ស្នេហាត្រីកោណរវាងព្រះអង្គម្ចាស់អាទិត្យ វីរនារីឥណ្ឌាមហារានីមាយា និងនាងសុភាព - លោកវិទូ

ព័ត៌មានថ្មីៗ

Friday, December 20, 2019

ស្នេហាត្រីកោណរវាងព្រះអង្គម្ចាស់អាទិត្យ វីរនារីឥណ្ឌាមហារានីមាយា និងនាងសុភាព


លោកវិទូ | ថ្ងៃ ៦᧹១ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ២០ ធ្នូ ២០១៩

ស្នេហាត្រីកោណគឺជាខ្លឹមសារក្នុងរឿង «សន្ធិប្រកាស» (អង់គ្លេស៖ Twilight, បារាំង៖ Crépuscule) គឺជាខ្សែភាពយន្តខ្មែរឆ្នាំ ១៩៦៩ ដែលជាស្នាព្រះហស្ដរបស់សម្ដេចព្រះ នរោត្តម សីហនុ ។ «សន្ធិប្រកាស» មានន័យ​ថា​ ពេលព្រះអាទិត្យអស្ដង្តត​ ឬពេលថ្ងៃលិច ។

ភាពយន្ត​នេះ ដែល​និពន្ធនិង​ដឹក​នាំ​ដោយ​សម្ដេច​ព្រះ​បាទ​នរោត្តម សីហនុ មាន​រយៈ​ពេល​បញ្ចាំង​៧៥​នាទី ។ សន្ធិប្រកាស ប្រើ​ប្រាស់​ភាសា​ខ្មែរ និង​បារាំង និង​ចូល​រួម​សម្ដែង​ដោយ​ព្រះ​មហា​វីរក្សត្រ​សម្ដេច ព្រះ​បាទ នរោត្តម សីហនុ និង​សម្ដេច​ព្រះ​មហាក្សត្រិយ៍ ព្រះ​វររាជមាតា នរោត្តម មុនីនាថ សីហនុ ។ ភាពយន្ត​នេះ​ថត​នៅ​ទឹក​ដី​អង្គរ​ ខេត្ត​សៀមរាប និង​ក្រុង​ព្រះ​សីហនុ​ ។

ខ្សែភាពយន្តនេះ ព្រះរាជនិពន្ធដឹកនាំនិងផលិតនិងសម្ដែងដោយ សម្តេចព្រះ នរោត្តម សីហនុ ដែលផ្អែកលើសៀវភៅ «អង្គរ» និពន្ធដោយអ្នកបុរាណវិទូបារាំងដ៏ល្បីល្បាញគឺលោក ប៊ែណាដ គ្រោសលីយ៉េ (Bernard Groslier) ដែលក្នុងនោះលោកបានពណ៌នាពីសម្រស់នៃប្រាសាទអង្គរ ។ 

សម្ដេចសីហនុបានបង្កើតរឿងរ៉ាវស្នេហាត្រីកោណ ដែលមានភ្ជាប់នូវទិដ្ឋភាពនៃប្រាសាទអង្គរវត្ត ដោយមានវីរនារីឥណ្ឌា (មហារានី មាយា) ដែលបានដើរតួដោយព្រះមហេសីរបស់ព្រះអង្គ ម្ចាស់ក្សត្រី មូនិច ដែលលង់ស្នេហ៍ជាមួយព្រះអង្គម្ចាស់ខ្មែរ (ព្រះអង្គម្ចាស់អាទិត្យ) ។

ព្រះអង្គម្ចាស់ខ្មែរជាទាហានចូលនិវត្តន៍ ដែលមានសុខភាពទន់ខ្សោយដោយជំងឺ បានធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយមហារានីមាយា នៃប្រទេសឥណ្ឌា (រាជបុតានៈ, មានរាជវាំងឈ្មោះ នីមរ៉ាណា នៅរដ្ឋរាជស្ថាន បច្ចុប្បន្ន) ដែលជាភ្ញៀវរបស់ព្រះអង្គ ធ្លាប់ជួបស្គាល់គ្នានៅញូវដែល្លីឆ្នាំ ១៩៦៥ ។ រដ្ឋាភិបាលកម្ពុជាបានបញ្ជូនគិលានុបដ្ឋាយិកា ដែលបានទទួលការបណ្តុះបណ្តាលឈ្មោះ សុភាព (ឌីសាវ៉េត) ដែលបានបម្រើព្រះអង្គប្រកបដោយភក្តីភាព ។ ប៉ុន្តែព្រះអង្គម្ចាស់មិនបានដឹងទាល់តែសោះ អំពីដួងចិត្តប្រេះស្រាំរបស់នាងទេ ។

ក្រៅពីស្នេហាត្រីកោណ រឿងភាពយន្តនេះបានបង្ហាញ នូវទិដ្ឋភាពដ៏ស្រស់ត្រកាលនៃប្រទេសកម្ពុជាសម័យនោះ ជាពិសេសប្រាង្គប្រាសាទអង្គរវត្ត ដែលកាលនោះនៅហាក់ដូចជា ឧទ្យានសាធារណៈមួយមានភាពស្ងាត់ជ្រងំ មិនដូចជាតំបន់ទេសចរណ៍អ៊ូអរទេ ។ រឿងនេះក៏បង្ហាញពីវប្បធម៌ខ្មែរ និងពិធីបុណ្យទានជាដើមផងដែរ ។

ម្យ៉ាងទៀត ខ្សែភាពយន្តនេះប្រហែល សម្ដេច នរោត្តម សីហនុ ទ្រង់មានព្រះរាជបំណងបង្ហាញពីភក្ដីភាពរបស់ទ្រង់ ចំពោះលោកបណ្ឌិត ចាវ៉ាហាឡាល់ នេហ៍រូ និងមិត្តភាពជិតស្និទ្ធរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌានាពេលនោះ ។

តួសម្ដែង៖

នរោត្តម សីហនុ … ព្រះអង្គម្ចាស់ អាទិត្យ
ព្រះអង្គម្ចាស់ក្សត្រី ម៉ូនីក … មហារានីមាយា
គង់ សំអឿន … រ៉ូដាហ្វ វ៉ាលេន្ទីនូ
គ្រីស៊ីន រ៉េលវ៉ានី … ឯកអគ្គរដ្ឋទូត
ឌី សាវ៉េត … សុភាព
វិសាខ ទូឡុង … អ្នកស្រី វិសាខ
សម សំអ៊ែល … អ្នកថតភាពយន្ត

កិត្តិស័ព្ទ៖

ដោយមានការសាទរយ៉ាងខ្លាំង ខ្សែភាពយន្តនេះបានឈ្នះ «ពានរង្វាន់អប្សរាមាស» ក្នុងមហោស្រពភាពយន្តអន្តរជាតិភ្នំពេញឆ្នាំ ១៩៦៩ ។ មិនតែប៉ុណ្ណោះ ខ្សែភាពយន្តនេះត្រូវបានចាក់បញ្ចាំង នៅឯមហោស្រពអន្តរជាតិជាច្រើនលើក រួមមានមហោស្រពភាពយន្តអន្តរជាតិលើកទី ៤ របស់ឥណ្ឌាជាអាទិ៍ ។ សូមអញ្ជើញទស្សនាខ្សែភាពយន្តទាំងស្រុងនៅខាងក្រោមនេះដោយមេត្រី!

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment