ពាក្យខ្មែរយើងនិយមសរសេរខុសស័ព្ទដើម៖ «ពុទ្ធគយា» និង «មហាត្មៈ គន្ធី» - លោកវិទូ

ព័ត៌មានថ្មីៗ

Sunday, December 29, 2019

ពាក្យខ្មែរយើងនិយមសរសេរខុសស័ព្ទដើម៖ «ពុទ្ធគយា» និង «មហាត្មៈ គន្ធី»

ព្រះមហាពោធិវិហារ (ឆ្វេង) មហាត្មា គាន្ធី (ស្ដាំ) ។

លោកវិទូ | ថ្ងៃ ១᧤២ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ២៩ ធ្នូ ២០១៩

ជាទូទៅឡើងស៊ាំទៅហើយ ដែលខ្មែរយើងមួយចំនួននិយមសរសេរខុសនូវពាក្យមួយចំនួន ដែលជាឈ្មោះទាក់ទងនឹងឥណ្ឌា ។ សូមលើកយកពាក្យពីរ ដែលនិយមសរសេរខុសចាកសេចក្តីដើមគឺ «ពុទ្ធគយា» និង «មហាត្មៈ គន្ធី» ។

«ពុទ្ធគយា» គឺសំដៅដល់ទីស្ថានដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើង ព្រះអង្គទ្រង់ត្រាស់ដឹង ដែលជាកន្លែងដ៏សំខាន់បំផុត ក្នុងចំណោមកន្លែងសំខាន់ទាំង ៤ សម្រាប់ពុទ្ធបរិស័ទ ក្នុងសាកលលោក (ពុទ្ធសំវេជនីយដ្ឋាន) ដែលជាឈ្មោះរបស់ភូមិតូចមួយនៃស្រុកគយា រដ្ឋពិហារ (អានថា៖ ប៊ីហារ; មកពីពាក្យថា៖ វិហារ) ភាគខាងជើងនៃប្រទេសឥណ្ឌា ។

ឈ្មោះនេះសរសេរតាមអក្សរហិណ្ឌី (ទេវនាគរី) ជា «बोधगया» និងតាមអក្សរឡាតាំងជា «Bodhgaya» ។ បើសរសេរជាអក្សរខ្មែរតាមតួអក្ខរៈគឺ «ពោធគយា» ។ ខ្មែរយើងច្រើនច្រឡំសំឡេងរបស់ «O» ទៅជាសំឡេង «U» ឬ «.ោ» ទៅជា «.ុ» និងម្យ៉ាងទៀត សំឡេង «ពោធ» និង «ពុទ្ធ» ស្រដៀងគ្នាស្រាប់ផង ក៏សរសេរថា «ពុទ្ធគយា» បណ្ដោយទៅ ។

ទោះជាយ៉ាងណាក៏ដោយ «ពុទ្ធគយា» ក្តី «ពោធគយា» ក្តីសុទ្ធតែមិនមានក្នុងគម្ពីរដីកាព្រះពុទ្ធសាសនាឡើយ ។ តាមប្រវត្តិសាស្ត្រ «ពោធគយា» ត្រូវបានគេប្រើចាប់ពីសតវត្សរ៍ទី ១៨ នៃគ្រិស្តស័ករាជ ។ ចេតិយធំមួយនៅទីនេះ គេហៅថា «ពោធិវិហារ» និងបច្ចុប្បន្នគេហៅថា «ព្រះមហាពោធិវិហារ» ជាអង់គ្លេសថា «Mahabodhi Temple» ។ នៅក្នុងគម្ពីរព្រះពុទ្ធសាសនា ហៅកន្លែងនេះថា «ឧរុវេលៈ» ឬ «គយាសីសៈ» ដែលនៅជាប់នឹងឆ្នេរស្ទឹងនេរញ្ជរា ។ «ឧរុវេល» និង «គយា» ជាឈ្មោះរបស់តាបសជាបងប្អូននឹងគ្នាពីរនាក់ ក្នុងចំណោមបីនាក់គឺ ឧរុវេល កស្សប ១ គយា កស្សប ១ និង នទី កស្សប ១ ដែលបានបួសក្នុងសម្នាក់ព្រះសម្មាសម្ពុទ្ធ អមដោយបរិវារជាច្រើនពាន់នាក់ នៅ«ពោធគយា»នេះឯង ។

ពាក្យមួយទៀតជាឈ្មោះរបស់វីរជន «បិតាជាតិ» នៃប្រទេសឥណ្ឌា និងជាអ្នកប្រកាន់យកទ្រឹស្ដីអហិង្សានិយម ក្នុងការទាមទារឯករាជ្យពីអាណានិគមអង់គ្លេស ដែលក្រោយមកពិភពលោកទទួលស្គាល់និងយកធ្វើគំរូតាមគឺ «មោហនទាស ករមចន្ទ» ជាទេវនាគរី «मोहनदास करमचन्द» និងជាឡាតាំង «Mohandas Karamchand» (អានថា៖ មោហាន់ដាស់ ការ៉ាំចាន់) ។

កិត្តិនាមរបស់គាត់ថា «មហាត្មា» ជាទេវនាគរីថា «महात्मा» និងជាឡាតាំងថា «Mahātmā» (សំស្ក្រឹត៖ មហា + អាត្មា > មហាត្មា ដែលមានដួងព្រលឹងអស្ចារ្យ ឬ ដែលគួរគោរពសក្ការៈ) ត្រូវបានប្រើដំបូងនៅក្នុងឆ្នាំ ១៩១៤ នៅអាហ្វ្រិកខាងត្បូងកាលគាត់នៅជាមេធាវី និងបច្ចុប្បន្ន ត្រូវបានគេប្រើពេញពិភពលោក ។

កិត្តិនាមរបស់គាត់ «មហាត្មា» ខ្មែរយើងនិយមសរសេរជា «មហាត្មៈ» ឬមានខ្លះជា «មហត្មៈ» បាត់ស្រៈ «.ា» ។ ចំពោះនាមផ្ទាល់របស់គាត់ «គាន្ធី» ខ្មែរយើងនិយមសរសេរជា «គន្ធី» ព្រោះសូរស្រដៀងនឹង «គន្ធ» (បាលី៖ ក្លិន, គ្រឿងក្រអូប) បាត់ស្រះ «.ា» មួយ ។

សូមបញ្ជាក់ថា ខ្ញុំមិនមែនជាភាសាវិទូទេ ។ នេះគ្រាន់តែវែកញែកប្រៀបធៀបស័ព្ទដើម និងស័ព្ទដែលខ្មែរយើងនិយមឬធ្លាប់ប្រើមក ចំពោះឈ្មោះពីរខាងលើនេះ សម្រាប់ជាការសិក្សាពិចារណាទាំងអស់គ្នា ។

សូមសម្រេចចិត្តចុះថាគួរសរសេរ «ពុទ្ធគយា» ឬ «ពោធគយា»? និង «មហាត្មៈ គន្ធី» ឬ «មហាត្មា គាន្ធី» ឬក៏ភ្ជាប់បទសន្ធិតាមបាលីវេយ្យាករណ៍ជា «មហាត្មគាន្ធី» វិញ? អក្សរខ្មែរនិងអក្សរទេវនាគរី មានប្រព័ន្ធព្យញ្ជនៈស្ទើរដូចគ្នាទាំងអស់ ដូច្នេះគួរសរសេរឲ្យត្រូវតួព្យញ្ជនៈគ្នា ទើបជាការប្រសើរនិងងាយយល់សេចក្តីផង សម្រាប់អ្នកចេះបាលី-សំស្ក្រឹត ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment