណដ៏ពិសិដ្ឋបំផុត សម្រាប់សាសនិកហិណ្ឌូ ។ វាជាទីក្រុងបុរាណបំផុតមួយ ក្នុងចំណោមទីក្រុងបុរាណបំផុត ក្នុងសាកលលោក ដែលមានអាយុកាលប្រមាណ ៣០០០ ឆ្នាំ និងមិនដែលដូរឈ្មោះឡើយ ក្នុងរយៈពេលនេះ ។ ទីក្រុងនេះទាក់ទាញធម្មយាត្រាហិណ្ឌូ ពីគ្រប់ទិសទីនៃប្រទេសឥណ្ឌា ព្រោះវាស្ថិតនៅតាមដងទន្លេដ៏ពិសិដ្ឋស័ក្ដិសិទ្ធិមួយឈ្មោះ ទន្លេគង្គា ដែលជនជាតិឥណ្ឌានិយមហៅដោយគោរពថា ព្រះម៉ែគង្គា (Ganga Mata) ។
នៅទីនេះ ពិធីកម្មសាសនាតែងប្រព្រឹត្តទៅគ្រប់រដូវជាប់មិនដាច់ឡើយ ។ តាមជំនឿសាសនាហិណ្ឌូ ធម្មយាត្រាហិណ្ឌូយ៉ាងហោចបានម្តងដែរក្នុងមួយជីវិត ត្រូវទៅកាន់ទីក្រុងពារាណសីដើម្បីមុជទឹកទន្លេគង្គា ដើម្បីលាងបាបកម្មអាក្រក់ទាំងឡាយ ។ ជាពិសេសនោះគឺថា ជនចាស់ជរាហិណ្ឌូ តែងប្រាថ្នាចង់ទៅស្លាប់នៅនឹងដងទន្លេនេះ ហើយបូជានៅប្របមាត់ទន្លេ រួចចោលឆ្អឹងទៅក្នុងទឹកទន្លេ ដោយសារតែមានជំនឿតាមលទ្ធិសាសនាហិណ្ឌូ ដែលនឹងរៀបរាប់ខាងក្រោម ។
លោកយាយចាស់ម្នាក់ ក្នុងវ័យ ៨៥ ឆ្នាំ ឈ្មោះ បាវ៌តី ទេវី បានធ្វើដំណើរទៅកាន់ដែនកាសីដើម្បីស្លាប់ នៅខែវិច្ឆិកា ២០១៩ ដែលត្រូវបានអ្នកសារព័ត៌មានម្នាក់ចុះផ្សាយ នៅលើបណ្ដាញសារព័ត៌មាន South China Morning Post ។ ដេកនៅគ្រែឈើក្នុងបន្ទប់តូចមួយ មានមុខមើលទៅផតខូងឃើញឆ្អឹង បើកភ្នែកព្រឹមៗ និងមានសភាពខ្សោះខ្សោយកម្លាំង លោកយាយ ទេវី កំពុងស្នាក់នៅក្នុងផ្ទះសំណាក់មួយ សម្រាប់រយៈពេលខ្លី ក្នុងអវសានជីវិតរបស់គាត់ រង់ចាំដល់ថ្ងៃនឹងមរណា ។ លោក សុធី សិង្ហ ជាកូនប្រុសគាត់ម្នាក់ ជាអ្នកទៅជាមួយដើម្បីកំដរគាត់នៅទីនេះ ។
«ម្តាយរបស់ខ្ញុំគ្មានជំងឺអ្វីទេ គ្រាន់តែអាយុចាស់ប៉ុណ្ណោះ ។ វាជាបំណងប្រាថ្នារបស់គាត់ ក្នុងការស្លាប់នៅតំបន់កាសី» សម្ដីរបស់ លោក សិង្ហ មានអាយុ ៤៥ ឆ្នាំ ដែលធ្វើដំណើរពី កបុរី ជាភូមិតូចមួយនៅរដ្ឋមធ្យប្រទេស (អឺម.ពី.) ប្រទេសឥណ្ឌា ដែលមានចម្ងាយ ៦៥០ គីឡូម៉ែត្រ (៤០០ ម៉ៃល៍) ។ លោក សិង្ហ និយាយថាម្តាយរបស់គាត់នៅតែអាចនិយាយបាន ប៉ុន្តែគាត់មិនដឹងពីអ្វីដែលយើងបាននិយាយទៅកាន់គាត់វិញទេ ។
ក្រុងកាសីមិនត្រឹមតែជាទីពិសិដ្ឋ សម្រាប់ហិណ្ឌូបរិស័ទប៉ុណ្ណោះទេ ថែមទាំងជាបូជនីយដ្ឋាន សម្រាប់ធម្មយាត្រាពុទ្ធសាសនាផងដែរ ។ នៅជាយក្រុងកាសីនេះ គឺជាតំបន់សាន៌ាថ ជាទីដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងនូវបឋមទេសនាធម្មចក្កប្បវត្តនសូត្រ ប្រមាណ ៦ សតវត្សរ៍ មុនគ.ស. ។ ធម្មយាត្រាខ្មែរឆ្លងកាត់ទីក្រុងពារាណសីនេះ តែងឆៀងចូលទៅទស្សនាទិដ្ឋភាព នៃសកម្មភាពផ្សេងៗនៅទន្លេគង្គា កម្រខានឡើយ ។ ម្យ៉ាងទៀតនៅទីនេះឯងហើយ ដែលមហាកវីកំណាព្យ គោស្វមី តុល្សីទាស បានប្រើដងប៉ាកកាចារកំណាព្យទេវកថារបស់គាត់ មានចំណងជើងថា «រាមចរិតមានស» ក្នុងសតវត្សរ៍ទី ១៦ គ.ស. ។ បច្ចុប្បន្ន គេចាត់ទុកវាថាជាស្នាដៃដ៏អស្ចារ្យមួយ ក្នុងចំណោមអក្សរសាស្ត្រព្រាហ្មណ៍និយមរបស់ឥណ្ឌា ដែលបាននាំឲ្យរឿងរាមាយណៈ ជារឿងទេវកថាដ៏អស្ចារ្យមួយ ក្នុងចំណោមរឿងទេវកថាដ៏អស្ចារ្យទាំងពីររបស់ឥណ្ឌា រួមជាមួយរឿងមហាភារតៈ អាចជ្រួតជ្រាបដល់មនុស្សសាមញ្ញបាន ។ រឿងរាមាយណៈពីដើមសរសេរជាភាសាសំស្ក្រឹត មនុស្សសាមញ្ញមិនចេះទេ ។ ដូច្នេះ កំណាព្យទេវកថារឿងរាមចរិតមានសនេះ ត្រូវបានសរសេរជាភាសាអវធី (ភាសាហិណ្ឌីខាងកើតមួយប្រភេទ) ដែលប្រជាជនសាមញ្ញអាចយល់បាន ។
ធម្មយាត្រាខ្មែរ កំពុងទស្សនាតាមទូក នៅទន្លេគង្គា ទីក្រុងកាសី ឆ្នាំ ២០១៩ ។ Photo Buddha VAMSA |
ផ្ទះសំណាក់មរណៈ កាសីលាភមុក្តិភវ័ន
នៅក្រុងកាសីនេះ មានតំបន់មួយគេហៅថា គោទៅលៀ (Godaulia) ដែលជាទីប្រជុំជនដែលមមាញឹកបំផុត នៅទីក្រុងបុរាណនេះ មានមនុស្សម្នាមូរដេរដាស់ រ៉ឺម៉ក កង់ ម៉ូតូ ស៊ីផ្លេ ចេចចាច ឮសូរឥតដាច់មួយនាទីណាឡើយ ។ ទាំងសត្វគោទាំងមនុស្សនិងរថយន្តទៅមក រញ៉េរញ៉ាយពេញផ្លូវ គ្មាននរណាមានសិទ្ធិជាងនរណាឡើយរវាងសត្វគោនិងមនុស្ស ប្រជែងគ្នារកផ្លូវដើរទៅមុខរៀងៗខ្លួន ។ នៅទីនេះ ជាញឹកញាប់ណាស់ អ្នកនឹងឮសំឡេង «រាម រាម សត្យ ហែ!» (មានន័យថា ព្រះនាមនៃព្រះរាមជាសត្យ/សច្ច) ជាសំឡេងភាវនាធម៌ ដង្ហែសពទៅកាន់ទន្លេគង្គា ។
តំបន់នេះលាតសន្ធឹងប្រវែង ៥ គ.ម. ជាប់ច្រាំងខាងលិចនៃទន្លេគង្គា ។ នៅតាមបណ្ដោយច្រាំងនេះ មានវិហារហិណ្ឌូរាប់រយ និង ឃាដ (ហ្កាដ, ghat, ជណ្ដើរ/ច្រកប្រលោះចុះទៅកាន់ទន្លេ) ល្បីៗជាច្រើននៃទន្លេគង្គា និងផ្ទាំងថ្មដែលជាជណ្តើរនាំទៅរកទន្លេ ។ ឃាដល្បីៗមានអស្សិឃាដ (នៅភាគខាងត្បូងបំផុតនៃទីក្រុងពារាណសី ជិតសាកលវិទ្យាល័យហិណ្ឌូពារាណសី ជាតំបន់ទេសចរណ៍អ៊ូអរជាងគេ) និងមណិកាណិក៌ា ឃាដ (កន្លែងបូជាសពដ៏សំខាន់) ជាដើម ។
នៅមិនដល់ ១០០ ម. ពីចំណុចប្រសព្វគោទៅលៀ តាមច្រកតូចចង្អៀតមួយ មានផ្ទះពីរជាន់ពណ៌កំបោរបៃតង មានផ្លាកឈ្មោះថា «កាសីលាភមុក្តិភវ័ន» ។ ពិតណាស់ វាជាផ្ទះសំណាក់សម្រាប់ជនចាស់ជរានិងមានជំងឺ ដែលធ្វើដំណើរទៅក្រុងកាសីដើម្បីស្លាប់នៅទីនោះ ។ មានតែអ្នកមើលទៅជិតស្លាប់ប៉ុណ្ណោះ ទើបអនុញ្ញាតឲ្យស្នាក់នៅផ្ទះសំណាក់នេះបាន ។
អ្នកចាត់ការនៃផ្ទះសំណាក់ កាសីលាភមុក្តិភវ័ន នៅខាងក្រៅផ្ទះសំណាក់ ។ Photo: Dilip Kumar |
«ភាគច្រើននៃភ្ញៀវរបស់យើងសម្រេចមុក្តិ (ស្លាប់) ក្នុងរយៈពេលពីរសប្តាហ៍ ។ ប្រសិនបើពួកគេបរាជ័យក្នុងការស្លាប់ ក្នុងរយៈពេលពីរសប្តាហ៍ ពួកគេត្រូវបានបញ្ជូនទៅផ្ទះវិញ ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើស្ថានភាពរាងកាយរបស់ពួកគេ កាន់តែយ៉ាប់យ៉ឺនពួកគេត្រូវបានផ្តល់រយៈពេលបន្ថែម», នេះជាសម្ដីរបស់លោក អនុរាគ ហរិ សុក្ល ជាអ្នកចាត់ការនៃមុក្តិភវ័ន ។
លោក សុក្ល ជឿជាក់យ៉ាងមុតមាំថា ការស្លាប់នៅកាសីគឺជាកិត្តិយសមួយ ដែលត្រូវតែត្រូវអបអរសាទរ មិនត្រូវសោកសៅឡើយ ។ គាត់មើលឃើញការស្លាប់ជាអាពាហ៍ពិពាហ៍របស់ព្រលឹងមួយជាមួយព្រះអាទិទេព ។ គាត់និយាយដោយមោទនភាពថា «ភ្ញៀវចំនួន ១៤.៨៣៥ នាក់បានសម្រេចមុក្តិ (មុក្តិ មានន័យដូច មោក្ស ឬ មោក្ខ ដែរ) នៅឯមុក្តិភវ័ននេះ ក្នុងរយៈពេល ៦០ ឆ្នាំកន្លងមក» ។
«អ្នកស្វែងរកការស្លាប់មានពីរប្រភេទដែលធ្វើដំណើរទៅកាសី ។ មានអ្នកដែលមានសុខភាពល្អហើយចង់យកកាសី ជាផ្ទះរបស់ពួកគេរហូតដល់ពួកគេស្លាប់ ដែលអាចមានរយៈពេលច្រើនឆ្នាំ ។ យើងហៅថា កាសីវាស (វាស មានន័យថា ទីលំនៅ ជាភាសាហិណ្ឌី) ។ បន្ទាប់មកមានអ្នកដែលមកកាសី នៅម៉ោងទីដប់មួយនៃជីវិតរបស់ពួកគេ គ្រាន់តែដល់ពេលដែលត្រូវស្លាប់ ។ យើងហៅប្រភេទនេះថា កាសីលាភ (លាភ មានន័យថា “ចំណេញ” ជាភាសាហិណ្ឌី) ។ មុក្តិភវ័ន ចង់បានតែភ្ញៀវប្រភេទចុងក្រោយនេះតែប៉ុណ្ណោះ» ។
នៅក្នុងសង្គមហិណ្ឌូ គោលដៅនៃជីវិតរបស់បុគ្គលម្នាក់ៗ គេហៅថា បុរូសាថ៌ (Purushartha) ដែលសំដៅដល់គោលដៅត្រឹមត្រូវទាំងបួននៃជីវិតមនុស្ស ។ គោលដៅនៃជីវិតដ៏ប្រពៃទាំង ៤ នោះគឺ ធម៌ (បា. ធម្ម, Dharma): ភាពសុចរិត តម្លៃសីលធម៌, អថ៌ (បា. អត្ថ, Artha): ទ្រព្យសម្បត្តិ តម្លៃសេដ្ឋកិច្ច, កម៌ (បា. កាម, Karma): ភាពរីករាយសេចក្តី សេចក្តីស្រឡាញ់ តម្លៃផ្លូវចិត្ត និង មោក្ស (បា.មោក្ខ, Moksha): ការរួចរំដោះទុក្ខ តម្លៃខាងចិត្តវិញ្ញាណ ។ ដោយឡែក មោក្ស គឺជាទស្សនាទានមួយនៅក្នុងសាសនាហិណ្ឌូ ដែលមានន័យស្រដៀងគ្នានឹងពាក្យថា ព្រះនិព្វាន ក្នុងព្រះពុទ្ធសាសនា ដែលជាស្ថានបរមសុខ ។ ដូច្នេះការស្វែងរកមោក្ស គឺជាគោលដៅមួយក្នុងជីវិតរបស់ហិណ្ឌូ ហើយទីក្រុងកាសីនេះ អាចធ្វើឲ្យគោលបំណងនេះសម្រេចបាន ។
ក្នុងទេវកថាហិណ្ឌូ ទីក្រុងកាសីត្រូវបានគេជឿថា ជាទិព្វវិមាននៅស្ថានមនុស្សលោករបស់ព្រះសិវៈ នេះបើតាមការពន្យល់របស់ លោកសាស្ត្រាចារ្យ រាជីវ រន្ជ័ន សិង្ហា ដែលមានអាយុ ៧២ ឆ្នាំ ជាសាស្រ្តាចារ្យចូលនិវត្តន៍ផ្នែកភាសាសំស្ក្រឹត នៅសាកលវិទ្យាល័យហិណ្ឌូពារាណសី (BHU) ។
“ហិណ្ឌូជឿថាការស្លាប់នៅកាសី នាំឲ្យកាត់ផ្ដាច់នូវវដ្តសង្សារនៃជាតិកំណើត សេចក្ដីស្លាប់ និងការកើតជាថ្មី ដែលផ្ដល់ឲ្យអ្នកនូវមុក្តិ ឬការរួចចាក់ទុក្ខ», លោកសាស្ត្រាចារ្យ សិង្ហាពន្យល់បន្ថែម ។
ថ្លៃបន្ទប់គឺ ២០ រូពី (៣០ សេនដុល្លារសហអាម៉េរិក ឬជាង ១០០០ រៀលខ្មែរ) ក្នុងមួយថ្ងៃ ។ លោក សុក្ល មានប្រសាសន៍ថា «តម្លៃនេះគឺដើម្បីទូទាត់ថ្លៃអគ្គិសនី» ។ គាត់និយាយទៀតថា «យើងផ្តល់ចង្រ្កាននៅក្នុងបន្ទប់នីមួយៗសម្រាប់ភ្ញៀវធ្វើម្ហូប ។ ភ្ញៀវម្នាក់ៗត្រូវអមដំណើរដោយសមាជិកគ្រួសារឬអ្នកមើលថែពីរនាក់» ។ តម្លៃថោកបែបនេះដោយសារតែ ផ្ទះសំណាក់មុក្តិភវ័ន ត្រូវបានឧបត្ថម្ភដោយជំនួយសប្បុរសធម៌ ។ តាមធម្មតា ថ្លៃបន្ទប់មួយមិនតិចជាង ៥០០ រូពី (ជិត ៧ ដុល្លារអាម៉េរិច ឬជាង ២៨០០០ រៀល) ក្នុងមួយថ្ងៃឡើយ ។
សាកសពកំពុងត្រូវបានគេបូជា នៅមណិកណិក៌ា ឃាដ ជាឈាបនដ្ឋានស័ក្ដិសិទ្ធិជាងគេ នៅតាមដងទន្លេគង្គា ទីក្រុងកាសី ។ Photo Alamy |
នៅក្នុងផ្ទះសំណាក់មាន មានបន្ទប់តូចល្មមមួយ ដែលមានអាសនៈតម្កល់ព្រះទេវរូបជាច្រើន មានទូឈើដាក់សៀវភៅធម៌ និងគម្ពីរហិណ្ឌូមួយចំនួន ។ នៅទីនេះមានអ្នកបួសហិណ្ឌូដឹកនាំភ្ញៀវធ្វើសក្ការបូជា ដោយសូត្រធម៌ និងច្រៀងចម្រៀងសាសនា មួយថ្ងៃបីដង ។
នៅផ្ទះសំណាក់នេះ ឬផ្ទះសំណាក់ជាទូទៅ គឺមិនមានវេជ្ជបណ្ឌិតគិលានុបដ្ឋាយិកាឬថ្នាំពេទ្យទេ ។ រៀងរាល់ពីរបីម៉ោងម្ដង អ្នកស្នាក់នៅដែលមានជំងឺត្រូវបានគេអោយស្លឹកតុល្សី (ស្លឹកជីម្រះព្រៅស័ក្ដិសិទ្ធិ) និងទឹកគង្គាជលពីរបីស្លាបព្រា ជាទឹកបរិសុទ្ធពីទន្លេគង្គាដែលហិណ្ឌូជឿថា ជាឱសថដ៏ប្រសើរបំផុតនៅពេលស្លាប់ ។
ដូច្នេះហេតុអ្វីបានជាហិណ្ឌូជឿថាការស្លាប់នៅកាសី អាចនាំឲ្យបានសម្រេចមោក្ស រួចចាកពីវដ្ដសង្សារបាន? យោងទៅតាមទេវកថាហិណ្ឌូ ព្រះសិវៈផ្ទាល់បានសូត្រខ្សឹបៗនូវមន្ត្រៈ ជាឈ្មោះព្រះរាម ដាក់ត្រចៀកនៃអ្នកទៀបនឹងស្លាប់នៅកាសី ។
ស្វាមិនី សុប្រិយនន្ទ អាយុ ៤៦ ឆ្នាំមកពីអង្គការបេសកកម្មចិន្ម័យ មានមូលដ្ឋាននៅទីក្រុងហុងកុងបាននិយាយថា «ទីក្រុងកាសីមិនមែនជាទីកន្លែងមួយទេ ប៉ុន្តែជាសភាវនៃចិត្តដែលអ្នកត្រូវបានរំលាយចូលក្នុងព្រះសិវៈ ជាទីកំចាត់បង់នូវសេចក្តីប្រាថ្នា និងតណ្ហាដែលជាគ្រឿងចងយើង ឲ្យជាប់ជំពាក់ជាមួយនឹងកាមលោកនេះ ។
គាត់ពន្យល់ថា «ចិត្តបានស្ងប់ ហើយទទួលបានចំណេះដឹងថា យើងមិនមែនជារាងកាយទេ តែជាព្រលឹង ហើយព្រលឹងមិនដែលស្លាប់ឡើយ» ។ គាត់ពន្យល់បន្តទៀតថា «ហើយវាគឺជាការយល់ដឹងនេះហើយ ដែលជួយរំដោះយើងនិងផ្តល់ឲ្យយើងនូវមោក្ស ជាការរំលាយព្រំដែននៃភាពជាបុគ្គល (តួខ្លួន) របស់យើង ដើម្បីរួមបញ្ចូលគ្នាជាភាពជារបស់តែមួយ (ឯកត្តា) នៃសព្វសត្វទាំងពួង» ។
*ផ្ទះសំណាក់មុក្តិភវ័ននេះ ត្រូវបានក្រុមហ៊ុនភាពយន្តឥណ្ឌា ប៊ូលីវូដ បានយកធ្វើជាចំណងជើងរឿងមួយ (Hotel Salvation ឬជាហិណ្ឌី Mukti Bhawan) ដែលមានខ្លឹមសាររឿងដូចអ្វី ដែលបានរៀបរាប់ក្នុងអត្ថបទខាងលើនេះ ដែលសម្ភោធនៅក្នុងឆ្នាំ ២០១៧ នៅប្រទេសឥណ្ឌា ។ រឿងនេះទទួលបានជោគជ័យខ្លាំងនៅប្រទេសជប៉ុន ។ មានភាពយន្តខ្លី ៣០ នាទីមួយទៀត ក្រោមចំណងជើងថា «Mumbai-Varanasi Express» ចេញផ្សាយនៅក្នុងឆ្នាំ ២០១៧ ដែលមើលបានដោយសេរី នៅលើយូធូប ។
No comments:
Post a Comment