កម្មវិធីបុណ្យសូត្រព្រះត្រៃបិដកលើកទី១៥នៅពុទ្ធស្ថានពុទ្ធគយាបានបញ្ចប់ហើយ - លោកវិទូ

ព័ត៌មានថ្មីៗ

Friday, December 13, 2019

កម្មវិធីបុណ្យសូត្រព្រះត្រៃបិដកលើកទី១៥នៅពុទ្ធស្ថានពុទ្ធគយាបានបញ្ចប់ហើយ

(នៅខាងក្រោយ) អ្នកស្រីមហាឧបាសិកា វ៉ាងម៉ូ ឌីស៊ី និងលោក នេលសុន ចាម៉្មា (នៅខាងមុខ) ឯ.ឧ. អភិសេក សិង្ហ កំពុងថ្លែងសុន្ទរកថា ក្នុងឱកាសបិទកម្មវិធីបុណ្យ, ពុទ្ធគយា, ប៊ីហារ, ១២ ធ្នូ ២០១៩ ។

លោកវិទូ | ថ្ងៃ ៦᧲១ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ១៣ ធ្នូ ២០១៩

ពុទ្ធគយា៖ កម្មវិធីបុណ្យសូត្រព្រះត្រៃបិដកលើកទី១៥ នៅក្រោមម្លប់ព្រះមហាពោធិព្រឹក្ស ពុទ្ធគយា ដែនជម្ពូទ្វីបជាទីដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់ដឹង បានបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ១ រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១២ ធ្នូ ២០១៩ អស់រយៈពេល ១១ ថ្ងៃតាមការគ្រោងទុក ដោយមានព្រះសង្ឃ ពុទ្ធបរិស័ទបានចូលរួមសរុបជាង ៣០០០ អង្គ/នាក់ ដែលនិមន្តនិងអញ្ជើញមកពី ១០ ប្រទេសកាន់ព្រះពុទ្ធសាសនាថេរវាទគឺ កម្ពុជា ថៃ ភូមា ឡាវ វៀតណាម ឥណ្ឌូនេស៊ី ឥណ្ឌា ស្រីលង្កា បង់ក្លាដេស នេប៉ាល់ ។

កម្មវិធីបិទកម្មវិធីបុណ្យបានប្រព្រឹត្តទៅយ៉ាងឱឡារិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯ.ឧ. អភិសេក សិង្ហ (DM Abhishek Singh) អភិបាលស្រុកគយា នៃរដ្ឋប៊ីហារ, និងភ្ញៀវកិត្តិយសសំខាន់ៗដូចជា ឯ.ឧ. អ៊ូ មិនសូ (H.E. U Myint Soe) អគ្គកុងស៊ុលនៃស្ថានកុងស៊ុភូមាប្រចាំនៅទីក្រុងកាលកុត្តា, ព្រះតេជព្រះគុណ ឆាឡុង ចន្ទសិរិ (Ven. Chalong Chandasiri) អធិបតីរងក្រុមប្រឹក្សាសូត្រព្រះត្រៃបិបកអន្តរជាតិ (អាយ.ធី.ស៊ី.ស៊ី.) និងជាព្រះគ្រូអធិការវត្តថៃវេសាលី និងមន្ទីរពេទ្យវត្តថៃពោធិបាល, បណ្ឌិត រវិន្ទ្រ ប៉ាន់ថ៍ (Dr Ravindra Panth) អតីតសាកលវិទ្យាធិការសាកលវិទ្យាល័យនវនាលន្ទា រាជគ្រឹះ, ព្រះតេជព្រះគុណ សទ្ធម្មៈ (Ven. Saddhamma) តំណាងគណៈសង្ឃវៀតណាម ដែលជាប្រធានរៀបចំកម្មវិធីបុណ្យ, លោក កោវិន្ទ កម្បៈ (Mr. Kovind Khampa) នាយកប្រតិបត្តិ សហព័ន្ធពុទ្ធសាសនាអន្តរជាតិ (IBC) ញូវដែល្លី, ព្រះគ្រូ ស៊ី លាន ហៃ (Most Ven. Master Shih Lien Hai) ព្រះអធិបតីសមាគមអភិវឌ្ឍន៍ព្រះពុទ្ធសាសនាទូទាំងសាកលលោក តៃវ៉ាន់, និងអ្នកស្រី មហាឧបាសិកា វ៉ាងម៉ូ ឌីស៊ី នាយកប្រតិបត្តិមូលនិធិពន្លឺព្រះពុទ្ធធម្មអន្តរជាតិ កាលីហ្វញ៉ា ។

សុន្ទរកថាសំខាន់ៗមួយចំនួន ដែលវាគ្មិនចូលរួមបានថ្លែងមានជាអាទិ៍៖

ព្រះតេជព្រះគុណ ឆាឡុង មានថេរដីកាថា អំពីឥណ្ឌាថាជាទឹកដីពុទ្ធភូមិដ៏ស័ក្តិសិទ្ធ និងអត្ថាធិប្បាយអំពីអរិយសច្ច ៤ ។ ព្រះអង្គបានលើកឡើងអំពី ពុទ្ធឱវាទបីយ៉ាងគឺ សព្វបាបស្ស អករណំ ការមិនធ្វើបាបគ្រប់យ៉ាង ១ កុសលស្សូបសម្បទា ការញ៉ាំងកុសលឱ្យដល់ព្រម ១ សចិត្តបរិយោទ បនំ ការជម្រះសន្តានចិត្តរបស់ខ្លួនឲ្យផូរផង់ ១ ទាំងនេះជាពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធទាំងឡាយគ្រប់ព្រះអង្គ ។ ព្រះអង្គបានរំឭកដល់ព្រះតេជគុណ តាថាំង ទុលគូ (Ven. Tarthang Tulku) បិតារបស់មហាឧបាសិកា វ៉ាងម៉ូ ឌីស៊ី (Wangmo Dixey) និងស្ថាបនិកមូលនិធិពន្លឺព្រះពុទ្ធធម្មអន្តរជាតិ កាលីហ្វញ៉ា ។
លោកសាស្ត្រាចារ្យ បណ្ឌិត ប៉ាន់ថ៍ កំពុងថ្លែងសុន្ទរកថា ក្នុងឱកាសបិទកម្មវិធីបុណ្យ, ពុទ្ធគយា, ប៊ីហារ, ១២ ធ្នូ ២០១៩ (គាត់បានទៅទស្សនកិច្ចនៅប្រទេសកម្ពុជាថ្មីៗនេះដែរ) ។

លោកសាស្ត្រាចារ្យ បណ្ឌិត ប៉ាន់ថ៍ បានរំឭកដល់បច្ឆិមពុទ្ធវចនៈ វយ ធម្មា សង្ខារា អប្បមាទេន សម្បាទេថ ដែលមានសេចក្តីថា «សង្ខារទាំងឡាយមានសេចក្តីសាបសូន្យទៅជាធម្មតា អ្នកទាំងឡាយចូរញ៉ាំងកិច្ចទាំងពួងឲ្យសម្រេច ដោយសេចក្តីមិនប្រមាទចុះ» ។ គាត់បានរំឭកដល់ប្រវត្តិនៃការសូត្របាលី ដែលជាពុទ្ធវចនៈ ដែលផ្ដើមឡើងនៅក្រុងរាជគ្រឹះ ដែលសំដៅដល់សង្គាយនា​លើក​ទី ១ ​នៅ​​គុហារ​សត្តបន្និ ដែល​ស្ថិត​នៅ​ខាង​ក្រៅ​ក្រុង​រាជគ្រឹះ ៣​ ខែបន្ទាប់ពីព្រះពុទ្ធបរិនិព្វាន (៥៤៤ មុន​គ្រិស្ត​សករាជ) ។ គាត់បន្ថែមទៀតថា ការសូត្រព្រះត្រៃបិដកនេះនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ត្រូវធ្វើធម្មយាត្រាទៀត គឺធ្វើធម្មយាត្រាទៅកាន់អដ្ឋមហាស្ថានសំខាន់ៗទាំង៨ ដែលព្រះបាទធម្មាសោក ទ្រង់បានធ្វើកំណត់ត្រាទុក ។

ព្រះតេជព្រះគុណ សទ្ធម្មៈ តំណាងគណៈសង្ឃវៀតណាម បានថ្លែងអំណរគុណចំពោះពុទ្ធបរិស័ទ ជាពិសេសពុទ្ធបរិស័ទមកពីប្រទេសថៃ ដែលបានជួយរៀបចំកម្មវិធីបុណ្យនេះ និងលើកឡើងអំពីភាពខ្លះខាត ដែលបានកើតឡើងក្នុងថ្ងៃរៀបចំកម្មវិធី ។ ព្រះអង្គបានគម្រោងថា នៅក្នុងសៀវភៅកម្មវិធីសូត្រព្រះត្រៃបិដក លើកក្រោយនិងបញ្ចូលមាតិកាឲ្យបានច្រើន ដើម្បីជាប្រយោជន៍អ្នកអាន ដែលមិនបានចូលរួមផ្ទាល់ ។

សុន្ទរកថាគួរឲ្យចាប់អារម្មណ៍នោះគឺ លោក កោវិន្ទ កម្បៈ នាយកប្រតិបត្តិ សហព័ន្ធពុទ្ធសាសនាអន្តរជាតិ បានលើកឡើងនូវបញ្ហាមួយចំនួនអំពីប្រវត្តិសង្ខេបរបស់សហព័ន្ធ និងគម្រោងអនាគតទាក់ទងនឹងការផ្ដល់អាហារូបករណ៍សិក្សាព្រះពុទ្ធសាសនា ដល់និស្សិតអន្តរជាតិ ។ លោកបានមានប្រសាសន៍ថា ជំហានដំបូង អាយ.ប៊ី.ស៊ី. នឹងផ្ដល់អាហារូបករណ៍ចំនួន ១៥ ដល់ប្រទេសចំនួន ៥ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍-បូព៌ា សម្រាប់ការសិក្សាព្រះពុទ្ធសាសនា ថ្នាក់អនុបណ្ឌិតនិងបណ្ឌិត នៅសាកលវិទ្យាល័យនានា នៅប្រទេសឥណ្ឌា មានសាកលវិទ្យាល័យនវនាលន្ទា សាកលវិទ្យាល័យដែល្លី និងសាកលវិទ្យាល័យព្រះពុទ្ធគោតមជាដើម ។ ជាពិសេស គាត់បានលើកឡើងថា លោកនាយករដ្ឋមន្ត្រី នរេន្ទ្រ មោទី នៅគ្រប់ទីកន្លែងដែលគាត់ទៅ តែងតែនិយាយអំពីព្រះពុទ្ធជាម្ចាស់និងឥណ្ឌាមានធម្មានុរូបភាព ក្នុងការផ្សព្វផ្សាយព្រះពុទ្ធសាសនា ពីព្រោះនៅក្នុងចំណោមពុទ្ធស្ថានសំខាន់ទាំង៥ មាន៤ហើយនៅក្នុងប្រទេសឥណ្ឌា និង១ទៀតនៅប្រទេសនេប៉ាល់ ។ គាត់ក៏បាននិយាយអំពីគម្រោងអភិវឌ្ឍន៍ នៅតំបន់ពុទ្ធគយា មានការភ្ជាប់ជើងហោះហើរទៅកាន់ប្រទេសផ្សេងៗ និងសណ្ឋាគារផ្កាយ៥ជាដើម ។
ពិធីដង្ហែព្រះត្រៃបិក ទៅកាន់ព្រះមហាពោធិព្រឹក្ស ពុទ្ធគយា, ក្នុងថ្ងៃបើកកម្មវិធីបុណ្យ, ០២ ធ្នូ ២០១៩ ។

នៅទីបញ្ចប់កម្មវិធី អ្នកស្រីមហាឧបាសិកា វ៉ាងម៉ូ ឌីស៊ី បានថ្ងែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះភ្ញៀវអធិបតី និងភ្ញៀវកិត្តិយស ព្រមទាំងព្រះសង្ឃ ពុទ្ធបរិស័ទទាំងអស់ ដែលបានញ៉ាំងកម្មវិធីបុណ្យសូត្រព្រះត្រៃបិដកអន្តរជាតិលើកទី១៥ ឲ្យបញ្ចប់ទៅដោយជោគជ័យនិងសទ្ធាជ្រះថ្លាក្រៃលែង នៅលើទឹកដីដ៏ពិសិដ្ឋជាទីត្រាស់ដឹងនៃព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គ ។

អ្នកស្រីមហាឧបាសិកា ក៏បានថ្លែងអំណរគុណផងដែរ ចំពោះអ្នកស្ម័គ្រចិត្តចូលរួមរៀបចំកម្មវិធីបុណ្យ អ្នករៀបចំចង្ហាន់បណ្ឌបាត្រ  ចុងភៅប្រមាណ១៥នាក់ ដែលមកពីប្រទេសឥណ្ឌាក៏ដូចជាក្រៅប្រទេស បានធ្វើការងារយ៉ាងសកម្មទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើឲ្យកម្មវិធីបុណ្យបានប្រព្រឹត្តយ៉ាងរលូន ។ ជាពិសេស គាត់បានថ្លែងអំណរគុណយ៉ាងធំធេង ចំពោះពុទ្ធបរិស័ទដែលបានឧបត្ថម្ភ និងប្រគេនជាចង្ហាន់ប្រចាំថ្ងៃ សម្រាប់ព្រះសង្ឃនិងពុទ្ធបរិស័ទទាំងអស់ នៅក្នុងកំឡុងពិធីបុណ្យសូត្រព្រះត្រៃបិដកនេះ ។

ពិធីបុណ្យសូត្រព្រះត្រៃបិដក បានចាប់ឡើងលើកទី១ នៅក្នុងឆ្នាំ ២០០៨ ដោយមានអ្នកស្រីមហាឧបាសិកា វ៉ាងម៉ូ ឌីស៊ី និងធម្មមិត្តរបស់គាត់ ជាអ្នកផ្ដួចផ្ដើមឡើង ក្នុងគោលបំណងរំឭកឡើងវិញ នូវសំឡេងព្រះសទ្ធម្មជាភាសាបាលី នៅលើទឹកដីកំណើត ដ៏ស័ក្តិសិទ្ធិនេះ ដែលបានបាត់បង់អស់ជាច្រើនទសវត្សរ៍ណាស់មកហើយ ។

ប្រធានរៀបចំកម្មវិធីបុណ្យនេះគឺជាការធ្វើតាមការស្ម័គ្រចិត្ត ហើយជាកិត្តិយសសម្រាប់ប្រទេសកម្ពុជា ដែលធ្លាប់បានធ្វើជាប្រធានរៀបចំកម្មវិធីបុណ្យសូត្រព្រះត្រៃបិដកលើកទី៦ ក្នុងឆ្នាំ ២០១៤ ក្រោមការដឹកនាំរបស់ព្រះតេជព្រះគុណ ព្រះទេវសត្ថា ពឿយ មេត្តា ព្រះគ្រូចៅអធិការ ៨ វត្ត នៅទឹកដីពុទ្ធភូមិឥណ្ឌា-នេប៉ាល់ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment