សាកលវិទ្យាល័យ J.N.U. ត្រូវបានវាយប្រហារដោយក្រុមជនអន្ធពាល, និស្សិតខ្មែរគេចខ្លួនរកទីសុវត្ថិភាព - លោកវិទូ

ព័ត៌មានថ្មីៗ

Monday, January 06, 2020

សាកលវិទ្យាល័យ J.N.U. ត្រូវបានវាយប្រហារដោយក្រុមជនអន្ធពាល, និស្សិតខ្មែរគេចខ្លួនរកទីសុវត្ថិភាព

កាសែតហិណ្ឌូស្ថានថែមស៍ចុះផ្សាយអំពីអំពើហិង្សាវាយប្រហារមកលើនិស្សិតនិងសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យ J.N.U., ញូវដែល្លី, ០៥ មករា ២០២០ ។

លោកវិទូ | ថ្ងៃ ២ ᧬២ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ០៦ មករា ២០២០

អន្តេវាសិកដ្ឋានសាបាមទី នៃសាកលវិទ្យាល័យ J.N.U. នាទីក្រុងញូវដែល្លី ត្រូវបានក្រុមជនអន្ធពាលបិទមុខមួយក្រុម ធ្វើការវាយកំទេច និងនិស្សិតជាច្រើននាក់ ត្រូវបានពួកវាវាយដំឥតរើសមុខ ដោយដំបងដែកទីប និងដំបងឫស្សីជាដើម ។ និស្សិតខ្មែរម្នាក់ដែលកំពុងស្នាក់នៅទីនោះ បានចាកចេញរកទីសុវត្ថិភាព ។

រដ្ឋធានីញូវដែល្លី៖ នៅថ្ងៃទី៥ ខែមករា កាលពីវេលាម៉ោង ៦:៤០ នាទីយប់ ក្រុមជនអន្ធពាលមួយក្រម ដែលកាសែតឌឺហិណ្ឌូ បានកំណត់អត្តសញ្ញាណថាជាក្រុមយុវជន ABVP បានប្រព្រឹត្តអំពើហិង្សា ក្នុងបរិវេណសាកលវិទ្យាល័យ J.N.U. ។ ពួកគេបានប្រើដំបងដែក និងដឱបងឫស្សីជាដើម វាយបំផ្លាញកន្លែងស្នាក់របស់និស្សិតជាច្រើនអាគារមាន សាបាមទី និង តាបទី ជាដើម ។ ពួកគេបានសម្រុកចូល ក្នុងអាគារស្នាក់នៅរបស់និស្សិត វាយបំផ្លាញទ្វារកញ្ចក់ និងស្អីៗដែលនៅទើសមុខពួកគេ ។

និស្សិតមួយចំនួនត្រូវបានពួកគេវាយឲ្យរបួសបែកក្បាល ខណៈនិស្សិតទាំងឡាយបានព្យាយាមលាក់ខ្លួន យ៉ាងភិតភ័យនៅខាងក្នុងបន្ទប់ ពេលដែលក្រុមជនអន្ធពាលកំពុងធ្វើសកម្មភាព បំផ្លាញវាយដំនៅខាងក្រៅ និងប្រឹងបុកទម្លុះទ្វារ ដោយមានសំឡេងលាន់ឮក្ដុងក្ដាំងផូងផាំង និងសំឡេងបែកកញ្ចក់ប្រាវៗ ។
កញ្ចក់ពន្លឺនៅខាងលើទ្វារមុខ ត្រូវបានវាយបំបែក ដោយក្រុមជនអន្ធពាលបិទមុខ, អន្តេវាសិកដ្ឋានសាបាមទី, ញូវដែល្លី, ០៥ មករា ២០២០ ។

និស្សិតខ្មែរនៅអន្តេវាសិកដ្ឋានសាបាមទី

បន្ទប់របស់និស្សិតខ្មែរម្នាក់ ក៏ត្រូវបានទទួលរងការវាយប្រហារដែរ ។ យុវជន ខាត់ ប៊ុនថន ដែលជានិស្សិតខ្មែរតែម្នាក់គត់នៅក្នុងសាកលវិទ្យាល័យនេះ បានរៀបរាប់ពីព្រឹត្តិការណ៍នេះថា «ដំបូងខ្ញុំបានឮសំឡេងស្រែកឡូឡា នៅជាន់ក្រោម (ជាន់ដី) បន្ទាប់មកក៏ឮសំឡេងវាយផូងផាំងឥតរើសមុខ ។ ភ្លាមៗក្រុមអន្ធពាលបិទមុខលាក់អត្តសញ្ញាណប្រមាណ ២០ ទៅ ៣០ នាក់ បានឡើងមកជាន់ទី១ ដែលខ្ញុំស្នាក់នៅ ។ ឃើញពួកវាសម្រុកចូលមកមានដំបងពេញដៃ មិនដឹងរត់ទៅណាកើត ខ្ញុំក៏ដូចជាអ្នកនៅបន្ទប់ក្បែរៗ ក៏នាំគ្នាបិទទ្វារបន្ទប់សម្ងំនៅខាងក្នុងដោយអារម្មណ៍ភ័យខ្លាច ខណៈពួកវាបានធាក់ទ្វារបន្ទប់ខ្ញុំ ហើយក៏វាយបំបែកកញ្ចក់ពន្លឺនៅខាងលើទ្វារ បែកឮសូរផាំងប្រាវ! អំបែងកែវបានធ្លាក់ចំខ្លួនខ្ញុំ និងរាលស្ទើរពេញបន្ទប់ ខណៈពេលដែលខ្ញុំកំពុងព្យាយាមទប់បិទទ្វារ កុំឲ្យពួកវាចូលបាន តែមិនធ្វើឲ្យមានរបួសទេ ។ ភ្លាមៗនោះ កំពុងគិតថាចង់លោតចុះទៅក្រោម គេចខ្លួនតាមទ្វារក្រោយ តែខ្ញុំគិតថាចាំមើលបន្តិចទៀតសិន ។ ក្រែងមានសុវត្តិភាព ខ្ញុំក៏ស្រែកប្រាប់ពួកវាពីខាងក្នុងថា ខ្ញុំជនជាតិបរទេសទេ ។ ពួកវាមួយចំនួនហាក់ទទួលបានអ្វីដែលខ្ញុំស្រែកប្រាប់ ខ្ញុំបានឮវាប្រាប់គ្នាវាថា បរទេសទេ! បរទេសទេ! ពួកវាក៏ឈប់វាយ ។ អស់រយៈពេលប្រមាណជា ៥ នាទី ពួកវាបានហៅគ្នាវាត្រឡប់ទៅវិញ ។ ស្ងាត់ៗ ពេលវាដើរកាត់មុខបន្ទប់ខ្ញុំ វាវាយផាំង! ខ្ញុំភ្ញាក់ព្រើត!»

និស្សិត ប៊ុនថន បានរៀបរាប់បន្តទៀតថា បន្តិចក្រោយសំឡេងបានស្ងាត់ គាត់ក៏បានបើកទ្វារមើលខាងក្រៅបន្ទប់ រីឯអ្នកជិតខាងក៏នាំគ្នាអើតចេញមកដែរ ឃើញថាពួកជនអន្ធពាលនោះបានចេញទៅអស់ហើយ ។ «សំណាងល្អ ដូចជាមិនមាននរណាម្នាក់រងរបួសទេ» គាត់បាននិយាយ «តែវាយកស្បែកជើងស៊កខ្ញុំបាត់ ទុកឲ្យនូវស្បែកជើងផ្ទាត់កញ្ចាស់មួយ» ។

មិនអាចទុកចិត្តស្ថានការណ៍នេះបាន និស្សិត ប៊ុនថន ក៏បានរៀបចំឥវ៉ាន់មានរបស់សំខាន់ៗខ្លះ ដើម្បីចាកចេញពីបរិវេណសាកលវិទ្យាល័យទៅរកទីមានសុវត្ថិភាព ។ គាត់បានប្រាប់ថា ពេលគាត់ចេញមកក្រៅ ឃើញច្រកចូលអាគារអន្ដវាសិកដ្ឋាន បាក់បែកខ្ទិចខ្ទី ។ សន្តិសុខយាមទ្វារពីរបី បានបាត់ស្រមោលសូន្យឈឹងមិនដឹងទៅទីណា ។

យុវជន ប៊ុនថន បាននិយាយប្រាប់ទៀតថា «ជាអកុសល ខ្ញុំឃើញមានមនុស្សពីរបីនាក់ បានរងរបស់បួស កំរង់ចាំការបញ្ជូនទៅសង្គ្រោះទៅមន្ទីរពេទ្យ» និងក្រោមមកទើបដឹងថា ប្រធានសហព័ន្ធនិស្សិត យុវនារី អៃស៊ី ហ្គោស និងសាស្ត្រាចារ្យមួយចំនួន រងរបួសធ្ងន់និងស្រាល ។
អំបែងកញ្ចក់ធ្លាក់បាចសាចពេញបន្ទប់, អន្តេវាសិកដ្ឋានសាបាមទី, ញូវដែល្លី, ០៥ មករា ២០២០ ។

មូលហេតុ

អរិភាពរវាងរដ្ឋបាលសាលា ដែលជាក្រុមជាមួយក្រុមយុវសិស្ស ABVP ជាគ្នា និងសហព័ន្ធនិស្សិត J.N.U. បានអូសបន្លាយអស់រយៈពេលជាង ២ ខែមកហើយ ។ អរិភាពនេះកើតឡើងដោយសារ រដ្ឋបាលសាលាបានដំឡើងតម្លៃអន្ដេវាសិកដ្ឋាន និងរឹតបន្តឹងច្បាប់ទម្លាប់ក្នុងការរស់នៅក្នុងអន្តេវាសិកដ្ឋាន ដែលធ្វើឲ្យសហព័ន្ធនិស្សិត ធ្វើបាតុកម្មប្រឆាំងជាបន្តបន្ទាប់ ។ ហើយកាលពីថ្ងៃសៅរ៍មុន មានការប៉ះទង្គិចគ្នាម្ដងហើយ ។

ក្រុមជនអន្ធពាលនេះ ត្រូវបានគេចាត់ទុកថាជាគ្នារបស់រដ្ឋបាលសាលា ឬមានការបើកដៃពីរដ្ឋបាលសាលា ទើបពួកគេចូលមកបង្កអំពើហិង្សា ក្នុងបរិវេណសាលាបានដោយសេរី ។ សន្ដិសុខយាមទ្វារអាគារអន្តេវាសិកដ្ឋាន និងខ្លោងទ្វារចូលសាលា ហាក់ធ្វើព្រងើយចំពោះហេតុការណ៍នេះ និងខ្លះបានបាត់មុខមិនឃើញធ្វើអន្តរាគមន៍អ្វីឡើយ ។ ហេតុការណ៍នេះបានធ្វើឲ្យនិស្សិតឥណ្ឌា និងអន្តរជាតិមានការព្រួយបារម្ភពីសុវត្ថិភាពជាខ្លាំង ។ និស្សិតអន្តរជាតិជាច្រើនបានគេចខ្លួនទៅរកទីមានសុវត្ថិភាព ខ្លះទៅនៅនឹងមិត្តភក្តិ ខ្លះទៅស្នាក់នៅឯស្ថានទូតប្រទេសទេសរបស់ខ្លួនរៀងៗខ្លួន ។ រីឯនិស្សិតខ្មែរយើង បានទៅស្នាក់នៅបណ្ដោះអាសន្ន នៅវត្តខ្មែរដែលស្ថិតនៅចម្ងាយប្រមាណជាង ៦ គម ពីសាកលវិទ្យាល័យ រងចាំមើលស្ថានការណ៍ត្រឡប់ទៅធម្មតាវិញ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment