យុវជនខ្មែរកម្ពុជាក្រោមមួយក្រុម បានយកល្ខោនខោលខ្មែរ ទៅសម្ដែងផ្សព្វផ្សាយនៅប្រទសឥណ្ឌា - លោកវិទូ

ព័ត៌មានថ្មីៗ

Saturday, December 07, 2019

យុវជនខ្មែរកម្ពុជាក្រោមមួយក្រុម បានយកល្ខោនខោលខ្មែរ ទៅសម្ដែងផ្សព្វផ្សាយនៅប្រទសឥណ្ឌា

យុវជនខ្មែរកម្ពុជាក្រោម ក្នុងឈុតល្ខោនខោលខ្មែរ សាកលវិទ្យាល័យកាលកុត្តា បេង្គ័លខាងលិច ប្រទេសឥណ្ឌា, ២៨-២៩ វិច្ឆិកា ២០១៩ ។

លោកវិទូ | ថ្ងៃ ៧᧫១ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ០៧ ធ្នូ ២០១៩ ។ 

កាលកុត្តា៖ យុវជនខ្មែរកម្ពុជាក្រោម (វៀតណាមខាងត្បូង) មួយក្រុម បានចូលរួមសម្ដែងល្ខោនខោលខ្មែរ នៅក្នុងកម្មវិធីសិក្ខាសាលាអន្តរជាតិ ២ ថ្ងៃស្ដីអំពី «អតីតនៅក្នុងបច្ចុប្បន្ន៖ អនាគតនៃកេរមរតក» ដែលរៀបចំដោយមហាវិទ្យាល័យសារមន្ទីរសាស្ត្រ នៃសាកលវិទ្យាល័យកាលកុត្តា (University of Calcutta) ទីក្រុងកាលកុត្តា រដ្ឋបេង្គ័លខាងលិច ប្រទេសឥណ្ឌា ថ្ងៃទី ២៨~២៩ វិច្ឆិកា ២០១៩ ។

នេះគឺជាការសម្ដែងឈុតឆាកប្រយុទ្ធគ្នា រវាងក្រុងរាពណ៍ (Ravan) និងហនុមាន (Hanuman) ក្នុងរឿងរាមកេរ្តិ៍ដ៏ល្បីល្បាញរបស់ខ្មែរ ។ វាជាការបង្ហាញឲ្យអ្នកចូលរួមក្នុងកម្មវិធីសិក្ខាសាលានេះ ក៏ដូចជាសាកលវិទ្យាល័យកាលកុត្តាផ្ទាល់ បានស្គាល់នូវរបាំខ្មែរ ដែលទទួលឥទ្ធិពលពីរឿងរាមាយណៈ (Ramayana) ដ៏ល្បីល្បាញរបស់ឥណ្ឌា ដែលជាកេរមរតកវប្បធម៌ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ។

យោងតាមខិតប័ណ្ណព័ត៌មានរបស់សាកលវិទ្យាល័យកាលកុត្តា ដែលសារព័ត៌មានលោកវិទូទទួលបាន សិក្ខាសាលានេះ មានគោលបំណងសិក្សាស្វែងយល់អំពី «សារសំខាន់នៃការតភ្ជាប់គ្នាមិនដាច់នៃអតីតកាល មកដល់បច្ចុប្បន្នកាល ដើម្បីធ្វើជាផែនទីទៅរកនិន្នាការអនាគតកាល នៃកេរមរតក នៅក្នុងពិភពលោកសាកលភាវូបនីយកម្ម នៅក្រោយក្រោយសម័យទំនើប ដែលស្ថិតនៅក្រោមសម័យឌីជីថលដែលជ្រួតជ្រាបយ៉ាងពេញទំហឹងទាំងអស់» ។ មានន័យថា «អតីតកាលមិនស្លាប់ទេ ហើយសូម្បីអតីតកាលក៏មិនមែនជាអតីតកាលដែរ» (William Faulkner) ។

យើងពុំមានព័ត៌មានផ្ទាល់ជាក់លាក់ទេ ប៉ុន្តែតាមមើលការសម្ដែងនេះមានលក្ខណៈជាឯកជន រវាងសាកលវិទ្យាល័យជាតិវៀតណាម នៃសង្គមសាស្ត្រ និងមនុស្សសាស្ត្រ សាខាទីក្រុងហូជីមិញ (VNUHCM-USSH) និងមហាវិទ្យាល័យសារមន្ទីរសាស្ត្រ នៃសាកលវិទ្យាល័យកាលកុត្តា ។ ហើយបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ ទូ ផាន់ (Tu Phan) ដែលបង្ហោះរូបភាពមួយចំនួន អំពីការសម្ដែងនេះ រួមមានយុវជនខ្មែរកម្ពុជាក្រោម ២ នាក់ផងគឺ បាត់ តាំ ថាញ់ (But Tam Thanh) និង ដាញ់ ដារា (Danh Dara) សរុបទាំងអស់ ៣ នាក់ ។

គួរឲ្យកត់សម្គាល់ ក្នុងរយៈពេលបួនប្រាំឆ្នាំចុងក្រោយនេះ ប្រទេសវៀតណាមបានពង្រឹងទំនាក់ទំនងការទូត ជាមួយប្រទេសឥណ្ឌាយ៉ាងខ្លាំង តាមរយៈការរៀបចំសិក្ខាសាលារួមគ្នា ការរៀបចំកម្មវិធីសម្ដែងសិល្បៈវប្បធម៌ ទស្សនកិច្ចសិក្សា និងការពេញនិយមរបស់និស្សិតវៀតណាមមករៀននៅឥណ្ឌាជាដើម ។ សកម្មភាពនេះកើតឡើងស្របពេលគ្នា ដែលទំនាក់ទំនងរវាងវៀតណាមនិងចិនពុំសូវល្អ ដោយសារជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូង ។

ក្នុងការពង្រឹងទំនាក់ទំនងវប្បធម៌ វៀតណាម (ដែលទទួលឥទ្ធិពលប្រពៃណីវប្បធម៌ពីចិន) បានព្យាយាមប្រើប្រវត្តិសាស្ត្រអាណាចក្រចម្ប៉ា ដែលទទួលឥទ្ធិពលវប្បធម៌ពីឥណ្ឌា (ដូចអាណាចក្រហ្វូណនរបស់ខ្មែរដែរ) ដើម្បីភ្ជាប់ទំនាក់ទំនងវប្បធម៌របស់ខ្លួនជាមួយឥណ្ឌា ។ ដូច្នេះ សិល្បៈវប្បធម៌ខ្មែរកម្ពុជាក្រោម ក៏អាចជាឧបករណ៍ការទូតសាធារណៈ (Public diplomacy) មួយផ្នែកបន្ថែមទៀតសម្រាប់វៀតណាម ក្នុងការខិតចូលរកឥណ្ឌាឲ្យកាន់តែជិតស្និទ្ធឡើង ស្របពេលដែលវៀតណាមកំពុងបន្ធូរដៃ ឲ្យខ្មែរក្រោមមាននូវសេរីភាពផ្នែកសង្គមនិងវប្បធម៌មួយកម្រិត តាមរយៈការអនុញាតឲ្យមានការចាក់ផ្សាយ សិល្បៈប្រពៃណីខ្មែរតាមកញ្ចក់ទូរទស្សន៍ជាដើម ។

នេះគ្រាន់តែជាការយល់ឃើញសើៗប៉ុណ្ណោះ សូមតាមដាននិងសិក្សាស្វែងយល់បន្ថែម អំពីគោលនយោបាយថ្មីរបស់វៀតណាម ក្នុងភូមិសាស្ត្រនយោបាយ និងរឿងខ្មែរកម្ពុជាក្រោម ។ ទោះយ៉ាងណាក៏ដោយ សិល្បៈបុរាណនេះជាទីពេញនិយមណាស់ សម្រាប់បងប្អូនខ្មែរក្រោមខេត្តព្រះត្រពាំង តែងតែសម្ដែងក្នុងកម្មវិធីបុណ្យទានផ្សេងៗ ហើយនេះជាមោទនភាពមួយសម្រាប់យុវជនខ្មែរក្រោម ដែលមានឱកាសបានទៅសម្ដែងបង្ហាញ នូវសិល្បៈវប្បធម៌របស់ខ្លួន លើឆាកអន្តរជាតិ (ប្រទេសឥណ្ឌានេះ) ។

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment