លោកវិទូ | ថ្ងៃ ៤᧯១ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ១១ ធ្នូ ២០១៩
សៀមរាប៖ ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម បានឧបសម្ប័ទជាភិក្ខុក្នុងឆ្នាំ ១៩៨០ នៅជុំរុំភៀសខ្លួន នៅជាយដែនខ្មែរ-ថៃ (ព្រោះកាលនោះរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាមិនអនុញ្ញាតឲ្យព្រះអង្គបួស) និងត្រូវបានសម្ដេចព្រះ នរោត្តម សីហនុ ព្រះរាជទានសមណស័ក្តិជា «ព្រះមហាវិមលធម្ម» ជាព្រះរាជាគណៈថ្នាក់ទោ ក្នុងឆ្នាំ ១៩៩៣ ។ ព្រះអង្គធ្លាប់បួសក្នុងព្រះពុទ្ធសាសនា ក្នុងសម័យសង្គមរាស្ត្រនិយម តែត្រូវបានខ្មែរក្រហមបង្ខំឲ្យសឹក ក្នុងឆ្នាំ ១៩៧៥ ។ បច្ចុប្បន្ន ព្រះអង្គជាឧត្ដមប្រឹក្សាគណៈសង្ឃនាយក សមាជិកថេរសភាសង្ឃ និងជាព្រះចៅអធិការវត្តរាជបូរណ៌ ខេត្តសៀមរាប ។ ព្រះអង្គត្រូវបានព្រះសង្ឃនិងពុទ្ធបរិស័ទ គោរពជ្រះថ្លាថាជាព្រះសង្ឃចាស់ទុំ និងមានចំណេះដឹងជ្រៅជ្រះជាគំរូល្អមួយព្រះអង្គ នៅប្រទេសកម្ពុជាបច្ចុប្បន្ន ។
លោក យូស៊ីណូរី យ៉ាសូដា នៅក្នុងសៀវភៅរបស់គាត់ក្រោមចំណងជើងថា អរិយធម៌ជលសាស្ត្រ [Water Civilization] បានសរសេរថា ព្រះមហា ពិន សែម ឲ្យតម្លៃបំផុតចំពោះវត្ថុ ៤ យ៉ាង ក្នុងជីវិតប្រចាំថ្ងៃរបស់ព្រះអង្គគឺ ជំនឿសាសនា (បួសអស់មួយជីវិត) បរិស្ថាន សារពើរុក្ខជាតិ (សួនច្បារជាដើម) និង វត្ថុបុរាណនិងសម្បត្តិវប្បធម៌ជាតិ ។ ព្រោះតែចំណុចចុងក្រោយនេះហើយ បានជាព្រះអង្គបានធ្វើឲ្យវត្តរាជបូណ៌ ក្លាយជាសារមន្ទីររក្សាវត្ថុបុរាណមួយគួរឲ្យស្ញប់ស្ញែង នៅលើទឹកដីអង្គរខេត្តសៀមរាប ។
ព្រះអង្គបានពង្រីកសកម្មភាពដ៏មានតម្លែនេះនៅក្នុងខេត្តសៀមរាប ក្នុងនាមព្រះអង្គជាព្រះប្រធានកិត្តិយស ក្រុមប្រឹក្សាវត្តអារាមក្នុងតំបន់ឧទ្យានអង្គរ ដែលមានវត្តអារាមចំនួន ៣៥ ។ សកម្មភាពវត្តអារាមក្នុងឧទ្យានអង្គរទាំងនេះបានបង្ហាញថា វិស័យព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការអភិរក្សបេតិកភណ្ឌជាតិ ។ ដូច្នេះហើយ ព្រះសង្ឃបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំ ការអប់រំផ្សព្វផ្សាយ និងការចូលរួមផ្តល់ជាគំរូចំពោះសង្ឃ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តផង ។
យោងតាមទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ព្រះមហាវិមលធម្ម ពិន សែន បានចូលរួមធ្វើបទបង្ហាញ នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី ៣៣ នៃគណៈកម្មាធិកាអន្តរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តអង្គរហៅកាត់ថា អាយស៊ីស៊ី-អង្គរ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ។ នៅក្នុងឱកាសនោះ ព្រះមហាវិមលធម្ម ពិន សែម បានសុំបិណ្ឌបាត្រដល់ព្រះសង្ឃគ្រប់វត្តអារាមទាំងអស់ សូមបង្កើនកិច្ចសហប្រតិបត្តិការឲ្យបានល្អប្រសើរជាមួយអាជ្ញាធរជាតិអប្សរា ដែលមានសមត្ថកិច្ចថែរក្សា គាំពារសម្បត្តិបេតិកភណ្ឌក្នុងតំបន់អង្គរលើផ្នែកអភិរក្ស ការជួសជុល ក៏ដូចជាការគ្រប់គ្រងមរតកបុរាណៗ ដែលមានក្នុងវត្តឲ្យបានកាន់តែល្អប្រសើរគង់វង្សយូរអង្វែង ។
ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ បានលើកយកករណីវិជ្ជមានមួយ ដែលបង្ហាញពីការយល់ដឹង និងផ្តល់តម្លៃខ្ពស់ទៅលើកិច្ចការអភិរក្សមរតកដូនតា គឺវត្តប្រាសាទលលៃ ដែលព្រះសង្ឃនិងពុទ្ធបរិស័ទចំណុះជើងវត្ត បានយល់ព្រមក្នុងការរំកិលកុដិដែលបានសង់ នៅបរិវេណខាងទួលប្រាសាទលលៃមកគង់នៅខាងក្រោម ដើម្បីទុកឱកាសឲ្យអ្នកជំនាញបានជួសជុល ថែទាំប្រាសាទផង និងរក្សាបន្តដល់កូនចៅជំនាន់ក្រោយបានស្គាល់ សិក្សា ស្វែងយល់ផង និងដើម្បីបម្រើដល់វិស័យទេសចរណ៍ បង្កើតចំណូលជូនគ្រួសារថែមទៀត ។ ករណីនេះ ព្រះអង្គបានចាត់ទុកថាជាគំរូមួយសម្រាប់វត្តអារាមដទៃទៀត ក្នុងការបញ្ចៀសការសង់សំណង់រំខានដល់សោភណ័ណភាព និងតម្លៃជាប្រវត្តិសាស្ត្រប្រាសាទបុរាណ ។
ដើម្បីជាការទទួលស្គាល់នូវទឹកព្រះទ័យដ៏ប្រពៃ ក្នុងការរួមចំណែកអភិរក្សសប្បត្តិបេតិកភណ្ឌមនុស្សជាតិ ជាមួយអាជ្ញាធរជាតិអប្សរា លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានផ្តល់បណ្ណសរសើរប្រគេននិងផ្តល់ជូនដល់ព្រះមហាវិមលធម្ម ពិន សែន សិរីសុវណ្ណោ ព្រះសង្ឃ អាចារ្យ ទីប្រឹក្សាកិច្ចការវត្តអារាមក្នុងឧទ្យានអង្គរ ចំពោះការលះបង់និងយល់ច្បាស់ពីតម្លៃនៃមរតកមនុស្សជាតិ ៕
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment