ពិធីផ្តល់ប្រាក់អាហារូបករណ៍ដល់សមណនិស្សិត​-និស្សិតឆ្នើមនៃព.ស.ស.​ខេត្តកំពង់ឆ្នាំង​ និងកិច្ចពិភាក្សាការងារផ្សេងៗ - លោកវិទូ

ព័ត៌មានថ្មីៗ

Wednesday, December 18, 2019

ពិធីផ្តល់ប្រាក់អាហារូបករណ៍ដល់សមណនិស្សិត​-និស្សិតឆ្នើមនៃព.ស.ស.​ខេត្តកំពង់ឆ្នាំង​ និងកិច្ចពិភាក្សាការងារផ្សេងៗ

តុខាងឆ្វេង៖ ព្រះធម្មឃោសាចារ្យ បណ្ឌិត ឃី សុវណ្ណរតនា និងតុខាងស្ដាំ៖ ព្រះធម្មវង្សាធិបតី សុខ ថាន, ព.ស.ស. ខេត្តកំពង់ឆ្នាំង (វត្តអារញ្ញការាម), ១៨ ធ្នូ ២០១៩ ។ 

លោកវិទូ | ថ្ងៃ ៤᧷១ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ១៨ ធ្នូ ២០១៩

កំពង់ឆ្នាំង៖ នៅថ្ងៃទី ១៨​ ធ្នូ​ ២០១៩ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ​ ខេត្តកំពង់ឆ្នាំង បានរៀបចំពិធីផ្តល់ប្រាក់អាហារូបករណ៍ប្រចាំខែ ដល់សមណនិស្សិត​-និស្សិតឆ្នើម ២ រូប និងពិធីសំណេះសំណាល​ និងកិច្ចពិភាក្សាជាមួយព្រះនាយកសាខាទាំងពីរ​ ថ្នាក់ដឹកនាំ មន្ត្រី​ សាស្ត្រាចារ្យ និងសមណនិស្សិត-និស្សិត ក្រោមព្រះអធិបតីភាពដ៏ឧត្តុង្គឧត្តម របស់ព្រះធម្មឃោសាចារ្យ​ បណ្ឌិត​ ឃី​ សុវណ្ណរតនា ព្រះសាកលវិទ្យាធិការរងទទួលបន្ទុកដឹកនាំគ្រប់គ្រង ព.ស.ស.​​ ទាំងបីសាខា​ និងវត្តមានរបស់ព្រះធម្មវង្សាធិបតី សុខ ថាន ព្រះនាយក ព.ស.ស. ខេត្តកំពង់ឆ្នាំង និងជាព្រះមេគណខេត្តកំពង់ឆ្នាំង និងព្រះមហា វី សុវិជ្ជា ព្រះនាយក ព.ស.ស. ខេត្តបាត់ដំបង ព្រមទាំងគណៈគ្រប់គ្រង ព.ស.ស. ទាំងបីសាខា ។

នៅក្នុងឱកាសដ៏វិសេសវិសាលនោះ ព្រះធម្មឃោសាចារ្យ បណ្ឌិត ឃី សុវណ្ណរតនា និងព្រះធម្មវង្សាធិបតី សុខ ថាន ព្រះប្រធាន ព.ស.ស. ខេត្តកំពង់ឆ្នាំង និងជាព្រះមេគណខេត្តកំពង់ឆ្នាំង បានផ្តល់ប្រាក់អាហារូបករណ៍ប្រចាំខែរបស់អង្គការ គំរោងជំនួយការពុទ្ធិកសិក្សាខ្មែរ ហៅកាត់ថា ឃីព (KEAP) ដល់សមណនិស្សិត​ និងនិស្សិតឆ្នើមចំនួន​ ២ អង្គ/នាក់ នៃសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ​ ខេត្តកំពង់ឆ្នាំង​ ។

នៅក្នុងពិធីសំណេះសំណាលជាមួយគណៈគ្រប់គ្រងព.ស.ស.ទាំងបីសាខា និងសមណនិស្សិត-និស្សិតទាំងអស់ ព្រះធម្មឃោសាចារ្យ បណ្ឌិត ឃី សុវណ្ណរតនា បានមានថេរដីកាថ្លែងអំណរគុណគណៈគ្រប់គ្រង ព.ស.ស. និងលើកទឹកចិត្តចំពោះសមណនិស្សិត-និស្សិតទាំងអស់ ឲ្យខិតខំប្រឹងប្រឹងយកចិត្តទុកដាក់រៀនសូត្រ និងឲ្យតម្លែដល់គុណភាពនៃ ព.ស.ស. ដែលខិតខំព្យាយាមពង្រឹងគុណភាពសិក្សាពីមួយឆ្នាំទៅមួយឆ្នាំ ។

នៅក្នុងសុន្ទរកថាសំណេះសំណាលនោះ ព្រះអង្គបានផ្តោតលើសារសំខាន់នៃភាសាអង់គ្លេស ។ ព្រះអង្គបានជម្រុញទឹកចិត្តសមណនិស្សិត-និស្សិតទាំងអស់ ឲ្យរៀនភាសាអង់គ្លេស ដែលជាភាសាយានសំខាន់សម្រាប់ទំនាក់ទំនងការងារ ជាពិសេសក្នុងបរិបទសមាហរណកម្មសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ។ ព្រះអង្គបានលើកឡើងថា ប្រទេសមួយចំនួនក្នុងអាស៊ានដែលប្រើប្រាស់ភាសាអង់គ្លេសបានល្អគឺ សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន និងព្រូណេ បានមានប្រៀបជាងប្រទេសដទៃទៀតក្នុងអាស៊ាន ព្រោះធម្មនុញ្ញអាស៊ានបានយកភាសាអង់គ្លេសជាភាសាគោល ។

មិនតែប៉ុណ្ណោះ ភាសាអង់គ្លេសជាទ្វារទៅរកចំណេះដឹង ក្នុងពិភពលោកយ៉ាងទូលំទូលាយ ។ ក្នុងន័យនេះ ព្រះអង្គបានបញ្ជាក់បន្ថែមថា អ្នកចេះភាសាអង់គ្លេសដូច «មានកូនសោរទៅរកទីផ្សារការងារល្អៗ» ប្រសើរជាងអ្នកដែលមិនចេះភាសាអង់គ្លេស ។ ក្នុងន័យនេះ ព.ស.ស. បានរៀបចំឲ្យសមណនិស្សិត-និស្សិតទាំងអស់ មានសមត្ថភាពនិងជំនាញភាសាអង់គ្លេស យ៉ាងហោចណាស់អាចនិយាយបាន បន្ថែមលើជំនាញនិងឯកទេសរបស់ខ្លួន ។

ទន្ទឹមនិងនេះ ការយកចិត្តទុកដាក់លើភាសាកំណើតរបស់ខ្លួន ក៏ត្រូវធ្វើដែរ និងជាពិសេសអក្សរសាស្ត្រខ្មែរ និងបាលី-សំស្ក្រឹត ។ ព្រះធម្មឃោសាចារ្យ បណ្ឌិត ឃី សុវណ្ណរតនា ក៏បានលើកឡើងអំពីតួនាទីរបស់ព.ស.ស. ក្នុងការអភិវឌ្ឍន៍សង្គមខ្មែរស្ទើរគ្រប់វិស័យ តាំងពីអតីតកាលមក ។ ជាពិសេសព្រះអង្គបានរំឭកអំពីអ្នកប្រាជ្ញខ្មែរដែលចេញពីព.ស.ស. មានដូចជាសម្ដេច ជួន ណាត និងសម្ដេច ហួត តាត ជាដើម ។
គណៈអធិបតីកំពុងផ្តល់ប្រាក់អាហារូបករណ៍ប្រចាំខែ របស់អង្គការគម្រោងជំនួយផ្នែកអប់រំខ្មែរ ហៅកាត់ថា ឃីព (KEAP) ដល់សមណនិស្សិត​ និងនិស្សិតឆ្នើមចំនួន​ ២ រូប នៃសាខា ព.ស.ស.​ ខេត្តកំពង់ឆ្នាំង​, ១៨ ធ្នូ ២០១៩ ។
ដោយយល់ឃើញពីសារសំខាន់ផ្នែកភាសាអង់គ្លេស ក្នុងបរិបទតំបន់និងអន្តរជាតិ ព.ស.ស. ទាំងបីទីតាំង បង្កើតការប្រកួតនិយាយភាសាអង់គ្លេស ពានរង្វាន់សម្តេច នន្ទ ង៉ែត លើកទី១ នៅសាខា ព.ស.ស. ខេត្តបាត់ដំបង និងត្រៀមរៀបចំការប្រកួតនេះ រដូវកាលទី២ សម្រាប់សមណនិស្សិតនិងនិស្សិតនៃព.ស.ស. ទាំងបីទីតាំង ដែលនឹងប្រព្រឹត្តទៅនៅសាខា ព.ស.ស. ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ដែលជាសេចក្តីសម្រេច នៃកិច្ចពិភាក្សារបស់គណៈគ្រប់គ្រង ព.ស.ស ទាំងបីទីតាំង ។

ម្យ៉ាងទៀត ការជួបប្រជុំពិភាក្សាជាមួយគណៈគ្រប់គ្រងនៃព.ស.ស. បានគ្រោងបង្កើតការប្រកួតពានរង្វាន់ សម្តេច ជួន ណាត មួយទៀតដើម្បីលើកកម្ពស់វិស័យអក្សរសាស្ត្រជាតិ ។ ខាងក្រោមនេះគឺជាខ្លឹមសារនៃគ្រោងការណ៍នេះ ដែលចុះផ្សាយលើទំព័រហ្វេសប៊ុក របស់ព្រះធម្មឃោសាចារ្យ បណ្ឌិត ឃី សុវណ្ណរតនា (VenDr Sovanratana)៖

ឆ្នាំ២០២០ខាងមុខនេះ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ (ពសស) មានគម្រោងរៀបចំការប្រកួតពានរង្វាន់ សម្តេច ជួន ណាត ផ្នែកអក្សរសាស្ត្រខ្មែរ ក្នុងបីទម្រង់: ១. អត្ថបទស្រាវជ្រាវខ្នាតមធ្យម, ២. ភាសាវិទ្យា, ៣. រឿងខ្លីប្រកបដោយគតិអប់រំ, សម្រាប់និស្សិតពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងសាកលវិទ្យាល័យនានា ដែលមានចំណងចង់ចូលរួម។ បេក្ខជនត្រូវប្រគល់នូវស្នាដៃដើមនិងការតែងនិពន្ធថ្មីរបស់ខ្លួន (new & original) ។ ជ័យលាភីលេខ១ លេខ២ និងលេខ៣ នឹងទទួលបានពាន១ បណ្ណបញ្ជាក់ជ័យលាភី១សន្លឹក និងប្រាក់រង្វាន់មួយចំនួនសមរម្យ ។ ការបង្កើតពានរង្វាន់នេះមានវត្ថុ

បំណងចម្បងៗមួយចំនួនដូចខាងក្រោម៖ 

១.ចូលរួមលើកស្ទួយអក្សរសាស្ត្រខ្មែរឱ្យកាន់តែរីកចម្រើនរឹងមាំ 
២.គោរពដឹងគុណសម្តេចព្រះសង្ឃរាជ ជូន ណាត ដែលព្រះអង្គត្រូវបានប្រជាជនខ្មែរទទួលស្គាល់ជា “បិតាអក្សរសាស្ត្រខ្មែរ” 
៣.បង្កលក្ខណៈនិងជម្រុញការសិក្សាស្រាវជ្រាវនិងតែងនិពន្ធរបស់និស្សិតខ្មែរ 
៤.ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្សដើម្បីឱ្យសង្គមខ្មែរបរិបូណ៌ដោយបញ្ញាញាណនិងគតិបណ្ឌិត 
៥.ពង្រឹងការយកចិត្តទុកដាក់ពីគ្រឹះស្ថានពុទ្ធិកឧត្តមសិក្សាក្នុងអក្សរសាស្ត្រខ្មែរ ។
ពីឆ្វេងទី៣៖ លោកសាស្ត្រាចារ្យ ខាត់ ប៊ុនធឿន បង្រៀននៅ ព.ស.ស. ខេត្តកំពង់ឆ្នាំង, ១៨ ធ្នូ ២០១៩ ។
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សាខាខេត្តកំពង់ឆ្នាំង (និងសាខាខេត្តបាត់ដំបង) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៨ ដែលមានទីតាំងនៅវត្តអារញ្ញការាម ​ស្ថិត​ក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ នៅឆ្នាំសិក្សាថ្មី ២០១៩-២០២០ នេះ មានសមណនិស្សិត និស្សិតអាហារូបករណ៍ ចំនួន ៤៥០ អង្គ/នាក់ កំពុងសិក្សានៅសាខាពុទ្ធិកសាកលវិទ្យាល័យចំនួន ៤ ដែលមានចំនួន ៦ ឯកទេស ។

ដោយឡែក កំពង់ឆ្នាំងជាខេត្តភូមិភាគកណ្ដាលល្បីឈ្មោះមួយរបស់កម្ពុជា ។ ភ្នំនាងកងរី នៅក្នុងរឿងព្រេងខ្មែរ និមិត្តរូបស្នេហ៍ស្មោះ ល្បីល្បាញដល់សព្វថ្ងៃ សូម្បីអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ក៏គេចមិនផុតពីមន្តស្នេហ៍បុប្ផាកំពង់ហាវដែរ ។ ភូមិតិរច្ឆានហានក្លាប្រហារបះបោរសម្លាប់បារាំងបាដេស ប្រឆាំងនឹងអាណានិគមបារាំងសែស ជិះជាន់គាបសង្កត់កេងប្រវ័ញ្ច អ្នកភូមិក្រាំងលាវ ខេត្តកំពង់ឆ្នាំង ក្នុងដើមសតវត្សរ៍ទី ២០ ក៏ល្បីក្នុងប្រវត្តិសាស្ត្រណាស់ដែរ ។ សេដ្ឋកិច្ចក្អមឆ្នាំងដី និងត្រីប្រហុកទន្លេសាប គឺជានិស្ស័យកំពង់ឆ្នាំងហើយ ។ ចំពោះអ្នកប្រាជ្ញវិញ សូមជម្រាបត្រួសៗមិនអស់សេចក្តី លោកបណ្ឌិតសាស្ត្រាចារ្យ កេង វ៉ាន់សាក់ គូបដិបក្ខផ្នែកអក្សរសាស្ត្រាខ្មែរ នឹងសម្ដេច ជួន ណាត គឺមានស្រុកកំណើតកើតជា នាស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងនេះឯង ។ ព្រះមហា អាំ សួន និងព្រះមហា មាស ចន (រួមជាមួយព្រះមហាឃោសានន្ទ វ៉ាយ៉ាវ) ទាំងពីរអង្គជាក្រុមព្រះសង្ឃខ្មែរដំបូងគេ ដែលបាននិមន្តទៅរៀន នៅសាកលវិទ្យាល័យនាលន្ទា ដ៏ល្បីល្បាញនៅប្រទេសឥណ្ឌា ក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ ក៏មានដើមកំណើតនៅខេត្តកំពង់ឆ្នាំងនេះដែរ ។ ប៉ុន្តែថ្មីៗនេះ ខេត្តកំពង់ឆ្នាំងបាំងភ្នំកងរី ក៏មានរឿងមួយកំពុងល្បីល្បាញ លើបណ្ដាញសង្គមហ្វេសប៊ុកផងដែរ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment