អ្នកស្រាវជ្រាវបង្ហាញពីទម្រង់ព្រះហស្តរបស់បដិមាព្រះបាទជ័យវរ្ម័នទី៧៖ លើកដៃប្រណម្យត្រឹមដើមទ្រូង - លោកវិទូ

ព័ត៌មានថ្មីៗ

Wednesday, December 11, 2019

អ្នកស្រាវជ្រាវបង្ហាញពីទម្រង់ព្រះហស្តរបស់បដិមាព្រះបាទជ័យវរ្ម័នទី៧៖ លើកដៃប្រណម្យត្រឹមដើមទ្រូង

រូបបដិមាព្រះបាទជ័យវរ្ម័នទី៧ ពីមុននិងឥឡូវតាមការសន្និដ្ឋានថ្មីរបស់អ្នកស្រាវជ្រាវ ។ រូបភាព៖ លោក Eric Bourdonneau

លោកវិទូ | ថ្ងៃ ៤᧯១ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១១ ធ្នូ ២០១៩ ។

សៀមរាប៖ ជាយូរណាស់មកហើយ យើងធ្លាប់ឃើញបដិមារបស់ព្រះបាទជ័យវរ្ម័នទី៧ ពិការបាក់បាត់ព្រះហស្តឬដៃទាំងពីរ ។ មហាជនគ្រប់គ្នាតែងឆ្ងល់ថាតើព្រះហស្តពិតរបស់ព្រះអង្គមានលក្ខណៈយ៉ាងណា ។ មានអ្នកស្រាវជ្រាវខ្លះយល់ថា ព្រះអង្គមានកាយវិការសមាធិ ខ្លះថាព្រះអង្គលើកដៃប្រណម្យ  ឯខ្លះទៀតថាព្រះអង្គដាក់ព្រះហស្ដទាំងលើព្រះជង្គង់ ប៉ុន្តែពុំទាន់មានភស្តុតាងណាមួយបញ្ជាក់ច្បាស់ តាមរយៈការសន្និដ្ឋានរបស់មតិនីមួយៗនៅឡើយ ។

ប៉ុន្តែមានការភ្ញាក់ផ្អើលកើតឡើង ក្រោយពីទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា បានបង្ហោះព័ត៌មានពីការរកឃើញថ្មី ទាក់ទងនឹងភាពផ្ទុយគ្នានៃការយល់ឃើញខាងលើ ។ ទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា បានសរសេររៀបរាប់ថា នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣៣ នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារចម្រុះមកពីអាជ្ញាធរជាតិអប្សរា និងសាលាបារាំងចុងបូព៌ា លោក​ ជាវ​ ប៊ុនថង និងលោក Eric Bourdonneau បានបង្ហាញថា កាយវិការពិតរបស់ព្រះបាទជ័យវរ្ម័នទី៧ គឺស្ថិតក្នុងទម្រង់លើកដៃប្រណម្យត្រឹមដើមទ្រូង ។ 

ទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា បានសរសរបន្ថែមទៀតថា ចំពោះការអះអាងបែបនេះ ក្រុមការងារចម្រុះបានបង្ហាញភស្តុតាងជាច្រើនទាក់ទងនឹងការសិក្សាស្រាវជ្រាវទាំងផ្នែកប្រវត្តិសាស្ត្រ បុរាណវិទ្យា ការថតស្កែនវិភាគបែបវិទ្យាសាស្ត្រទៅលើទំហំ និងការផ្គុំបំណែកព្រះហត្ថដែលរក្សាទុកនៅអភិរក្សដ្ឋានអង្គរ ទៅនឹងដងខ្លួននៃបដិមាព្រះបាទជ័យវរ្ម័នទី៧ ពិតជាត្រូវគ្នាគ្រប់ជ្រុងជ្រោយត្រង់ចំណុចដែលតភ្ជាប់គ្នា ។ 

នៅចុងបញ្ចប់ ទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា បានសរសេរសរុបសេចក្តីថា ការរកឃេីញនេះជាលទ្ធផលស្រាវជ្រាវថ្មីមួយដែលកើតចេញពីកិច្ចសហប្រតិបត្តិការរួមគ្នារវាងអ្នកជំនាញបារាំងនិងអាជ្ញាធរជាតិអប្សរា ដែលបានស្រាយបំភ្លឺនូវចម្ងល់និងភាពប្រទាំងប្រទើសគ្នាលើការយល់ឃើញផ្សេងគ្នាឱ្យងាកមកស្របគ្នាបាន ។

ព្រះបាទជ័យវរ្ម័នទី៧ (ប្រសូតនៅ. គ.ស ១១២៥-១២១៩) រជ្ជកាលគ្រងរាជ (គ.ស ១១៨១-១២១៨) ជាព្រះមហាក្សត្រខ្មែរ ដែលប្រជនខ្មែរគោរពសក្ការៈបំផុត ក្នុងប្រវត្តិសាស្ត្រ ។ ព្រះអង្គជាក្សត្រខ្មែរ ដែលធ្វើឲ្យអាណាចក្រអង្គរ មានអំណាចរុងរឿងដល់កំពូល ក្នុងសតវត្សទី ១៣ នៃគ្រិស្តស័ករាជ ។ ចក្រភពកម្ពុជាទេស ឬ ចក្រភពខ្មែរ បានត្រួតត្រាអាស៊ីអាគ្នេយ៍ដីគោកមួយភាគធំ ។

ប្រជាជនខ្មែរបានចាត់ទុកព្រះអង្គថា ជាព្រះមហាក្សត្រកាន់ព្រះពុទ្ធសាសនា (មហាយាន) ជាព្រះរាជសាសនូបត្ថម្ភកដ៏ថ្លៃថ្លា ប្រកបដោយទសពិធរាជធម៌ ស្រឡាញ់ដឹងសុខទុក្ខប្រជានុរាស្ត្ររបស់ព្រះអង្គណាស់ ។ ព្រះអង្គកសាងប្រាសាទជាច្រើនដូចជា ប្រាសាទបាយ័ន ប្រាសាទបន្ទាយឆ្មារ សាលាដំណាក់១២១ មន្ទីពេទ្យ១០២ ស្ពាន ថ្នល់ ប្រាសាទបន្ទាយក្តី ប្រាសាទតាព្រហ្ម ប្រាសាទតាព្រហ្ម ទន្លេបាទី ប្រាសាទនាគព័ន្ធ តាសោម ក្រោលគោ សាងបញ្ចាប់ប្រាសាទអង្គរវត្ត បង្កើតសាកលវិទ្យាល័យជាច្រើន អភិវឌ្ឍប្រទេសជាតិពង្រីកទឹកដី និងផ្សព្វផ្សាយព្រហ្មវិហារធម៌ដល់ប្រជារាស្ត្រ ។ ពាក្យមួយឃ្លាដែលមានន័យរាប់ពាន់ឆ្នាំរបស់ព្រះអង្គគឺ «ទុក្ខរបស់ប្រជារាស្ត្រ គឺជាសេចក្តីទុក្ខរបស់ទ្រង់» ។

ព្រះអង្គមានអគ្គមហេសី ពីរព្រះអង្គដែលមានប្រជ្ញាខ្លាំងពូកែព្រះនាង ជ័យរាជទេវីនិងព្រះនាងឥន្ទ្រទេវី ហើយទ្រង់មានបុត្រ ៤អង្គ ព្រះនាម ឥន្ទ្រវរ្ម័នទី២ និង ៣អង្គផ្សេងទៀតបានសុគត និង​មិនមានកំណត់ត្រា ។

ដូច្នេះ ការស្រាវជ្រាវរកឃើញថ្មីនេះ អាចរាប់បានថាជាការត្រឹមត្រូវ តាមរយៈការបង្ហាញភស្តុតាងផ្សេងៗ ដូចរៀបរាប់ខាងលើ ។ ចាប់ពីពេលនេះតទៅ ជាងចម្លាក់បដិមាព្រះបាទជ័យវរ្ម័នទី៧ អាចឆ្លាក់រូបព្រះអង្គ មានកាយវិការពេញលេញបាន គឺថាទ្រង់លើកដៃប្រណម្យត្រឹមដើមទ្រូង ដូចក្នុងរូបភាពខាងលើនេះ ។ នេះអាចថាជាប្រផ្នូលនាំមកនូវសិរីសួស្តីដល់នគរកម្ពុជាក៏ថាបាន ៕
រូបភាព៖ លោក Eric Bourdonneau

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment