ព្រះតេជព្រះគុណ វ៉ុនហៀង, ទីបីពីឆ្វេង, សង្ឃនាយកនៃនិកាយឈូជី បានជួបជាមួយនាយករដ្ឋមន្រ្តីប៉ាគីស្ថាន អ៊ីរ៉ាន ខាន់ នៅថ្ងៃទី ២០ ខែវិច្ឆិកា ។ Photo koreatimes.co.kr |
លោកវិទូ | ថ្ងៃ ៧᧴១ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១៥ ធ្នូ ២០១៩ ។
ព្រះតេជព្រះគុណ វ៉ុនហៀង (Venerable Wonhaeng) សង្ឃនាយកទី៣៦នៃព្រះពុទ្ធសាសនាមហាយាននិកាយឈូជី (Jogye) របស់ប្រទេសកូរ៉េខាងត្បូង បានធ្វើទស្សនកិច្ចនៅប្រទេសប៉ាគីស្ថានរយៈពេលមួយសប្តាហ៍ ។ ស្ថាបនិកពុទ្ធសាសនាកូរ៉េ គឺមានប្រភពដើមមកទីប្រទេសប៉ាគីស្ថានបច្ចុប្បន្ន ។ សង្ឃនាយកព្រះពុទ្ធសាសនានិកាយឈូជី បានជួបជាមួយប្រធានាធិបតីប៉ាគីស្ថាន និងនាយករដ្ឋមន្រ្តីនៅរដ្ឋធានីឥស្លាមបាដ ។ ការរួមរស់ដោយសន្តិភាព រវាងសាសនានៅប៉ាគីស្ថានគឺអាចទៅរួច ។
សេអ៊ូល៖ រដ្ឋាភិបាលប៉ាគីស្ថានបានអនុញ្ញាតច្បាប់ឲ្យពុទ្ធសាសនាកូរ៉េនិកាយឈូជី ដើម្បីសាងសង់វត្តព្រះពុទ្ធសាសនាមួយ នៅទីតាំងមួយដែលមានទំនាក់ទំនងជាប្រវត្តិសាស្ត្រ ជាមួយព្រះពុទ្ធសាសនា ។ មេដឹកនាំនៃពុទ្ធសាសនានិកាយនេះគឺព្រះតេជព្រះគុណ វ៉ុនហៀង បានធ្វើសេចក្តីប្រកាសមួយ ក្នុងដំណើរបំពេញទស្សនកិច្ច នៅប្រទេសអាស៊ីខាងត្បូង ដែលអមដំណើរដោយគណៈប្រតិភូសង្ឃកូរ៉េមួយក្រុម ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន អាស៊ីញូវ (AsiaNews) បានឲ្យដឹងថា ព្រះតេជព្រះគុណ វ៉ុនហៀង កម្រនឹងធ្វើដំណើរណាស់ ហើយការធ្វើដំណើរលើកនេះមានតម្លៃជានិមិត្តរូបដ៏ថ្លៃថ្លា ។ ដំណើរទស្សនកិច្ចរបស់ព្រះអង្គ ទៅកាន់ប្រទេសប៉ាគីស្ថានមានរយៈពេលពីថ្ងៃទី ១៦ ដល់ ២៤ ខែវិច្ឆិកា ២០១៩ ។ នៅពេលព្រះអង្គត្រឡប់ទៅប្រទេសកូរ៉េខាងត្បូងវិញ ព្រះអង្គបានវិភាគលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ព្រះអង្គ ហើយមានថេរដីកាអំពីរឿងនេះ ក្រោយពីពិធីបុណ្យសាសនាមួយ នៅទីក្រុងសេអ៊ូលពីរបីថ្ងៃមុន ។
ព្រះអង្គមានថេរដីកាថា “អាត្មាភាពរំជួលចិត្តយ៉ាងខ្លាំង នៅពេលដែលអាត្មាភាពឈានជើងចូលប្រទេសប៉ាគីស្ថាន ព្រោះវាជាប្រទេសកំណើតរបស់ ព្រះតេជព្រះគុណ មលនន្ទ (Ven. Malananda) ដែលបាននាំព្រះពុទ្ធសាសនាទៅកាន់ប្រទេសកូរ៉េប្រហែល ១.៦០០ ឆ្នាំមុន” ។
កំឡុងពេលស្នាក់នៅក្នុងរដ្ឋធានីឥស្លាមបាដ ព្រះតេជព្រះគុណ វ៉ុនហៀង បានជួបពិភាក្សាជាឯកជនជាមួយនាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក អ៊ីរ៉ាន ខាន់ (Imran Khan) និងបន្ទាប់មកទៀត ជួបជាមួយលោកប្រធានាធិបតី អារីហ្វ អាល្វី (Arif Alvi) ។
លោកនាយករដ្ឋមន្ត្រី ខាន់ ខ្លួនឯងបាននិយាយថា គាត់បានអនុញ្ញាតឲ្យសាងសង់វត្តមួយ ដែលជាប់ទាក់ទងទៅនឹងពុទ្ធសាសនាកូរ៉េ នៅក្នុងតំបន់មួយដែលបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធបំផុតជាមួយព្រះពុទ្ធសាសនា ។
ចំណែកព្រះតេជគុណ វ៉ុនហៀន វិញ ព្រះអង្គបានមានថេរដីកាថា “អាត្មាភាពមានការស្ងើចសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ របស់រដ្ឋាភិបាលប៉ាគីស្ថាន ក្នុងការអភិរក្សតំបន់ប្រវត្តិសាស្ត្រ ដែលជាប់ទាក់ទងនឹងព្រះពុទ្ធសាសនា” ។
ដូចគ្នានេះដែរ លោកប្រធានាធិបតី អាល្វី បានសង្កត់ធ្ងន់ថា គ្រប់សាសនាទាំងអស់ អាចរស់នៅជាមួយគ្នា ដោយសន្តិភាពនៅក្នុងប្រទេសប៉ាគីស្ថាន ។ គាត់បានបន្តទៀតថា គាត់សង្ឃឹមថានឹងបានឃើញអ្នកកាន់ព្រះពុទ្ធសាសនាកូរ៉េខាងត្បូង ជាច្រើនមកទស្សនាប្រទេសរបស់គាត់ ។
សូមរំឭកផងដែរថា ដែនគន្ធារក្នុងប្រវត្តិពុទ្ធសាសនា គឺនៅក្នុងប្រទេសប៉ាគីស្ថានបច្ចុប្បន្ននេះឯង ។ ហើយទីនេះជាប្រភពនៃពុទ្ធសាសនាមហាយាន របស់កូរ៉េខាងត្បូង ។ សាកលវិទ្យាល័យតក្កសិលាដ៏ល្បីល្បាញ ក្នុងប្រវត្តិសាស្ត្រឥណ្ឌា ក៏នៅក្នុងប្រទេសប៉ាគីស្ថាននេះដែរ ។ តំបន់នេះបានក្លាយជាតំបន់ទេសចរណ៍ពុទ្ធសាសនា ដ៏សំខាន់មួយរបស់ប៉ាគីស្ថាន ។
បច្ចុប្បន្ន ពុទ្ធសាសនិកប៉ាគីស្ថានមានចំនួនតែ ១.៥០០ នាក់ទេក្នុងចំណោមប្រជាជន ១៩៧ លាននាក់ ។ កូរ៉េខាងត្បូងមានប្រជាជនចំនួន ៥២ លាននាក់ ក្នុងនោះមានពុទ្ធសាសនិកជាង ២០ លាននាក់ (ភាគច្រើនជាសមាជិកនៃនិកាយឈូជី) ប៉ុន្តែចំនួនរបស់ពួកគេធ្លាក់ចុះ ដោយសារមិនមានការចុះឈ្មោះជាផ្លូវការ សម្រាប់សមាជិកភាពនៅក្នុងនិកាយនេះ ។ គ្រិស្តបរិស័ទមានចំនួន ២៦ ភាគរយនៃប្រជាជនសរុប ក្នុងនោះជាង ១១ ភាគរយជានិកាយកាតូលិក ។
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment