តើ «ទិវាសាធារណរដ្ឋ» ឥណ្ឌាមានអ្វីសំខាន់ខ្លះ? - លោកវិទូ

ព័ត៌មានថ្មីៗ

Monday, January 27, 2020

តើ «ទិវាសាធារណរដ្ឋ» ឥណ្ឌាមានអ្វីសំខាន់ខ្លះ?

យុវជនកម្ពុជាក្នុងឱកាសទិវាសារធារណរដ្ឋឥណ្ឌា ញូវដែល្លី, ២៦ មករា ២០២០ ។

លោកវិទូ | ថ្ងៃ ២᧣៣ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ២៧ មករា ២០២០

ញូវដែល្លី៖ ទិវាសាធារណរដ្ឋ ជាទិវារំឭកដល់ថ្ងៃដែលរដ្ឋធម្មនុញ្ញរបស់ឥណ្ឌា ត្រូវបានប្រកាសឲ្យប្រើប្រាស់ជាធរមានទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៦ មករា ឆ្នាំ ១៩៥០ តទៅ ជំនួសឲ្យច្បាប់នៃរដ្ឋាភិបាលឥណ្ឌា (១៩៣៥) ជាឯកសារអភិបាលប្រទេសឥណ្ឌា ។

ឥណ្ឌាទទួលបានឯករាជ្យ នៅថ្ងៃទី ១៥ សីហា ១៩៤៧ ពីអាណានិគមអង់គ្លេស តាមរយៈចលនាទាមទារឯករាជ្យជាតិឥណ្ឌា ។ ឯករាជ្យនេះបានកើតចេញពី ច្បាប់ឯករាជ្យជាតិឥណ្ឌា ឆ្នាំ ១៩៣៥ ដែលជាច្បាប់នៃរដ្ឋសភានៃចក្រភពអង់គ្លេស ដែលបំបែកប្រទេសឥណ្ឌាក្រោមអាណានិគមអង់គ្លេស ជារដ្ឋឯករាជ្យពីរគឺ ឥណ្ឌា និងប៉ាគីស្ថាន ។

ឥណ្ឌាទទួលបានឯករាជ្យពីអាណានិគមអង់គ្លេស នៅថ្ងៃទី ១៥ សីហា ១៩៤៧ ជារាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលមាន ស្ដេច ចច ទី៧ (George VI) ជាប្រមុខរដ្ឋ និងឧត្តមនាវីនៃកងនាវា លោក អៀល ម៉ោនប៉ាត្តេន (the Earl Mountbatten) ជាអគ្គទេសាភិបាល ។ ប៉ុន្តែឥណ្ឌាមិនទាន់មានរដ្ឋធម្មនុញ្ញអចិន្ត្រៃយ៍នៅឡើយទេ មានតែច្បាប់គ្រប់គ្រងប្រទេស ដែលកែប្រែពីច្បាប់រដ្ឋាភិបាលឥណ្ឌា ឆ្នាំ ១៩៣៥ ។ នៅខែ សីហា ១៩៤៧ សេចក្តីសម្រេចមួយ បានធ្វើឡើងដើម្បីបង្កើតគណៈកម្មការព្រាងរដ្ឋធម្មនុញ្ញ ដើម្បីសរសេរសេចក្តីព្រាងរដ្ឋធម្មនុញ្ញអចិន្ត្រៃយ៍មួយ ដែលមានលោកបណ្ឌិត អ័រ.ប៊ី. អម្ពេឌករ ជាអធិបតី ដែលគេទទួលស្គាល់គាត់ថា បិតារដ្ឋធម្មនុញ្ញឥណ្ឌា ។

ការប្រារព្ធទិវាឯករាជ្យជាតិឥណ្ឌា គឺដើម្បីអបអរសាទរថ្ងៃដែលឥណ្ឌាទទួលបានសេរីភាពពីអាណានិគមអង់គ្លេស រីឯទិវាសាធារណរដ្ឋឥណ្ឌា គឺដើម្បីអបអរសាទរថ្ងៃដែលឥណ្ឌា ប្រកាសឲ្យប្រើប្រាស់ច្បាប់រដ្ឋធម្មនុញ្ញជាផ្លូវការ ។ នៅថ្ងៃប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញថ្មីនេះ ប្រធានាធិបតីទី១ របស់ឥណ្ឌាក៏បានកើតឡើងគឺ លោក រជេន្ទ្រ ប្រាសាទ និងសភាធម្មនុញ្ញ (Constituent Assembly) ក៏បានក្លាយជារដ្ឋសភាជាតិឥណ្ឌា (Parliament of India) ។ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ចាប់ពីឆ្នាំ ១៩៥០ ដល់ ២០២០ រដ្ឋធម្មនុញ្ញឥណ្ឌា ត្រូវបានធ្វើវិសោធនកម្មចំនួន ១០៤ លើកមកហើយ ។

ការប្រារព្ធពិធី

ពិធីអបអរសាទរទិវាសាធារណរដ្ឋដ៏សំខាន់ជាងគេ ត្រូវបានប្រារព្ធធ្វើឡើងនៅរដ្ឋធានីញូវដែល្លី នៅឯររាជផាត (វិថីស្ដេច) នៅចំពោះមុខប្រធានាធិបតីឥណ្ឌា ។ នៅថ្ងៃនេះ ពិធីព្យុហយាត្រា ត្រូវបានធ្វើឡើងនៅតាមបណ្ដោយផ្លូវរាជផាត ដើម្បីបង្ហាញពីវប្បធម៌ចម្រុះ និងមរតកវប្បធម៌សម្បូរបែបរបស់ឥណ្ឌា ។ វាជាការបង្ហាញឲ្យឃើញថាប្រទេសឥណ្ឌា មានភាពចម្រុះនិងបេតិកភណ្ឌវប្បធម៌ដ៏សំបូរបែប ។

កម្មវិធីនេះ ត្រូវបានរៀបចំដោយក្រសួងការពារជាតិ ។ ក្បួនព្យុហយាត្រានេះ ចាប់ផ្ដើមចេញពេញពីវិមានប្រធានាធិបតី (រាស្ត្របតីភវ័ន) នៅឯទួលរ៉ៃសីនា ឆ្ពោះទៅកាន់ទ្វារឥណ្ឌាឬឥណ្ឌាហ្គែត តាមផ្លូវរាជផាត ។ ពិធីនេះគឺជាពិធីដែលធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំង ក្នុងការប្រារព្ធទិវាសាធារណរដ្ឋឥណ្ឌា ដែលមានរយៈពេលដល់ទៅបីថ្ងៃ ។ វាក៏ជាឱកាសមួយ ដែលឥណ្ឌាបង្ហាញពីអនុភាពនិងកម្លាំងរបស់យោធា បំពាក់ដោយសព្វាវុធទំនើបៗ ព្រមទាំងបង្ហាញពីមរតកវប្បធម៌ចម្រុះសម្បូរបែនរបស់ខ្លួន ទៅកាន់ពិភពលោកទាំងមូល ដែលមានរៀបក្បួនជាផែនឬក្រុម មានការវិចិត្រតាក់តែងដោយការកែឆ្នៃខ្ពស់ ប្រកបដោយទិដ្ឋភាពគួរជាទីទស្សនា ។

ជាងនេះទៅទៀត រដ្ឋាភិបាលបានយកឱកាសមហោឡារិកនេះ ដើម្បីប្រគាល់ពានរង្វាន់ និងដំឡើងស័ក្តិដល់យោធាឥណ្ឌា ដែលមានស្នាដៃល្អក្នុងអាជិព និងបេសកម្មរបស់ខ្លួន ។

ពិសេសជាងនេះទៀតទិវានេះ ជាការរំឭកមេដឹកនាំរដ្ឋាភិបាលឥណ្ឌា គោរពស្មារតីនៃរដ្ឋធម្មនុញ្ញរបស់ខ្លួន និងដឹកនាំប្រទេសជាតិមិនឲ្យប្រាសចាកពីច្បាប់រដ្ឋធម្មនុញ្ញដែលបានចែងទុកមក ។ ព្រោះហេតុ ក្នុងឱកាសនេះ យើងឃើញមានការអាននូវ បុព្វកថា នៃរដ្ឋធម្មនុញ្ញឥណ្ឌា ដោយអ្នកនយោបាយ និងនិស្សិតតាមសាកលវិទ្យាល័យមួយចំនួន ដែលរំឭកនូវខ្លឹមសារសំខាន់នៃរដ្ឋធម្មនុញ្ញនេះ ដល់បក្សកាន់អំណាចបច្ចុប្បន្ន ក្រោយមានការធ្វើវិសោធនកម្មច្បាប់មួយចំនួនថ្មីនេះ (CAA, NRC) ដែលគេគិតថាប្រាសចាកស្មារតីនៃរដ្ឋធម្មនុញ្ញជាតិ ។
សម្ដេច ព្រះបាទ នរោត្តម សីហនុ និងអគ្គមហេសី មុនីនាថ សីហនុ ជាមួយនឹងប្រធានាធិបតីឥណ្ឌា បណ្ឌិត សរវេបល្លី រាធាក្រឹស្ណ័ន (Dr Sarvepalli Radhakrishnan) កំពុងទតព្យុហយាត្រាទិវាសាធារណរដ្ឋឥណ្ឌា, ញូវដែល្លី, ១៩៦៣ ។

ភ្លៀវកិត្តិយសពិសេសនៃពិធីព្យុហយាត្រា

ចាប់តាំងពីឆ្នាំ ១៩៥០ ប្រទេសឥណ្ឌាបានអញ្ជើញប្រមុខរដ្ឋឬរដ្ឋាភិបាលនៃប្រទេសមួយផ្សេងទៀត ក្នុងនាមជាភ្ញៀវកិត្តិយសរបស់រដ្ឋ សម្រាប់ការប្រារព្ធទិវាសាធារណរដ្ឋនៅទីក្រុងញូវដែល្លី ។

ប្រទេសដែលជាភ្ញៀវត្រូវបានជ្រើសរើស បន្ទាប់ពីការជជែកវែកញែក អំពីផលប្រយោជន៍ខាងយុទ្ធសាស្ត្រ សេដ្ឋកិច្ច និងនយោបាយ ។ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៥០- ១៩៧០ ប្រទេសមួយចំនួនដែលជាមាជិកនៃចលនាមិនចូលបក្សសម្ព័ន្ធ (NAM) និងប្លុកលោកខាងកើត ត្រូវបានរៀបចំឡើងដោយប្រទេសឥណ្ឌា ធ្វើជាភ្ញៀវកិត្តិយសពិសេស ។


ដោយឡែកប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានអញ្ជើញចូលរួមជាភ្ញៀវ  ក្នុងពិធីព្យុហយាត្រាទិវាសាធារណរដ្ឋឥណ្ឌានេះ តែពីរម្ដងប៉ុណ្ណោះ តាំងពីឆ្នាំ ១៩៥០ មក ។ លើកទី១គឺនៅឆ្នាំ ១៩៦៣ ពេលសម្ដេច ព្រះបាទ នរោត្តម សីហនុ បានយាងចូលរួមធ្វើជាភ្លៀវកិត្តិយសពិសេស ក្នុងពិធីនេះ ដែលបង្ហាញឲ្យឃើញពីមិត្តភាពជិតស្និទ្ធរវាងប្រទេសទាំងពីរ ។ និងលើកទី២គឺនៅឆ្នាំ ២០១៨ ពេលដែលសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលនៃប្រទេសជាសមាជិកអាស៊ាន បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីនេះ ក្នុងចំណោមប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន ៩ ទៀត ដែលបង្ហាញពីទិសដៅគោលនយោបាយការបរទេសឥណ្ឌា ផ្ដោតសំខាន់លើទំនាក់ទំនងជាមួយអាស៊ាន ។

រីឯឆ្នាំ ២០២០ នេះ ប្រធានាធិបតីនៃប្រទេសប្រេស៊ីល លោក ចៃរ៍ អឹម. បូលសុនារូ (Jair M. Bolsonaro) បាអញ្ជើញធ្វើជាភ្ញៀវកិត្តិយស ក្នុងពិធីព្យុហយាត្រាទិវាសាធារណរដ្ឋលើកទី៧១ ដ៏មហោឡារិកនេះ ដែលមានមនុស្សម្នាច្រើនកុះករចូលរួមទស្សនា ។
យុវជនកម្ពុជាក្នុងឱកាសទិវាសារធារណរដ្ឋឥណ្ឌា ញូវដែល្លី, ២៦ មករា ២០២០ ។

យុវជនកម្ពុជា និងទិវាសាធារណរដ្ឋ ឆ្នាំ២០២០

ក្នុងឱកាសគួរជាទីរីករាយនេះដែរ យុវជនកម្ពុជាបានព្យាយាមទៅចូលរួមទស្សនា ព្យុហយាត្រាទិវាសាធារណរដ្ឋឥណ្ឌា នៅឯផ្លូវរាជផាត ។ យុវជនកម្ពុជាទាំងអស់ ៥ នាក់ ដែលនិស្សិតកំពុងសិក្សា នៅសាកលវិទ្យាល័យនានា នៅទីក្រុងញូវដែល្លី និងយុវជនម្នាក់មកពីប្រទេសកម្ពុជា ដើម្បីចូលរួមកាមសិក្សាវគ្គខ្លីនៅទីក្រុងញូវដែល្លីនេះដែរ បានចូលរួមអបអរសាទរទិវាសាធារណរដ្ឋឥណ្ឌា យ៉ាងសប្បាយរីករាយ ប្រកបដោយវិស្សាសៈនិងភាតរភាព ។

ទោះជាមិនបានចូលដល់ទីតាំងប្រារព្ធក៏ដោយ ក៏ពួកគេបានសម្ដែងនូវអំណរសាទរ ចំពោះប្រជាជនឥណ្ឌា ក្នុងថ្ងៃជាប្រវត្តិសាស្ត្រ ដែលឥណ្ឌាបានប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលជាច្បាប់កំពូលរបស់ប្រទេស ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment