វិធីទប់ទល់នឹងព័ត៌មានក្លែងក្លាយ ៨ យ៉ាង និងកាលាមសូត្រ កុំអាលជឿ ១០ យ៉ាង ។ |
លោកវិទូ | ថ្ងៃ ៣᧯៧ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ០៥ មិថុនា ២០២០
សព្វថ្ងៃបច្ចេកវិទ្យានិងបណ្ដាញសារព័ត៌មាន មានភាពរីកចម្រើនខ្លាំង ដែលបានផ្ដល់ទាំងភាពវិជ្ជមាននិងអវិជ្ជមាន ដល់អ្នកប្រើសប្រាស់ ។ ការទទួលបានព័ត៌មាន ក៏មានលក្ខណៈឆាប់រហ័ស និងសម្បូរបែបជាងមុន ។ ស្របពេលជាមួយគ្នានេះដែរ ព័ត៌មានក្លែងក្លាយបានក្លាយជាវិបត្តិមួយ ក្នុងសង្គមជាតិ និងពិភពលោកទាំងមូល ដែលបង្កើតឡើងដោយភ្នាក់ងាររដ្ឋនិងភ្នាក់ងារឯកជន ។ តើទ្រឹស្តីព្រះពុទ្ធសាសនា អាចផ្ដល់នូវដំណោះស្រាយអ្វីខ្លះក្នុងបញ្ហានេះ ដើម្បីធ្វើជាមូលដ្ឋានពិចារណាកុំឲ្យធ្លាក់ក្នុងអន្ទាក់ព័ត៌មានក្លែងក្លាយ?
អ្វីទៅជាព័ត៌មានក្លែងក្លាយ?
ដំបូងយើងគប្បីស្គាល់អំពីលក្ខណៈរបស់ព័ត៌មានក្លែងក្លាយសិន និងគោលបំណងអ្នកដែលប្រើប្រាស់វា ។ ព័ត៌មានក្លែងក្លាយ (Fake News or Hoax News) ជាទម្រង់ព័ត៌មានមួយដែលមានការក្លែងបន្លំដំណឹងឬព័ត៌មាន ដោយចេតនា ឬការកុហក ដែលផ្សព្វផ្សាយតាមរយៈប្រព័ន្ធសារព័ត៌មានបែបបុរាណ (ចុះផ្សាយតាមកាសែត ឬតាមរលកធាតុអាកាស) និងសារព័ត៌មានសង្គមអនឡាញ មានបណ្ដាញសង្គមហ្វេសប៊ុកជាដើម ។ សារព័ត៌មានឌីជីថលបាននាំមកវិញនិងបង្កើនការប្រើប្រាស់ព័ត៌មានក្លែងក្លាយដែលគេឲ្យឈ្មោះថា វិជ្ជាជីវសារព័ត៌មានពណ៌លឿង (yellow journalism) ។ បន្ទាប់មកជាញឹកញាប់ ព័ត៌មាននេះត្រូវបានចែកចាយជាដំណឹងខុសលើបណ្ដាញសង្គម មិនតែប៉ុណ្ណោះម្ដងម្កាល ព័ត៌មាននេះក៏បានផ្សព្វផ្សាយនៅលើសារព័ត៌មានល្បីៗផងដែរ ។
តាមធម្មតា គេសរសេរឬចុះផ្សាយព័ត៌មានក្លែងក្លាយ ដោយមានចេតនានាំឲ្យយល់ខុស ដើម្បីធ្វើឲ្យខូចឈ្មោះភ្នាក់ងារ អង្គភាព ឬបុគ្គលណាម្នាក់ និងដើម្បីកេញចំណេញខាងហិរញ្ញវត្ថុ ឬខាងនយោបាយ តាមរយៈការប្រើប្រាស់ភាសាមនោសញ្ចេតនារម្មណ៍ ភាពមិនស្មោះត្រង់ ឬចំណងជើងក្ដៅៗបែបទាក់ទាញ ដើម្បីឲ្យមានអ្នកចូលអានច្រើន ។ ស្រដៀងគ្នានេះដែរ រឿងរ៉ាវបន្លំឲ្យគេចុចមើល និងចំណងជើងឲ្យអ្នកចុចមើលច្រើន គឺដើម្បីរកលុយតាមរយៈការបង្ហាញពាណិជ្ជកម្មផ្សេងៗ ដែលកំពុងពេញនិយមខ្លាំង ជាពិសេសនៅប្រទេសកម្ពុជា ។ សូមបើករង្វង់ក្រចកត្រង់នេះបន្តិចថា អ្នករកលុយតាមអនឡាញ បើមានអ្នកចុចមើល ១០០០ ដង គេអាចនឹងទទួលបានលុយពី ៤ ទៅ ១០ ដុល្លារ អាស្រ័យលើប្រភពអ្នកមើល (អ្នកមើលពីសហរដ្ឋអាម៉េរិក ឬអឺរ៉ុបផ្ដល់ប្រាក់កម្រៃច្រើនជាងគេ) ដោយការបង្ហាញរូបពាណិជ្ជកម្មអន្តរជាតិដូចជា ពាណិជ្ជកម្មហ្គូហ្គល (Google Ads) និងពាណិជ្ជកម្មហ្វេសប៊ុក (Facebook Ads: Instant Articles/Ads Break) ឬពាណិជ្ជកម្មក្នុងស្រុកមានក្រុមហ៊ុនស្រាបៀរជាដើម ។
នាពេលបច្ចុប្បន្ន ព័ត៌មានក្លែងក្លាយបានកើនឡើង នៅក្នុងសម័យដែលគេឲ្យឈ្មោះថា នយោបាយបុរេសច្ចៈ (post-truth politics) ។ ដូចបានបញ្ជាក់ខាងលើអ៊ីចឹង សម្រាប់ប្រព័ន្ធសារព័ត៌មាន សមត្ថភាពទាក់ទាញអ្នកមើល នៅលើគេហទំព័ររបស់ខ្លួនគឺចាំបាច់ណាស់ ដើម្បីរកប្រាក់កម្រៃតាមរយៈការផ្សាយឬបង្ហាញពាណិជ្ជកម្មអនឡាញ ។ ការចុះផ្សាយរឿងដែលមានមាតិកាក្លែងក្លាយ ដែលទាក់ទាញអ្នកប្រើប្រាស់ បានផ្ដល់ប្រយោជន៍ដល់អ្នកផ្សាយពាណិជ្ជកម្ម និងធ្វើឲ្យប្រសើរឡើងនូវកម្រិតគុណភាព (បានផ្កាយ/ស្តារខ្ពស់ ឧ. ៤/៥ ឬ ៥/៥ ជាដើម) ។ ភាពងាយស្រួលក្នុងការរកប្រាក់កម្រៃតាមរយៈពាណិជ្ជកម្មអនឡាញ អក្ខោសានកម្មនយោបាយដែលកើនឡើង និងភាពពេញនិយមនៃបណ្ដាញសង្គមមានជាអាទិ៍ហ្វេសប៊ុក ទាំងអស់នេះបានជាប់ទាក់ទងនឹងការរីករាលដាលព័ត៌មានក្លែងក្លាយ ដែលកំពុងតែប្រកួតប្រជែងនឹងរឿងព័ត៌មានពិត ។ អង្គភាពរដ្ឋអមិត្ត ក៏បានជាប់ទាក់ទងនឹងការបង្កើតព័ត៌មានក្លែងក្លាយ និងការឃោសនាព័ត៌មានក្លែងក្លាយផងដែរ ជាពិសេសក្នុងកំឡុងពេលឃោសនាបោះឆ្នោត ។
ជាទូទៅគេអាចកំណត់លក្ខណៈព័ត៌មានក្លែងក្លាយបាន តាមរយៈចំណុចចំនួន ៧ យ៉ាងគឺ
- ការដៀលត្មះ ឬការត្រាប់កំប្លែងដើម្បីរិះគន់ (satire or parody)៖ ភាគច្រើនជារូបត្លុក គ្មានចេតនាបង្កឲ្យខូចប្រយោជន៍នរណាម្នាក់ទេ ប៉ុន្តែមានសក្ដានុភាពធ្វើឲ្យយល់ច្រឡំបាន ។
- តួសេចក្តីក្លែងក្លាយ (false connection)៖ នៅពេលដែលចំណងជើង រូបភាពបង្ហាញ ឬក៏ សេចក្តីពន្យល់សង្ខេប មិនគាំទ្រខ្លឹមសារអត្ថបទ ។
- មាតិកានាំឲ្យយល់ខុសការពិត (misleading content)៖ ការប្រើប្រាស់ព័ត៌មានធ្វើឲ្យយល់ខុស ដើម្បីទម្លាក់កំហុសទៅលើបញ្ហាអ្វីមួយ ឬបុគ្គលណាម្នាក់ ។
- ខុសបរិបទ (false context)៖ នៅពេលដែលមាតិកាព័ត៌មាន ត្រូវបានចែករំលែក មានព័ត៌មានខុសបរិបទ ។
- មាតិកាបំប្លែង (impostor content)៖ នៅពេលដែលប្រភពពិតត្រូវបានប្រើប្រាស់ដើម្បីក្លែងធ្វើជាបុគ្គលណាម្នាក់ ដោយមានប្រភពក្លែងក្លាយប្រឌិតឡើង ។
- មាតិកាបញ្ចេញបញ្ចូលថែម (manipulated content)៖ នៅពេលដែលព័ត៌មានឬរូបភាពពិត ត្រូវបានបញ្ចេញបញ្ចូលបន្ថែម ដើម្បីបោកប្រាស់ ដូចជាមានដាក់រូបភាពកែឆ្នៃជាអាទិ៍ ។
- ព័ត៌មានប្រឌិត (fabricated content)៖ មាតិកាព័ត៌មានគឺ ១០០% មិនពិត ដែលតាក់តែងឡើងដើម្បីបោកប្រាស់និងបង្កផលអាក្រក់ ។
តាមផ្លូវលោក (មើលរូបភាពខាងលើ) ដើម្បីទប់ទល់នឹងព័ត៌មានក្លែងក្លាយយើងត្រូវ (១) ដឹងពីប្រភពព័ត៌មានដោយពិនិត្យមើលគេហទំព័របេសកកម្មនិងព័ត៌មានទំនាក់ទំនងរបស់ស្ថាប័នព័ត៌មាននោះ និងត្រូវស្គាល់ស្ថាប័នព័ត៌មានផ្លូវការនិងមិនផ្លូវការផងដែរ, (២) មើលកាលបរិច្ឆេទរបស់អត្ថបទព័ត៌មានផង ក្រែងវាមិនត្រូវនឹងកាលៈទេសៈបច្ចុប្បន្ន, (៣) គិតដល់អគតិខ្លួនឯងផងថាតើវាអាចប៉ះពាល់ដល់ការវិនិច្ឆ័យរបស់ខ្លួនដែរឬទេ, (៤) ស្គាល់អ្នកនិពន្ធឬអ្នកសរសេរព័ត៌មាន ថាតើគាត់មានឈ្មោះពិតប្រាកដដែរឬទេ មានកេរ្តិ៍ឈ្មោះល្អដែរឬទេ, (៥) កុំអានយកន័យតាមតែចំណងជើងព្រោះចំណងជើងខ្លះគ្រាន់តែធ្វើដើម្បីទាក់ទាញប៉ុណ្ណោះ មាតិកាអាចមានន័យផ្សេង, (៦) ពិនិត្យឯកសារយោងឬប្រភពគាំទ្រព័ត៌មានមានគ្រប់គ្រាន់ត្រឹមត្រូវដែរឬទេ, (៧) ពិនិត្យមើលក្រែងវាគ្រាន់តែជាព័ត៌មានលេងសើច ដោយស្រាវជ្រាវឲ្យដឹងពីគេហទំព័រនិងអ្នកនិពន្ធ, និង(៨) សាកសួរអ្នកជំនាញដូចជាបណ្ណារក្ស ឬគេហទំព័រត្រួតពិនិត្យការពិតជាដើម ។
គោលការណ៍កាលាមសូត្រដើម្បីទប់ទល់នឹងព័ត៌មានក្លែងក្លាយ
ក្នុងព្រះពុទ្ធសាសនាវិញ យើងឃើញមានការសម្ដែងអំពីគោលនៃជំនឿ ដោយមិនចេះតែជឿផ្ដេសផ្ដាសដោយគ្រាន់តែឮឬឃើញនោះទេ ។ សមដូចពុទ្ធភាសិតមួយបានសម្ដែងថា «យោ ច សទ្ទប្បរិត្តាសី វនេ វាតមិគោ យថា លហុចិត្តោតិ តំ អាហុ នាស្ស សម្បជ្ជតេ វតំ ។» បកប្រែថា៖ «បុគ្គលណាភ្ញាក់ផ្អើលសំឡេងដូចឈ្លូសក្នុងព្រៃ បុគ្គលនោះហៅថា មានចិត្តស្រាល កិច្ចការរបស់បុគ្គលនោះរមែងមិនសម្រេច» ។ បុគ្គលដែលភ្ញាក់ផ្អើលសំឡេង ឈ្មោះថាជាអ្នកមានចិត្តស្រាល ពោលគឺ អ្នកមានត្រចៀកសឆាប់ជឿគេងាយនោះឯង ដោយខ្វះការពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ ព្រះសម្មាសម្ពុទ្ធជាម្ចាស់បានត្រាស់សម្តែងថា កិច្ចការរបស់បុគ្គលនោះ រមែងមិនសម្រេចជោគជ័យ ។
ស្តូបកេសរិយា (កេសបុត្ត) កសាងឡើងដោយព្រះបាទធម្មាសោក ស.វ.ទី៣មុនគ.ស. បច្ចុប្បន្ននៅស្រុកចម្ប៉ារ័ណខាងកើត នៃរដ្ឋពិហារ ។ រូបភាព៖ វីគីភីឌា |
កាលាមសូត្រនៃអង្គុត្តរនិកាយតិកនិបាត (ព្រះត្រៃបិដកខ្មែរភាគ ៤១ ទំព័រទី ២១៦ – ២២៩) គឺជាគោលការណ៍ទ្រឹស្តីសួររកហេតុផលដោយសេរី (theory of free inquiry) ដែលសាសនាដទៃកម្រនឹងមានណាស់ ពោលគឺសេរីភាពក្នុងការដេញដោលរកការពិត ដោយមិនចេះតែជឿឬមិនគួរជឿ ។ ព្រះសូត្រនេះព្រះអង្គទ្រង់ត្រាស់សម្ដែងចំពោះពួកកាលាមក្សត្រិយ៍ក្នុងកេសបុត្តនិគម (បច្ចុប្បន្ន ស្រុកចម្ប៉ារ័ណខាងកើត នៃរដ្ឋពិហារ) ដែលមានសេចក្តីសង្ស័យ ពេលមានពួកសមណព្រាហ្មណ៍ជាច្រើនក្រុមមកសម្ដែងនូវវាទៈរបស់ខ្លួនផ្សេងៗគ្នា មិនដឹងថានឹងត្រូវជឿកាន់យកនូវវាទៈមួយណាដែលជាការពិត ។
ពួកកាលាមក្សត្រិយ៍ក៏បានក្រាបបង្គំទូលព្រះដ៏ព្រះភាគដូច្នេះថា «បពិត្រព្រះអង្គដ៏ចម្រើន មានសមណព្រាហ្មណ៍មួយពួកមកកាន់កេសបុត្តនិគម សមណព្រាហ្មណ៍ទាំងនោះ សម្ដែងប្រកាសនូវវាទៈគឺ លទ្ធិរបស់ខ្លួនឯង បៀតបៀនមើលងាយបង្អាប់បង្អោនលើកទម្លាក់នូវវាទៈរបស់បុគ្គលដទៃបពិត្រព្រះអង្គដ៏ចម្រើន មានសមណព្រាហ្មណ៍ដទៃ មួយពួកទៀត មកកាន់កេសបុត្តនិគម សមណព្រាហ្មណ៍ទាំងនោះ ក៏សម្ដែងប្រកាស នូវវាទៈរបស់ខ្លួនឯង បៀតបៀនមើលងាយបង្អាប់បង្អោន លើកទម្លាក់នូវវាទៈរបស់បុគ្គលដទៃដែរ បពិត្រព្រះអង្គដ៏ចម្រើន យើងខ្ញុំទាំងនោះ មានសេចក្ដីងឿងឆ្ងល់សង្ស័យពេកណាស់ ចុះបណ្ដាសមណព្រាហ្មណ៍ដ៏ចម្រើនទាំងនេះ អ្នកណានិយាយពិត អ្នកណានិយាយកុហក» ។
ព្រះសម្មាសម្ពុទ្ធជាម្ចាស់បានត្រាស់សម្តែងអំពីលក្ខខណ្ឌ (The criterion for rejection) ក្នុងការបដិសេធវាទៈឬព័ត៌មាននោះដល់កាលាមក្សត្រិយ៍ គឺកុំអាលជឿ ១០ មានដូចតទៅនេះ៖
១. មា អនុស្សវេន : កុំអាលជឿព្រោះសេចក្តីរាយការណ៍ ។
២. មា បរម្បរាយ : កុំអាលជឿព្រោះទំនៀមទម្លាប់ ។
៣. មា ឥតិកិរាយ : កុំអាលជឿព្រោះពាក្យចចាមអារ៉ាម ។
៤. មា បិដកសម្បទានេន : កុំអាលជឿព្រោះការអាងក្បួន ឬ គម្ពីរ ។
៥. មា តក្កហេតុ : កុំអាលជឿព្រោះតក្កវិជ្ជា ។
៦. មា នយហេតុ : កុំអាលជឿព្រោះអនុមានឬលំនឹកស្មាន ។
៧. មា អាការបរិវិតកេ្កន : កុំអាលជឿព្រោះការត្រិះរិះតាមស្ថានភាព ។
៨. មា ទិដ្ឋិនិជ្ឈានក្ខន្តិយា : កុំអាលជឿព្រោះត្រូវនឹងទ្រឹស្តីដែលពិនិត្យពិច័យហើយ ។
៩. មា ភព្វរូបតាយ : កុំអាលជឿព្រោះឃើញទំនងគួរឲ្យជឿ ។
១០. មា សមណោ នោ គរូតិ : កុំអាលជឿព្រោះយល់ថា សមណៈឬបុគ្គលរូបនេះជាគ្រូរបស់យើង ។
បើដូច្នេះ តើយើងគួរជឿដូចម្តេច? ព្រះដ៏មានព្រះភាគទ្រង់ឲ្យយើងពិចារណានិងវិនិច្ឆយទៅលើហេតុជាប្រយោជន៍និងមិនជាប្រយោជន៍ នៃជំនឿនិងព័ត៌មានដែលយើងទទួលបាន ដើម្បីជាការកំណត់លក្ខណៈពិតឬមិនពិត សច្ចៈឬអសច្ចៈ ដោយវិនិច្ឆយទៅលើអកុសលមូល ៣ យ៉ាងគឺលោភៈ ទោសៈ មោហៈ នៅក្នុងសន្ដានចិត្តរបស់បុគ្គលអ្នកផ្ដល់ព័ត៌មាននិងវាទៈនោះ ។ ព្រះសម្មាសម្ពុទ្ធជាម្ចាស់បានត្រាស់សួរទៅកាលាមក្សត្រិយ៍ដោយសេចក្តីបំព្រួញយ៉ាងនេះថា៖
«ម្នាលកាលាមក្សត្រិយ៍ អ្នកសម្គាល់នូវហេតុនោះដូចម្ដេច លោភៈកាល (greed) ទោសៈកាល (hate) មោហៈកាល (delusion) កើតឡើង ក៏កើតឡើងក្នុងសន្ដានរបស់បុរស ដើម្បីជាប្រយោជន៍ឬ ដើម្បិមិនជាប្រយោជន៍ទេ ។ បពិត្រព្រះអង្គដ៏ចម្រើន ដើម្បីមិនជាប្រយោជន៍ទេ ។ »
«ម្នាលកាលាមក្សត្រិយ៍ ចុះបុរសបុគ្គលនេះ ជាអ្នកល្មោភត្រូវសេចក្ដីលោភគ្របសង្កត់ មានចិត្តត្រូវសេចក្ដីលោភរួបរឹត...ជាអ្នកប្រទូស្តត្រូវទោសៈគ្របសង្កត់ មានចិត្តត្រូវទោសៈរួបរឹត...ជាអ្នកវង្វេងត្រូវមោហៈគ្របសង្កត់មានចិត្តត្រូវមោហៈរួបរឹត...រមែងសម្លាប់នូវសត្វមានជីវិតខ្លះ កាន់យកនូវទ្រព្យដែលបុគ្គលដទៃមិនបានឲ្យខ្លះ គប់រកនូវភរិយាអ្នកដទៃខ្លះ និយាយកុហកខ្លះ ដឹកនាំបុគ្គលដទៃដើម្បីហេតុនោះខ្លះ ហេតុនេះប្រព្រឹត្តទៅដើម្បីមិនជាប្រយោជន៍ ដើម្បីទុក្ខអស់កាលដ៏អង្វែងដល់បុគ្គលនោះឬទេ ។ បពិត្រព្រះអង្គដ៏ចម្រើន យ៉ាងហ្នឹងហើយ ។ »
ព្រះអង្គទ្រង់ត្រាស់សួរបញ្ជាក់ទៅកាលាមក្សត្រិយ៍ទៀតថា៖
«ម្នាលកាលាមក្សត្រិយ៍ អ្នកសម្គាល់ហេតុនោះដូចម្ដេច ធម៌នេះជាកុសល ឬជាអកុសល ។ ជាអកុសលព្រះអង្គ ។ ជាធម៌ប្រកបដោយទោសឬមិនប្រកបដោយទោសទេ ។ ជាធម៌ប្រកបដោយទោសព្រះអង្គ ។ ជាធម៌ដែលអ្នកប្រាជ្ញតិះដៀល ឬអ្នកប្រាជ្ញសរសើរ ។ ជាធម៌ ដែលអ្នកប្រាជ្ញតិះដៀល ព្រះអង្គ ។ ធម៌ទាំងនេះ ដែលបុគ្គលសមាទានពេញលេញហើយ រមែងប្រព្រឹត្តទៅដើម្បីមិនជាប្រយោជន៍ដើម្បីសេចក្ដីទុក្ខឬ មិនប្រព្រឹត្តទៅទេ ឬក៏ក្នុងដំណើរនោះដូចម្ដេចទៅវិញ ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងនេះ ដែលបុគ្គលសមាទាន បរិបូណ៌ហើយ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្ដីទុក្ខ យើងខ្ញុំក៏យល់ក្នុងដំណើរនោះ ដូច្នោះដែរ ។»
និយាយឲ្យខ្លីទៅ លុះត្រាតែដឹងច្បាស់ដោយចិត្តរបស់ខ្លួនថា រឿងទាំងអស់នោះជាប្រយោជន៍ មិនមែនជាប្រយោជន៍ ជាអកុសល ជាកុសល មានទោស មិនមានទោស ជាដើម ហើយទើបគួរលះបង់ចោល ឬបដិបត្តិតាម ។ ស្ដាប់ទៅដូចរៀងឃ្លាតពីប្រធានបទព័ត៌មានក្លែងក្លាយបន្តិច ដោយសារទ្រឹស្តីក្នុងកាលាមសូត្រគឺជ្រាលជ្រៅហើយលម្អិតជាង ដើម្បីវិភាគលើលទ្ធិឬវាទៈរបស់សាសនាណាមួយ តាមរយៈការសិក្សាផ្លូវចិត្ត ។ ប៉ុន្តែមិនមែនមានន័យថាមិនពាក់ពន្ធនឹងការបញ្ឈប់ព័ត៌មានក្លែងក្លាយនោះទេ ។
កុំអាលជឿ ១០ យ៉ាងនេះពិតជានឹងអាចផ្តល់គោលការណ៍គ្រឹះសម្រាប់យើង ក្នុងការសិក្សាវិភាគសម្គាល់ព័ត៌មានដែលយើងទទួលបានពីប្រភពនានា ថាតើព័ត៌មាននោះគ្រាន់តែដើម្បីរកលុយ (លោភៈ) បង្កការស្អប់ខ្ពើមគ្នា (ទោសៈ) និងបំភ្លៃប្រាសចាកការពិត (មោហៈ) និងថាតើជាព័ត៌មានមានប្រយោជន៍ ឬគ្មានប្រយោជន៍ដល់សង្គមជាតិ ដែលគួរអានឬមិនគួរអាន ។ ដូច្នេះទាល់តែលទ្ធិមួយឬព័ត៌មានមួយ ដែលមិនប្រកបដោយលោភៈទោសៈមោហៈ ជាកុសលធម៌ មិនប្រកបដោយទោស អ្នកប្រាជ្ញសរសើរ បុគ្គលសមាទានពេញលេញហើយរមែងប្រព្រឹត្តទៅដើម្បីជាប្រយោជន៍ រួចចាក់ទុក្ខ ទើបគួរជឿហើយប្រតិបត្តិតាម ៕
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment