តារាភាពយន្តឥណ្ឌា លោក គគ័ន មលិក ទៅពុទ្ធគយា ចែកព្រះពុទ្ធបដិមាសំរឹទ្ធិ ១០០អង្គ ដល់ព្រះសង្ឃនិងពុទ្ធបរិស័ទ - លោកវិទូ

ព័ត៌មានថ្មីៗ

Saturday, December 07, 2019

តារាភាពយន្តឥណ្ឌា លោក គគ័ន មលិក ទៅពុទ្ធគយា ចែកព្រះពុទ្ធបដិមាសំរឹទ្ធិ ១០០អង្គ ដល់ព្រះសង្ឃនិងពុទ្ធបរិស័ទ

ឧបាសក គគ័ន មលិក កំពុងប្រគេនព្រះពុទ្ធបដិកាសំរឹទ្ធិ ចំពោះព្រះសង្ឃ, បរិវេណព្រះមហាពោធិវិហារ ពុទ្ធគយា, ០៦ ធ្នូ ២០១៩ ។ Photo Gagan Malik

លោកវិទូ | ថ្ងៃ ៧᧫១ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ០៧ ធ្នូ ២០១៩ ។

ពុទ្ធគយា៖ តារាភាពយន្តឥណ្ឌា លោក គគ័ន មលិក (Gagan Malik) ដើម្បីសន្តិភាពពិភពលោក បានចែកចាយព្រះពុទ្ធបដិមាសំរឹទ្ធិចំនួន ១០០ អង្គ ប្រគេន-ជូនដល់ព្រះសង្ឃពុទ្ធសាសនានិងអ្នកស្រុក កាលពីថ្ងៃសុក្រ (៦ ធ្នូ) នៅក្នុងបរិវេណប្រាសាទ មហាពោធិវិហារ ពុទ្ធគយា រដ្ឋប៊ីហារ ប្រទេសឥណ្ឌា ។ លោក គគ័ន គ្រោងនឹងចែកចាយព្រះពុទ្ធបដិមាចំនួន ៨៤០០ អង្គ នៅតាមតំបន់ផ្សេងៗគ្នានៃប្រទេសឥណ្ឌា ។

ពុទ្ធបរិស័ទថៃបានសហការគ្នា ដើម្បីបំពេញកិច្ចការជាបុណ្យកុសលនេះ ដើម្បីចែកចាយព្រះពុទ្ធបដិមារបស់ពួកគាត់ដែរ ។ ទាក់ទងនឹងបញ្ហានេះលោក គគ័ន បាននិយាយថា មេត្តាករុណានិងការអត់អោនរបស់មនុស្សកំពុងបាត់បង់ នាពេលបច្ចុប្បន្ននេះ ។ មនុស្សម្នាក់ៗគួរតែមានមេត្តាករុណា ចំពោះមនុស្សដទៃទៀតផងដែរ ។ មនុស្សគួរតែដើរតាមផ្លូវសន្តិភាព សុច្ឆន្ទៈ និងបញ្ចសីល ។ នេះរួមបញ្ចូលទាំងសច្ចៈ សីលៈ និង ករុណា ។

បច្ចុប្បន្ន លោក គគ័ន កំពុងដើរតួជា ព្រះរាម ក្នុងរឿងភាគ "សង្ក័ដមោចន មហាពលី ហនុមាន" (Sankatmochan Mahabali Hanuman) ជារឿងរាមាយណៈ ដែលចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ឥណ្ឌា GTV ។ មានស្រុកកំណើតនៅទីក្រុងញូវដែល្លី លោក គគ័ន បានចាប់ផ្តើមអាជីពរបស់គាត់ជាមួយនឹងរឿងភាគ "កុមកុម ឯក ព្យារា សា ពន្ធ័ន" (Kumkum Ek Pyara Sa Bandhan មានន័យថា ចំណងមិត្តភាពគួរឲ្យស្រឡាញ់) ដែលចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ឥណ្ឌា Star Plus ។ លោក គគ័ន ក៏បានដើរតួយ៉ាងសំខាន់នៅក្នុងរឿងភាគ "សគុន្តលា" (Shakuntala) របស់ទូរទស្សន៍ឥណ្ឌា Star One ។

ឧបាសក គគ័ន មលិក និងពុទ្ធបរិស័ទថៃ
មុខព្រះមហាពោធិវិហារ ពុទ្ធគយា, ០៦ ធ្នូ ២០១៩ ។
Photo Gagan Malik
លោក គគ័ន ជាតារាសម្ដែងដ៏មានប្រជាប្រិយភាព ក្នុងចំណោមពុទ្ធសាសនិកអន្តរជាតិ ដោយសារ គាត់បានដើរតួជាព្រះពុទ្ធនៅក្នុងខ្សែភាពយន្ត ពុទ្ធប្បវត្តិ "ព្រះសិទ្ធត្ថ គោតម" (Sri Siddhartha Gautama) ដែលបើកសម្ភោធ នៅថ្ងៃទី ២៤ មករា ២០១៣ នៅប្រទេសស្រីលង្កា ។ ក្រៅពីភាសាសីហឡៈរបស់ស្រីលង្កា រឿងនេះត្រូវបានបកប្រែជាច្រើនភាសា ដូចជា ចិន ថៃ វៀតណាម ហិណ្ឌី ជាដើម ។ ដោយសារខ្សែភាពយន្តនេះហើយដែលធ្វើឲ្យ លោក គគ័ន ទទួលបាន ពានរង្វាន់ជាតារាសម្តែងឆ្នើម នៅក្នុងមហោស្រពភាពយន្តព្រះពុទ្ធសាសនាពិភពលោក ឆ្នាំ ២០១៤ និងពានរង្វាន់ដទៃជាច្រើនទៀត ។

នៅឆ្នាំ ២០១៣ តារាសម្តែងចិត្តសម្បុរសធម៌រូបនេះ រួមជាមួយផលិតករជាជាតិស្រីលង្កា លោក នវីន គុណរតនៈ (Navin Gooneratne) ដែលជាអ្នកបានផលិតខ្សែភាពយន្តរឿង "ព្រះសិទ្ធត្ថ គោតម" បានបង្កើតគម្រោង "ផ្កាឈូកពិភពលោក" ដោយផ្អែកលើមូលដ្ឋានគ្រឹះនៃព្រះពុទ្ធសាសនា ដោយមូលនិធិពន្លឺអាស៊ី ដែលជាអង្គការមិនរកប្រាក់កម្រៃ មានមូលដ្ឋាននៅប្រទេសស្រីលង្កា ។ គម្រោងនេះផ្តោតលើការជឿនលឿននៃព្រះពុទ្ធសាសនា នៅពាសពេញពិភពលោក តាមរយៈប្រព័ន្ធផ្សព្វផ្សាយសោតទស្សន៍ ដើម្បីឲ្យមនុស្សដែលមានឆន្ទៈដូចគ្នា នៅជុំវិញពិភពលោកចូលរួមជាមួយ "គ្រួសារផ្កាឈូក" ដើម្បីបម្រើមនុស្សជាតិទាំងមូល ។ ក្នុងបេសកម្មផ្សព្វផ្សាយព្រះពុទ្ធោវាទ លោក គគ័ន ប្រកាន់យកនូវទស្សនវិជ្ជាមួយ ឬពាក្យស្លោកមួយ ដែលគាត់តែងតែលើកឡើងគឺ «អ្នកអាចធ្វើអំពើល្អ ១ ក្នុង ១ ថ្ងៃ» ។

គួរជាទីចាប់អារម្មណ៍នោះគឺ ដោយសេចក្តីជ្រះថ្លាក្នុងការសម្ដែង ក្នុងរឿងពុទ្ធប្បវត្តិខាងលើនេះ តារាសម្តែងភាពយន្តជាជាតិឥណ្ឌារូបនេះ បានប្រកាសខ្លួនថាជាឧបាសកជ្រះថ្លាក្នុងព្រះរតនត្រៃ ចូលកាន់ពុទ្ធសាសន៍ លះបង់ចោលសាសនាហិណ្ឌូ មកដើរតាមគន្លងព្រះពុទ្ធជាម្ចាស់វិញ ។ ការប្រារព្ធពិធីពិសេសចូលកាន់ពុទ្ធសាសន៍របស់គាត់ ត្រូវបានធ្វើឡើងនៅឯពុទ្ធស្ថានភ្នំមិហិន្ទលេ (Mihintale) ដ៏ពិសិដ្ឋ នាប្រទេសស្រីលង្កា នៅថ្ងៃព្រហស្បតិ៍ (១២.០៦.២០១៤) ដែលធ្វើឲ្យសហគមន៍ពុទ្ធសាសនាពិភពលោក មានការភ្ញាក់ផ្អើល និងអនុមោទនាជ្រះថ្លាក្រៃលែង ។

ចាប់តាំងពីពេលនោះមក ឧបាសក គគ័ន តែងតែចូលរួមក្នុងសកម្មភាពពុទ្ធសាសនាជាតិ និងអន្តរជាតិជាញឹកញាប់ និងជាពិសេសតែងតែលេចមុខ លើវេទិកាពុទ្ធសាសនាអន្តរជាតិ ដូចជា កម្មវិធីបុណ្យវិសាខបូជារបស់អង្គការសហប្រជាជាតិជាដើម ។ ហើយជាក់ស្ដែងបំផុតនោះគឺ សកម្មភាពប្រគេន-ជូន ព្រះពុទ្ធបដិមាសំរឹទ្ធិ ដល់ព្រះសង្ឃនិងពុទ្ធបរិស័ទ នៅពុទ្ធគយានេះស្រាប់ ។

វត្តមានរបស់ឧបាសក គគ័ន នៅពុទ្ធគយា ជាដែនដីពុទ្ធភូមិដ៏ស័ក្ដិសិទ្ធិនេះ ស្របពេលគ្នានឹងពិធីបុណ្យសូត្រព្រះត្រៃបិដកអន្តរជាតិ លើកទី ១៥ ផងដែរ ដែលមានព្រះសង្ឃនិងពុទ្ធបរិស័ទ ជាតិនិងអន្តរជាតិ កំពុងចូលរួមយ៉ាងច្រើនកុះករ ចំនួន ១០ ថ្ងៃ រហូតដល់ថ្ងៃទី ១២ ធ្នូ ទើបចប់ ។
ព្រះពុទ្ធបដិមាសំរឹទ្ធិ ១០០ អង្គ ប្រគេន-ជូន ចំពោះព្រះសង្ឃនិងពុទ្ធបរិស័ទ នៅបរិវេណព្រះមហាពោធិវិហារ នៅពុទ្ធគយា រដ្ឋប៊ីហារ ប្រទេសឥណ្ឌា, ០៦ ធ្នូ ២០១៩ ។ Photo Gagan Malik

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment