អត្ថបទចម្រៀងដ៏កម្រមួយ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គម ដែលរៀបរាប់អំពីកោះត្រឡាច ដែលជាគុកនយោបាយ ដាក់វីរជនខ្មែរជាច្រើននាក់ មានអាចារ្យ ហែម ចៀវ ជាដើម ក្នុងសម័យអាណានិគមបារាំង ។
អត្ថបទចម្រៀងនេះមានចំណងជើងថា «ឱ! កោះត្រឡាច» ត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុកឈ្មោះ Sophornby Sophorn (ប៊ី សោភ័ណ) ដែលជាទំព័រហ្វេសប៊ុកមួយ តែងបង្ហោះឯកសារនិងរូបភាពកម្រជាច្រើន ក្នុងសម័យសាធារណរដ្ឋខ្មែរ ។
បទនេះនិពន្ធបទភ្លេងនិងទំនុកច្រៀងដោយ មិត្រ យ៉ង់ ឈាង និងច្រៀងដោយ សំនៀង ឫទ្ធី ។ បទនេះជាអំណោយពីលោក យ៉ង់ ឈាង ជាអ្នកនិពន្ធបទភ្លេងនិងទំនុកច្រៀង បដិវត្តន៍ដ៏ល្បីល្បាញក្នុងរបបសាធារណរដ្ឋខ្មែរ ដែលបានចុះផ្សាយក្នុងឆ្នាំ ១៩៧២ ។
កោះត្រឡាច ធ្លាប់ជាគុកនយោបាយរបស់អាណានិគមបារាំង ដែលបានចាប់ជនស្នេហាជាតិខ្មែរ ប្រឆាំងនឹងបារាំងទៅឃុំឃាំង ដូចជា លោកក្រឡាហោមគង់ ពោធិ៍កំបោរ ព្រះភិក្ខុ បវរជោតញ្ញាណោ ឬ អាចារ្យ ហែម ចៀវព្រះភិក្ខុ ប៉ាង ខាត់ លោក ប៊ុណ្ណចន្ទ ម៉ុល និងវីរជនខ្មែរស្នេហាជាតិជាច្រើននាក់ផ្សេងទៀត ដែលបានស្លាប់បាត់បង់ជីវិតនៅទីនោះ ។
បទចម្រៀងបែបស្នេហាជាតិនេះមានបីវគ្គ ។ វគ្គទីមួយជាសេចក្ដីផ្ដើមថា «ឱ ទឹកដីព្រៃព្រឹក្សានាកោះត្រឡាច ខ្ញុំសូមផ្ញើព្រះអដ្ឋិធាតុ លោកគ្រូអាចារ្យ ហែម ចៀវ និងខ្មែរស្នេហាជាតិឯទៀតផង...» ។
កោះត្រឡាចជាគុកនយោបាយ ដែលជាប់ហើយកម្រនឹងមានជីវិតចេញមកវិញណាស់ ជាកន្លែងដាក់អ្នកទោសធ្ងន់ធ្ងរ ឬទោសជាប់គុកអស់មួយជីវិត ។ គេឲ្យរហ័សនាមវាថាជា «ឋាននរកសម្រាប់វីរជនខ្មែរ» ព្រោះតែការធ្វើទារុណកម្មឃោរឃៅគ្មានមេត្តា ចំពោះអ្នកទោសសោះឡើយ ។
ដូចវគ្គទី២នៃបទនេះបង្ហាញថា «ឱ! កោះត្រឡាច គួរខ្លាច ហើយ រន្ធត់ ដែលបានរំលត់ វិញ្ញាណក្ខ័ន្ធ អាចារ្យហែម ចៀវ ចារិកដោយឈាម លើដែនដី ស្រែកហ៊ោរកញ្ជៀវ ខំអំពាវនាវ ហៅរកកូនខ្មែរ អ្នកបដិវត្តន៍» ។
អដ្ឋិធាតុរបស់អាចារ្យ ហែម ចៀវ ត្រូវបានរដ្ឋាភិបាលសាធារណរដ្ឋខ្មែរ យកមកធ្វើបុណ្យនៅស្រុកខ្មែរ ក្នុងឆ្នាំ ១៩៧២ ហើយបានប្រសិទ្ធនាមអាចារ្យ ហែម ចៀវ ក្នុងបច្ឆាមរណៈថា «រដ្ឋបុរសជាតិ» ដើម្បីជាការដឹងគុណចំពោះលោក និងឲ្យកូនខ្មែរចង់ចាំលោកជារៀងរហូត ដើម្បីជាគំរូវីរភាពការពារជាតិមាតុភូមិតទៅ ។
សមដូចវគ្គចុងក្រោយថា «កោះត្រឡាចអើយ ខ្ញុំឮហើយៗសច្ចា ការពារសាសនាបន្ត ការណ៍លុះត្រាជោគជ័យ ទឹកចិត្តកូនខ្មែរនាសម័យ សាធារណរដ្ឋ មិនដែលភ្លាំងភ្លាត់ ភ្លេចបុព្វបុរសឧត្តមអតីតឡើយ ។»
អាចារ្យ ហែម ចៀវ ត្រូវបានរាជការបារាំងសែស ចាប់ផ្សឹកនិងកាត់ទោសឲ្យជាប់គុកអស់មួយជីវីត នៅលើកោះត្រឡាចកំណាចឃោរឃៅនេះ ក្នុងឆ្នាំ ១៩៤២ ព្រោះលោកប្រឆាំងនឹងរាជការបារាំង និងទាមទារចង់បានឯករាជ្យ ។ ជនស្នេហាជាតិមួយចំនួនទៀត ក៏ត្រូវបញ្ជូនទៅគុកកោះត្រឡាចនោះដែរ ដោយសារប្រឆាំងនឹងការចាប់ផ្សឹកអាចារ្យ ហែម ចៀវ ហើយបានធ្វើបាតុប្រឆាំងបារាំង នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ ១៩៤២ ដែលគេហៅថា «សង្គ្រាមឆ័ត្រ» ។
ប្រវត្តិជូរចត់នៃជីវិតរស់នៅនៅក្នុងគុកកោះត្រឡាច របស់អាចារ្យ ហែម ចៀវ និងជនស្នេហាជាតិខ្មែរ ត្រូវបានសរសេររៀបរាប់ ក្នុងសៀវភៅ «គុកនយោបាយ» ដ៏ល្បីល្បាញរបស់លោក ប៊ុណ្ណចន្ទ ម៉ុល អានហើយស្ទើរទប់ទឹកនេត្រាពុំបាន ខ្លោចចិត្តអាណិតលោកពន់ពេកក្រៃ ។ លោក ប៉ុណ្ណចន្ទ ម៉ុល និងព្រះភិក្ខុ ប៉ាង ខាត់ និងវីរជនខ្មែរមួយចំនួនទៀត បានសល់ជីវិតត្រឡប់មកវិញ ដោយជប៉ុនជួយទៅរំដោះយកមកវិញ ក្នុងឆ្នាំ ១៩៤៥ ក្រោយបារាំងចាញ់សង្គ្រាមលោកលើកទី២ ។ អ្នកទាំងអស់គ្នាបានក្លាយជាវីរបុរសជាតិ ហើយថៃ្ងនៃព្រឹត្តិការណ៍សង្គ្រាមឆ័ត្រ ២០ កក្កដា ត្រូវបានសម្ដេច នរោត្តម សីហនុ (ស្ថិតនៅក្រោមអាណានិគមជប៉ុន) ដាក់ជាថ្ងៃបុណ្យជាតិ ប្រចាំឆ្នាំទៀតផង ។
ក្រៅពីសៀវភៅនេះ នៅមានសៀវភៅមួយទៀត ជារឿងប្រលោមលោកខ្មែរចំណងជើងថា «អនុស្សាវរីយ៍ អ្នកទោស កោះត្រឡាច» ដោយ វិន គីម បោះពុម្ពក្នុងឆ្នាំ ១៩៧២ ។ ក្រៅពីនេះ នៅមានសៀវភៅពីរក្បាលគឺ «ជីវប្រវត្តិព្រះអាចារ្យ ហែម ចៀវ» ដោយ គុយ ឡូត បោះពុម្ពឆ្នាំ ១៩៧២ និងមួយក្បាលទៀតគឺ «ព្រះបាឡាត់ឃោសនាគ ហែម ចៀវ វីរបុរសជាតិ» ដោយ ព្រះពោធិវ័ង្ស សូរ ហាយ បោះពុម្ពឆ្នាំ ១៩៧២ ។
ទោះយ៉ាងណា ចម្រៀងស្នេហាជាតិដ៏មានអត្ថន័យនេះ ដូចជាមិនឃើញមាននៅលើបណ្ដាញអ៊ីនធឺណេត មានយូធូបជាដើម ។ វាប្រហែលជាបាត់បង់សំនៀងដើមហើយក៏មិនដឹង ។ ទោះយ៉ាងនេះក្ដី អ្នកចម្រៀងសម័យថ្មីគួរច្រៀងបទនេះឡើងវិញ ដើម្បីជាទីសណ្ដាប់ជំនួយស្មារតីស្នេហាជាតិ សម្រាប់ក្មេងជំនាន់ក្រោយ ។
ទឹកចិត្តនិងបណ្ដាំ ព្រះអាចារ្យ ហែម ចៀវ
No comments:
Post a Comment