ពិធីប្រគេន-ប្រគល់សញ្ញាបត្រសម្រាប់សមណនិស្សិត-និស្សិត នៃពុទ្ធិកសាកលវិទ្យាព្រះសីហនុរាជ - លោកវិទូ

ព័ត៌មានថ្មីៗ

Friday, December 06, 2019

ពិធីប្រគេន-ប្រគល់សញ្ញាបត្រសម្រាប់សមណនិស្សិត-និស្សិត នៃពុទ្ធិកសាកលវិទ្យាព្រះសីហនុរាជ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងពិធីប្រគេន-ប្រគល់សញ្ញាបត្រសម្រាប់សមណនិស្សិត-និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ, រាជធានីភ្នំពេញ, ០៥ ធ្នូ ២០១៩ ។

លោកវិទូ | ថ្ងៃ ៦᧩១ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ០៦ ធ្នូ ២០១៩
ភ្នំពេញ៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ (ព.ស.ស.)​ បានរៀបចំពិធីប្រគេន-ប្រគល់សញ្ញាបត្រសម្រាប់សមណនិស្សិត-និស្សិត​ ចំនួន ១១០៦ អង្គ/នាក់ ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច​ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា សម្ដេច​ព្រះ​សុមេធាធិបតីកិត្ដិឧទេ្ទសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ព្រះសាកលវិទ្យាធិការនៃព.ស.ស. សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះអគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ សម្តេចព្រះ​វនរ័តកិត្តិបណ្ឌិត​​ ណយ ច្រឹក សម្ដេច​ព្រះសង្ឃ​នាយករងទី៣​ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ សម្ដេច​ព្រះ​មហា​អរិយវង្ស​បណ្ឌិត​ សៅរ៍​ ចន្ទ​ថុល្ល​ ព្រះចៅអធិការវត្តលង្កាព្រះកុសុមារាម (ភ្នំពេញ) និងព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ សម្ដេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា ព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងព្រះធម្មឃោសាចារ្យបណ្ឌិត ឃី សុវណ្ណរតនា ព្រះសាកលវិទ្យាធិការរងនៃព.ស.ស. ព្រមទាំងមន្ត្រីសង្ឃជាន់ខ្ពស់ និងគណៈគ្រប់គ្រងទាំងអស់​នៃព.ស.ស. ដែលបានប្រព្រឹត្តទៅនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ០៥ ធ្នូ ២០១៩ ម្សិលមិញនេះ ។

នេះជាពិធីប្រគេន-ចែកសញ្ញាបត្រលើកទី ៥ របស់ព.ស.ស. ដែលមានសមណនិស្សិត-និស្សិតចំនួន ១១០៦ អង្គ/នាក់ ចូលរួមទទួលសញ្ញាបត្រ និងជ័យលាភី ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់គរុកោសល្យ ដែលបានបញ្ចប់ការសិក្សាអប់រំជាន់ខ្ពស់ពីព.ស.ស. រាជធានីភ្នំពេញ និងសាខាខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង ។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន បានថ្លែងសុន្ទរកថាអបអរសាទរ ចំពោះសមណនិស្សិត-និស្សិត ដែលទទួលសញ្ញាបត្រ និងជ័យលាភីទាំងអស់ដែលបានចូលរួម ជាពិសេសលោកជំទាវ បានប្រគេននិងផ្តល់នូវអនុសាសន៍ ប្រកបដោយខ្លឹមសារមួយចំនួន ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍឲ្យពុទ្ធិកសាកលវិទ្យាល័យសីហនុរាជ កាន់តែមានភាពរីកចម្រើនបន្ថែមទៀត មានជាអាទិ៍ បន្តបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព បន្តអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន បន្តអភិវឌ្ឍកម្មវិធីសិក្សាឱ្យមានលក្ខណៈទំនើប និងធ្វើអន្តរជាតិនីយកម្មលើកម្មវិធីអប់រំ (sic) បន្តពង្រឹងនិងអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ សម្ភារៈសិក្សាគ្រប់ប្រភេទ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាតិនិងអន្តរជាតិ ។

ជាពិសេសលោកជំទាវ ក៏បានផ្ដាំផ្ញើដល់សមណនិស្សិត-និស្សិតទាំងអស់ថា «ត្រូវបន្តខិតខំប្រឹងប្រែង សិក្សាស្រាវជ្រាវបន្ថែមទៀត ទាំងចំណេះដឹង ចំណេះធ្វើ សីលធម៌ និងសិល្បៈនៃការរស់នៅក្នុងសង្គម ដែលជាសសរស្តម្ភយ៉ាងសំខាន់ សម្រាប់អនាគតរបស់ព្រះតេជគុណទាំងអស់គ្នា ។» 

លោកជំទាវបានបន្ថែមទៀតថា «ចំណេះដឹងដែលទទួលបានក្នុងពេលសិក្សាមិនទាន់គ្រប់គ្រាន់នៅឡើយទេ គឺចាំបាច់ត្រូវគួបផ្សំជាមួយបទពិសោធន៍ ដែលទទួលបានពីការអនុវត្តការងារជាក់ស្តែង រួមនឹងគំនិតច្នៃប្រឌិតបន្ថែម ស្របតាមស្ថានភាពនិងកាលៈទេសៈ ជាក់ស្តែងនៃការងារថែមទៀត ទើបមានលក្ខណៈគ្រប់គ្រាន់សម្រាប់ជីវិត...ដើម្បីក្លាយខ្លួនជាមនុស្សម្នាក់ដែលប្រកបទៅដោយលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមានប្រយោជន៍ដល់សង្គមជាតិ ។»
លោកយាយ អៀ សុខា ក្នុងពិធីប្រគេន-ប្រគល់សញ្ញាបត្រសម្រាប់សមណនិស្ស-និស្សិត នៃពុទ្ធិកសាកលវិទ្យាព្រះសីហនុរាជ, រាជធានីភ្នំពេញ, ០៥ ធ្នូ ២០១៩ ។

គួរឲ្យចាប់អារម្មណ៍ក្នុងឱកាសនេះផងដែរ យើងឃើញវត្តមានរបស់លោកយាយម្នាក់អាយុ ៧១ ឆ្នាំទៅហើយ ក៏បានអញ្ជើញទៅទទួលសញ្ញាបត្រដែរ និងជាពិសេស ទទួលជ័យលាភីជាសិស្សឆ្នើមក្នុងថ្នាក់ទៀតផង ។ នៅក្នុងបទសម្ភាសន៍ ដែលបានចុះផ្សាយនៅលើគណនីហ្វេសប៊ុក Buddhism for Education of Cambodia (BEC, អង្គការពុទ្ធសាសនាដើម្បីការអប់រំកម្ពុជា) បានឲ្យដឹងថា លោកយាយមានឈ្មោះថា អៀ សុខា ដែលមានស្រុកកំណើតនៅខេត្តសៀមរាប បានខិតខំតស៊ូសិក្សាតាំងពីពុទ្ធិកបឋមសិក្សា រហូតបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ឯកទេសទស្សនវិជ្ជា ពីពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សាខាខេត្តកំពង់ឆ្នាំង ។

ក្នុងសំលៀកបំពាក់ជានិស្សិតទទួលសញ្ញាបត្រ ដូចនិស្សិតប្រុសស្រីដទៃទៀតដែរ លោកយាយបានមានប្រសាសន៍ថា លោកយាយត្រេកអរដែរ ក្នុងការទទួលសញ្ញាបត្រនេះ  ប៉ុន្តែលោកបានរៀបរាប់ទៀតថា ការសិក្សារបស់លោកមានការលំបាកដែរ ដោយកាលរៀននៅពុទ្ធិកវិទ្យាល័យវត្តរាជបូណ៌ លោកយាយ «ទិញត្រី ១០០០ (រៀល) បានពីរថ្ងៃ» រួចបេះត្រកួនស្លឹកអំពិលតាមផ្លូវពេលចេញពីផ្សារមកដើម្បីធ្វើម្លូប ។ 

គាត់បានប្រាប់ទៀតថា ការសិក្សារបស់គាត់គឺ «តាមធម្មជាតិ» សុទ្ធសាធ គ្មានអ្នកជួយឧបត្ថម្ភទេ ហើយគាត់ជាទុគ៌តជនមានតែម្នាក់ឯង ។ ការសិក្សានៅ ព.ស.ស. សាខាខេត្តកំពង់ឆ្នាំង មានតែព្រះសង្ឃសមណនិស្សិត និងវត្តអារាមតែប៉ុណ្ណោះ ដែលបានជួយសម្រួលដល់ការសិក្សារបស់លោកយាយ ។ លោកយាយមានមោទនភាព និងសទ្ធាជ្រះថ្លាយ៉ាងពិតប្រាកដថា «បានធ្វើជាគំរូល្អដល់សង្គម» អំពីសមភាពយែនឌ័រក្នុងឱកាសសិក្សានៅពុទ្ធិកសិក្សា ។

ក្នុងឱកាសដ៏សោមនស្សរីករាយនេះដែរ នៅលើបណ្ដាញសង្គមរបស់ព្រះអង្គ ព្រះធម្មឃោសាចារ្យ បណ្ឌិត ឃី សុវណ្ណរតនា បានមានថេរដីកាអបអរសាទរ «ប្រកបដោយមុទិតាធម៌ជាមួយសមណនិស្សិត និងនិស្សិតជ័យលាភីបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ទាំងអស់» ។

ដោយភ្ជាប់ជាមួយនូវសាររំឭកឡើងវិញប្រកបដោយមោទនភាពខ្ពស់ នូវទស្សនវិជ្ជានៃព.ស.ស.: «ការសិក្សាអប់រំដើម្បីចំណេះដឹង ចំណេះធ្វើ គុណធម៌ និងឧត្តមភាព» ព្រះអង្គបានមានថេរដីកាជូនពរ និងផ្ដល់ដំបូន្មានចុងក្រោយថា «សូមប្រគេនពរ-ជូនពរជ័យលាភីទាំងអស់មានជោគជ័យ និងសូមប្រកាន់ខ្ជាប់នូវទស្សនវិជ្ជានៃព.ស.ស.ទាំងក្នុងការងារនិងក្នុងជីវិតតរៀងទៅ!» ។

ព.ស.ស. ត្រូវបានបង្កើតឡើងនៅថ្ងៃទី ១ កក្កដា ១៩៥៤ ក្រោមព្រះរាជសាសនូបត្ថម្ភរបស់ព្រះមហាវីរក្សត្រព្រះវររាជបិតា សម្តេច នរោត្តម សីហនុ ដែលពេលនោះព្រះអង្គជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។ ព.ស.ស. ជាស្ថាប័នអប់រំតែមួយគត់ ដែលផ្តល់ការអប់រំកម្រិតឧត្តមសិក្សាដល់សិស្សព្រះសង្ឃ (បន្ទាប់មកក្នុងឆ្នាំ ២០០៧ ទើបពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ត្រូវបានបង្កើតឡើង) ។ ព.ស.ស. ជាពុទ្ធិកសាកលវិទ្យាល័យចំណាស់ជាងគេទី ៣ នៅលើពិភពលោក ។ សាកលវិទ្យាធិការដំបូងរបស់ព.ស.ស. គឺសម្តេចព្រះពោធិវ័ង្ស ហួត តាត ហើយសម្ដេចក៏ជាព្រះអគ្គាធិការពុទ្ធិកសិក្សាជាតិផងដែរ ។

ដោយសារសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ ព.ស.ស. ត្រូវបានបិទទ្វារ ក្នុងឆ្នាំ ១៩៧២ រហូតដល់ឆ្នាំ ១៩៩៧ ទើបបើកបង្រៀនឡើងវិញ ដោយចាប់ផ្ដើមពីកម្រិតពុទ្ធិកមធ្យមសិក្សាទុតិយភូមិ និងរហូតបើកកម្រិតបរិញ្ញាបត្រក្នុងឆ្នាំ ១៩៩៩ ។ នៅថ្ងៃទី ២៣ មករា ២០០៦ ព.ស.ស. ត្រូវបានតម្លើងជាសាកលវិទ្យាល័យពេញសិទ្ធិ ដោយអនុក្រឹត្យនៃរាជរដ្ឋាភិបាលកម្ពុជា ។ ជាបន្តបន្ទាប់ វិស័យពុទ្ធិកឧត្តមសិក្សាកាន់តែរីកចម្រើន ទើបក្នុងឆ្នាំ ២០០៨ ព.ស.ស. សាខាខេត្តបាត់ដំបង និងសាខាខេត្តកំពង់ឆ្នាំងត្រូវបានបង្កើតឡើង ៕


© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment